ប្រជាពលរដ្ឋមួយចំនួនបានមានយោបល់ចម្រុះគ្នាចំពោះការបង្កើតដេប៉ាដឺម៉ង់ភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយខ្លះបានអះអាងថានេះមិនមែនជាការបណ្ដុះបណ្ដាលប្រវត្តិសាស្រ្តវៀតណាមទេ ក៏ប៉ុន្តែគឺគ្រាន់តែរៀនឱ្យចេះនិយាយដូចភាសាដទៃដែរ។

អ្នកខ្លះផ្សេងទៀតក៏មិនយល់ស្របផងដែរ ដោយបានអះអាងថាប្រទេសជិតខាងមួយនេះមិនមានសេដ្ឋកិច្ចរីកចម្រើនណាស់ណាដែលតម្រូវឱ្យរៀនក្នុងសាលារដ្ឋនោះទេ។

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១​ ថាក្រសួងបានអនុញ្ញតឱ្យ បង្កើតវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានចំនួន ៧ដេប៉ាដឺម៉ង់ ដោយនៅក្នុងដេប៉ាដឺម៉ង់នេះមាន ៣មុខវិជ្ជា។

មុខវិជ្ជាទាំង ៣នោះមានដូចជា ជំនាញសិក្សាវៀតណាម (Vietnamese Studies) មុខជំនាញការបកប្រែភាសាវៀតណាម (Vietnamese Translation Interpretation) និង មុខជំនាញភាសាវៀតណាមសម្រាប់ទំនាក់ទំនងធុរកិច្ច (Vietnamese Business Communication)។

នៅចុងខែសីហា ឆ្នាំ២០២២ ក្រោយពីការប្រកាសបង្កើតដេប៉ាដឺម៉ង់នេះ ស្រាប់តែមានប្រតិកម្ម បដិសេធ និងគាំទ្រជាហូរហែ រហូតមានការដាក់ញ្ញាត្តិទៅក្រសួងអប់រំ ដើម្បីស្នើឱ្យលុបគម្រោងក្នុងការបង្កើតដេប៉ាដឺម៉ង់សិក្សាភាសាវៀតណាមចោលវិញ រហូតមានការចេញបកស្រាយពីលោកហង់ជួន ណារ៉ុង រដ្ឋមន្រ្តីក្រសួងអប់រំ និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ។

Newsroom Cambodia បានសម្ភាសន៍ប្រជាពលរដ្ឋ និងយុវជនចំនួន ៧រូប ដែលរស់នៅរាជធានីភ្នំពេញ អំពីការយល់ឃើញរបស់ពួកគាត់លើការបង្កើតដេប៉ាដឺម៉ង់សិក្សាភាសាវៀតណាមនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោកគួន គានី ជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជំនាញប្រវត្តិសាស្រ្ត បាននិយាយថា ការបង្កើតដេប៉ាដឺម៉ង់សិក្សាភាសាវៀតណាមនេះគឺល្អ ដោយការសិក្សាភាសាបរទេសគឺជាកត្តាសំខាន់សម្រាប់វិស័យការងារ ទំនាក់ទំនងការបរទេសជាដើម ហើយជាការបង្កើតនៅកម្រិតសាកលវិទ្យាល័យវាមិនអាចប៉ះពាល់ទំនាក់ទំនងរឿងបញ្ហាជាតិអ្វីទេ។
លោកគានីបានបន្ថែមថា៖ «បើយើងយករឿងនឹងទៅភ្ជាប់ទៅលក្ខណៈនយោបាយវាមួយបែប ប៉ុន្តែបើជាលក្ខណៈការរៀនសូត្រគឺវាល្អសម្រាប់ការសិក្សាភាសាវៀតណាមនេះ»។

លោកសាស្រា្តចារ្យ គួន គានី

លោកបានបញ្ជាក់ថាបើនិយាយលើរឿងនយោបាយគឺមានអ្នកបារម្ភទៅលើរឿងនេះដែរ ប៉ុន្តែលោកបានយល់ថានេះវាគឺជាការបណ្ដុះបណ្ដាលលើភាសាទេ មិនមែនជាជាលក្ខណៈប្រវត្តិសាស្រ្តវៀតណាមទេ។

លោកគានីបាននិយាយថាបើជាភាសាគឺគ្រាន់តែរៀនឱ្យចេះនិយាយភាសាដូចជាមិនមែនជាបញ្ហាទេ បើថាលើកយកប្រវត្តិសាស្រ្តវៀតណាមមកបានវាមានលក្ខណៈខ្វែងជាមួយប្រវត្តិសាស្រ្តខ្មែរយើង។

លោកណោ ឆាយ អាយុ២៤ឆ្នាំ ជានិស្សិតបញ្ចប់ការសិក្សាមុខវិជ្ជា អក្សរសាស្រ្តខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានយល់ឃើញថា ការបង្កើតដេប៉ាដឺម៉ង់ភាសាវៀតណាមនៅកម្ពុជាក៏មិនសូវប៉ះពាល់អ្វីដែរ ប៉ុន្តែពលរដ្ឋក៏មិនសូវឯកភាពទាក់ទងនឹងខ្មែរកម្ពុជាក្រោមមិនសូវមានភាពទូលំទូលាយខាងផ្នែកអក្សរសាស្រ្តខ្មែរផដែរ។

លោកបាននិយាយថាបើយើងបើកសិទ្ធិសេរីភាពស្មើគ្នាគឺអាចទទួលយកបាន ដោយសារយើងប្រទាក់ក្រឡាគ្នាកន្លែងហ្នឹងបន្តិច។

លោកឆាយបានបន្ថែមថា៖ «ខ្ញុំឆ្ងល់ថាហេតុអីបាន សិស្សប្រលងអាហារូបករណ៍វៀតណាមពេលទៅរៀននៅវៀតណាម គេឱ្យយើងរៀនបន្ថែមភាសាវៀតណាម ប៉ុន្តែខ្ញុំរៀនផ្នែកអក្សរសាស្រ្តខ្ញុំរៀនជាមួយពួកវៀតណាម ពួកគាត់ប្រលងធ្លាក់តែគ្រូបញ្ជូនឱ្យគាត់អត់មានប្រលងសងដូចយើងទេ ទោះបីថាគាត់អត់ចេះក៏គាត់ទៅមុខបានដែរ»។

លោកណោ ឆាយ

លោកបានបញ្ជាក់ផងដែរថា៖ «ខ្ញុំឆ្ងល់ថាបើយើងប្រៀបធៀបគ្នាសិស្សវៀតណាមនិងសិស្សខ្មែរ យើងទៅរៀននៅវៀតណាមយើងត្រូវរៀនភាសាគេមួយឆ្នាំទៀតបានឡើងឆ្នាំទីមួយ ថ្នាក់មូលដ្ឋានគឺគេឱ្យយើងរៀនបំប៉ននិងពិភាក្សា ចឹងនិស្សិតជាប់អាហារូករណ៍វៀតណាមណឹង ត្រូវរៀនបំប៉នភាសាវៀតណាមហើយ បានរៀនបំប៉នភាសាបន្តទៀតជាភាសាអង់គ្លេស»។
លោកយ៉ង់ ភារុន អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា ការសិក្សាគឺមានសារៈសំខាន់ បើយើងចេះទៅក៏ល្អដែរ ប៉ុន្តែលោកបានមើលឃើញថាការសិក្សាពីភាសាខ្មែរនៅប្រទេសវៀតណាម គឺអត់ទាន់ទូលំទូលាយដូចក្នុងប្រទេសផ្សេងៗដែលគេដាក់ឱ្យរៀន នៅក្នុងដេប៉ាដឺម៉ង់ដូចជាមេរៀនពាក់ព័ន្ធទៅនឹងចំណេះដឹងទូទៅទាំងស្រុងតែម្ដង។

លោកបានបញ្ជាក់ថា៖ «ដូចជានៅក្នុងប្រទេសវៀតណាមមិនអនុញ្ញាតឱ្យមានការរៀនសិក្សាពីប្រវត្តិសាស្រ្តរបស់ខ្មែរយើងបានទូលំទូលាយ ចឹងការអនុញ្ញាតឱ្យរៀន ឱ្យមានដេប៉ាដឺម៉ង់ក្នុងសាលារៀននេះ ខ្ញុំក៏មិនគាំទ្រដែរ»។

លោកយ៉ង់ ភារុន

យុវជនហាន សំណាង អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានលើកឡើងស្រដៀងគ្នាដែរថា ការបញ្ចូលដេប៉ាដឺម៉ង់ភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺដើម្បីឱ្យកូនខ្មែររៀន ខ្លួនគិតថាវាអត់ល្អ អត់គួរឱ្យចូលដោយសារតែគេដឹងហើយថាប្រទេសវៀតណាម ក៏មិនមែនជាប្រទេសដែលរីកចម្រើនអីណាស់ណាដែរ។

យុវជនរូបនេះបានបញ្ជាក់ថា៖ «ហើយមួយទៀតបើសិនជាចង់ឱ្យប្រជាជនខ្មែររៀនភាសាវៀតណាមគួរតែឱ្យបង្កើតជាសាលាឯកជនដើម្បីឱ្យបងប្អូនខ្មែរគាត់ចង់រៀនភាសាវៀតណាម ឱ្យគាត់ទៅចុះឈ្មោះរៀននៅសាលាឯកជនទៅ អត់ពិបាកដាក់ឱ្យចូលជាដេប៉ាដឺម៉ង់ទេ»។

លោកប៉ង់ ប៊ុនថាន់ អាយុ១៩ឆ្នាំ ជានិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានលើកឡើងថា មិនជាអ្វីទេវាជារឿងល្អ ក្នុងនាមជាប្រទេសជិតខាងយើងត្រូវការសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក ដើម្បីបង្កើតលទ្ធភាពគុណភាព បើនិយាយឱ្យត្រង់ទៅពេលខ្លះ កម្ពុជាខ្សោយជាងគេ ចឹងត្រូវតែរៀនសិក្សាពីគេបន្ថែមដើម្បីយកមកអនុវត្តនិងបំប៉នខ្លួនឯងបន្ថែមទៀត ដើម្បីឱ្យដើរទាន់គេឯងដែរ។

លោកបានបន្តថា៖ «មួយជ្រុងទៀតចំពោះគំនិតដែលពួកគាត់ជាតិនិយមជ្រុលទន់ទោលទៅលើគោលគំនិតដែលប្រកាន់ខ្ជាប់ ថាជាសត្រូវដែលធ្លាប់ឈ្លានពានចឹងគឺមិនត្រូវទេ វាជាគំនិតមួយដែលផ្ដាច់ខ្លួនឯងពេកជាមួយសង្គមនិងបរិបទខាងក្រៅ ជាទូទៅធម្មតាត្រីធំតែងតែស៊ីត្រីតូចចឹងឯង វាគ្មានទៅណាទេ ហើយវាក៏មិនមានអ្វីប្លែកឬចម្លែកដែរវាធម្មតារបស់ប្រវត្តិសាស្រ្តយើងត្រូវតែសិក្សាពីគេ»។

លោកប៉ង់ ប៊ុនថាន់

លោកបានបន្ថែមផងដែរថា៖ «បើយើងមើលទៅកម្ពុជាក្រោមវាមានការខុសគ្នាច្រើន ដោយសារតែយើងនៅក្រោមការគ្រប់គ្រងរបស់គេ ជាទូទៅការគ្រប់គ្រងប្រព័ន្ធរដ្ឋបាលរបស់គេ គេតែងតែគិតគូរពីជាតិរបស់គេនិងប្រយោជន៍របស់គេជាធំដែរហើយ គេមិនអាចឱ្យយើងធ្វើអ្វីតាមតែចិត្តបានទេ ហើយយើងក៏ដូចគ្នាដែរ នៅពេលដែលយើងខ្លាំងយើងក៏អាចធ្វើអ្វីដែលគេធ្វើដាក់យើងបានដែរ»។

លោកអ៊ុន ច័ន្ទរក្សា អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានយល់ស្រប ដោយគិតថាល្អសម្រាប់ការអភិវឌ្ឍន៍ ក៏ដូចជាឱ្យប្រជាជនយើង ឬក៏និស្សិតដែលជាបញ្ញវន្តបានសិក្សាផ្ទាល់។
លោកបាននិយាយថា៖ «ព្រោះអីយើងដឹងស្រាប់ហើយថាប្រទេសយើងជាសមាជិកអាស៊ាន ចឹងការបង្កើតឡើងរបស់ក្រសួងអប់រំ ដែលគាត់ដាក់បញ្ចូលឱ្យមានភាសាវៀតណាមនៅក្នុងសាលកវិទ្យាល័យណឹង គឺវាមានសារៈសំខាន់ក្នុងការស្រាវជ្រាវក៏ដូចជាសិក្សាអំពីគោលការណ៍នៃបែបបទរបស់គេយ៉ាងមិច ហើយរបស់យើងយ៉ាងមិច»។

លោកអ៊ុន ច័ន្ទរក្សា

លោកចឹម រ៉ាវីត អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បាននិយាយថា បើតាមចំណេះដឹង ពលរដ្ឋគួរតែបង្កើត ដេប៉ាដឺម៉ង់ភាសាវៀតណាម ដើម្បីឱ្យប្រទេសយើងមានភាពជឿនលឿនទៅលើចំណេះដឹងភាសាបរទេសជាមួយនឹងភាសាផ្សេងៗទៀត។

លោកបានបន្ថែមថា៖ «បើតាមផ្នត់គំនិតប្រជាពលរដ្ឋយើងមិនសូវជាមានការពេញចិត្តជាមួយជនជាតិវៀតណាមទេ ចឹងភាគច្រើនអាចមានមតិប្រឆាំងដែលថាយើងមិនអាចគាំទ្រលើជនជាតិវៀតណាមដោយសារមានសង្រ្គាម និងមតិមួយទៀតសម្រាប់ប្រជាជនប៉ុន្តែបើគិតតាមចំណេះដឹងការជឿនលឿននិងការអភិវឌ្ឍន៍ប្រទេសរបស់យើង យើងគួរតែបង្កើតឱ្យមានជនដែលស្ម័គ្រចិត្តឬសិស្សនិស្សិតដែលអាចចង់ទៅរៀនភាសាវៀតណាម»។

លោកចឹម រ៉ាវីត

លោកនិយាយថា៖ «បើយើងចេះភាសាវៀតណាមគឺមានទំនាក់ទំនងពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម រោងចក្រ ឬក៏សហគ្រាសផ្សេងៗ តាមការវិនិយោគទុនទៅលើប្រទេសវៀតណាម ឬវិនិយោគទុនវៀតណាមមកវិនិយោគនៅប្រទេសកម្ពុជាយើង ងាយស្រួលក្នុងការសហការ ប្រតិបត្តិការជាមួយកិច្ចការងាររបស់យើងជាមួយជនជាតិវៀតណាមផ្ទាល់តែម្ដង វាងាយស្រួលដែរ»៕