ក្រសួង​សុខាភិបាល ​នៅ​ថ្ងៃ​អង្គារ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​​ជំងឺ​​កូវីដ​១៩​​ក្នុង​ឱកាស​បុណ្យ​ណូអែល​ និង​ចូលឆ្នាំសកល​ខាង​មុខ ដោយ​​បន្ត​អនុវត្ត​វិធានការសុខាភិបាល ៣ការពារ​​​ឱ្យ​បានខ្ជាប់ខ្ជួន។​

​ក្រសួង​សុខាភិបាល​ កាលពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ បាន​បង្ហោះ​សារ​​​លើ​ទំព័​រ​ហ្វេសប៊ុក​ផ្លូវការ​របស់ខ្លួន ដោយ​បាន​លើកយក​សារ​របស់​លោកស្រីវេជ្ជបណ្ឌិត ឱ​ វណ្ណឌីន​ ​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​​​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ​ ដែល​បាន​​ផ្សាយ​លើ​បណ្ដាញសង្គម​ធ្វីតធឺ​ (Twitter)​ នាថ្ងៃ​ចន្ទ​ ទី​២១​ ឆ្នាំ​២០២២​។

ក្រសួង​បាន​បញ្ជាក់ថា ​លោកស្រី ឱ វណ្ណឌីន​​ បាន​ក្រើន​រំឮក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​​ឱ្យ​បន្ត​​បង្កើន​ការប្រុងប្រយ័ត្នឱ្យកាន់តែខ្ពស់​ ក្នុងអំឡុងពេល​បុណ្យ​ណូអែល និង​ចូលឆ្នាំសកល​​ឆ្នាំ២០២៣​ ដែល​នឹង​​ឈានមកដល់​នា​ពេលខាងមុខ។ ​ លោកស្រី​ក៏​បាន​រំឮក​​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​ការអនុវត្ត​វិធានការសុខាភិបាល ៣ការពារ​ឱ្យ​បានខ្ជាប់ខ្ជួន ព្រមទាំង​បន្ត​ទៅ​ចាក់វ៉ាក់សាំងកូវីដ១៩​ ឱ្យ​បាន​គ្រប់​ដូស​ ដើម្បី​ពង្រឹង​​កងការពារខ្លួន​ និង​ពង្រឹងភាពសុំា​សហគមន៍ ដើម្បី​បន្ត​ចៀសផុត​ពី​គ្រោះ​មហន្តរាយ​​សុខភាព​សាធារណៈ​ និង​បន្តនិរន្ដន៍​ភាព​នៃ​ការរស់នៅ​ធម្មតា​ តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​។

យោងតាម​តួលេខ​​របស់​ក្រសួង​សុខាភិបាល​​ ​គិត​ត្រឹម​​ថ្ងៃទី​២២​ ខែ​វិច្ឆិកា​ ឆ្នាំ​​២០២២​ កម្ពុជា​មាន​អ្នក​ឆ្លង​សរុប​​ចំនួន​ ១៣៨,០៣៥​​នាក់​ ក្នុងនោះ​អ្នកស្លាប់​ចំនួន​ ៣,០៥៦​នាក់​៕​