សកម្មជន​បរិស្ថាន​ ​និង​សង្គមស៊ីវិល​​ជំរុញឱ្យ​រដ្ឋាភិបាល​បង្ហាញ​ការ​វាយ​តម្លៃ​ផលប៉ះ​ពាល់​បរិស្ថាន​ជា​សាធារណៈ​​ពាក់ព័ន្ធនឹង​ការ​​រុករក​រ៉ែ ដើម្បី​​ធានា​បាន​នូវ​តម្លាភាព​​ ​កាត់បន្ថយ​ផល​ប៉ះពាល់​សង្គម​ និង​បរិស្ថាន​។

កាល​ពី​ថ្ងៃទី​១៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ប្រកាស​​ឱ្យ​​សាធារណៈ​ជន​ ក្រុមហ៊ុន​ជាតិ​ និង​អន្តរជាតិ​ ពី​ការ​បើក​ឱ្យ​ដាក់​ពាក្យ​ប្រកួត​ប្រជែង​ជា​សាធារណៈ​សម្រាប់​ការ​ស្នើ​សុំ​អាជ្ញាបណ្ណ​រុករក​​​តំបន់​សម្បទាន​ស្វែង​រុករក​រ៉ែ​ចំនួន​មួយ​កន្លែង​ លើ​ផ្ទៃ​ដី​ទំហំ​ ១៥៥ ហិកតា​ ស្ថិត​នៅ​ក្នុង​តំបន់​ភ្នំទ្វារ​ប្រាំបី​ និង​ភ្នំ​ជ្រោះ​កណ្ដោល​ នៅ​ឃុំ​តាកែន​ ស្រុក​ឈូក​ ខេត្ត​កំពត​។ ហើយ​​ការ​ស្នើសុំ​អាជ្ញាបណ្ណ​ស្វែង​រុក​រក​រ៉ែ​នេះ​ នឹង​បញ្ចប់​យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​៣០​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៧​:០០​នាទី។​

សកម្មជន​បរិស្ថាន​ នៃ​មាតា​ធម្មជាតិ​ កញ្ញា​ ឡុង​ គន្ធា​ លើក​ឡើង​ថា​​ កញ្ញា​​​ព្រួយ​បារម្ភ​ចំពោះ​ការ​ដាក់​ឱ្យ​​មាន​ការ​ប្រកួត​ប្រជែង​ចំពោះ​តំបន់​សម្បទាន​ស្វែង​រុក​រក​រ៉ែ​ ដោយ​សារ​កត្តា​មួយ​ចំនួន​ដូច​ជា​ ​កង្វះ​តម្លាភាព​ ការ​ប្រព្រឹត្ត​លើស​ពី​អាជ្ញាបណ្ណ​នៃ​ការ​រុក​រក​រ៉ែ​ និង​ការ​ប៉ះ​ពាល់​ទៅ​ដល់​បរិស្ថាន​ និង​សង្គម​។ កញ្ញា​ក៏​បាន​ស្នើ​​ឱ្យ​រដ្ឋា​ភិបាល​ និង​ក្រសួង​សាម៉ី ​ធ្វើ​យ៉ាង​ណាអនុវត្ត​​​ប្រកប​ដោយ​តម្លាភាព​ និង​ស្រប​ទៅ​តាម​ច្បាប់​។​

កញ្ញា​ ឡុង​ គន្ធា​ បាន​លើក​ឡើង​ថា​៖ «សុំ​ឱ្យ​ការ​ដាក់​ដេញ​ថ្លៃ​ហ្នឹង​មាន​តម្លា​ភាព​ កុំ​ឱ្យ​មាន​ភាព​មិន​ប្រក្រតី​កើត​ឡើង​ ហើយ​នៅ​តែ​ស្នើ​សុំ​ឱ្យ​មាន​ការ​ដាក់​បង្ហាញ​របាយកាណ៍​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​​។ ខ្ញុំ​មិន​ប្រឆាំង​ទេ​ចំពោះ​ការ​អភិវឌ្ឍ​ ប៉ុន្តែ​នៅ​តែ​ស្នើ​សុំ​ឱ្យ​បាន​​ពិចារណា​ទៅលើ​ការ​ធ្វើ​ឱ្យ​មាន​ផល​ប៉ះ​ពាល់​បរិស្ថាន​ ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ដំណោះ​ស្រាយ​មួយ​សម​ស្រប​ដើម្បី​ឱ្យ​មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តភាព​»។​​​​​​​​

ស្រដៀង​គ្នា​នេះ​ដែរ​ លោក​ សាន់​ ម៉ាឡា​ មន្ត្រី​តស៊ូ​មតិ​នៃ​បណ្ដាញ​សមាគម​យុវជន​កម្ពុជា​ (CYN) លើកឡើង​​ថា លោក​មាន​ការ​សាទរ​ចំពោះ​​រដ្ឋាភិបាល​ ក្រសួង​រ៉ែ​ និង​ថាមពល ក្នុង​ការ​ដាក់​ឱ្យ​មាន​ការដេញ​ថ្លៃ​ជាសារធារណៈ​ ​ ព្រោះ​ការ​ទាញ​យក​ធនធាន​ធម្មជាតិ​ជា​ផ្នែក​មួយ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​។ ទន្ទឹមនឹងនោះ លោក​​ថា ​រដ្ឋាភិបាល​គួរ​តែ​បើក​ចំហ​ព័ត៌មាន​ និង​ធ្វើ​យ៉ាងណា​ឱ្យមាន​ការ​ចូល​រួម​ជាសាធារណៈ​​​ពី​ប្រជាពលរដ្ឋ​ សង្គម​ស៊ីវិល និង​មហាជន​ទូទៅ​ ដើម្បី​ធានា​ថា ​ការ​ទាញ​យក​ធនធាន​ធម្មជាតិ​ ធ្វើឡើង​​ដោយ​គ្មាន​អំពើ​ពុករលួយ​ និង​លើក​ស្ទួយ​សេដ្ឋកិច្ច​ជាតិ​។​

លោក​ សាន់​ ម៉ាឡា​ បាន​លើក​ឡើង​ថា​៖ «បើ​សិន​ជា​ការ​ដក​ហូត​ដែល​ខ្វះនូវ​តម្លាភាព​ និង​មិន​បើ​ចំហ​ឱ្យ​មាន​ការ​ចូលរួម​ពី​សាធារណៈ​ ដូចជា​ប្រជា​ពលរដ្ឋ​ សង្គម​ស៊ីវិល​ និង​មហាជន​ទូទៅ​ទេ យើង​ពិបាក​ធានា​ថា​សកម្មភាព​ទាញ​​​យក​ធនធាន​ធម្មជាតិ​ពិត​ជាអាច​ជួយ​លើក​ស្ទួយ​ដល់​សេដ្ឋកិច្ចជាតិ​​របស់​យើង​»។

លោក​ សាន់​ ម៉ា​ឡា​ បន្ថែម​ថា​ រដ្ឋាភិបាល​​ និង​ក្រសួង​សាម៉ី​ គួរ​ធ្វើ​ការ​​វាយ​តម្លៃ​ហេតុប៉ះពាល់​បរិស្ថាន​ដោយ​សុក្រឹតភាព​ ដើម្បី​ធានា​យ៉ាង​ណា​ឱ្យ​មាន​ការ​ប៉ះពាល់​តិច​តួច​ចំពោះ​បរិស្ថាន​ និង​សង្គម​ ជា​ពិសេស​គឺ​ការ​ស្ដារ​ឡើង​វិញបន្ទាប់​ពី​ការ​បញ្ចប់​គម្រោង​របស់​ខ្លួន​។ លោក​ថា ​កន្លង​មក​របាយការណ៍​ស្ដី​ពី​ការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​តែង​តែ​ក្លាយ​ជា​រឿង​ចម្រូង​ចម្រាស​ និង​មិន​យល់​ស្រប​គ្នា​ដោយ​សារ​​​ក្រសួង​ និង​ក្រុម​ហ៊ុនដែល​ទទួល​បាន​អាជ្ញាបណ្ណ​ក្នុង​ការ​រុក​រក​ តែងតែ​លាក់​របាយកាណ៍​ និង​មិន​​​ផ្សព្វ​ផ្សាយ​ជាសាធារណៈ​។​​

លោក​ សាន់​ ម៉ាឡា​ បាន​លើក​ឡើង​ថា៖ «នៅ​ក្នុង​ច្បាប់​​ យើង​មាន​អនុ​ក្រឹត្យ​​មួយ​ស្ដី​ពី​រ​បាយ​ការណ៍​វាយ​​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​តែ​ធានា​ថា​របាយការ​នោះ​ត្រូវ​ធ្វើ​ឡើង​ដោយ​សុក្រឹត្យ​​ មិនមែន​ជា​ការ​ធ្វើ​ឡើង​ដើម្បី​ស៊ុំគ្រលុំ​គ្នា​ ដើម្បី​មាន​លទ្ធភាព​ទទួល​បាន​អាជ្ញាបណ្ណ​ពី​ក្រសួង​នោះ​ទេ​។ នៅ​ក្នុង​របាយ​ការណ៍​ EIA​ (ការ​​វាយ​តម្លៃ​ហេតុប៉ះពាល់​បរិស្ថាន) ហ្នឹង​ទៀត​សោត​ គេ​និយាយ​អំពី​ផល​ប៉ះ​ពាល់​សង្គម​ និង​បរិស្ថាន​ ក្រុម​ហ៊ុន​ដែល​ជា​ប្រតិបត្តិករត្រូវ​ធ្វើ​ម៉េចបង្ក​ផល​ប៉ះពាល់​​តិច​មែនទែន​ចំពោះ​បរិស្ថាន​ និង​សង្គម ហើយ​នៅ​ក្នុង​នោះ​គេ​ក៏បាន​ចែង​អំពី​វិធាន​ការ​ស្ដី​ពី​ការ​ស្ដារ​ឡើង​វិញ​បន្ទាប់​ពី​បញ្ចប់​គម្រោង​​»។

លោក សាន់​ ម៉ាឡា​ ​បន្ថែម​ការ​កន្លង​មក​ការ​ទាញ​យក​ធនធាន​ធម្មជាតិនៅ​ក្នុង​ប្រទេស​កម្ពុជា​​ មាន​ការ​ជាប់​ទាក់​ទង​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ និង​ការ​គប់គិត​គ្នា​ជា​ប្រព័ន្ធដើម្បី​រត់​ពន្ធ​ធនធាន​ធម្មជាតិ​ទៅក្រៅប្រទេស​។ ករណីនេះ​ លោក​បាន​ស្នើ​ដល់​រដ្ឋាភិបាល​និង​ក្រសួង​រ៉ែ​ និង​ថាមពលធ្វើ​យ៉ាង​ណា​ពង្រីក​ការ​ផ្សព្វផ្សាយ​របស់​ខ្លួន​ឱ្យ​មាន​ភាព​ទូលំ​ទូលាយ​ និង​មាន​យន្ត​ការ​ត្រួត​ពិនិត្យ​ដើម្បីធានា​ថា​ការ​ទាញ​យក​រ៉ែប្រកប​ដោយ​ភាព​ត្រឹម​ត្រូវ​ គុណភាព​ និង​ប្រសិទ្ធភាព​ខ្ពស់​។

Newsroom Cambodia មិនអាច​​ទាក់​ទងសុំការ​អត្ថាធិប្បាយ​ពី​​លោក​ អ៊ឹង​ ឌីប៉ូឡា​ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ធនធានរ៉ែ​​ ​បានទេ​ ដោយ​​ទូរស័ព្ទ​ចូលតែ​ត្រូវ​បាន​ចុច​បិទ​​​។

គូស​បញ្ជាក់​ថា ​ជុំវិញ​ករណី​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​២៥​ ខែ​មករា​ ឆ្នាំ​២០២២​ អង្គការ​តម្លាភាព​អន្តរជាតិ​ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ព័ត៌មាន​អំពី​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុក​រលួយ​ប្រចាំ​ឆ្នាំ​២០២១​ ក្នុង​ចំណោម​១៨០​ប្រទេស​ កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​១៥៧​ ដែល​ទទួល​បាន​ពិន្ទុ​ត្រឹម​តែ​២៣/១០០​ប៉ុណ្ណោះ​។ របាយ​ការណ៍​ដដែល​បង្ហាញ​ថា​ នៅ​កម្រិត​តំបន់​ ប្រទេស​កម្ពុជា​បន្ត​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ពិន្ទុ​ទាប​ជាង​គេ​ទី​៣​ នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិក​ នៅ​លើ​តែ​ប្រទេស​អាហ្វហ្កានីស្ថាន​ និង​កូរ៉េខាងជើង​តែ​ប៉ុណ្ណោះ​ ហើយ​ក៏ជា​ប្រទេស​ដែល​មាន​ពិន្ទុទាប​ជាង​គេ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ាន​ផង​ដែរ​៕​