កម្ពុជា​នឹង​រៀបចំការ​បោះឆ្នោត​​ថ្នាក់ជាតិ​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ខាងមុខ ខណៈ​គណបក្ស​កាន់អំណាច​តែមួយគឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន​​កំពុង​ដឹកនាំ​ប្រទេស​ដោយ​ឯកបក្ស ក្រោយ​គណបក្ស​ប្រឆាំង​ដ៏​ធំ គឺ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាល​ពីខែ​វិច្ឆិកា ឆ្នាំ​២០១៧​។​

បុរស​សម្បុរ​ស្រអែម​ សក់​រួញ​ មាន​ពុក​មាត់​វែង​​ លោក​ សេង​ ឌី​ម៉ង់​ ជា​ពលរដ្ឋ​រស់​នៅរាជ​ធានី​​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា​ លោក​ចង់​ឱ្យ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខនេះ​​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹម​ត្រូវ​ និង​មាន​ការ​ចូល​រួមពី​​គ្រប់​ភាគី​ទាំង​ពលរដ្ឋ​ និង​​គណបក្ស​នយោបាយ​ធំ​តូចទាំង​អស់ ​ដើម្បី​ប្រកួត​ប្រជែង​ឱ្យ​បាន​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់​។

លោក សេង ឌីម៉ង់

លោកបញ្ជាក់ថា៖ «ជាពិសេសហ្នឹងគឺសេរីភាពសម្ដែងមតិរបស់ប្រជាពលរដ្ឋទូទៅកុំឱ្យមានការរឹតត្បិត កុំឱ្យមានការចាប់ចង មានការធ្វើទុក្ខបុកម្នេញ ដែលស្របទៅនឹងសេចក្ដីថ្លែងការណ៍ជាសកលស្ដីពីសន្ធិមនុស្សដែលនៅមាត្រា១៩ហ្នឹង គឺពលរដ្ឋមានសិទ្ធិបញ្ចេញ​មតិតាមអ្វីដែលខ្លួនចង់បាន ហើយឱ្យមានយុត្តិធម៌ហ្នឹងសូមឱ្យមានការចូលរួមពីអង្គការជាតិនិងអន្តរជាតិនានា»។​

បុរស​វ័យ​៤៤ឆ្នាំ​រូបនេះ​បន្ត​ថា​ ចង់​ឱ្យ​ការ​បោះឆ្នោត​ប្រកប​ដោយ​នយោបាយ​អព្យា​ក្រឹត្យមិន​ប្រកាន់​បក្ស​ពួក​ ពលរដ្ឋ​ត្រូវ​មាន​សិទ្ធិ​ស្មើ​គ្នា​ និង​មិន​មាន​ការ​រើស​អើង​ឡើយ​។

លោក សេង ឌីម៉ង់ បន្ថែម​​ទៀត​ថា​ អាណត្តិ​មុន ​និង​អាណត្តិ​នេះមិន​ខុស​គ្នា​ពេក​ទេ​ ដោយ​សារ​ គ.ជ.ប​ នៅ​ដដែល ប៉ុន្តែ​លោក​ថា លោក​​ចាំ​មើលថា​​ តើ​​ គ.ជ.ប​ ​មាន​ការ​ផ្លាស់​ប្ដូរ​របៀប​ធ្វើ​ការ​របស់​ខុស​ពី​អាណត្តិ​មុន​ដែរ​ ឬអត់​។

ដោយ​និយាយ​មួយៗ​ លោក សេង ឌីម៉ង់ មាន​ប្រសាសន៍​ថា​៖ «​ប្រសិន​បើ​ គ.ជ.ប មិន​ឯករាជ្យ​ទេ​ តើ​ការ​ដំណើរ​ការ​បោះឆ្នោត​ហ្នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ និង​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ? ​​ទី​១។​ ទី២ធ្វើ​ម៉េច​យើង​ដឹង​ថា​ គ.ជ.ប ឯករាជ្យ ​មិន​ឯករាជ្យ»។

លោក​បន្ត​ថា​ លោក​បាន​ត្រៀម​ខ្លួន​ចំពោះ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០២៣​​ខាង​មុខ​រួច​រាល់​ហើយ​ ប៉ុន្តែ​លោក​មិន​ទាន់​ប្រាកដ​ថា​នឹង​ទៅ​ ឬ​ក៏​អត់​នោះ​ទេ​។

ក្រោយពី​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​បំផុត​នៅ​កម្ពុជា​ត្រូវ​បាន​រំលាយ កាល​ពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​​​ គេ​ឃើញ​ស្ថាន​ភាព​នយោបាយ​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ខ្លាំង​ រួម​ទាំង​គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត​ (គ.ជ.ប) ក៏​មាន​មន្រ្តី​​ដែល​មក​ពី​គណបក្ស​​ប្រឆាំង​​​​លា​ឈប់​អស់​​​ផង​ដែរ​។ ការណ៍​នេះ​​ធ្វើ​ឱ្យ​មាន​ការ​លើក​ឡើង​ពី​សំណាក់​ប្រជា​ពលរដ្ឋ​អំពី​អព្យាក្រឹត្យ​ភាព​​របស់​ គ.ជ.ប និង​ពី​លទ្ធ​ផល​នៃ​ការ​បោះឆ្នោត​​ថ្នាក់​ជាតិ​នៅ​​​ឆ្នាំ​២០២៣​​ខាងមុខ​​។

​អ្នក​ស្រី​ ស៊ុម សុភាព

​អ្នក​ស្រី​ ស៊ុម សុភាព​ អាយុ​៣៨ឆ្នាំ​ ជា​អាជីវករ​លក់​ដូរ​ បាន​លើក​ឡើង​ស្រដៀង​គ្នា​ដែរថា​ អ្នក​ស្រី​គិត​ថា​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ខាង​មុខ​ មិន​ទាន់​សេរី ​និង​ត្រឹម​ត្រូវ​នោះ​​ទេ​ ប្រសិន​បើ​ គ.ជ.ប​ មិន​ឯករាជ្យ​។ អ្នក​​ស្រី​​​​ថា​ អ្នកស្រី​នឹង​ទៅបោះឆ្នោត ប្រសិន​​​បើ​ គ.ជ.ប ​មានភាព​ឯករាជ្យ​ និង​​មាន​គ្រប់​គណបក្ស​ចូលរួម​​។

អ្នក​ស្រី​មាន​ប្រសាសន៍​បន្ត​ថា​៖ «បើ​សិន​ជា​ គ.ជ.ប ឯករាជ្យ​ខ្ញុំ​នឹង​ទៅ​ តែ​បើ​អត់​ឯករាជ្យ​ទេ​ខ្ញុំ​គឺ​អត់​ទៅ​ទេ​ អត់​បាន​ទៅ​បោះ​ទេ​ ប៉ុន្តែ​នឹង​ចូល​រួម​ធ្វើ​ជា​ពលរដ្ឋ​ឯកត្តនាម​»។

អាជីវករម្នាក់​ទៀត​ ​អ្នក​ស្រី​ សឿង គន្ធា​ អាយុ ​៤៣ឆ្នាំ​ បាន​ឱ្យ​ដឹង​ថា​ អ្នក​ស្រី​គិត​ថា​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ២០២៣ វា​អាច​ល្អ​ប្រសើរ​ខ្លះ ប៉ុន្តែ​មិន​​​ល្អ​ប្រសើរ​ទាំង​អស់​នោះ​ទេ​។ ​អ្នកស្រី​ថា អំឡុង​​ការ​​បោះឆ្នោត​ឃុំ​សង្កាត់ កាល​ពី​ឆ្នាំ​​២០២២​ ​អ្នក​ស្រី​បានទៅ​បោះឆ្នោត ​និង​ទទួល​បាន​មេ​ដឹក​នាំ​ដែល​​ខ្លួន​​ពេញ​ចិត្ត​។

​អ្នកស្រី​ សឿង គន្ធា

ទោះយ៉ាងណា​អ្នក​ស្រី​​ថា​ អ្នកស្រី​ចង់ឱ្យ គ.ជ.ប បង្កើនភាព​ឯករាជ្យ​របស់​ខ្លួន​សម្រាប់​ការ​បោះឆ្នោត​​​នៅ​ឆ្នាំ​២០២៣​ខាងមុខ​។

អ្នក​ស្រី​និយាយ​ថា​៖ «សម្រាប់ គ.ជ​.ប នៅ​បច្ចុប្បន្ន​ហ្នឹង​ខ្ញុំ​គិត​ឃើញថា គ.ជ.ប ហាក់​បី​ដូច​មិន​ទាន់​បាន​យល់ដឹងអំពីតួនាទីកាតព្វកិច្ច​ខ្លួន​ឯង​ទេ ​គ.ជ.ប តើ​​គាត់​​មាន​​បាន​​រៀន​​នៅ​ច្បាប់​បោះឆ្នោត​ហើយ​នៅ​? ចឹង​ហាស​ សួរមើល​តើ​ គ.ជ.ប ឯករាជ្យ ​​ឬ​ទេ?»។

​អ្នកស្រី​ សឿង គន្ធា​ បន្ថែម​​ថា​ អ្នកស្រី​ចង់​ឱ្យ​យុវជន​ទាំងអស់​ចូលរួម​​​បោះឆ្នោត​ដើម្បី​រើស​មេដឹកនាំ​ដែល​ពួកគេ​ពេញ​ចិត្ត។

អ្នក​ស្រី​បាន​និយាយ​ថា​៖ «ខ្ញុំ​សង្ឃឹម​ថា​យុវជន​ទាំង​អស់​និង​ព្យាយាម​យល់​ដឹង​ស្គាល់​អំពី​តួនាទី​និង​កាតព្វកិច្ច​របស់​ខ្លួន​បោះឆ្នោត​ជ្រើស​រើស​មេដឹក​នាំ​ ដែល​ខ្លួន​ពេញ​ចិត្ត​ស្រប​ទៅ​តាម​ច្បាប់​»។

កញ្ញា​ គឹម​ ធារៈ

កំពុង​អង្គុយ​ឱ្យ​ចំណី​ព្រាប​នៅ​មាត់​ទន្លេ​រាជធានី​ភ្នំពេញ កញ្ញា គឹម ធារៈ អាយុ​ ៣៥ឆ្នាំ​ ជា​បុគ្គលិក​ក្រុម​ហ៊ុន​មួយ​​ បានឱ្យ​ដឹង​ថា​ ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​ ជា​ពលរដ្ឋ​ល្អ​ម្នាក់​ ត្រូវ​មាន​កាតព្វកិច្ច​​ទៅ​បោះឆ្នោត​។ កញ្ញា​បន្ត​​ដោយ​ជឿ​ជាក់​ថា​ ​ការ​បោះឆ្នោត​អាណត្តិ​ក្រោយ​នេះ​ ​នឹង​មាន​ភាព​រលូន​ទៅ​មុខ​។

កញ្ញា​ គឹម​ ធារៈ​ បន្ថែម​​ថា​៖ «សម្រាប់​ខ្ញុំ​ ខ្ញុំ​សប្បាយ​ចិត្ត​ដោយ​សារ​យើង​ធម្មតា​ យើង​ជា​ពល​រដ្ឋ​ខ្មែរ​ យើង​ត្រូវ​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ​ យើង​ត្រូវ​ទៅ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត​ដែល​យើង​ពេញចិត្ត​»។

លោក វណ្ណៈ ហុង​លី​

លោក វណ្ណៈ ហុង​លី​ អាយុ​ ១៧ឆ្នាំ​ ជា​សិស្ស​ កំពុងអង្គុយ​ក្រោម​ម្លប់​ឈើ​នៅ​មុខ​វាំង​ បាន​រៀប​រាប់​ថា​ លោក​ទើប​តែ​គ្រប់​អាយុ​ និង​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​រួច​រាល់​ហើយ​ ដោយ​លោក​នឹង​ទៅ​បោះឆ្នោត​នៅ​ឆ្នាំ​​​២០២៣ ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ​។ លោក​បន្ត​ថា​ ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​ និង​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន​មិន​មាន​ឧបសគ្គឡើយ​ ដោយសារ​​ប្រទេស​មាន​សន្តិភាព​ពេញ​លេញ​។

លោក​ វណ្ណៈ ហុង​លី​ និយាយ​ថា​៖ «ខ្ញុំ​ចង់​ឱ្យប្រជាពលរដ្ឋ​ដែល​មាន​អាយុ​លើស​ពី​ ១៨ឆ្នាំ​ ចូល​រួម​បោះឆ្នោត​ឱ្យ​បាន​ទាំង​អស់​គ្នា​ ដើម្បី​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ដើម្បី​ក្លាយ​ជា​ពលរដ្ឋ​ល្អ​ និង​ដើម្បី​សុខសន្តិភាព​របស់​ប្រទេស​នា​ពេល​អនាគត​»។

ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​ កាលពី​ខែ​មិថុនា ​ឆ្នាំ​២០១៧ គណបក្ស​សង្គ្រោះជាតិ​ទទូល​បាន​សំឡេង​គាំទ្រ​ជាង​៤០​ភាគ​រយ និង​​​មានក្រុមប្រឹក្សា​ឃុំ​សង្កាត់​​ជាង​៥ពាន់។

ប៉ុន្តែ​ក្រោយ​ពេល​ដែលគណបក្សនេះ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ ដោយ​ចោទ​ពីបទ​ក្បត់ជាតិ កាលពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧ គណបក្ស​កាន់អំណាច​​​បាន​ប្រមូល​យក​អាសនៈ​របស់​គណបក្ស​សង្គ្រោះជាតិ​​ចែក​ឱ្យ​គណបក្ស​ផ្សេងទៀត ហើយ​​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ច្រើ​ន​ជាង​គេ និង​​ក្តោបក្តាប់​​អាសនៈ​ទាំង​​១២៥អាសនៈ​​នៅ​ក្នុង​រដ្ឋសភា​ដោយ​ឯកបក្ស​រហូត​ដល់​បច្ចុប្បន្ន​​។

ក្រោយ​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​សមាជិក​បីរូប​របស់​ គ.ជ.ប​ ដែល​ជា​កូតា​មក​ពី​បក្ស​ជំទាស់​ ​បាន​លាលែង​ពី​តំណែង​របស់​ខ្លួន។​ ​អ្នក​ទាំង​បី​រូប​មាន​ ​លោក​ ​គួយ ប៊ុនរឿន​ ​អនុ​ប្រធាន​គ.ជ.ប​ ​លោក​ ​រ៉ុង ឈុន​ ​និង​ ​លោក​ស្រី​ ​តែ ម៉ានីរ៉ុង​ជា​សមាជិក។

លោក​ ហង្ស​ ពុទ្ធា អ្នក​នាំ​ពាក្យ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត ហៅ​កាត់​ថា​ គ.ជ.ប​ ប្រាប់ Newsroom Cambodia ​​ថា គ.ជ.ប កំពុង​តែ​រៀប​ចំ​ពិនិត្យ​បញ្ជី​និង​ចុះ​ឈ្មោះ​បោះឆ្នោត​ជូន​ដល់​​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ ១៨ឆ្នាំ​ឡើង​ទៅ​ និង​ការ​ងារ​បន្ត ​គឺ​ គ.ជ.ប កំពុង​ដាក់​ជូន​នៅ​គណ​បក្ស​នយោបាយ​ អង្គការ​មិនមែន​រដ្ឋា​ភិបាល​និង​ភាគី​ពាក់​ព័ន្ធ​ឱ្យ​ចូល​រួម​ជា​មតិយោបល់​ លើ​បទ​បញ្ជា ​និង​នីតិវិធី​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ ឆ្នាំ​២០២៣​ខាង​មុខ​នេះ​។

លោក​ ហង្ស​ ពុទ្ធា​ បាន​បន្ត​ថា​ គ.ជ.ប បាន​ត្រៀម​លក្ខណៈ​រួច​រាល់​នូវ​​​សម្ភារៈ​បច្ចេកទេស​ សេវា​និង​ចំនួន​ការិយា​ល័យ​បោះឆ្នោត​នៅ​តាម​ឃុំ​សង្កាត់​ទូទាំង​ប្រទេស​ ហើយ​ការ​ជ្រើស​រើស​មន្រ្តី​បំរើ​ការ​បោះឆ្នោត​នៅ​តាម​ការិយាល័យ​ ក៏​ត្រៀម​លក្ខណៈ​ក្នុង​ការ​ជ្រើស​រើស​ផង​ដែរ​។

ឆ្លើយតបនឹងមន្ទិល​ពាក់ព័ន្ធនឹង​ឯករាជ្យភាព​របស់ គ.ជ.ប លោក ហង្ស ពុទ្ធា ​ថ្លែង​ថា​៖ «ឯករាជ្យ​ភាព​របស់​ គ.ជ.ប គឺ​ត្រូវ​ផ្អែក​ទៅ​លើ​អី​ ហើយ​អ្នក​ដែល​មាន​យោបល់​នោះ​និយាយ​ហ្នឹង​ ផ្អែក​ទៅ​លើ​អី​ ចឹង​សូម​ជម្រាប​ថា​ ឯករាជ្យ​ភាព​របស់​ គ.ជ.ប គឺ​ផ្អែក​ទៅ​លើ​ច្បាប់​ជា​ធរមាន។​ គ.ជ.ប កើត​ចេញ​ពី​សភា​ដែល​បាន​អនុម័ត​សម្រេច​ជា​ក្រុម​ គ.ជ.ប នេះ​ឡើង។​ អ៊ីចឹង​ចំពោះ​មតិ​ទាំង​ឡាយ​ណា​ដែល​យល់​យ៉ាង​ណា​នោះ ​គ្រាន់​តែ​ជា​មតិ​ដោយ​ឡែក ហើយ​ក៏​មិន​មែន​ជា​មតិ​ភាគ​ច្រើន​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​»។

លោក​ថ្លែង​បន្ត​ថា​៖ «ឯករាជ្យ​របស់​ គ.ជ.ប កំពុង​តែ​ស្ថិត​នៅ​ជា​គោល​ការណ៍​ជា​បទ​បញ្ជា​ និង​នីតិវិធី​សម្រាប់​ការ​គ្រប់​គ្រោង​និង​បំរើ​សេវា​កម្ម​បោះឆ្នោត​នៅ​ទូ​ទាំង​ប្រទេស​ អ៊ីចឹង​ គ.ជ.ប អត់​ធ្វើ​យ៉ាង​ម៉េច​ទៀត​ទេ​ គ.ជ.ប​ កំពុង​តែ​អនុវត្ត​ប្រកប​ដោយ​ឯករាជ្យ​ភាព​របស់​ខ្លួន»។

ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ដែល​មាន​អ្នកគាំទ្រ​​ជិត​៥០​ភាគរយ គេ​ឃើញ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ជាច្រើន​បាន​រិះគន់​​កម្ពុជា​ថា​កំពុង​ធ្វើឱ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដើរ​ថយ​ក្រោយ។ ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ជាច្រើន​មិនបាន​ដាក់​អ្នកសង្កេតការណ៍​របស់​ខ្លួន​ដើម្បី​ឃ្លាំមើលការបោះឆ្នោតថ្នាក់ជាតិ​កាលពី​ឆ្នាំ​២០១៨ និង​ការ​បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ​សង្កាត់​កាលពីឆ្នាំ​២០២១​កន្លងទៅ និង​ឈប់​ផ្តល់ជំនួយ​ដល់​ គ.ជ.ប។​

លោក​ សំ គន្ធាមី នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិច​​លើក​ឡើង​ថា​​ ​បទបញ្ជា​នីតិវិធី​ពាក់ព័ន្ធនឹង​ការ​បោះឆ្នោត​​មិន​ទាន់​បាន​កែ​ប្រែ ឬ​ធ្វើ​វិសោធនកម្ម​នៅឡើយ​​ ហើយ​សំណើ​គណបក្ស​នយោបាយ​ដែល​បាន​ស្នើ​សុំ​កែ​សម្រួល​ ក៏​មិន​ទាន់​បាន​​បង្ហាញ​លទ្ធផល​ដែរ​។ លោក​បន្ត​ថា​ បើ​សិន​ជា​នៅ​មាន​បញ្ហា​ទៅ​លើ​បទ​បញ្ជា​នីតិវិធី​ចាស់​ច្រើន​ដដែល​ វា​អាច​មាន​ភាព​មិន​ប្រក្រតី​ច្រើន​នៅ​ពេល​បោះឆ្នោត​។

លោក​បន្ថែម​ថា​៖ «អាហ្នឹង​គណបក្ស​នយោបាយ​គេ​មើល​សម្លឹង​ទៅ​ឃើញ​ចឹង​ គឺ​ឃើញ​ការ​ងារ​របស់​ គ.ជ.ប អត់​ឯក​រាជ្យ​ដោយ​សារ​ការ​បោះឆ្នោត​ឆ្នាំ​២០២២ កន្លង​មក​ គឺមាន​បញ្ហា​ច្រើន​រឿង​ គ.ជ.ប ហើយ​គណបក្ស​ហ្នឹង​ ភាគី​ពាក់​ព័ន្ធ​ហ្នឹង​ មាន​ដាក់​បណ្ដឹង​អី​ទៅ​គណបក្ស​វិញ»។

លោក​ សំ គន្ធាមី បន្ថែម​ថា​ រឿង​សេរីភាព​យុត្តិធម៌​នេះ​មិន​អាច​វាយ​តម្លៃ​មុន​បាននោះ​​ទេ​ ដោយ​​អាស្រ័យ​លើ​សិទ្ធិ​ពល​រដ្ឋ ​និង​សិទ្ធិ​នយោបាយ​។ លោកថា ប្រសិន​បើ​មាន​ការ​រិត​ត្បិត​សិទ្ធិ​សេរីភាព​អ្នក​នយោបាយ​ សិទ្ធិ​នយោបាយ ​និង​សិទ្ធិ​ពលរដ្ឋ​ នោះនឹង​​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​បោះឆ្នោត​ដោយ​សេរី ​ត្រឹម​ត្រូវ​ និង​យុត្តិធម៌។

ងាកមក​លោក សេង ឌី​ម៉ង់​ ដែល​ជា​ពលរដ្ឋ​កំពុង​រស់នៅ​រាជធានី​ភ្នំពេញ​វិញ លោក​បាន​បញ្ជាក់​​ថា៖ «ខ្ញុំ​នឹង​ទៅ​បោះឆ្នោត​ បើ​ស្ថាប័ន​ គ.ជ.ប តុលាការ​ អាជ្ញាធរ​ មាន​ឯករាជ្យ​ និង​អព្យា​ក្រឹត្យភាព»៕