មន្រ្តីជាន់ខ្ពស់ នៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអះអាងថាការបោះឆ្នោតអសកលដែលនឹង​ដំ​ណើ​​​​​​រការនៅពេលខាងមុខដ៏ខ្លីនេះ គឺមានគណបក្សនយោបាយចំនួន៥ បានចុះឈ្មោះចូលរួមប្រកួតប្រជែង ដើ​​ម្បីដណ្តើយក​អាសនៈនៅក្នុងក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក និងក្រុម​​ប្រឹក្សា​​ខណ្ឌ ខណៈ​​បញ្ហា​​ប្រ​​ឈ​​ម​​ដែលកើតចេញពីដំណើរការនៃការចុះឈ្មោះនេះ មិនមានអ្វីកើតឡើងជាវិជ្ជមានទេ។

អ្នកនាំពាក្យគណកម្មការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ឱ្យដឹងនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០​​២៤​នេះថា មានគណបក្សចំនួន៥ បានចុះបញ្ជីរួចហើយនៅក្នុង​​ការបោះឆ្នោតសម្រាប់នី​​តិកាលទី៤នេះ​។លោ​​ក​ប​ន្ត​​​ថាការរៀបចំការបោះឆ្នោតអសកលនេះ មានការរៀបចំដូចគ្នាទៅនឹងការបោះឆ្នោតអសកលកាលពីឆ្នាំមុនៗ ដែរ ដែលសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុងតំណែង គឺជាអង្គបោះឆ្នោត ហើយបញ្ជីបោះឆ្នោត អាចនឹងមា​​ន​​ចំនួន ១១ ៦២២ នាក់។ក្រៅពីនេះ ចំពោះដំណើរការ នៃការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត នៅពេលខាងមុខនេះ មិនមានបញ្ហាប្រឈមណាមួយកើតឡើងទេ។

លោកបន្តថា៖ « បញ្ហាប្រឈមមិនមានអ្វីកត់សម្គាល់ជាដុំកំភួននោះទេ វាគ្រាន់តែមានការរអាក់រអួលពីបណ្តាញទំនាក់ទំនងថ្នាក់ជាតិទៅថ្នាក់មូលដ្ឋានមួយចំនួនដោយសារបញ្ហាអាកាសធាតុ និងបញ្ហាអ៊ីនធើណេត ជាដើម ក្រៅពីនេះ ដូចជាការរៀបចំប្រព្រឹត្តទៅដោយរលូនមិនមានបញ្ហាគួរឱ្យកត់សម្គាល់នោះទេ »។

របាយការណ៍ដែលចេញដោយ គ.ជ.ប បង្ហាញថា គណបក្សនយោបាយដែលចូលរួមការបោះឆ្នោត នេះរួមមា ន គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្ស ហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។

ក្នុងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានីខេត្តនីតិកាលទី៤ នេះ មានការិយាល័យបោះឆ្នោតសរុប ២០​៩ និងអាសនៈនៅថ្នាក់ក្រុមប្រឹក្សាខេត្ត មាន៥៥៩ អាសនៈ  និងអាសនៈនៅក្រុង ស្រុក ខណ្ឌ មាន៣៦០០ អាសនៈ។នេះ​បើតាមអ្នកនាំពាក្យគ.ជ.ប។បន្ថែមពីលើនេះការដាក់អ្នកសង្កេតការប្រព្រឹត្តវិញទៅចាប់ពីថ្ងៃទី១ ខែកុ​ម្ភៈ ដល់ថ្ងៃទី ១៦ ខែឧសភា ហើយបច្ចប្បន្នក៏នៅទទួលអ្នកសង្កេតការណ៍បន្តទៀតដែរ។

ស្របពេលដែលយុទ្ធនាការនៃការឃោសនាស្វែងរកសំឡេងគាំទ្រ កាន់តែខិតជិតមកដល់ លោក ហង្ស ពុទ្ធា បា​​នស្នើឱ្យគ្រប់ភាគីគណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងដណ្តើមយកអាសនៈនៅថ្នាក់ រាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ត្រូវប្រកាន់គោលការណ៍ និងវិជ្ជាជីវៈឱ្យបានសុក្រឹត្យ ព្រមទាំងមានសេចក្តីថ្លៃថ្នូរ។

លោកបន្តថា៖«.ជ.ប សូមអំពាវនាវឱ្យគណបក្សនយោបាយសូមយកភាពចាស់ទុំខាងនយោ​​​បាយជាធំ សូមយកការអនុវត្តតាមច្បាប់ និងបទបញ្ជា និងនីតិវិធីជាគោល ក្នុងការអនុវត្ត និងដឹកនាំក្បួនឃោសនារបស់ខ្លួន ហើយការឃោសនានេះ​នឹងប្រព្រឹត្តទៅ​ជាសាធារណៈ​អញ្ចឹង ពលរដ្ឋទូទៅក៏បានឃើញសកម្មភាពការឃោ​​ស​​នា​​បោះឆ្នោតនេះដែរ » ។

ដោយឡែក ទីប្រឹក្សា នៃគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន យល់ឃើញថាទំហំ នៃការបោះឆ្នោតសកល និ​ង​អសកលគឺខុសគ្នា ប៉ុន្តែមានសារៈសំខាន់ដូចគ្នា ហើយគណបក្សកម្លាំងជាតិក៏បានរៀបចំបេក្ខជនឈរឈ្មោះ​ រួចហើយដែរ ក្នុងការចូលរួមប្រកួតប្រជែងបោះឆ្នោតនៅថ្ងៃខាងមុខនេះ ។

លោកថ្លែងថា៖ «ធម្មតាការបោះឆ្នោត គឺជាការប្រកួតប្រជែងគ្នាហើយគណបក្សកម្លាំងជាតិ ក៏បានត្រៀមរៀបចំយុទ្ធសាស្រ្ត ផែនការ ដើម្បីឃោសនា រកសម្លេងឆ្នោតនៅតាមបណ្តាខេត្ត រាជធានី ក៏ដូចជា ស្រុក ក្រុង ខណ្ឌផងដែរ ថ្វីត្បិតគណបក្សកម្លាំងជាតិ មិនគ្រប់គ្រងអង្គបោះឆ្នោត ប៉ុន្តែ ក៏យើងរំពឹង ថានឹងទទួលបានលទ្ធផលមួយដែលគាប់ប្រសើរ »។

ចំពោះការបោះឆ្នោតអសកលខាងមុខ  លោក រ៉ុង ឈុន ស្នើឱ្យគណៈកម្មការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បើកទូលាយ ហើយត្រូវតែពិនិត្យមើល ចៀសវាងការបំភិតបំភ័យ ការគំរាមគំហែងទៅអង្គបោះឆ្នោត ឬមានការទិញដូរដល់អង្គបោះឆ្នោត ជាដើម។

ទាក់ទិននឹងករណីនេះ នាយកប្រតិបត្តិអង្គការនិកហ្វិក លោក សំ គន្ធាមី  បដិសេធថា អង្គការនិកហ្វិក មិនបា​​ន​ចូលរួមសង្កេតការណ៍នោះទេ តែទោះជាយ៉ាងណាក៏ដោយលោកសង្ឈឹមថាការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅ​​ដោ​យពុំមានឧបសគ្គណាមួយកើតឡើងទេ។

លោកបន្តថា៖ « ការបោះឆ្នោតអសកល ខ្ញុំសង្ឈឹមថា ធ្វើទៅតាមបទបញ្ជានីតិវិធីទៅច្បាប់បោះឆ្នោតអសកល អនុវត្តទៅតាមច្បាប់បោះឆ្នោត ដើម្បីឱ្យគណបក្សចូលរួម […] ខ្ញុំគ្រាន់តែចង់ឃើញដំណើរការបោះឆ្នោតប្រព្រឹ​​ត្ត​ទៅតាមសម្រួល កុំឱ្យមានភាពមិនប្រក្រតីច្រើនទៀត » ។​ ប្រតិទិនដែលចេញដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បង្ហាញថា ការបោះឆ្នោតជ្រើសរើសក្រុម​​ប្រឹក្សា​រាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌសម្រា​ប់នីតិកា​​ល​​ទី​​៤​​នេះ​ នឹងប្រព្រឹត្តទៅ​នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ៕