ក្រសួងមហាផ្ទៃបានបង្កើតគណៈកម្មការចម្រុះមួយឡើង ក្រោយពីរកឃើញភាពមិនប្រក្រតីក្នុងសំណុំរឿងឆ្លងដែនដោយខុសច្បាប់ដែលតុលាការខេត្តស្ទឹងត្រែងសម្រេចដោះលែងទណ្ឌិតជនជាតិចិន៨នាក់ ឱ្យនៅក្រៅឃុំ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានប្រាប់ Newsroom Cambodia នៅថ្ងៃនេះថា មូលហេតុដែលឈានទៅដល់ការបង្កើតគណៈកម្មការនេះឡើងដោយសារសង្កេតឃើញមានភាពមិនប្រក្រតី ចំពោះការរអនុវត្តនីតិវិធីរបស់តុលាការខេត្តស្ទឹងត្រែង។លោកបន្តថាជនជាតិចិនទាំង៨នាក់ ដែលលួចឆ្លងដែនដោយខុសច្បាប់ចូលទឹកដីកម្ពុជាត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ តែក្រោយមកអ្នកទាំងនោះត្រូវដោះលែងវិញដោយស្ងាត់ៗ។
លោកបានប្រសាសន៍ថា«[ក្រសួងមហាផ្ទៃ]ទទួលស្គាល់ថាជនល្មើសដែលមានបំណងក្នុងលួចឆ្លងដែលនៅតែមានដើម្បី[ជនល្មើស] កេចវេស ពីសមត្ថកិច្ចកិច្ចជំនាញពីព្រោះព្រំដែនរបស់យើងមិនបានធ្វើរបងដូចផ្ទះរបស់យើងទេ ដែលអាចការឆ្លងព្រំដែនបាន » ។
ជនជាតិចិនទាំង៨នាក់ រកឃើញថាបានឆ្លងដែនចូលក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង។ក្រោយចាប់ខ្លួន ជនអន្តោប្រវេសន៍ទាំង៨នាក់នោះ ត្រូវបានចៅក្រម នៃសាលាដំបូង និងប្រធានពន្ធនាគារខេត្តស្ទឹងត្រែង សម្រេចឱ្យដោះលែងដោយស្ងាត់ៗ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្រោយរកឃើញពីភាពមិនប្រក្រតីនេះកើតឡើង គណៈកម្មការចំពោះកិច្ចនេះ ត្រូវបានក្រសួងមហាផ្ទៃបង្កើតឡើងកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ក្រោយពីរកឃើញថា ការអនុវត្តនីតិវិធីរបស់តុលាការជាន់ទាបនេះ និងពន្ធនាគារខេត្តស្ទឹងត្រែង សម្រេចដោះលែងជនជាតិចិនដោយស្ងាត់ៗ។តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន គណៈកម្មការចម្រុះនេះ នឹងត្រូវបើកការស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលភស្តុតាងរកឱ្យឃើញពីមូលហេតុនៅពីក្រោយ នៃការដោះលែងទណ្ឌិតដែលជានជាតិចិនទាំងនោះ។
បើតាមអំណាច នៃគណៈកម្មការចំពោះកិច្ចដែលមានសមាជិក១២នាក់ មកពីស្ថាប័នក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងអគ្គនាយកដ្ឋានពន្ធនាគារផង គឺមានភារៈកិច្ចបន្ថែមទៀតគឺ ស្រាវជ្រាវរកដីកាបង្គាប់ឱ្យដោះលែង ដែលចេញដោយតុលាការខេត្ត និងលិខិតដែលចេញដោយពន្ធនាគារ បើកផ្លូវឱ្យមានការដោះលែងទណ្ឌិតដែលជាជាតិចិនទាំង៨នាក់នោះ។
គេហទំព័រ Newsroom Cambodia មិនអាចទាក់ទងសុំការបំភ្លឺជុំវិញករណីនេះ ពីប្រធានពន្ធនាគារខេត្តស្ទឹងត្រែងបាននៅឡើយទេ នៅថ្ងៃនេះ ខណៈលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បដិសេធក្នុងការអត្ថាធិប្បាយដោយលោកបញ្ជាក់ថា ជាប់រវល់ប្រជុំ។
ចំណែក អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង លោក ឈុំ ស៊ាងហាក់ គិតមកដល់ពេលនេះ មិនដឹងថាតើគណៈកម្មការចំពោះកិច្ចនេះ នឹងមានចំណាត់ការបែបទេ ប៉ុន្តែគ្រាន់តែដឹងថានីតិវិធីខាងតុលាការ គណៈកម្មការចម្រុះនេះ បានអនុវត្តបណ្តើរៗខ្លះហើយ។
លោកបន្តថា៖«នីតិវិធីខាងក្រសួងកំពុងតែដំណើរការ អានឹងអត់ទាន់បានដឹងថាក្រសួងមានចំណាត់ការយ៉ាងម៉េចទេ ដឹងតែចំណាត់ការខាងសាលាដំបូង » ។
យ៉ាងនេះក្តី នាយកប្រតិបត្តិ នៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី បានប្រាប់ Newsroom Cambodia ថាចំណាត់ការរបស់ក្រសួងមហាផ្ទៃក្នុងដែលបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីស៊ើបអង្កេតរកឱ្យឃើញពីមូលហេតុពីក្រោយនៃការដោះលេងជនជាតិចិននេះ ថាតើមានពាក់ព័ន្ធករណីបែបណាឱ្យបានប្រាកដ។
លោកបន្តថា៖«ករណីនេះគិតថាជារឿងមួយដែលគួរឲ្យបារម្មណ៍យើងដឹងហើយថាឧក្រិដ្ឋជនតំបន់យើងឥឡូវអាចនិយាយថាច្រើនតែពាក់ពន្ធ័ ជាពិសេសការជួញដូរមនុស្ស គ្រឿងញៀន ហើយនឹងការលេងល្បែងឆបោក »។
បើតាមលោក ប៉ិច ពិសី ចំណុចដែលសំខាន់គឺការពង្រឹងការអនុវត្តច្បាប់ និងស្រាវជ្រាវរកការពិតឱ្យឃើញថាតើអ្វីដែលជាមូលហេតុចម្បងនាំឱ្យមានការដោះលែងជនជាតិចិនទាំងនោះ។ម្យ៉ាងវិញទៀត ការបង្កើនកិច្ចសហប្រតិបត្តិប្រឆាំងបទល្មើសទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺជាជម្រើសមួយដ៍ល្អ ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងដែនដោយខុសច្បាប់។ហើយទាំងនេះក៏ជាផ្នែកមួយនៃការកាត់បន្ថយឧក្រិដ្ឋកម្មផ្សេងៗទៀតដែរនៅកម្ពុជា៕