បើទោះបីជាផ្នត់គំនិតចាស់គំរិលមួយ នៅតែប្រកាន់យកថាស្រ្តីជាភេទទន់ខ្សោយ​ មិនចាំបាច់ទទួលការរៀនសូត្រច្រើន មិនគួរដើរហើរច្រើន​ ឬយល់ថាមិនអាចធ្វើការងារដូចបុរស ឬអាជីពខ្លះ មានតែបុរសទេដែលអាចធ្វើបាន យ៉ាងណាក្តី​ វាមិនមែនជាឧបសគ្គពិតប្រាកដសំរាប់ស្រ្តីឡើយ។

​បញ្ហាដែលប្រឈមទាំងនោះ អាចជា​សង្គមមិនសូវផ្តល់តម្លៃ ទាក់ទងទៅនឹងសុវត្ថិភាព ការរើសអើង និងកង្វះការគាំទ្រពីសង្គម។

​មានសំណួរពីមុខ ពីក្រោយជាច្រើន បានលើកសួរមកកាន់ខ្ញុំថា «ការងារហ្នឹងជាការងាររបស់មនុស្សប្រុសសោះ​ មិនដែលឃើញអ្នកចុះយកព័ត៌មានណា ជាមនុស្សស្រីផង គិតថាទៅរួចដែរហ្ហី?» ​ឬក៏​ «ខ្លួនជាស្រី មកធ្វើការងារហ្នឹង មិនខ្លាចមានគ្រោះថ្នាក់ទេអី?»​

អ្នកកាសែត ឬអ្នកសារព័ត៌មាន​ គឺជាក្តីស្រមៃមួយរបស់ខ្ញុំតាំងពីកុមារាភាព​ ប៉ុន្តែដោយសារផ្នត់គំនិតសង្គមមួយ ដែលគ្រួសារខ្ញុំទទួលបាន ហើយវាបានជះឥទ្ធិពលមកដល់ខ្ញុំផងដែរ នោះគឺ​​ «ខ្លួនជាស្រី កុំធ្វើជាអ្នកការសែតអី មិនល្អទេគ្រោះថ្នាក់ណាស់ ណាមួយត្រូវទៅយកព័ត៌មានតាមខេត្ត ជានារីដើរឆ្ងាយមិនកើតទេ​ ណាមួយក្រែងគេគំរាមកំហែងពេលចុះទៅសម្ភាស ឬទៅរកប្រភពព័ត៌មាន​ ស្រីអញ្ចឹង ងាយគេមើលងាយធ្វើបាប»។

ខ្ញុំត្រូវបានក្រុមគ្រួសារមិនគាំទ្រ ហើយពាក្យ «គ្រោះថ្នាក់» ជាពាក្យមួយដែលខ្ញុំតែងតែសួរខ្លួនឯង​ថា បើគ្រាន់តែសរសេរ ពីព័ត៌មានពិតមួយ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ នូវតម្លាភាព ឬឲជាបទពិចារណា តើវាជាការគ្រោះថ្នាក់មែនទេ? សួរសំណួរច្រើន គ្រោះថ្នាក់មែនទេ?

បើហាមអ្នកសារព័ត៌មាន មិនឲសួរ​ មានតែឲគ្នា ទៅរត់ម៉ូតូឌុប​ ហើយបើគ្រាន់តែខ្ញុំគោរពតាមវិជ្ជាជីវៈ ខុសដែរ ឬអ្នកសារព័ត៌មានចាំតែខុស?

​វាអាចជារឿងសមហេតុផលមួយ ដែលពាក្យពិតតែង មិនទទួលបានការគាំទ្រពីសំណាក់ទុច្ចរិតជន ប៉ុន្តែបើមិនមែនជាយើងដែលជាអ្នកផ្តល់ព័ត៌មានពិតដល់មហាជន​ តើជានរណា​?​​​​

ទោះជាយ៉ាងណា ឆន្ទៈស្រលាញ់ការងារមួយនេះ នៅតែមានជាដរាប​ បើមានភេទជាស្រ្តីវាយ៉ាងម៉េច?​ មានអ្វីដែលអាចវាស់វែង ថាស្រ្តីធ្វើមិនបាន?​ ខ្ញុំមិនដែលគិតអំពីរឿងអស់នោះទេ ព្រោះ​ វាគ្រាន់តែជាផ្នត់គំនិតតែប៉ុណ្ណោះ​ ហើយហេតុផលនេះ ក៏មិនអាចអោយខ្ញុំបោះចោលក្តីស្រមៃរបស់ខ្ញុំបានដែរ។

កញ្ញា​​​ គីម​ ស៊ីនៀន​ ជាស្រ្តីមួយរូប ដែលកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងស្ថាប័នជេធីវីញូវ។

ស៊ីនៀន បានលើកឡើងទាក់ទិនទៅនឹងឧបសគ្គនៃក្តីស្រម៉ៃរបស់ខ្លួនក្នុងការក្លាយខ្លួនទៅជាអ្នកសារព័ត៌មានថា ​ដំបូងឡើយគាត់ ក៏ត្រូវបានគ្រួសារ មិនយល់ស្របដែរ ដោយបាននិយាយថា វាអាចបង្កជាហានិភ័យណាមួយមកដល់រូបគាត់ ជានារីភេទ​ត្រូវទៅយកព័ត៌មានតាមខេត្ត  ឬអាចប្រឈមមុខនឹងជនដែលមានគំនិតទុច្ចរិត។

ក៏ប៉ុន្តែ គាត់នៅតែមានចិត្តជំនះមួយថា «គេធ្វើបាន ខ្ញុំក៏ធ្វើបាន» ហើយព្យាយាមបង្ហាញអោយគ្រួសារបានឃើញថា យើងពិតជារឹងមាំ អាចការពារខ្លួនឯងបាន និងអាចរ៉ាប់រងការងារទាំងនេះបាន។

កញ្ញា បានបន្ថែមថាស្រ្តីគួរ ត្រូវបានលើកទឹកចិត្តព្រោះថា ស្រ្តីក៏មានសមត្ថភាពរបស់ខ្លួនក្នុងការប្រកបវិជ្ជាជីវៈនេះបានដែរ​ ហើយវត្តមានរបស់ពួកគាត់ គឺពិតជាសំខាន់ក្នុងស្ថាប័ន ឬអង្គភាពនីមួយៗ។

កញ្ញា​ សួស ធីតា​ និស្សិតឆ្នាំទី១ ដេប៉ាតឺម៉ង់ ប្រពន្ធ័ផ្សព្វផ្សាយនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏បាននិយាយអំពីក្តីស្រម៉ៃរបស់ខ្លូន ដែលចង់ក្លាយជាអ្នកកាសែតដែរ​ ជាវិជ្ជាជីវៈមួយដែលគាត់ស្រលាញ់។

កញ្ញាបានបន្តថា ​គ្រួសារមិនបដិសេធទេ តែក៏មិនជម្រុញអោយគាត់ធ្វើខាងហ្នឹងដែរ​ ម៉ាក់ ប៉ា នៅតែបង្ហាញក្តីព្រួយបារម្ភជានិច្ច ខ្លាចមានបញ្ហាណាមួយកើតឡើង។

ដោយហេតុថា ស្រលាញ់វិជ្ជាជីវៈសារព័ត៌មាន ទើបធីតាចូលរួមវគ្គបណ្តុះបណ្តាលសារព័ត៌មានNewsroom Cambodia

ដើម្បីជាគ្រឹះពង្រឹងសមត្ថភាពរបស់ខ្លួន ​​ហើយមួយវិញទៀត បើយើងអនុវត្តន៏ ក៏ប៉ុន្តែតាមក្រឹតក្រមវិជ្ជាជីវៈទៅ មិនមានជាគ្រោះថ្នាក់អ្វីឡើយ។

ធីតាលើកឡើងថា​ ស្រ្តីមិនមែនទន់ខ្សោយទេ បើគាត់មានឆន្ទៈហើយឈានចូលដល់ការចូលរួមនៅក្នុងថ្នាក់ Newsroom Cambodia គឺគាត់មានសមត្ថភាពខ្លាំងហើយ។

ខ្ញុំយល់ថា ស្រ្តីគ្រប់រូបមានសិទ្ធិក្នុងការសម្រេចចិត្តគ្រប់គ្រាន់ សំរាប់បំពេញនូវក្តីស្រមៃមួយដែលយើងស្រលាញ់ ហើយយើងពេញចិត្តនឹងធ្វើវា។

ខ្ញុំសូមលើកទឹកចិត្តដល់ស្រ្តីទាំងអស់ ដែលមានក្តីស្រមៃដូចរូបនាងខ្ញុំដែរ​ ឲមានភាពក្លាហាន និងមានការតាំងចិត្តខ្ពស់ជាមួយនឹងវិជ្ជាជីវៈមួយនេះ ​ព្រោះចុងប៊ិករបស់យើង ពិតជាមានតម្លៃណាស់ ហើយគ្មានអ្វីដែលយើងធ្វើមិនបានទេ​ បើយើងពិតជាចង់ធ្វើវាពិតប្រាកដមែន។