ជា​រៀងរាល់ថ្ងៃ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ចាប់​តាំង​ពី​ព្រលឹម​ទល់​ព្រលប់ សំឡេង​ម៉ាស៊ីន​ម៉ូតូ​ឡាន​តូចធំ​ តែងតែ​បញ្ចេញ​ភាព​ទ្រហឹង​អឺង​កង​មិន​ដែល​លុះថ្ងៃ។ មនុស្ស​ម្នាក់ៗ​ មិន​ថា​ជា​អាជីវករ​លក់ដូរ សិស្ស និស្សិត សាស្រ្តាចា្យ មន្រ្តីរាជការ ​បុគ្គលិក ឬ​ពលរដ្ឋ​សាមញ្ញ​នោះទេ គឺ​សុទ្ធ​​តែ​​ប្រើប្រាស់ដងផ្លូវ ឬ​វិ​ថី​នានា​ ឆ្លងកាត់​ទៅមក​​ដើម្បី​ប្រកបរបរចិញ្ចឹមជីវិតរៀងៗខ្លួន។

ជាមួយ​នឹង​ភាព​មមាញឹក​នៅ​​​លើ​ដង​ផ្លូវ​ ជានិច្ច​កាល​ក៏​តែងតែ​មាន​ការប៉ះ​ទង្គិច​គ្នា​ធ្ងន់​ស្រាល​​​មិន​អាច​ជៀស​បាន​​​ ដោយ​សារ​តែ​កំហុស​​​ផ្ទាល់​ខ្លួនឯង ឬ​ក៏​ជា​ការធ្វេស​ប្រហែស​របស់​អ្នក​បើកបរ​ដទៃ​ទៀត។​ ភាគច្រើន​នៃ​កំហុស​ទាំងនោះ​គឺជា​កំហុស​អចេតនា ដែល​យើង​ទាំងអស់​គ្នា​សុទ្ធសឹង​តែ​មិន​ចង់​ឲ្យ​កើត​ឡើង​ទាល់​តែ​សោះ។

ក្នុងករណី​បង្ក​ជាជម្លោះ ប្រសិនបើ​រឿង​តូចតាច​​អាច​ចេញ​ជា​ជម្លោះ​ពាក្យ​សម្តី​នៅ​លើ​ដង​ផ្លូវ តែ​ខ្លះ​ទៀត​អាច​ក្លាយ​ទៅ​ជា​ការវាយតប់​បង្ក​របួស​​ស្នាម​ ដោយសារតែ​ភាគី​ទាំងសង​ខាង​ប្រកាន់​ត្រូវ​តែ​រៀងៗ​ខ្លួន។ ហើយក្នុ​ង​ចំណោម​នៃ​ភាគី​ជម្លោះ​ក៏​មាន​អ្នក​ខ្លះ​ដឹង​ខុស​ហើយ តែ​មិន​ទទួល​ខុស នៅ​តែ​ប្រកែក​​​ថា​ខ្លួន​ឯង​ត្រូវ ដែល​នេះ​រឹតតែ​ដុត​កំហឹង​ភាគី​ដែល​មិនមាន​កំហុស​ឲ្យ​កាន់​តែ​ឆែវឆា​វ​ថែម​ទៀត។

អ្នកខ្លះ​យក​ការជេរ​ប្រទេច​គ្នា​ជា​ត្រី​មុខ ហើយ​អ្នកខ្លះវិញ​ចូលចិត្ត​ប្រើ​កម្លាំង​បាយ​វាយ​តប់ ដែល​នេះ​ធ្វើ​ឲ្យ​ខាតពេលវេលា ខាត​ថវិកា ឈឺខ្លួន និង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា គ្មាន​ក្រម​សីលធម៌​ក្នុង​ខ្លួន​ថែម​ទៀតផង។

ក្នុងករណី​​ជម្លោះ​បែបនេះ ជម្រើស​តែមួយ​គត់​គឺ​ត្រូវ​ដោះស្រាយវិវាទគ្នាតាមផ្លូវច្បាប់ ដើម្បី​បញ្ជាក់​ឲ្យច្បាស់ថាអ្នកណាត្រូវអ្នកណាខុស។ តែការប៉ះទង្គិចតូចតាច ទាំងយើងទាំងគេ មិន​ចង់​ឲ្យរឿងតូចក្លាយជារឿងធំ ដែល​នាំ​ឲ្យ​ខាត​បង់​ថវិកា និង​ពេល​វេលា​របស់​ខ្លួន​ទៅ​ប៉ុស្តិ៍​ប៉ូលីស ឬឡើង​តុលាការ​នោះទេ។​

ប្រសិនបើអាច​អនុគ្រោះ​បាន​ក៏​អនុគ្រោះ​ទៅ នេះហើយ​ជា​អ្វី​ដែល​ប្រជាជន​យើង​មួយ​ចំនួន​តែងតែ​ធ្វើ​កន្លង​មក។ ហើយ​នៅ​ក្នុង​ការប៉ះ​ទង្គិច​គ្នា​ខ្លះ ភាគី​ទាំង​សង​ខាង​បាន​ស្រុះស្រួល​គ្នា​ជាមុន ដោយ​មិនមាន​វត្តមាន​សមត្ថកិច្ច​ដើម្បី​ធ្វើ​ការសម្រប​សម្រួល​នោះ​ទេ។

ការអនុគ្រោះគ្នា​ក្នុង​ពេល​បើកបរ ជា​ទម្លាប់​មួយ​ដ៏​ល្អរបស់​ពួក​យើង​រាល់​គ្នា។ ជាក់ស្ដែង​កន្លង​មក មាន​អ្នក​បើកបរ​យានយន្ត​ធំៗ​មួយ​ចំនួន​តែង​តែ​​ជួយ​ធ្វើ​ជា​រនាំង​សម្រួល​ឲ្យ​អ្នក​ថ្មើរ​ជើង ឬ​ទោចក្រ​យានយន្ត​តូចៗ​ឆ្លងកាត់​បាន​ដោយ​សុវត្ថិភាព។ នេះជា​ទង្វើ​មួយ​ដែល​គួរ​ឲ្យ​គោរព ប្រៀប​ដូចជា​អ្នក​ខ្លាំង​ជួយ​អ្នកខ្សោយ ឬ​អ្នក​មាន​ជួយ​អ្នក​ក្រដូច្នោះដែរ ព្រោះ​នៅ​លើ​ដង​ផ្លូវ អ្នក​បើកបរ​យានយន្ត​ធំៗ​គឺ​ចាត់​ទុក​ថា​ជា​អ្នក​ខ្លាំង អ្ន​ក​មាន​អំណាច ហើយ​ប្រសិនបើ​អំណាច​ដែល​មាន​ អាច​រំលែក​ទៅ​ជា​ប្រយោជន៍​របស់​បុគ្គល​តូចតាច​នោះ វា​ជា​អ្វី​ដែល​គួរ​ឲ្យ​កោត​ស្ងប់ស្ងែង។

បើទោះបីអ្នកបើកបរយានយន្តតូចៗមិនបានងក់ក្បាលអរគុណ ដោយ​ហេតុ​ព្រោះ​ប្រញាប់​​​​ជា​ដើម ប៉ុន្តែ​គេ​ក៏​មាន​ការកោត​ស្ងប់ស្ងែង​ក្នុងចិត្ត​ដែរ។ នៅត្រង់ចំណុចនេះ គេអាច​ភ្ជាប់​ទៅនឹង​សុភាសិត​ខ្មែរ​យើង​មួយ​ដែលនិយាយ​ថា «អ្នក​មាន​រក្សា​ក្សត់ ដូច​សំពត់​ព័ទ្ធ​ពី​ក្រៅ អ្នក​ប្រាជ្ញ​រក្សា​ខ្លៅ ដូចសំពៅ​ពឹង​សំប៉ាន»។ សុភាសិត​នេះបា​ន​បង្កប់​អត្ថន័យ​អប់​រំថា អ្នក​មាន​ទ្រព្យធន គួរ​តែ​ជួយ​ចែក​រំលែក​ដល់​អ្នក​ក្រក្សត់ រីឯ​អ្នក​មាន​ចំណេះដឹង​គួរ​តែ​ចែក​រំលែក​ដល់​អ្នក​ផង​គ្នា​ដែល​មិន​សូវ​ចេះ មិន​សូវ​បាន​រៀន​សូត្រ  ហើយ​ការ​ធ្វើ​របៀប​នេះ​មិន​ខុស​គ្នា​ពី​សំពៅ​ដែល​ពឹងពាក់​សំប៉ាន​ដើម្បី​អណ្ដែត​នៅ​ក្នុង​មហា​សាគរ​នោះ​ទេ។

ការប៉ះ​ទង្គិចគ្នា​ក្នុង​ពេល​បើកបរ ដោយ​​មិន​បញ្ចេញ​កំហឹង​ដាក់​គ្នានៅ​លើដងផ្លូវ គឺជា​ផ្នែក​មួយ​ទាក់ទង​នឹង​កម្រិត​នៃក្រ​ម​សីលធម៌​របស់​ប្រជា​ជន​​យើង​ផងដែរ។ ក្រៅពីអ្វីជាសំបកកាយដែលមាន មនុស្ស​គ្រប់​គ្នា​ត្រូវ​មាន​សីលធម៌ និង​គុណធម៌ ជា​យាន​នៃ​ជីវិត​រៀងៗខ្លួន។ មិន​ថា​អ្នក​មាន ឬ​អ្នក​ក្រ អ្នករៀន​សូត្រ​បាន​តិច ឬអ្នក​រៀន​សូត្រ​បាន​ច្រើន សុទ្ធ​តែ​មិន​អាច​រស់នៅ​ប្រាកចាស​ពី​ក្រមទាំង​​នេះ​​បាន​ឡើយ៕​