នៅពេល​និយាយ​ដល់​ពាក្យ​ថា «នយោបាយ» ប្រជាជន​កម្ពុជា​មួយ​ចំនួន​​ហាក់​​​មិន​សូវ​ចង់​តាម​ដាន មិន​សូវ​ចង់​គិត និង​ត្រិះរិះ​ពិចារណា នូវ​ហេតុការណ៍​ទាំងពួង​ដែល​បាន​កើតឡើង​ក្នុង​សង្គម​ជាតិ​ ​​ ជាពិសេស​​ពាក់ព័ន្ធ​នឹង​បញ្ហា​​ស​ន្តិសុខ​ជាតិ ការ​ការពារជាតិ គោលនយោបាយការបរទេស និង គោលនយោបាយរូបិយវត្ថុ​ជាដើម។

តើការព្រងើយកន្តើយរបស់​ប្រជាជន​លើ​នយោបាយ​ ​បណ្តាលមកពីអ្វី?

សូមលើកយកនូវនិយមន័យនៃពាក្យ «នយោបាយ» មួយចំនួន​ដែល​ត្រូវ​បាន​ផ្តល់​​​ដោយ​ទស្សនៈ​វិទូ​ទាំងឡាយ​នៅ​លើ​ពិភពលោក។ ក្នុង​វចនា​នុក្រមសម្ដេច​ព្រះសង្ឃ​រាជ ជួន ណាត បាន​ពន្យល់​ពាក្យ​នេះ​ថា «នយោបាយ (ន) (នយ+ឧបាយ) មានន័យថា ឧបាយ​ក្នុង​ការណែនាំ កលល្បិច ឬ​មេគំនិត​ដែល​គេ​ផ្ដើម​ឡើង​ដើម្បី​ដឹកនាំ​ជន​ដទៃ​ឲ្យ​ប្រព្រឹត្ត​ទៅ​រក​ទិសដៅ​យ៉ាង​នេះ ឬ​យ៉ាង​នោះ កិច្ចការ​ទាក់ទង​នឹង​ការគ្រប់គ្រង​រដ្ឋ»។ ចំណែក​ ប្លាតុង (៤២៨-៣៤៧មុនគ.ស) បាន​ឲ្យ​និយមន័យ​នៃ​ពាក្យ​ថា​នយោបាយ​នេះ​យ៉ាង​ដូច្នេះ​ថា «នយោបាយ គឺ​ជា​សិល្បៈ​ ដឹកនាំ អប់រំ គ្រប់គ្រង​សង្គម​មនុស្ស​ដោយ​ធ្វើ​ឱ្យ​មនុស្ស​ជឿជាក់​ទៅ​លើ​អ្វី​មួយ»។ ចំពោះ​អារីស្តូត (៣៨៤-៣២២មុនគ.ស) បាន​ពន្យល់​ថា «នយោបាយ ជា​វិទ្យាសាស្ត្រ​ដែល​ទាក់ទង​ដល់​ភាព​ថ្កុំថ្កើង​សម្បូរ​សប្បាយ​របស់​មនុស្ស និង​បុរី​ទាំង​មូល»។ ចំណែក​ឯ​អ្នក​ច្បាប់ និង​ជា​ទស្សនវិទូ​ជនជាតិ​បារាំង​ដ៏​ល្បីល្បាញ លោក ម៉ុងតេសគីយើ (Montesquieu ១៦៨៩-១៧៦៦) បាន​ឲ្យ​និយមន័យ​នយោបាយ​យ៉ាង​នេះ​ថា «នយោបាយ គឺ​ទាក់ទង​ទៅ​នឹង​គ្រប់​មុខងារ​របស់​រដ្ឋាភិបាល ដែល​មាន​ទំនា​ក់​ទំនង​ទៅ​នឹង​ច្បាប់​ទាំ​ង​ក្នុង​អង្គ​នីតិ​បញ្ញត្តិ អង្គ​នីតិប្រតិបត្តិ និង​អង្គការ​វិនិច្ឆ័យ​ទោស»។

ដូច្នេះបើយោងទៅតាមនិយមន័យដែលអ្នកប្រាជ្ញទាំងខាងលើបានផ្តល់ឲ្យ​ពាក្យ  «នយោបាយ​» នេះ​គ្មានអ្វីដែលអាក្រក់ គួរស្អប់ខ្ពើម ដែល​ជាហេតុ​ផាត់​ផាយ​នូវ​ចិត្ត​របស់​យើង​ឲ្យ​ចៀស​ចេញ​ឆ្ងាយ​ពី​វា​នោះ​ទេ។

សម្រាប់លោកបណ្ឌិត ប៉ា ច័ន្ទរឿន អ្នកស្រាវជ្រាវ​ពី​​ការអភិវឌ្ឍសង្គមយល់​ថា ​កត្តាប្រវត្តិសាស្ត្រ ការយល់​ដឹ​ង​ពីតួ​នាទី និងកាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ​ក្នុង​វិស័យ​នយោបាយ​នៅ​មាន​កម្រិត និង​ឱកាស​នៃ​ការបើក​ជំហរលំហរ​សេរីភាព និង​សិទ្ធិ​នយោបាយ មិន​ត្រូវ​បាន​លើក​ទឹក​ចិត្ត​។ លោក​បន្ថែម​ថា ការចោទ​ប្រកាន់ ការចាប់​ខ្លួន និង​ការរិត​ត្បិត ធ្វើ​ទុក្ខ​បុកម្នេញ ការប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​​សកម្ម​ក្នុង​រឿង​នយោបាយ គឺ​ជាមូល​ហេតុ​ធ្វើ​ឲ្យ​​ប្រជាពលរដ្ឋ​​ព្រងើយ​​កន្តើយ និង​ភ័យ​ខ្លាច​ចំពោះ​រឿង​នយោបាយ។

ផ្ទុយមកវិញ នយោបាយ​ប្រជាភិថុត នយោបាយ​គុក​ច្រវាក់ ប៉ែង​ជើង​គ្នា​របស់​អ្នក​នយោបាយ​នោះ​ទេ​ដែល​ជា​ឬសគល់​នៃ​បច្ច័យ​ទាំង​អស់​នេះ។

ជាការប្រលោមដួងចិត្ត និងគំនិតរបស់ប្រជាពលរដ្ឋនៃប្រទេសមួយនេះឲ្យបែរត្រឡប់មកគិតគូរ និងនាំគ្នាចូលរួមក្នុងកិច្ចការប្រទេសជាតិឡើងវិញ។ ខ្ញុំ​នឹង​ព្យាយាម​ឆ្លើយ និង​លើក​ជា​ឧទាហរណ៍​នូវ​ចំណុច​ជា​សារាវ័ន្ត​ខ្លះៗ​ទាក់ទិន​ទៅ​នឹង​សំណួរ​ថា តើ​ហេតុអ្វី​បាន​ជា​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​កិច្ចការ​នយោបាយ​ពិត​ជា​មាន​សារៈសំខាន់​យ៉ាង​ក្រៃលែង?

នៅ​ពេល​ណា​ដែល​និយាយ​ពី​ពាក្យ  «នយោ​បាយ»  ​មនុស្ស​ទាំងឡាយ​ជានិច្ច​កាល​គិត​​ស្រម៉ៃ​ទៅ​ដល់​ពាក្យ​អំណាច និង​ផល​ប្រយោជន៍។ ជាការពិត អំណាច និង​ប្រយោជន៍​ពិត​ស្អិត​ជាប់​ជាមួយ​នឹង​មនុស្ស​បី​ដូច​ស្ករ​តាំង​ម៉ែ​​ មិន​អាច​កាត់​ផ្តាច់​ពី​គ្នា​បា​​ន​ឡើយ។ ជាឧ​ទាហរណ៍ អ្នក​សុំទាន ​ពួកគាត់​ដើរ​សុំទាន​ពី​​​មនុស្ស​ម្នា​ពាសពេញ​ប្រឹថពី​​ តើមិនចង់បានប្រយោជន៍​ទេ​ឬ? ចុះ​ចំណែក​ឯ​អ្នក​លក់ដូរ​ ដូចជា អ្នក​លក់​ពោត​អាំ​ង អ្ន​ក​លក់​លៀជ​ ​តើ​ពួកគាត់​មិន​គិត​ពី​ផល​ប្រយោជន៍​ទេ​ឬ? ប្រាកដ​ណាស់​គឺ​ដើម្បី​ផល​ប្រយោជន៍ (កម្រៃ)។

កុំ​ថា​ឡើយ​មនុស្ស​សូម្បី​សត្វ​ក៏​ត្រូវការ​អំណាច និង​ផល​ប្រយោជន៍​ដែរ។ ជា​ទិដ្ឋភាព​ជាក់ស្តែង សត្វ​ឆ្កែ​​​វា​តែងតែ​ប្រើ​អំណាច​ដើម្បី​សម្លុត គំរា​ម​គំហែង​​សត្វ​ដទៃ​ដែល​មាន​ឥទ្ធិពល​ខ្សោយ​ជាងខ្លួន​ដើម្បី​ផល​ប្រយោជន៍។ អ្វី​ដែល​បាន​លើកឡើង​នេះ​​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា នយោបាយ និង​មនុស្ស​គឺ​ពិតជា​មាន​ទំនាក់​ទំនង​គ្នា​មិន​អាច​ខ្វះ​មួយ​ណា​បាន​ឡើយ។ ធាតុ​ទាំងពីរ​នេះ​គឺ​ប្រៀប​បី​ដូចជា​ទូក និ​ង​ច្រវ៉ា​ បើ​​មាន​ទូក​អត់​ច្រវ៉ា​ ក៏​ទូក​នោះ​មិន​អាច​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ត្រើយ​ខាង​នាយ​បាន​ឡើយ។ យ៉ាងណាមិញ នយោបាយ​នៃ​ប្រជាជាតិ​មួយ នឹង​មិន​អាច​វិល​ទៅ​រក​ទីឋាន​បរមសុខ និង​សន្តិភាព​បានទេ ប្រសិន​បើ​គ្មាន​ការចូលរួម​យ៉ាង​សកម្ម​ពី​ប្រជាពលរដ្ឋ​នៃ​ជាតិ​នោះ។ នយោបាយ​គឺ​ជា​កត្តា​លីករ​ដ៏​សំខាន់​ក្នុង​ការ​នាំ​ឲ្យ​ប្រជាជាតិ​មួយ​ទៅ​កាន់​ទី​នៃ​វឌ្ឍនភាព ឬក៏​ឱនភាព។ ប្រទេសជាតិ​នឹង​រះ​ឡើង​នៅ​ពេល​ដែល​នយោបាយជាតិ​ដើរ​ល្អ។ ប៉ុន្តែ​ភាព​លិចលង់​នឹង​កើតឡើង​ដោយ​ចៀស​ពុំ​រួច​នៅ​ពេល​ដែល​នយោបាយ​ជាតិ​ជាប់​គាំង។

ជារួម​មក ប្រជាពលរដ្ឋ​ទាំងឡាយ​​ត្រូវ​តែ​សិក្សា តាមដាន និង​ចូលរួម​កិច្ចការ​សង្គម​នានា​ទើប​សង្គម​ជាតិ​របស់​អ្នក​រីក​ចម្រើន​ទៅ​មុខ​បាន។ ទឹកដី​ខេមរា​នេះ​មិនមែន​ជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​បុគ្គល​ណាម្នាក់​ទេ​ តែ​គឺជា​របស់​អ្នក​ទាំងអស់​គ្នា។ ហេតុ​នេះ ចូរ​កុំ​កន្តើយ​ចំពោះ​កិច្ចការ​ប្រទេស​ជាតិ​របស់​អ្នក។ ចូរ​រ​ស់នៅ​ជាមួយ​នយោបាយ  «នយោបាយ​គឺជា​ជីវិត គ្មាន​នយោបាយ​គ្មាន​ជីវិត»៕