ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នកសារ​ព័ត៌មាន​នៅ​ក្នុង​សង្គម​ភាគច្រើន​យល់​​ឃើញ​​ថា អ្នក​សារ​ព័ត៌មាន មាន​តួនាទី​សំខាន់​ណាស់​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ ក្រៅ​​​ពី​​​ជា​យាន​សម្រាប់​នាំ​សារ​ហើយ ពួកគេ​​​ក៏​ជា​ផ្នែក​​មួយ​​រួម​​ចំណែក​​ក្នុង​​ការ​​កែទម្រង់​​ភាព​​អសកម្ម ឬ​​ការ​ខ្វះ​​ចន្លោះ​​នៃ​​ការ​អនុវត្ត​គោល​​នយោបាយ​​របស់​​រដ្ឋាភិបាល​​ថែម​​ទៀត​​ផង។ ក៏​​ប៉ុន្តែ​​ទន្ទឹម​​នឹង​​នេះ ក្រុម​អ្នកសារ​ព័ត៌មាន​មួយ​ចំនួន​ក៏​ត្រូវ​រង​ការប្រមាថ​គំរាម​កំហែង​ពី​ជន​ពុករលួយ និង​​មាន​​ពេល​​ខ្លះ​អ្នក​សារ​ព័ត៌មាន​ត្រូវ​​គេ​​ចា​ត់​​ទុ​ក​ថា គឺ​ជា​​ឆ្អឹង​​ទទឹង​​ក​​ទៅ​​វិញ។

បើ​ទោះ​ជា​ក្រុម​​អ្នក​​សារ​ព័ត៌មាន​​ដឹង​​ថា ខ្លួន​​ត្រូវ​​ធ្វើ​កា​រ​​​ដោយ​​ប្រថុយ​ប្រថាន​​ក្នុង​​បេសកកម្ម​​ដ៏​គ្រោះ​ថ្នាក់​​​​​ក៏​ដោយ ដើម្បី​​សម្រេច​​គោលដៅ​នេះ ពួក​គេ​ចុះយកព័ត៌មាន​ក្នុងសង្គម​ត្រូវ​ជម្នះ និង​ហ៊ាន​​លះបង់​​ខ្ពស់​​ក្នុង​​បុព្វហេតុ​​រុញ​ច្រាន​​ស្ថានការណ៍​​ដែល​​អួរអាប់ ឬ​​ថា រឿង​រ៉ា​វ​​​ដែល​​ត្រូវ​​បាន​មន្ត្រី​ខិលខូច​គេ​ព្យាយាម​បិទ​បាំង​ពាក់ព័ន្ធ​ផល​ប្រយោជន៍​សាធារណៈ​ ឬ​​ក្នុង​​ហេតុផល​​អំពើ​ពុក​រលួយ​​ណា​មួយ។

ក្រុម​​អ្នក​​ធ្វើ​ការ​​ផ្នែក​​ប្រព័ន្ធ​​ផ្សព្វផ្សាយ​​យល់​​ឃើញ​​ថា អ្នក​សារព័ត៌មាន​មិនមែន​ត្រឹមតែ​ដើរ​តួនាទី​ក្នុង​នាម​ជា​អ្នក​​ប្រមូល​​ស្រាវជ្រាវ​​រុក​រក ឬ​​ថា តាម​​ប្រម៉ាញ់​​ព័ត៌មាន ដើម្បី​​បាន​​ចុះ​​ផ្សាយ​​​នៅ​​ក្នុង​អង្គភាព​​រប​ស់​​ខ្លួន​​ប៉ុណ្ណោះ​​ទេ ប៉ុន្តែ​​ថែម​​ទាំង​​​ជា​​អ្នក​​ដែល​​ជួយ​​កែ​ទម្រង់​​ដ៏​​ស៊ី​​ជម្រៅ​​បន្ថែម​​ទៀត​ក្នុង​​ការ​ជំរុញ​​ឲ្យ​​មាន​​ការ​ផ្លាស់​ប្ដូរ ភាព​​ខ្វះ​​ចន្លោះ​​ទៅ​​លើ​​កម្មវិធី​​នយោបាយ​​នានា​​របស់​រាជ​រដ្ឋា​ភិបាល។

ជា​​ការ​ពិត​​ណាស់​ អ្នក​សារ​ព័ត៌មាន​​បាន​​ចូលរួម​​យ៉ាង​​សកម្ម​​រួច​​ទៅ​​ហើយ​​ក្នុង​​ការ​ប្រយុទ្ធ​​ប្រឆាំង​ភាព​​អសកម្ម​​នានា​​របស់​​សង្គម ដោយ​​មិន​​ផ្ដោត​​ចំពោះ​​តែ​​អំពើ​​ពុ​ក​រលួយ​​មួយ​​នោះ​​ទេ។ លើស​​ពី​នេះ អ្នក​សារ​ព័ត៌មាន​គឺ​មាន​សារសំខាន់​ខ្លាំងណា​ស់​ក្នុង​ការជំរុញ​​ឲ្យ​​អ្នក​​តាក់តែង​គោល​នយោបាយ​​ មុន​​នឹ​ង​​ធ្វើ​​សេចក្ដី​​សម្រេច​​អ្វី​​មួយ​​ត្រូ​វ​​ប្រុង​ប្រយ័ត្ន ដើម្បី​​ចៀសវា​ង​​ភាព​​ខុស​​ឆ្គង។

តួនាទី និង​​ការ​ទទួល​​ខុស​ត្រូវ​​របស់​​អ្នក​​សារ​ព័ត៌មាន​ទាំង​ពេល​មុន និង​​ក្នុង​​ពេល​​បច្ចុប្បន្ន គឺ​​មិន​ត្រឹម​​​ជា​​​អ្នក​​​ដែល​​​ផ្ដល់​​​ព័ត៌មាន​​​ប៉ុណ្ណោះ​​​​​ទេ ជាង​​នេះ​​​ទៀត អ្នកសារ​​ព័ត៌មាន មាន​​ភារកិច្ច​​ក្នុង​ការ​តាម​​ឃ្លាំមើ​ល​​ត្រួ​ត​​ពិនិត្យ និង​​ជា​​អ្នក​សង្កេត​ការណ៍​​ដ៏​​មាន​​ប្រសិទ្ធភាព។ កាតព្វកិច្ច​​ដ៏​​ចម្បង​របស់​​អ្នក​សារ​ព័ត៌មាន​មួយ​ទៀត គឺ​​ក្រៅ​​ពី​​ដឹង​​រឿ​​ង​​ដោយ​​ខ្លួន​​ឯង​​ផ្ទាល់​ ​ហើយ​ថែ​ម​​ទាំង​​យក​​រឿង​​ទាំង​​នោះ លាត​​ត្រដាង​​ជា​​សាធារណៈ​​ថែម​​ទៀត​​ផង បើ​​ទោះ​​ជា​​រឿង​​ទាំង​​នោះ​មាន​​ប្រយោជន៍​តិច ឬ​​ក៏​ច្រើន​​សម្រាប់​​សង្គម​​យ៉ាង​​ណា​​ក្ដី។

ជាក់ស្ដែង​ថ្មីៗ​កន្លង​ទៅ​នេះ មានការ​រាយការណ៍​ថា​ អាជ្ញាធរ​ខេត្តព្រះវិហារ​​បាន​បណ្ដែត​​បណ្ដោយ​​ឱ្យ​​​មា​​ន​រោង​​​សិប្បកម្ម​​​កែច្នៃ​​​ឈើ​​ខុស​ច្បាប់​​ជា​ច្រើន​កន្លែង​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៦២  ខេត្ត​ព្រះវិហារ  ដែល​​អ្នក​ឃើញ​ហេតុការណ៍​ទាំងនោះ​បាន​ចាត់​ទុក​ថា ​ជា​ប្រភព​នៃ​វិនាសកម្ម​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ។ ​​ ហើយ​ក៏​មានការ​លើកឡើង​ថា មាន​ការ​ប្រើ​ល្បិច​កល​ធ្វើ​ទុក​បុក​ម្នេញ​ដ​ល់​អ្នកសារ​ព័ត៌មាន បង្ខំ​ឲ្យ​អ្នកសារ​ព័ត៌មាន​ដែល​មាន​ភារកិច្ច​ចុះ​បំពេញ​បេសកកម្ម​រង​សម្ពាធ​ស្ថិត​​ក្រោម​​ហេតុ​ផល​​ទាំង​​នេះ ដែល​អ្នកសារ​ព័ត៌មាន​យើង​បាន​កំណត់​ថា ជារឿង​ដែល​​គួរ​ឲ្យ​ភ័យ​ខ្លាច៕​