ក្នុងឆ្នាំ២០១៨ ដល់ឆ្នាំ​២០១៩ ខ្ញុំជា​សិស្ស​ថ្នាក់​ទី​១២​នៃ​វិទ្យាល័យ​ព្រះសីហនុ ស្ថិត​នៅ​ក្នុង​ខេត្តកំពង់ចាម។ ក្នុង​ឆ្នាំ២០១៩​​​ដដែល ​គឺ​ជា​ឆ្នាំ​ដែល​ខ្ញុំត្រូវ​ប្រលង​សញ្ញាបត្រ​ទុតិយភូមិ​សម្រាប់ មុខ​ជំនាញ​ដែល​ខ្ញុំជ្រើសរើស​ប្រលង​ នោះគឺ​ផ្នែ​ក​វិទ្យាសាស្រ្ត​ពិត។

ឆ្នាំ២០១៩​ខ្ញុំ​បាន​ប្រលង​ជាប់​ជា​ស្ថាពរ ប៉ុន្តែ​ក្រោយ​ប្រលង​ជាប់​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ កាន់​តែ​ស្មុគ្រ​ស្មាញ​ជា​ខ្លាំង​ ព្រោះ​គ្រួ​សារ​របស់​ខ្ញុំ​បាន​បង្ខំ​ឲ្យ​រៀន​ពេទ្យ​នៅ​ក្នុង​ខេត្ត​កំពង់ចាម។ នៅ​​ពេល​​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​​ពិបាក​​សម្រេច​​ចិត្ត​​ជា​​ខ្លាំង​​ណាស់ ខ្ញុំ​​ក៏​​បា​ន​​ព្យាយាម​​ពន្យល់​គាត់​ថា​ខ្ញុំ​មិនមាន​អារម្មណ៍​ស្រលាញ់​​មុខវិជ្ជា​ពេទ្យ​នោះទេ។ គាត់​បាន​សួរ​​ខ្ញុំ​ថាតើ​ខ្ញុំច​ង់​រៀន​អ្វីវិញ​បើ​មិន​រៀនពេទ្យ? ខ្ញុំ​បា​​នប្រាប់​គាត់​ថា ខ្ញុំ​ស្រលាញ់​​មុខវិជ្ជា​ច្បាប់ គាត់​ក៏​បាន​សម្រេច​ចិត្ត​ឲ្យ​ខ្ញុំ​មក​រៀន​ច្បាប់​នៅ សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច ក្នុង​​រាជធានី​ភ្នំពេញ។

ពេល​ដែល​គាត់​អនុញ្ញា​ត​ឲ្យ​ខ្ញុំ​មក​រៀន​នៅ​ភ្នំពេញ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ថ្ងៃ​ចូល​រៀន បាន​ខិត​ជិត​មក​ដល់​ ខ្ញុំត្រូវ​ធ្វើ​ដំណើរ​ពី​ខេត្តកំពង់ចាម​ឡើង​មក​​ភ្នំពេញ​ជាមួយ​បងស្រី​របស់​ខ្ញុំ។​ ​ជិះ​ឡាន​​តាម​ផ្លូវ​មកខ្ញុំ​ហាក់​មាន​អារម្មណ៍​ឯកា​ និង​ក្រៀមក្រំ​ជា​ខ្លាំង​ព្រោះ​តាំង​ពី​តូច​ដល់​ធំ​មក​គឺ​ខ្ញុំ​មិន​ដែល​បែក​ពី​ផ្ទះ​សូម្បី​ម្តង ជាពិសេស​ជាង​នេះ​ទៅ​ទៀត​គឺ​ខ្ញុំ​នឹក​ម៉ាក់​របស់​ខ្ញុំ​ខ្លាំង​បំផុត។ ពេល​មក​ដល់​ភ្នំពេញ​ភ្លាមៗ ខ្ញុំ​បាន​សម្លឹង​​ទិដ្ឋភាព​ជុំវិញ​ខ្លួន​ដែល​ពោរពេញ​ដោយ​ភាព​អ៊ូអរ។

នៅថ្ងៃចូលរៀនដំបូងខ្ញុំបានភ្ញាក់ពីគេងលឿនជាងរាល់ដង ដើម្បី​​ធ្វើ​ដំណើរ​ទៅ​សាលារៀន ​ដោយសារ​ជា​ថ្ងៃ​ចូល​រៀន​ដំបូង។ គ្រាន់តែ​ជិះ​ម៉ូតូ​ទៅ​សាលា​សោះ​ខ្ញុំ​ត្រូវ​ប្រើ​រយៈពេល​ជិត​មួយ​ម៉ោង ដោយសារ​តែ​ខ្ញុំ​មិន​ធ្លាប់​ជិះ​ម៉ូតូ​នៅ​ភ្នំពេញ​ពី​មុន​មក ហើយ​ពេល​ឆ្លង​ផ្លូវ​ម្តងៗ​ខ្ញុំ​ភ័យ​ស្ទើរ​ជ្រុះ​ព្រលឹង​បា​ត់​ពី​ខ្លួន​អស់​ទៅហើ​យ​។ នោះគឺជារឿងដែលខ្ញុំចាំមិនភ្លេច។

ពេល​ចូល​អង្គុយ​ក្នុង​ថ្នាក់​រៀន ខ្ញុំ​បាន​អង្គុយ​នៅ​តុ​មួយ​ម្នាក់​ឯង​ដែល​ដាច់​ពី​គេ​ ខ្ញុំ​មាន​ អារម្មណ៍​ថា​ឯកោ​ណាស់​នៅ​ពេល​នោះ។ ពេល​ត្រលប់​មក​ដល់​ផ្ទះ​វិញ​ខ្ញុំ​ស្ងៀមស្ងាត់​មិន​និយាយ​ស្តី​រក​អ្នក​ណាមួយ​ម៉ាត់។ កន្លង​ទៅ​បាន​១សប្តាហ៍​ខ្ញុំ​បាន​ស្គាល់​មិត្តភក្តិ​ជាច្រើន ខ្ញុំ​ចាប់​ផ្តើម​សប្បាយ​​ចិត្ត និង​​ខិតខំ​រៀន​សូត្រ​រាល់ថ្ងៃ៕