នៅ​មុនពេល​​ប្រឡង​ថ្នាក់​ទី១២ ខ្ញុំ​ភ័យ​ម្ដង កំពុង​ប្រឡងខ្ញុំ​​ក៏​ភ័យ​ម្ដង​ទៀត ប្រឡង​ចប់​ហើយ​ក៏​នៅ​តែ​ភ័យ មិន​ដឹង​លទ្ធផល​ជាប់ ឬ​ធ្លាក់។ ពេល​ប្រកាស​លទ្ធផល​ឮ​​ឈ្មោះ​ខ្លួន​ឯង​ថា​ជាប់ សប្បាយ​ចិត្ត​ណាស់ ជប់​លៀង​ផង ដើរ​លេង​ផង។ តែ​សប្បាយ​ចិត្ត​បាន​ប៉ុន្មាន​ថ្ងៃ ត្រូវ​គិត​រឿង​រៀន​បន្ត​នៅ​សាកល​វិទ្យាល័យ​ម្ដង។ បើ​​និយាយ​​ពី​​សាកល​វិទ្យាល័យ​ក៏ច្រើន មុខ​ជំនាញ​រឹត​តែ​ច្រើន មិន​ដឹ​​ងថា​រៀន​មុខ​ជំនាញ​អ្វី ឬ​រៀន​នៅ​សាកល​វិទ្យាល័យ​មួយ​ណា។

កាល​ពីបួនឆ្នាំមុន ខ្ញុំជាសិស្សម្នាក់ដែលទើបនឹងប្រឡងជាប់ទី​១២ ហើយ​ក៏​ជា​សិស្ស​ម្នាក់​ដែល​អត់​ដឹ​ង​ថា​ខ្លួន​ឯង​គួរ​រៀន​អ្វី​នៅ​ពេល​ប្រឡង​ចប់។ ពេល​នោះ​មិត្តភកិ្ត​គេ​បាន​ចូល​រៀន​អស់​ហើយ នៅ​តែ​ខ្ញុំ​ទេ​ដែល​មិន​ដឹង​កោះត្រើយ​នៅ​ទីណា។

កាល​នៅ​តូច ខ្ញុំ​ក៏​ធ្លាប់​មាន​ការងារ​ក្នុង​ក្ដី​ស្រមៃ និង​ជំនាញ​ចង់​រៀន​ដែរ។ ដោយសារ​តែ​ការប្រែប្រួល​នៃ​សង្គម និង​មជ្ឈដ្ឋាន​ជុំវិញ​ដែល​ធ្វើ​ឲ្យ​ចំណង់​ចំណូល​ចិ​ត្ត​របស់​ខ្ញុំ​ត្រូវ​ផ្លាស់​ប្ដូរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ខ្ញុំ​បាន​ចំណាយ​ពេល ៣​ខែ​ក្នុង​ការជ្រើស​រើស​មុខ​ជំនាញ​សម្រាប់​រៀន​នៅ​សាកល​វិទ្យាល័យ។ វា​ពិត​ជា​ខ្ជះខ្ជាយ​ពេល​វេលា​យូរ​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ ដូច្នេះ​ទើប​ខ្ញុំ​សម្រេច​ចិត្ត​ចែក​រំលែក​អំពី​ការជ្រើស​រើស​មុខ​ជំនាញ​រៀន​នៅ​សាកល​វិទ្យាល័យ ដើម្បី​ឲ្យ​សិស្ស​ប្អូន​ទី​១២​ចំណាយ​ពេល​ខ្លី​ក្នុង​ការសម្រេច​ចិត្ត​រៀន​ជំនាញ​អ្វី​មួយ។

តាម​បទ​ពិសោធន៍​របស់​ខ្ញុំ​ផ្ទាល់ ការជ្រើស​រើស​មុខ​ជំនាញ​សម្រាប់​សិក្សា​មិន​​ងាយ​ស្រួល​នោះ​ទេ​។ ប្រសិនបើ​យើង​ជ្រើសរើស​មុខ​ជំនាញ​ខុស គឺ​ខាត​ពេល​វេលា និង​ប្រាក់​កាស។ មុខ​ជំនាញ​​សម្រាប់​សិ​ក្សា​នៅសាកល​វិទ្យាល័យ​មាន​សារៈ​សំខាន់​ណាស់ ពីព្រោះ​នៅ​ពេល​ដែល​យើង​រៀន​ចប់ តម្រូវ​ឲ្យ​យើង​យក​មុខ​ជំនាញ​ដែល​បាន​សិក្សា​រួច​ទៅ​អនុវត្ត​ក្នុង​សង្គម ហើយ​វា​ក៏​ជា​អាជីព​ការងារ​សម្រាប់​ពេល​អនាគត​ដែរ។

យើង​ត្រូវ​ដឹង​អំពី​ចំណង់​ចំណូល​ចិត្ត និង​ត្រូវ​សួរ​ខ្លួនឯង​ថា​ តើ​យើង​ចូលចិត្ត​ធ្វើអ្វី​នៅ​ពេល​ទំនេរ។ តែ​ពេល​ខ្លះ​យើង​ក៏​មិន​បាន​ចាប់អារម្មណ៍​អំពី​ចំណង់​ចំណូល​ចិត្ត​របស់​យើង​ដែរ យើង​តែងតែ​គិត​ថា​អី​ក៏​អ​ត់ចូល​ចិត្ត។ កាល​នោះ​ខ្ញុំ​ក៏​ធ្លាប់​គិតអី​ចឹង​ដែរ ក្រៅ​ពី​គេង ខ្ញុំ​អត់​ចូលចិត្ត​ធ្វើអ្វី​ទាំង​អស់។ ក្រោយ​មក​ខ្ញុំបា​ន​ប្រើវិធី​សាស្រ្ត​មួយ​ក្នុង​ការជ្រើសរើស​មុខ​ជំនាញ គឺ​ខ្ញុំ​សរសេរ​អំពី​អ្វី​ដែល​ខ្ញុំ​ស្រលាញ់ និង​សកម្មភាព​ដែល​ខ្ញុំ​តែងតែ​ធ្វើ​នៅពេ​ល​ទំនេរ។ ទោះ​បី​សកម្មភាព​ខ្លះ​មើល​ទៅ​ដូចជា​ឥ​ត​ប្រយោជន៍ ក៏នូវតែសរសេរចូលក្នុងក្រដាសដែរ។ បើយើង​សរសេរ​កាន់​តែ​ច្រើន​កាន់​តែ​ល្អ ពីព្រោះ​វា​ងាយស្រួល​ស្វែង​យល់​អ្វី​ដែល​យើង​ចូលចិត្ត​ខ្លាំង។

មួយ​វិ​ញ​ទៀត យើង​ត្រូវ​សរសេរ​អំពី​មុខវិជ្ជា​ដែល​យើង​ស្រលាញ់​ និង​ភាព​ខ្លាំង​របស់​យើង​មាន​ដូចជា ទំនាក់​ទំនង​ល្អ ពូកែ​ស្រាវ​ជ្រាវ ពូកែ​ប្រមូល​ព័ត៌មាន។ល។ បន្ទាប់មក​យើង​ត្រូវ​សម្រេច​ចិត្ត​ជ្រើសរើស​ថា តើ​មួយណា​ដែល​យើង​ចូលចិត្ត និង​ពូកែ​ខ្លាំង​ជាង​គេ នោះយើ​ង​នឹង​ឃើញ​មុខ​ជំនាញ​ដែល​យើង​ចង់​រៀន​ហើយ។ ប្រសិនបើយើងមិនច្បាស់ អាចធ្វើការស្រាវជ្រាវ សួរ​នាំ​មិត្តភកិ្ត និង​គ្រួសារ​បន្ថែម មុន​សម្រេច​ចិត្ត​ជ្រើសរើស។

ឧទាហរណ៍៖ ពេលទំនេរ លោក ក គាត់​ចូលចិត្ត​គូរ​រូប និង​មាន​សិល្បៈ​ក្នុង​ការច្នៃ​ប្រឌិត។ គាត់​តែងតែ​មាន​គំនិត​ថ្មីៗ ហើយ​គាត់​ថែម​ទាំងមាន​ចំណេះដឹង​ខាង​ផ្នែក​រូបវិទ្យា និ​ង​គណិតវិទ្យា។ ដូច្នេះ​គាត់​អាច​រៀន​មុខ​ជំនាញ​ស្ថាបត្យកម្ម​បាន។

ទន្ទឹម​នឹង​នោះ ការជ្រើសរើស​សាកល​វិទ្យាល័យ​សម្រាប់​រៀន​ជារឿង​​​កាន់​តែសំ​ខាន់។ យើង​ត្រូវ​ស្រាវជ្រាវ​តាម​បណ្ដាញ​សង្គ​មហ្វេសប៊ុក និង​ស្វែង​រក​សាកល​វិទ្យាល័យ​ណា​ដែល​មា​ន​មុខ​ជំនាញ​ដែលយើង​ចង់​រៀន។ ម្យ៉ាងទៀត យើង​អាច​ទៅ​សួរ​ព័ត៌មាន​បន្ថែម​នៅ​ខាង​សាកល​វិទ្យាល័យ និង​អាច​សួរ​នាំ​ពី​អ្នក​ដែល​រៀន​នៅ​ទីនោះ​ដូច​ជា បង​របស់​មិត្តភក្តិ និ​ង​លោកគ្រូ​អ្នកគ្រូ​នៅ​វិទ្យាល័យ។ ការស៊ើបសួរ​បែប​នេះ ដើម្បី​ដឹង​អំពី​ប្រព័ន្ធ​អប់រំ និង​គុណភាព ឬ​ក៏​តម្លៃ​សិក្សា​ផ​ង​ដែរ។ យើង​ត្រូវ​មាន​២-៣​សាកល​វិទ្យាល័យ​សម្រាប់​ធ្វើការ​សម្រេច​ចិត្ត​ជ្រើសរើស ដើម្បី​ងាយ​ស្រួល​ក្នុង​ការថ្លឹ​ង​ថ្លែង។ ការណ៍​ដែល​មាន​ជម្រើស​ច្រើន ប្រសើរ​ជាង​មាន​ជម្រើស​តែមួយ​ក្នុង​ដៃ។

ក្នុង​​ការ​សម្រេច​ចិត្ត​ជ្រើសរើស​មុខ​ជំនាញ​អ្វី យើង​ត្រូវ​ស្វែង​យល់ និង​ធ្វើការ​ពិចារណា​ឲ្យ​បានច្បាស់មុន​នឹងជ្រើស​រើស​ជំនាញ​ណាមួយ ដើម្បី​កុំ​ឲ្យ​ខាត​ពេល​វេលា និងខ្ជះខ្ជាយ​ប្រាក់​កាស។ យើង​ក៏គួរ​គប្បី​សិក្សា​ពី​ទីផ្សារ​ឲ្យ​ច្បាស់ និង​មាន​ការពិភាក្សា​ជាមួយ​នរណា​ម្នាក់​ក៏​បាន។ ប៉ុន្តែ​ខ្ញុំ​មិនមាន​ការលើក​ទឹក​ចិត្ត​ឲ្យរៀ​ន​តាម​គេ រៀនតា​មមិ​ត្តភក្តិ ឬ​ក៏​គ្រួសារនោះទេ។ យើង​គួរ​ដឹង​ថា ចំណង់​ចំណូល​ចិត្ត និង​ទេព​កោសល្យ​មនុស្ស​មាន​ផ្សេ​ងៗ​គ្នា។ បើ​យើង​មិន​សប្បាយ​ចិត្ត​ជាមួយ​អ្វី​ដែល​យើង​រៀន នោះ​យើ​​ង​ក៏​រៀន​មិន​ចេះ​ដែរ ហើយ​ការជ្រើស​រើស​ជំនាញ​សម្រាប់​រៀន គឺជា​អាជីព​ការងារ​នៅ​ពេល​អនាគត។ យើង​ត្រូវ​មាន​ការសម្រេច​ចិត្ត និង​ដាក់​គោលដៅ​ខ្លួន​ឯង ដើម្បី​ចៀស​វាង​នូវ​ការស្ដាយ​ក្រោយ ​ឬ​រៀន​ខុស​គោល​ដៅ៕