គម្រោងទំនប់វារីអគ្គិសនីសេសានក្រោមពីរ ត្រូវបានសិក្សាសាកល្បងជាច្រើនតាំងពីឆ្នាំ១៩៩៩ ហើយ​នៅ​ចុងក្រោយ​ ទីស្ដី​ការគណៈរដ្ឋ​មន្រ្តីបានសម្រេច​យល់ព្រម​លើ​គម្រោង​នេះក្នុងខែវិច្ឆិកា ឆ្នាំ​២០១២។ ការសាង​សង់​នេះ​បាន​ចាប់ផ្ដើម​ក្នុងខែកុម្ភៈ ឆ្នាំ២០១៤​ ហើយវារីអគ្គសនីត្រូវបានបើកដំណើរនៅឆ្នាំ២០១៧ ដោយ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ដល់​ខេត្ត​កំពង់ចាម និង​ខេត្តក្រចេះ។

នៅតំបន់​ដែល​អភិវឌ្ឍន៍​គម្រោង​នោះ​មាន​ភូមិ​ជាច្រើន​ដែល​រង​ផល​ប៉ះពាល់​ដោយផ្ទាល់ និង​ប្រយោល។ ក្នុង​នោះ​មាន​ភូមិ​ស្រែ​គរ​មួយ និង​ស្រែគ​រ​ពីរ​ទទួល​រង​ទឹក​ជន់​លិច​ភូមិ​ធ្ងន់ធ្ងរ​ជាង​ភូមិ​ដទៃ។ ប្រជាជន​ដែល​រស់នៅ​ភូមិ​ស្រែ​គរ​ទាំងមួយ​ និងពីរ ប្រកប​មុខ​របរ​ដោយ​ការនេសាទ ធ្វើស្រែ ដាំដំណាំ(ស្វាយចន្ទី) ចិញ្ចឹមស​ត្វ និង​ដក​ផ្សិត​ក្នុង​ព្រៃ​លក់​ជាដើម។

ភូមិ​នេះ​ជា​ភូមិ​ចំណាស់​មួយ​ដែល​ប្រតិបត្តិ​នូវ​វប្បធម៌​ប្រពៃណី និង​ជំនឿ​អរូបិយ។ ចំណែក​ឯ​ក្មេងៗ​វិញ គឺ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ និង​ស្រលាញ់​អក្សរ​ខ្មែរ​ខ្លាំង​ណាស់។ ប៉ុន្តែ​ដោយសារ​តែ​តំបន់​នេះ​ត្រូវ​បាន​អភិវឌ្ឍន៍ ធ្វើ​ឱ្យ​ភូមិ​របស់​ពួកគេ​ត្រូវ​បាន​រង​នូវ​ផល​ប៉ះពាល់​ពី​ការសាង​សង់​ទំនប់​វារី​អគ្គិសនី ដោយ​សាលារៀន ផ្ទះសម្បែង មន្ទីរពេទ្យ វត្តអារាម និង​ផ្សារ ត្រូវ​ទឹក​លិច​ឃើញ​តែ​ដំបូល។ ជាពិសេសនោះ ដី​កសិកម្ម ព្រៃឈើ ដែន​ជម្រក​សត្វព្រៃ ត្រូវ​បាន​រង​នូវ​ការខូតខាតយ៉ាងធ្ងន់ធ្ងរ។ លើសពីនេះទៅទៀត ធ្វើឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ផង​ដែរ​ដល់​ការផ្លាស់​ទី​​របស់​​មច្ឆាជាតិ។

ការទទួលរងផលប៉ះពាល់​ពីគម្រោងនេះ ត្រូវ​បាន​ខាង​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា-ចិន ដោះ​ស្រាយ ដោយ​ផ្ដល់​សំណង​មួយ​គ្រួសារ​ទទួល​បាន​ស្រែ​៥​ហិតតា ​ផ្ទះមួយខ្នង លុយ​៦០០០​ដុល្លារ​ ស្បៀង​មួយឆ្នាំ។ លើស​ពី​នេះ ក្រុ​មហ៊ុន​បាន​សន្យា​សាងសង់​សាលារៀន មន្ទីរពេទ្យ វត្តអារាម និងផ្សារផងដែរ។

ក្នុងចំណោម​ប្រជាជន​ដែល​រស់នៅ​​ក្នុង​ភូមិ​នោះ មាន​ប្រជាជន​មួយ​ចំនួន​បាន​បដិសេធ​មិន​ទទួល​យក​សំណង​ពី​ខាង​ក្រុមហ៊ុន​ឡើយ ដោយសារ​ខ្លាច​បាត់បង់​ដីព្រៃ និង​សម្បត្តិ​ធនធាន​ធម្មជាតិ​ជាច្រើន​ទៀត ដែល​ជា​កេរដំណែល​ដូនតា ទើប​មិន​ហ៊ាន​ចាកចេញ​ពី​ភូមិ​នោះ។ ប្រជាជន​ដែល​មិន​ទទួល​យក​សំណង បាន​នាំ​គ្នា​កាប់​​ឆ្ការ​ព្រៃ​នៅ​កន្លែង​គ្មាន​ទឹកជន់​លិច​មិន​ឆ្ងាយ​ពី​ភូមិ​ចាស់​ឡើយ ដើម្បី​សាងសង់​លំនៅ​ដ្ឋាន​ដោយ​ខ្លួនឯង ជា​ហេតុធ្វើ​ឱ្យ​ខាង​ភាគី​ក្រុមហ៊ុន​ខឹង មិន​បាន​ផ្ដល់​ថាមពល​អគ្គិសនី​សម្រាប់​ប្រជាជន​ដែល​មិន​ព្រម​ទទួល​យក​សំណង​ប្រើប្រាស់​ឡើយ ហើយ​ថែមទាំង​គំរាម​ពួក​គាត់​ទៀត។

សរុបមក វា​ជា​ការលំបាក​ខ្លាំង​ណាស់​ដែល​ប្រជាជន​នៅ​ភូមិស្រែគ​រ​ខ្លះ​មិន​ទទួល​សំណង​ពី​ខាង​ក្រុមហ៊ុន ដែល​ធ្វើ​ឱ្យ​កូនៗ​របស់​ពួកគាត់​មិន​ទទួល​បាន​ការសិក្សារៀ​នសូត្រ (មិនមាន​គ្រូ​បង្រៀន) ហើយ​ការ​ប្រកប​មុខ​របរ​វិញ​គឺ​មាន​ការលំបាក​ជាង​មុន​ទៅ​ទៀត៕​