ប្រទេសកម្ពុជា​ជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះ​ហើយ​​ទើប​មាន​ការ​ទាក់ទាញ​អ្នក​វិនិ​យោគ​បរទេស​ជាច្រើន ជាពិសេស​​ប្រទេស​ចិន។ ចិន​មិនមែន​វិនិយោគ​តែ​វិស័យ​ឧស្សាហកម្ម​តែ​មួយ​មុខ​ទេ គឺ​អាចនិយាយបានថា សេដ្ឋកិច្ច​កម្ពុជា​​ក៏​ពឹង​ផ្អែក​យ៉ាង​ច្រើន​​លើ​ចិន​ផង​ដែរ។​ យើង​ដឹង​ហើយ​ថា ចិន​ជា​ប្រទេស​មួយដែលមាន​លុយ​ច្រើន ប៉ុន្ដែរាល់​ការអភិវឌ្ឍ និង​ភាព​រីកចម្រើន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​​បរិស្ថាន។

ដោយសារ​ភាពរីកចម្រើននៃបច្ចេកវិទ្យាតាមបណ្ដាប្រទេសជិតខាង ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​បាន​ទទួល​ការវិនិយោគ​ច្រើន​ពី​ក្នុង និង​ក្រៅ​ប្រទេស។ ការវិនិយោគបានធ្វើឲ្យ​តំបន់​ក្នុង​ក្រុង សម្បូរ​ទៅ​ដោយ​សំណង់​អគារ​តូច​ធំ​ប្រណិតៗ ចំណែក​តំបន់ជាយក្រុង គេឃើញ​អ្នក​វិនិយោគ​កំពុ​ង​​ស្វែងរក​ដី​​សម្រាប់​អភិវឌ្ឍន៍​គម្រោង​របស់​ពួកគេ​។ មិនថាដីព្រៃ ដីបឹង ដីផ្ទះពលរដ្ឋឡើយ សំខាន់​ស្ថិត​ក្នុង​តំប​ន់អភិវឌ្ឍន៍ នៅ​ពេល​តម្រូវ​ឲ្យមានការកាប់ គឺ​កាប់ ត្រូវ​ឈូស គឺឈូស ត្រូវ​លុប គឺ​​លុប ដោយថា ជាការអភិវឌ្ឍ​រួមក្នុងប្រទេស​។​

គម្រោងរបស់អ្នកវិនិយោគ បាន​ធ្វើ​ឲ្យដីបឹង​នៅ​តំបន់ជាយក្រុងត្រូវបានលុប​ជា​ប​ន្តបន្ទាប់ ហើយ​បាន​ធ្វើ​ឲ្យប៉ះ​ពាល់​ដល់​ប្រជាពល​រដ្ឋ និងបរិស្ថានយ៉ាងធ្ងន់ធ្ងរ។ ការលុបបឹងនេះ​ផងដែរ​ បានធ្វើឲ្យ​កើត​មាន​ទឹក​ជំនន់​ក្នុងក្រុង ស្ទះលូ (បិ​ទផ្លូវទឹកហូរចេញ) ​លិច​ផ្លូវ​ពិបាក​ធ្វើដំណើរ ហើយក៏​បណ្ដាល​ឲ្យ​ងាយ​ឆ្លង​មេរោគ​ផ្សេងៗ​ដល់​ពលរដ្ឋ​ទៀត​ផង។ លើសពីនេះទៀត ឡាន​ដែល​ដឹក​ដី​​​​ អាច​បណ្ដាល​ឲ្យខូចផ្លូវ និងហុយដី​ជាដើម។

ចំណែ​ក​ជីវភាពប្រជាពលរដ្ឋ​ដែល​អាស្រ័យ​ទៅ​លើ​បឹង ​មាន​ដូច​ជា​ការ​​ប្រកប​​របរ​នេសាទ​ត្រី បេះផ្លែ​ឈូក បេះ​កញ្ឆែត ដក​ព្រលិត ដើម្បី​យក​ទៅ​លក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ និង​បំពេញ​តម្រូវការផ្សេងៗទៀត​ក៏​ត្រូវ​បាត់បង់ និង​មិន​អាច​រក​ចំណូល​បាន​ដូច​មុន​ឡើយ។

សរុបមក ការលុបបឹងបានប៉ះពាល់ដល់ប្រជាពលរដ្ឋ ទាំងជីវភាព សុខភាព លំនៅដ្ឋាន និងបរិស្ថាន៕