ជាការពិត ក្នុងបណ្ដាញសង្គម យើងមានសិទ្ធិចែករំលែក ហើយការចែកចាយនេះចង់មិនចង់ វា ពិតជាអាចជះឥទ្ធិពលដល់​អ្នក​ប្រើប្រាស់​ ដែល​​អាចមានទាំងល្អ និងមិនល្អ។

ឧទាហរណ៍ យើងបានឃើញរូបភាព ក្មេងៗមិនទាន់គ្រប់អាយុមួយក្រុមកំពុងព័ន្ធវង់សេពគ្រឿងស្រវឹង ត្រូវបានគេបង្ហោះលើបណ្ដាញ​សង្គម ភ្លាមនោះយើងមិនគិតអីច្រើនទេ ក៏ចែករំលែកបន្ដ ហើយអាចទាំងថែមពាក្យពេចន៍បង្ហាញការមិនពេញចិត្តដូចជា ពួកវានេះជាក្រុមឥតពូជ ម៉ែឪមិនចេះប្រដៅកូន ឬជាក្រុមក្មេងផ្ដល់គំរូមិនល្អដល់សង្គម​ជាដើម។

ប៉ុន្ដែ​ប្រសិនបើយើងពិចារណាបន្ដិចថា តើបន្ទាប់ពីចែករំលែក បង្ហាញអារម្មណ៍ខឹងសម្បារ ឬមិនពេញចិត្តហើយ វានឹងមានរឿងអីកើតឡើង? ជួយក្មេងទាំងនោះបានទេ? ក្មេងទាំងនោះបានកែប្រែទេ? ហើយក្មេងៗ ឬអ្នកផ្សេងទៀត ដែលបានឃើញតៗគ្នា ពួកគេនឹងទទួលយល់ ឬបានទទួលឥទ្ធិពលបែបណា?

ទន្ទឹមនឹងនេះ មានក្មេងៗឯទៀតបានធ្វើរឿងល្អៗ ផ្ដល់ជាគំរូដល់សង្គម តួយ៉ាងគេខិតខំរៀនសូត្រ ហើយក្លាយជាសិស្សពូកែតំណាងកម្ពុជា ទៅចូលរួមប្រកួតនៅបរទេស ក្នុងផ្នែកណាមួយ ឬក៏ជាក្មេង ដែលបានបង្កើតរបស់អីម៉្យាងបានសម្រេច ដោយភាពច្នៃប្រឌិដ្ឋរបស់ពួកគេអីជាដើម។ ប៉ុន្ដែរឿងទាំងនេះ ហាក់មិនសូវភ្ញាក់ផ្អើលចែករំលែក ឬបង្កការចាប់អារម្មណ៍ច្រើន ដូចរឿងដែលមិនគាប់ប្រជាប៉ុន្មានទេ។

ប្រាកដណាស់ ជាធម្មតាមនុស្សតែងមានទំនោរ ឬប្រតិកម្មទៅលើរឿងដែលពួកគេមិនពេញចិត្ត។ នៅក្នុងសង្គមមួយ មែនទែនទៅគ្រប់គ្នាតែងចង់បានសង្គមដ៏ល្អមួយ ស្រឡាញ់សង្គម និង​មិន​ចង់​ឲ្យ​សង្គម​លិច​លង់ឡើយ។ ម៉្លោះហើយមនុស្សភាគច្រើន ក៏ចែកចាយតែអ្វីដែលគិតថាមិនល្អ ខ្លួន​មិន​ពេញ​ចិត្ត បំណងមិនចង់ឲ្យមានរឿងផ្ដល់គំរូមិនល្អទាំងនោះទៀត។ ប៉ុន្ដែយើងភ្លេចគិតថា អ្វីដែលយើង​ចែក​រំលែក​នោះ វាបែរជាអាចនឹងប៉ះពាល់ និង​ជះឥទ្ធិពល​យ៉ាងណា​ខ្លះដល់​សង្គម​ទៅ​វិញ។​

នៅក្នុងបរិបទសង្គមឌីជីថលសម័យបច្ចុប្បន្ន ចួននឹងចំណេះដឹងសង្គមនៅមានកម្រិត មនុស្ស​មួយ​ចំនួន​​មិន​សូវ​ជា​ពិចារណាគិតគូរអីច្រើនទេ មុននឹងធ្វើអ្វីមួយ។ ដើម្បីតែចំណាប់អារម្មណ៍ ឬក៏​ផល​ប្រយោជន៍​ណាមួយ មនុស្សក៏ហ៊ានធ្វើគ្រប់យ៉ាងមិនថាជាអ្វី បង្ហាញលើបណ្ដាញសង្គម។

ឯអ្នកបានឃើញ ឬអ្នកចែករំលែកវិញ ពេលខ្លះចែកចាយមកក្នុងន័យ មិនពេញចិត្ត លេងសើចបញ្ចើចបញ្ចើ ជេរស្ដី បន្តុះបង្អាប់ ប៉ុន្តែចំពោះអ្នកចេញវីឌីអូ ឬធ្វើរឿងរ៉ាវប្លែកៗ ដើម្បីទាញចំណាប់អារម្មណ៍ ដែលជារឿងអាចផ្ដល់ផលមិនល្អដល់សង្គម គេមានទ្រឹស្ដីគេថា «ទោះបីអ្នកចែករំលែកក្នុងន័យណាក៏ដោយ គឺស្មើនឹងគាំទ្រគេ និងធ្វើឲ្យគេមានការចាប់អារម្មណ៍កាន់តែទូលំទូលាយ មនុស្សឃើញ ឬស្គាល់គេកាន់តែច្រើន គេកាន់តែជោគជ័យ» (មានទាំងបុគ្គលខ្លះ បង្កើតរឿងហួសនិស្ស័យ ហួសស្មាន ដើម្បីបានតែការចូលចិត្ត ការបញ្ចេញមតិ និងការចែកចាយ លើប្រព័ន្ធបណ្ដាញសង្គមរបស់គេ)។

ហេតុផលនេះហើយ ដែលយើងគ្រប់គ្នា គួរពិចារណាឡើងវិញមុនចែករំលែកអី្វមួយ។ រឿងអ្វីក៏ដោយ ទោះតិច ឬច្រើន វាប្រាកដជាជះឥទ្ធិពល ដូចទៅនឹងពាក្យគេថា «ទឹកស្រក់តក់ៗ គង់នឹងអាចទម្លុះផ្ទាំងថ្ម»។

បើយើងជាទឹកតក់ៗ អាចទម្លុះផ្ទាំងថ្ម ហេតុអីយើងមិនធ្វើជាតំណក់ទឹកដែលល្អ? ចុះបើយើងចង់បានសង្គមមួយដ៏ល្អប្រសើរ ហេតុ​អី​មិន​ចាប់ផ្ដើមពីខ្លួនយើង? ចុះបើយើងមានសិទ្ធិក្នុងការចែករំលែក ហេតុអីយើងមិនជ្រើសយកការចែកចាយ រឿងជះផលល្អ ឬជាគំរូ? បើយើងអាចធ្វើរឿងល្អបាន ហេតុអីយើងមិនធ្វើរឿងល្អ?

ពួកយើងគួរមានទម្លាប់ ឬបង្កើតវប្បធម៌ផ្ដល់ព័ត៌មានឲ្យទៅប្រព័ន្ធបណ្ដាញសង្គមផ្សេងៗដែលយើងប្រើប្រាស់ដឹង(report) ឬឈប់ខ្វល់អើពើ និងលែងផ្ដល់ចំណាប់អារម្មណ៍ ប្រសិនបើយល់ថា ជារឿងផ្ដល់ផលមិនល្អ មិនមែនជាគំរូ ឬគ្មានសុវត្ថិភាព ជាជាងចែករំលែករឿងរ៉ាវទាំងនោះជាសាធារណៈ។ សង្គមមួយប្រសើរទៅបានគឺដោយសារមនុស្សគ្រប់គ្នាចូលរួមផ្ដល់គំរូល្អៗ។ គំរូៗ ចាប់ផ្ដើមពីយើងម្នាក់ៗ។ យើងគ្រប់គ្នាម្នាក់ៗ ចាប់ផ្ដើមពីថ្ងៃនេះ ពេលនេះតទៅ៕