ប្រទេសកម្ពុជាមានប្រជាជនសរុបប្រមាណ១៥លាននាក់ គិតត្រឹមឆ្នាំ២០១៩។ បើយោងតាមការអង្កេតលើប្រជាជននៅឆ្នាំ​២០១៣​របស់​វិទ្យាស្ថានស្ថិតិជាតិ ប្រជា​ជន​ចំនួន ៩៧.៩ ភាគរយ កាន់ព្រះ​ពុទ្ធសាស​នា ហើយបើយោងតាមក្រសួងធម្មការ​ និង​សាសនា ស្ទើរ​តែ​ទាំងអស់​​​នៃពួកគេ​កាន់ពុទ្ធសាសនាបែប​​ហីន​យាន​។

ដូចដែលយើងបានដឹងហើយថា ស្ថានភាពប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ននេះ កំពុង​រងគ្រោះ​ដោយ​​សារ​ការរីករាល​ដាល​នៃ​ជំងឺកូវីដ​១៩ ក្នុងសហគមន៍ជាលើកទី៣ ដែល​រាជរដ្ឋា​ភិបាល​កម្ពុជា​ហៅថា «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ»។ ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈនេះ មាន​ចំនួន​អ្នកឆ្លង​កើនឡើងខ្លាំងជាងការ​ផ្ទុះ​ក្នុង​សហគមន៍លើក​មុនៗ ដូច្នេះហើយ​តម្រូវ​ឱ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ចាំបាច់​ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់។

ក្រោយពេលផ្ទុះឡើងនៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ​មក  រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​វិធានការ​មួយចំនួន​ដូចជា៣ការពារ និង​៣កុំ ជាដើម ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​របស់ខ្លួន​អនុវត្ត​ប្រចាំ​​ថ្ងៃ​ក្នុងការកាត់បន្ថយ និងលុបបំបាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុង​សហគមន៍ ២០​កុម្ភៈ​ពី​ប្រទេសកម្ពុជា។

ផ្ទុយទៅវិញ បើទោះបីជាមានការដាក់ចេញនៅវិធានការមួយចំនួនខ្លះហើយក៏ពិតមែន ក៏​ប្រជា​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួនហាក់មិនសូវ​យក​ចិត្តទុកដាក់ទៅនឹងវិធានការទាំងអស់នោះប៉ុន្មានឡើយ ដោយពួកគាត់នៅតែមានការប្រមូលផ្តុំ និងជួបជុំគ្នាធម្មតា។

ជាក់ស្តែង​ពុទ្ធសាសនិក​កម្ពុជា​ខ្លះ ហាក់​មិន​ងាយ​បោះបង់​ចោល​ទំនៀម​ទម្លាប់ប្រពៃណីជា​តិ​របស់​ខ្លួន ដូចជា​ការប្រារ​ព្ធ​ពិធី​បុណ្យស​ព​ជាដើម។ ប្រជាពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​នៅ​តែ​ប្រារព្ធ​កម្មវិធី​បុណ្យនេះ​ជា​ធម្មតានៅតាមតំបន់ខ្លះ ក៏ព្រោះ​តែ​ទំនៀម​ទម្លាប់​នេះ​បាន​ដក់​ជាប់​នៅ​ក្នុង​អារម្មណ៍​របស់​ប្រជាពលរដ្ឋខ្មែរភាគច្រើនទៅហើយ ជាហេតុធ្វើឱ្យ​ពុទ្ធសាសនិក​ខ្មែរ​ពិបាក​នឹង​កាត់​បន្ថយ​ទោះដឹងថា​ស្ថានភាព​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​កំពុង​ជួប​វិបត្តិ​ការរីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ ក្នុង​សហគមន៍យ៉ាងណាក្ដី។

គួរំឮកដែលថា គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជាសរុបប្រមាណ ១,៨៧២នាក់ ​​អ្នក​បា​ន​ព្យាបាល​ជា​សះ​ស្បើយ​មាន​ចំនួន​១,០៥៦នាក់ ​អ្នកកំពុងសម្រាកព្យាបាលមានចំនួន​៨០៩នាក់ និង​អ្នក​ស្លាប់​ចំនួន​​៧​នាក់។​ នេះ​បើ​តាម​ការចេញផ្សាយរបស់​ក្រសួងសុខាភិបាល​កម្ពុជា៕​