Newsroom Cambodia

Blog: ចំណេះដឹងសុខភាពផ្លូវភេទ មានផលប្រយោជន៍ឲ្យយើងដឹងពីសុខភាពខ្លួនឯង ចេះថែរក្សា ចេះការពារខ្លួន

រូបថត screenshot កញ្ញា A dose of Cath

សង្គមបច្ចុប្បន្នពុំសូវឲ្យតម្លៃដល់ស្រ្តីប៉ុន្មានទេ ជាពិសេសបុរសរមែងគិតថាស្រ្តីបង្វិលចង្រ្កានមិនជុំ​។ ស្រ្តីគឺជាមនុស្សងាយរងគ្រោះបំផុត មិនថាមានគ្រួសាររួចក្តី ឬនៅក្តី ពិសេសគឺពួកគាត់ទទួលរងការរំលោភបំពានផ្លូវកាយ ផ្លូវចិត្ត និងផ្លូវអារម្មណ៍។​ ចំណេះដឹងទាក់ទងនឹងសុខភាពផ្លូវភេទមិនមែនជារឿងខ្មាសគេ រឿងមានប្រយោជន៍ជួយឲ្យយើងយល់ដឹងពីសុខភាពខ្លួនឯង ចេះថែរក្សា ចេះការពារខ្លួន។

ស្រ្តីស្ទើរតែគ្មានសិទ្ធបញ្ចេញមតិជាសាធារណៈដូចជាការចែករំលែកចំណេះដឹង យេនឌ័រ។ល។ គំនិតមួយនេះភាគច្រើនកើតឡើងតាំងពីសម័យមុន រហូតដល់បច្ចុប្បន្ន ដោយមិនជាយល់ស្របឲ្យកូនស្រីនិយាយស្តីពាក់ព័ន្ធនឹងយេនឌ័រ​ស្រីនោះទេ។​

ពួកគាត់តែងមានគំនិតចង់ឲ្យតែរៀនសូត្រពីការងារផ្ទះ ការរួចគ្រប់គ្រងគ្រួសារបានហើយកុំចង់ចេះដឹងច្រើនរឿងអស់ទាំងហ្នឹងអត់ប្រយោជន៍ មិនល្អជាដើម។

ជាក់ស្តែងខ្ញុំបានមើលវីដេអូរបស់បងស្រីម្នាក់ឈ្មោះ A Dose of Cath ជាស្ត្រីខ្មែរម្នាក់ដែលក្លាហានក្នុងការបញ្ចេញយោបល់ជាសាធារណៈអំពីសុខភាពផ្លូវភេទ។ តាមការសង្កេតលើកដំបូងនៃការចេញវីដេអូរបស់គាត់មានឈ្មោះថា «ជីវិតផ្លូវភេទ» កាលពីឆ្នាំ២០១៧ មានការរិះគន់ច្រើន គំនិតភាគច្រើននិយាយថាគាត់ជាមនុស្សស្រីដែលគ្មានកេរ្តិ៍ខ្មាសក្នុងខ្លួន និយាយពាក្យអាសអាភាស មានបទពិសោធន៍ច្រើន ជម្រុញឲ្យមានអារម្មណ៍ផ្លូវភេទ ឬការរំលោភបំពាន។

ខ្ញុំឆ្ងល់ហេតុអ្វីមនុស្សមួយចំនួនមិនព្រមបើកចិត្តឲ្យទូលាយ ទទួលយកចំណេះដឹងដែលគេខំស្រាវជ្រាវ
បង្ហាញឲ្យឃើញនូវអ្វីដែលយើងគ្រប់គ្នាស្ទើរតែពុំចាប់អារម្មណ៍ ឬមិនខ្វាយខ្វល់សោះ។ ពីដំបូងកាលខ្ញុំមើលវីដេអូរបស់គាត់ ខ្ញុំក៏គិតដូចអ្នករាល់គ្នាដែរ ប៉ុន្តែកំឡុងពេលនោះខ្ញុំក៏បើកយូធូបមើលបន្ថែម ក៏ដឹងថាគ្មានអ្វីអៀនខ្មាសនោះទេ​។

ខ្ញុំតែងតាមដានរាល់វីដេអូរបស់គាត់ស្ទើរទាំងអស់ ហាក់បីដូចទទួលនូវចំណេះដឹងមួយថ្មីប្លែកយល់ដឹងពីសុខភាពស្រ្តីច្រើន ក្នុងចិត្តតែងលួចកោតសរសើរពីភាពក្លាហានរបស់គាត់ខ្លាំងណាស់ ហើយខ្ញុំក៏មានក្តីស្រម៉ៃមួយផងដែរ ទោះមិនបានបញ្ចេញជាសាធារណៈដូចគាត់ តែខ្ញុំអាចប្រាប់ទៅកាន់មិត្តភក្តិ ប្អូននារីផ្សេងទៀតឲ្យយល់ដឹងពីបញ្ហានេះ។

ចំណេះដឹងទាក់ទងនឹងសុខភាពផ្លូវភេទមិនមែនជារឿងខ្មាសគេ ឬអាសអាភាសនោះទេ តែវារឿងមានប្រយោជន៍ជួយឲ្យយើងយល់ដឹងពីសុខភាពខ្លួនឯង ចេះថែរក្សា ចេះការពារខ្លួន។ល។

ជាចុងក្រោយខ្ញុំមានសំណូមពរដល់បងប្អូនស្ត្រីយើងទាំងអស់ឲ្យយល់ដឹងពីសុខភាពផ្លូវភេទឲ្យច្រើន និងច្រានចោលពាក្យខ្លាចខ្មាសគេ ខ្មាសដៃគូ ព្រោះនេះជារឿងធម្មជាតិដែលមនុស្សគ្រប់រូបគួរតែស្វែងយល់
ព្រមទាំងលើកទឹកចិត្តឲ្យមានសេចក្តីក្លាហានក្នុងការចែករំលែកផងដែរ៕

Exit mobile version