ការថតរូបមានច្រើនប្រភេទ មានដូចជា ការថតរូបបែបឯកសារ បែបសារព័ត៍មាន បែបសិល្បៈ បែបសហសម័យជាដើម។ ចំពោះការថតរូបក្នុងវិស័យសារព័ត៍មាន​វិញជារឿងសំខាន់ណាស់ ព្រោះរូបភាពអាចជួយអ្នកអានអោយឆាប់យល់ពីខ្លឹមសារ​នៃអត្តបទ។

ក្នុងវិស័យនេះផងដែរ រូបភាពទាំងអស់មិនត្រូវបាន​អនុញ្ញាតិអោយមានការកែប្រែ រឺបន្ថែមដែលធ្វើអោយប៉ះពាល់ រឺខូចខាតភាពដើមឡើយ ​ដូចជាធ្វើអោយរូបភាពងងឹតពេក ឬភ្លឺពេក ប៉ុន្តែអាចកាត់ផ្នែកខ្លះនិងកែប្រែចំនុចប្រឡាក់បាន។

អ្នកថតរូបត្រូវរក្សាសិទ្ធិផងដែរ ដោយត្រូវប្រាប់ឈ្មោះ និងស្ថាប័នដែលខ្លួនធ្វើការ។ លើសពីនេះទៅទៀតគប្បីប្រាប់ឈ្មោះម្ចាស់រូបថត និងអត្តសញ្ញាណអោយបានច្បាស់លាស់ និងត្រឹមត្រូវ។​ ការផ្តិតយករូបភាពអាចជិត​ អាចឆ្ងាយ រឺអាចជាប្លង់ណាមួយ។ រូបថត​ដែលយកមកបោះពុម្ភផ្សាយអាចជារូបបញ្ឈរ​ ​និងផ្តេក។ ​និយាយរួមទៅការរូបថតក្នុងវិស័យសារព័ត័មានមានភាពតឹងរ៉ឹង​ណាស់​​​បើ​ប្រៀបធៀបជាមួយវិស័យផ្សេងទៀត។

អ្នកចាប់យកអាជីពនេះត្រូវមានការទទួលខុសត្រូវ ​និងមានសីលធម៏វិជ្ជាជីវះខ្ពស់ទៅលើស្នាដៃរបស់ខ្លួនក្នុងការផ្សព្វផ្សាយព័ត៏មានពិតជូនសារធារណជន និងពលរដ្ឋក្នុងសង្គម ហើយត្រូវជៀសវាងរូបថតណាដែលនាំអោយមានការឈឺចាប់ រឺអាប់អោនកិត្តិយស ដល់បុគ្គលណាមួយឡើយ។ មិនតែប៉ុណ្ណោះ ក៏មិនត្រូវអោយប៉ះពាល់ដល់សន្តិសុខ ទំនៀមទំលាប់ ប្រពៃណី វប្បធម៏ ធ្វើអោយមាន​ជម្លោះរវាងប្រទេសនិងប្រទេស ការរើសអើងប្រកាន់ពូជសាសន៍ សាសនាផងដែរ។

តើធ្វើដូចម្តេចដើម្បីអោយការថតរូបក្នុងវិស័យសារព័ត៍មានមានភាពទាក់ទាញ និងមានវិជ្ជាជីវះ?

បើតាមអ្នកថតរូបអាជីព លោកម៉ក់ រ៉េមីស្សា ដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យនេះ ហើយដែលលោកបានចែករំលែកជាមួយ Newsroom Cambodia រូបថតគប្បីមានយ៉ាងហោច​ណាស់ប្រាំបីចំនុចរួមមាន៖

ទីមួយគឺការចាប់ប្លង់ គឺជាការសំដៅដល់ការចាប់យកប្លង់រូបភាពអោយបានពេញលេញ លៃលកយ៉ាងណាអោយមានលក្ខណៈត្រួវគ្នាជា​មួយខ្លឹមសារនៃអត្តបទ។

ទីពីរគឺសកម្មភាព សំដៅដល់ភាពរស់រវើក ភាពមានចលនានៃរូបភាព អ្នកមើលមានអារម្មណ៍ថារូបភាពនោះហាក់មានចលនា ។

ទីបីគឺចំនាប់អារម្មណ៍ សំដៅដល់ការចាប់អារម្មណ៍របស់អ្នកមើល គឺមានអារម្មណ៍ទៅតាមរូបភាពដូចជា សប្បាយ រំភើប ត្រេកអរ កើតទុក្ខជាដើម។

ទីបួនគឺការកន្ត្រាក់អារម្មណ៍ សំដៅដល់អារម្មណ៍របស់អ្នកមើល ដែលមានភាពតក់ស្លុត ភ័យរន្ធត់ទៅតាមរូបភាព។

ទីប្រាំគឺរូបភាពមានភាពត្រង់ជាបន្ទាត់ មានភាពប្រទាក់ក្រឡាគ្នាតាំងពីផ្ទៃខាងមុខទៅខាងក្រោយ។

ទីប្រាំមួយ គឺការប្រៀបធៀបរូបភាពពីរ រឺច្រើនក្នុងរូបថតតែមួយដែលអាចអោយអ្នកមើលងាយស្រួលក្នុងការប្រៀបធៀប និងញែកដាច់ពីភាពខុសប្លែកគ្នានៃរូបភាពទាំងនោះ។

ទីប្រាំពីរ គឺពន្លឺ សំដៅដល់រូបភាពមួយដែលខ្វះពន្លឺគឺបណ្តាលអោយងងឹតពេក ហើយបើពន្លឺខ្លាំងពេកធ្វើអោយរូបភាពភ្លឺខ្លាំង រឺឆេះ។

ពេលវេលាដែលល្អសំរាប់ការថតរូបគឺពេលចន្លោះម៉ោងប្រាំបី ទៅប្រាំបួនព្រឹក និងចន្លោះម៉ោងបួន ទៅប្រាំរសៀល។

ទីប្រាំបី គឺពណ៏នៃរូបថត សំដៅដល់ពណ៏ធម្មជាតិដែលរួមមានពណ៏លឿង ក្រហម បៃតង ខៀវ ស ។ល។ ពណ៏ទាំងនេះធ្វើអោយរូបភាពកាន់តែមានភាពទាក់ទាញ៕