មានមនុស្សជាច្រើនតែងតែយល់ច្រលំថា អ្នកស្រឡាញ់ភេទ​ដូចគ្នា​មាន​តែ​បុរស​ស្រឡាញ់​បុរស​ដូចគ្នា ឬស្ត្រីស្រឡាញ់​ស្ត្រីដូចគ្នា។ ប៉ុន្តែ​បច្ចុប្បន្ននេះ​មាន​ការរកឃើញ​នូវ​អត្តសញ្ញាណ​ជាច្រើន​ដែល​យើង​មិន​អាច​ស្វែងរកឃើញអស់ ប៉ុន្តែមានការកំណត់នូវ​អក្សរឡាតាំង LGBTQ+ ដែលជា​ស្តង់ដារ​រួម​មួយ​ដើម្បី​កំណត់​សម្គាល់​ភេទ​នៃ​មនុស្ស​ស្ថិត​ក្នុង​ក្រុម​ស្រឡាញ់​ភេទ​ដូចគ្នា​ដែល​លោក​អ្នក​គួរ​តែ​យល់​ដឹង។

អក្សរ L មកពីពាក្យថា Lesbian ដែលជាភាសាអង់គ្លេស តំណាង​ឲ្យ​ក្រុម​មនុស្ស​ដែល​មាន​​ភេទ​ជាស្ត្រី​ដែ​លតុបតែងខ្លួនជាបុរស មានអាកប្បកិរិយា​ដូចជាមនុស្សប្រុស។ រីឯអ្នក​ស្រឡាញ់​ភេទដូចគ្នា​ដែល​មាន​ភេទ​ជាស្រី្តមួ​យចំ​នួន ក៏​មិនមាន​បង្ហាញ​លក្ខណៈ​​ណាមួយ​ក្នុង​ការតុប​តែង​ខ្លួន​ឲ្យ​ដូច​ជាម​នុស្សប្រុសនោះដែរ ពោល​គឺ​ដូចជា​ស្រី​ទូទៅដែ​រ​ តែ​អ្វីដែ​ល​មាន​ភាព​ដូចគ្នា​នោះ ពួកគេ​ស្រឡាញ់ ឬ​ពេញចិត្ត​លើ​មនុស្ស​ស្រី​ដូចគ្នា​ប៉ុណ្ណោះ។ សម្រាប់​អ្នកដែល​ស្រឡាញ់​ភេទ​ជា​ស្រ្តីដូ​ចគ្នា​នេះអា​ច​នឹងមានអ្នក​ដែល​មាន​កាយ​វិការ​ ឬ​អត្តចរិ​ក​ដូចជា​មនុស្ស​ប្រុស ហើយ​ក៏​មាន​មួយចំនួន​មាន​កាយ​វិការ ឬ​អត្តចរិក​ដូចជា​មនុស្សស្រី​ដែល​ស្រឡាញ់​ភេទ​ផ្ទុយ​ផ​ង​ដែរ។

អក្សរ​ G មកពីពាក្យថា Gay ដែលជាភាសាឡាតាំង សំដៅ​ដល់​អ្នក​ដែល​តុបតែង​ខ្លួន​ដូចជា​បុរ​ស​ទូទៅ​ និងពេញចិត្តស្រឡាញ់​តែបុរសដូចគ្នាប៉ុណ្ណោះ។ សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា ដែលអា​ន​ថាហ្គេយ៍​នេះ មានមួយចំនួនបង្ហាញអត្តចរិក ឬ​កាយវិការ និង​ចូលចិត្ត​ធ្វើ​ដូចជា​មនុស្ស​ស្រី តែមួយចំនួន​ទៀត​មាន​លក្ខណៈ​ជា​មនុស្ស​ប្រុស​ទូទៅ តែ​​មាន​ការយល់​ច្រឡំ​ថា​ ពូកគេ​ជា​អ្នក​ស្រឡាញ់​ស្រី​ទៅវិញ។

ចំណែកឯ B មក​ពីពាក្យថា Bisexual មានន័យថាជា​មនុស្សដែលមានភេទស្រ្តី ឬបុរស ដែល​អា​ច​ស្រឡាញ់មនុស្សដែលមានភេទដូចពូកគេ ហើយ​ក៏​អាច​ស្រឡាញ់​មនុស្ស​ដែល​មាន​ភេទ​ផ្ទុយ​ពីពួ​កគេ​ដែរ ពោលគឺបានទាំង២ភេទ។ សម្រាប់មនុស្សក្រុមប្រភេទនេះ ពិបាក​នឹង​បែង​ចែក​អារម្មណ៍​របស់​ពូកគេ​បន្តិច ហើយ​ក៏​អាច​មាន​ការស្មុគស្មាញ និង​ពិបាក​យល់​ពី​ការស្រឡាញ់​​របស់​ពួកគេ​ផង​ដែរ។ ជួនកាលយើងមើល​ឃើញ​ពួកគេ​ចាប់​អារម្មណ៍​លើ​មនុស្ស​ដែល​មាន​ភេទ​ផ្ទុយ​គ្នា តែពេលខ្លះយើងអាចសម្គាល់ថាពួកគេ ក៏ចាប់​អារម្មណ៍​មនុស្ស​ដែល​មាន​ភេទ​ដូចជា​ពួកគេផងដែរ​ តែអ្វីដែលក្រុមប្រភេទនេះប្រឈមមុខនោះគឺ ពួកគេមិនសូវ ឬ​ពុំ​ដែលប​ញ្ចេញឲ្យមនុស្សជុំវិញខ្លួនបានដឹង ដោយភាពភ័យខ្លាចពីការរិះគន់ ឬ​មតិ​យោបល់​ផ្សេងៗ ដែល​មនុស្សជុំវិញខ្លួនពួកគេបានយល់ខុសកន្លងមក។

អក្សរ T​ មកពីពាក្យ Transgender គីសំដៅ​ទៅ​លើ​អ្នក​ដែល​បាន​ផ្លាស់​ប្តូរភេទ​របស់​ខ្លួន​ទៅ​ជា​ភេទ​ដែល​ខ្លួន​ឯង​​ប្រាថ្នា។ មាន​អ្នក​ផ្លាស់ប្តូរ​ភេទ​ដូចគ្នា​មួយ​ចំនួន​បាន​ផ្លាស់ប្តូរ​រាងកាយ ឬ​ប្រដាប់​ភេទ​របស់​ខ្លួន​ទាំង​ស្រុង តែ​មួយ​ចំនួន​ទៀត​ក៏​ពុំទា​ន់​បាន​ផ្លាស់ប្តូរ​ទាំងស្រុងនោះដែរ។ សម្រាប់ក្រុមប្រភេទនេះទទួលបានការរើសអើង និង​មិន​ឲ្យ​តម្លៃ​ជាងគេ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រភេទ​ផ្សេង​ទៀត។

សម្រាប់អក្សរ I​​ បានមកពីពាក្យ Intersex គឺសំដៅទៅលើ​ក្រុម​មនុស្ស​ដែល​កើតមក​មាន​អវៈយវៈ​ភេទទាំងពីរ ពោលគឺមានប្រដាប់ភេទទាំងស្រី និងភេទ​ប្រុស។​ សម្រាប់​ក្រុម​ប្រភេ​ទ​នេះ​ពុំ​សូវ​មា​នច្រើនដូចប្រភេទផ្សេងនោះទេ ហើយមានការមាន​ការលាក់បាំង​ពី​ក្រុម​គ្រួសារ​ច្រើន​ផងដែរ ដោយ​ខ្លាច​មាន​ការ​សើចចំអក​ពីអ្នករស់នៅក្នុងតំបន់ជាមួយគ្នា។​ អ្វីដែលជាការលំបាកនៃក្រុមប្រភេទនេះមួយទៀតនោះគឺ ឪពុកម្តាយ​បាន​បង្ខំឲ្យ​កូនដែល​កើតមកវះកាត់ប្រដាប់ភេទមួយណាដែលគិតថាពុំពេញចិត្ត មុនពេលដែលកូនរបស់​ពួកគាត់​នោះធំ​ដឹង​ក្តីហើ​យចង់សម្រេចចិត្តជ្រើសរើសភេទដែលពួកគេចង់បានវិញ។

រីឯអក្សរ Q មកពី​ពាក្យ​ថា Questioning គឺជា​សំដៅដល់​អ្នក​ដែល​កំពុង​ស្វែងរកភេទ និង​ចំណង់​ចំណូល​ចិត្តនៃភេទរបស់ខ្លួនឯងដោយមិនអាស្រ័យទៅលើអាយុ និង​កត្តា​រស់នៅ​របស់​ពួកគេ​។

ចុងក្រោយ សញ្ញាបូក + ត្រូវ​បាន​សម្គាល់ និង​ធានា​នូវ​ការគាំទ្រ​ទៅ​លើអ្ន​កដែ​លកំពុង​សិក្សាអំ​ពី​ភេទ​ខ្លួនឯង និងក្រុមប្រភេទផ្សេងៗដទៃទៀតត្រូវបានរាប់បញ្ចូល។

នេះគ្រាន់តែជាអត្តសញ្ញាណធំៗដែលបានកំណត់សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នាប៉ុណ្ណោះ អត្តសញ្ញាណអាចនឹងមានការប្រែប្រួលទៅតាមតំបន់ និងកត្តាសង្គមផ្សេងៗគ្នាផងដែរ។

សង្គមអាចមានតែមួយ តែពួកយើងម្នាក់ៗអាចនឹងមិនដូចគ្នាទេ យើង​ត្រូវតែ​រៀន​ទទួល​យក​​ភា​ពខុសគ្នា និងឲ្យតម្លៃគ្នាទៅវិញទៅមក។ សង្គមមួយរីកចម្រើន និងមានភាពរុងរឿង មិន​ស្ថិត​លើ​ភេទ​ណាមួយដែលសង្គមបានកំណត់ទទួលយកនោះទេ តែផ្ទុយទៅវិញ ការរួបរួម​គ្នាជា​ធ្លុង​មួយ​ទៅវិ​ញទេ​ដែលជាកម្លាំង​ចលករ​ដ៏​សំខាន់​ដើម្បី​ជ្រោមជ្រែង​ប្រទេស​ជាតិ​ឲ្យ​មាន​ការរីកចម្រើន៕