Site icon Newsroom Cambodia

Blog: ពលរដ្ឋ​គួរ​មានចំណេះដឹង​មូលដ្ឋាន​​ក្នុងការ​​បែងចែក​រវាង​ដំណឹង និង​ព័ត៌មាន មុនចែករំលែក ឬបញ្ចេញយោបល់

យុវជនម្នាក់​​កំពុងប្រើបណ្តាញសង្គមហ្វេកប៊ុក បានឃើញព័ត៌មានស្តីពីការរៀនវីជ្ជាជីវសារព័ត៌មានដោយឥតគិតថ្លៃ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។ (រូបភាព៖ Newsroom Cambodia)

ក្នុងសម័យបច្ចេកវិទ្យាជឿនលឿននេះ ការបញ្ចេញទស្សនៈ មតិយោបល់ និង​ការចែក​រំលែក​ព័ត៌មាន​តាម​បណ្ដាញ​សង្គម ពិត​ជា​រហ័ស និងបានបង្កភាពងាយស្រួល ប៉ុន្ដែ​ក៏​ប្រកប​ដោយ​គ្រោះថ្នាក់​ផង​ដែរ។

ដោយសារការចែករំលែកទូលំទូលាយលើបណ្ដាញសង្គម យើង​អាចនឹង​ទទួល​បាន​ព័ត៌មាន​ពី​គ្រប់​ប្រភព ប៉ុន្តែ​ខ្លួន​យើង​ផ្ទាល់ មានជម្រើស​ក្នុង​ការជ្រើស​យក​សារព័ត៌មាន ដែល​មាន​ប្រភព​ច្បាស់​លាស់ ចេញ​ពីស្ថាប័ន​សារព័ត៌មាន​មានវិជ្ជាជីវៈ ដែល​គួរ​ឲ្យ​ទុក​ចិត្ត និង​យក​ជា​ការណ៍​បាន ដោយមិនអាចចេះតែជឿ ឬចែកចាយ​ដោយមិនបានគិត​នោះទេ។

​ក្នុងនាមប្រជាពលរដ្ឋ យើងមានសិទ្ធិ ភារកិច្ច ការចូលរួម ព្រមទាំងជាសំឡេងមួយ អាច​ជួយ​ឲ្យ​សង្គម​ជាតិ​ទទួលបានដំណើរការល្អប្រសើរ និងយ៉ាងហោចណាស់ ក៏ត្រូវ​មាន​ចំណេះជា​មូលដ្ឋាន អាចបែងចែករវាងដំណឹង ព័ត៌មាន សារព័ត៌មាន ហើយគិតពិចារណា មុន​ចែក​រំលែក ឬបញ្ចេញគំនិតយោបល់ ។​  យើង​ក៏​គួរស្វែងយល់ថា អ្វីជា​សារព័ត៌មាន ហើយអ្វីជា អ្នក​សារ​ព័ត៌មាន​វិជ្ជាជីវៈ ក្រមសីលធម៌ ព្រោះមិនមែនគ្រប់ដំណឹង ឬព័ត៌មាន ជា​សារ​ព័ត៌មាន​​នោះ​ឡើយ។ ​

កន្លងមកជាឧទាហរណ៍ មានអ្នកជួបបញ្ហា និងប្រឈមការចោទ ឬ​ឈាន​ដល់​ជាប់​ទោស​ដាក់​​ពន្ធនាគារ ក៏ដោយសារ​ការចែកចាយព័ត៌មាន​គ្មានប្រភពច្បាស់លាស់ ឬរឿងរ៉ាវមិនពិត ដូច្នេះ យើងគួរពិចាររណា និងជ្រើសរើសប្រើវីធី​ក្នុងការបញ្ចេញជាទស្សនៈ គំនិតយោបល់ ដែល​មាន​សុវត្ថិភាព និងអាចនាំឲ្យមានចំណុចវិជ្ជមាន ព្រមទាំងក្លាយជាសំឡេង អាច​កែប្រែ​​ស្ថាន​ការណ៍ ឬរឿងអ្វីមួយឲ្យល្អប្រសើរបាន ជាជាង ប្រើ​ការវាយ​ប្រហារ​ទៅ​លើ​នរណា​ម្នាក់​ ញុះញង់​ ផ្ដល់ ឬចែកចាយព័ត៌មានមិនពិតជាដើម។

ក្រមសីលធម៌វិជ្ជាជីវៈ គឺជាអាវក្រោះសម្រាប់ការពារយើងគ្រប់ៗគ្នា ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ។ វិជ្ជាជីវៈ ក្រមសីលធម៌​នេះ មិនមែននៅលើមេឃ ឬជា​ពាក្យ​គ្រាន់​និយាយ​ឲ្យ​ពិរោះ​ឡើយ ប៉ុន្តែជាអ្វីដែលយើងគ្រប់គ្នា​ត្រូវប្រកាន់ខ្ជាប់ និងចាប់ផ្ដើមធ្វើ​ពីយើងគ្រប់គ្នា ឥឡូវតទៅ។

ប្រការទាំងនេះ​ពិតជាសំខាន់ណាស់ ព្រោះការយល់ ការស្គាល់ និង​ដឹង​អំពី​កាតព្វកិច្ច​ខ្លួន​ឯង​​ក្នុង​នាមពលរដ្ឋ នោះយើងនឹងមិនខ្លាចឡើយ​ក្នុងការផ្ដល់ការយល់ឃើញ ដើម្បី​កែលម្អរ​ភាព​អសកម្ម ឬធ្វើឲ្យប្រសើរ ទៅលើរឿងអ្វីមួយ ទៅអ្នកសារព័ត៌មានវិជ្ជាជីវៈ ដែលជាអ្នក នៅកណ្ដាល ចាំពាំនាំរឿងរ៉ាវរវាងប្រជាជន និងរដ្ឋាភិបាល ព្រមទាំងសម្រាប់ពិភពលោក។

យើង​គ្រប់គ្នា​គឺជាសំឡេង យើងត្រូវបញ្ចេញសំឡេង ព្រោះសារ​ជា​សំឡេង​ដ៏​មាន​ទស្សនៈ​មួយ​របស់​យើង អាចជួយប្រែរឿងអសកម្មឱ្យល្អប្រសើរបាន។

ពាក្យស្លោករបស់អាហ្វ្រិក​មួយបានលើកឡើងថា “If you think you are too small to make a difference, you haven’t spent the night with a mosquito” សម្រួលជាខេមរភាសាថា «បើអ្នកគិតថា ខ្លួន ឬសំឡេងរបស់អ្នក តិចតួច​ខ្លាំងពេក​ក្នុង​ការធ្វើ​ឲ្យ​អ្វី​មួយ​កែប្រែ​ផ្លាស់​ប្ដូរ​បាន សូមអ្នកគិតឡើងវិញ ព្រោះថាសត្វមូសតូចតែមួយក្បាល គឺអាចរំខានដំណេកមនុស្ស ពេញមួយយប់បាន»។

ដូច្នេះចូរកុំខ្លាច ក្នុងការបញ្ចេញសំឡេង​ដ៏មានវិជ្ជាជីវៈរបស់អ្នកដើម្បីផ្លាស់ប្ដូរអ្វីមួយ និង​ពិភពលោកដ៏ធំធេង ជាពិសេសទៅកាន់ប្រភព​ដែលអ្នកចង់ឱ្យមានការផ្លាស់ប្ដូរ ការកែប្រែ​ឲ្យមានភាពល្អប្រសើរឡើង។

ដរាបណា​យើងមានវិជ្ជាជីវៈ ក្រមសីលធម៌ គ្រោះអាក្រក់មិនងាយកើតឡើងលើយើងឡើយ ទោះបីជាយ៉ាងណា ភាពស្អាតស្អំ​នឹងនៅចាំតាមថែរក្សាយើង៕

Exit mobile version