ជំងឺ​កូវីដ​១៩​បាន​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​ជីវិត​រស់​នៅ​របស់​មនុស្ស​នៅ​លើ​ភពផែនដី​តាំង​ពី​ដើម​ឆ្នាំ​២០២០​មក​។ មនុស្ស​គ្រប់​រូប​មិន​ធ្លាប់​នឹក​ស្មាន​ថា​ វីរុស​មួយ​នេះ​អាច​អូស​បន្លាយ​មក​ទល់​ឆ្នាំ​២០២១​ ហើយ​បាន​ឆក់​យក​ជីវិត​មនុស្ស​ប្រមាណ​ ៣​លាន​នាក់​ហើយ​ បើ​គិត​ត្រឹម​ខែ​មិថុនា​ ឆ្នាំ​២០២១​នេះ​។ ​សម្រាប់​​កម្ពុជា​ក៏​​បាន​និង​កំពុង​​ទទួល​រង​វិបត្តិ​នៃ​ជំងឺ​រលាក​សួត​មួយ​នេះ​ និង​ទទួល​រង​ការ​រីក​រាល​ដាល​ព្រម​ទាំង​មាន​អ្នក​ស្លាប់​​ប្រហែល​២៥២​ នាក់​នៅ​ខែ​មិថុនា​ ឆ្នាំ​២០២១​នេះ​ផង​ដែរ​។

ស្រប​ពេល​ដែល​មនុស្ស​ទូទាំង​សកលលោក​មាន​ការ​ព្រួយបារម្ភ​អំពី​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ ​ថា​អាច​នឹង​លេប​ត្របាក់​អាយុ​ជីវិត​មនុស្ស​​បាន​គ្រប់​ពេល​វេលា​នៅ​ពេល​ដែល​​មាន​ការ​​ធ្វេស​ប្រហែស​ដោយ​មិន​បាន​ពាក់​ម៉ាស់​ការពារ​ និង​រក្សាអនាម័យ​ឱ្យ​បាន​ត្រឹម​ត្រូវ​ជាមួយ​នឹង​​ការ​បាញ់​ទឹក​អាកុល​សម្លាប់​មេរោគ​ រាល់​ពេល​ចេញ​ក្រៅ​ម្តង​ៗនោះ ​មនុស្ស​មួយ​ចំនួន​នៅ​ប្រហែល​ជា​មិន​ទាន់​ដឹង​ថា​ នៅ​មាន​វីរុស​មួយ​ទៀត​ដែល​លាក់​ខ្លួន​សម្ងំ​​ក្នុង​ការ​គិត​របស់​អ្នក​ទាំងអស់​គ្នា​ដែល​ត្រៀម​នឹង​វាយ​ប្រហារ​សុខភាព​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​ នោះ​គឺ​ «បញ្ហា​តាន​តឹង​ចិត្ត»​ ។​

បញ្ហាតានតឹងចិត្ត ឬការថប់បារម្ភ ដែលមនុស្សភាគច្រើនតែងហៅតាមភាសាអង់គ្លេសថា ស្រ្តេស (Stress) ជាបញ្ហាដែលកំពុងដុះដាលពេញទី ជាពិសេសក្នុងសតិអារម្មណ៍របស់មនុស្សគ្រប់រូបដោយមិនដឹងខ្លួន។

បើតាមរបាយការណ៍ដែលចេញផ្សាយពីគេហទំព័ររបស់បណ្ណាល័យជាតិនៃវិទ្យាស្ថានជាតិវេជ្ជសាស្ត្ររបស់សហរដ្ឋអាមេរិក ស្តីពី «តើអ្នកណាដែលមានការតាងតឹងផ្លូវចិត្ត ស្រ្តេស (Stress) ជាងគេបំផុតក្នុងកំឡុងពេលបិទខ្ទប់នៃជំងឺកូវីដ-១៩?» បង្ហាញថា ទិន្នន័យដែលរកឃើញពីប្រទេសចំនួន២៦ និងតំបន់ បានបញ្ជាក់ថា ស្រ្តីជួបប្រទះកម្រិតភាពស្រ្តេសខ្ពស់ជាងបុរសក្នុងអំឡុងពេល​បិទខ្ទប់នេះ (Pandemic of Covid-19) ដោយបញ្ហានេះមិនពាក់ព័ន្ធទៅនឹងទំនាក់ទំនងយេនឌ័រ និងកម្រិតភាពស្រ្តេសនោះទេ។ ការណ៍នេះផ្ទុយពីការស្រាវជ្រាវក្នុងប្រទេសស៊ុយអែត កាលពីឆ្នាំ២០០២ ដោយសាស្ត្រាចារ្យជំនាញពីររូបគឺលោក Jan Bergdahl និង Maud Bergdahl និងការសិក្សាស្រាវជ្រាវដោយ បណ្ឌិត្យសភាវិទ្យាសាស្ត្រជាតិសហរដ្ឋអាមេរិកនៅឆ្នាំ​២០១០ ដែលរកឃើញថា ទំនាក់ទំនងរវាងយេនឌ័រ និងកម្រិតភាពស្រ្តេសមានការជាប់ទាក់ទងគ្នា។

ផ្ទុយមកវិញ ចំពោះការស្រាវជ្រាវថ្មីៗនេះជាពិសេសក្នុងពេលបិទខ្ទប់ គេរកឃើញថាស្រ្តីបែរជាមានទំនួលខុសត្រូវខ្ពស់ចំពោះបន្ទុកគ្រួសារ (family-oriented) ពោលគឺពួកគាត់មានការខ្វល់ខ្វាយ និងតែងគាំទ្រដល់សមាជិកគ្រួសារក្នុងគ្រាអាសន្នមួយនេះ ស្របពេលដែលពួកគាត់ដែលជាស្រ្តី មិនត្រឹមតែមានទំនួលខុសត្រូវលើកិច្ចការងាររបស់គាត់ប៉ុណ្ណោះទេ បន្ថែមពីនេះពួកគាត់ត្រូវមើលថែរទាំកូន និងអ្នកផ្ទះផងដែរ។

កាល​ពី​ដើម​ខែ​មេសា​ ខ្ញុំ​បាន​ធ្វើ​ការ​ស្ទង់​មតិ​ពី​សិស្ស​ និង​និស្សិត​ចំនួន​១០០​នាក់​ ជា​ទម្រង់​ហ្គូ​ហ្គល​ (Google Form) តាម​ប្រព័ន្ធ​អនឡាញ​ ក្រោម​ប្រធានបទ​ «តើ​ជំងឺ​កូវីដ-១៩​ផ្តល់​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​សិស្ស​និស្សិត​កម្ពុជា​យ៉ាង​ណា​ខ្លះ​?​» ក្នុង​ការ​ស្ទង់​មតិ​នោះ​ខ្ញុំ​ក៏​ទទួល​​បាន​ទិន្នន័យ​មួយ​ដែល​ភាគ​ច្រើន​ជា​សិស្ស​និស្សិត​ស្រី​ ដែល​មាន​បញ្ហា​តាន​តឹង​ចិត្ត​កើន​ឡើង​ច្រើន​ជាង​សិស្ស​និស្សិត​ភេទ​ប្រុស​។ ឮ

បើ​តាម​ការ​សាក​សួរ​ក្នុង​ការប្រៀបធៀប​អាការ:​ធុញ​ថប់​អារម្មណ៍​នៅ​មុន​ពេល​កូវីដ ​(មុន​ឆ្នាំ​២០២០​) និង​នៅ​ចន្លោះ​ពេល​កំពុង​មាន​វិបត្តិ​ជំងឺ​រាត​ត្បាត​នេះ​មក​ (ឆ្នាំ​២០២០​ ដល់​២០២១​) ​ដែល​មាន​នៅ​ក្នុង​ទម្រង់​ជា​ហ្គូ​ហ្គល​ហ្វម​ (Google form) ឃើញ​ថា​ ភាគ​ច្រើន​សុទ្ធ​តែ​ជា​សិស្សនិស្សិត​ភេទ​ស្រី​ មាន​ការ​កើន​ឡើង​នូវ​ការ​តានតឹង​ខាង​ផ្លូវ​អារម្មណ៍​ខ្លាំង​ជាង​ សិស្ស​និស្សិត​ដែល​ជា​ភេទ​ប្រុស។​ ចំពោះ​ការ​ប្រៀបធៀប​នូវ​ចម្លើយ​បញ្ជាក់​ពី​អត្រា​ប្រែប្រួល​ស្មារតី​ និង​កម្លាំង​កាយ​ថមថយ​ នៅ​មុន ​និង​អំឡុង​ពេល​ផ្ទុះ​កូវី​ដ​នេះ​។ តែ​ដោយ​ហេតុ​មិន​នៅទាន់​ឃើញ​មាន​ការ​ចេញ​ផ្សាយ​ណា​មួយ​ពិតប្រាកដ​ដែល​បង្ហាញ​នូវ​តួ​លេខ​ច្បាស់លាស់​ និង​ការ​សិក្សា​ស្រាវជ្រាវ​ក្នុង​ពេល​ថ្មី​ៗនេះ​នៅ​ឡើយ​ទេក្នុង​ប្រទេស​កម្ពុជា​ អំពី​បញ្ហា​តានតឹង​ចិត្ត​ក្នុង​បរិបទ​កូវីដ​។

នាង​ខ្ញុំ​ក៏​មាន​ការ​ងឿយ​ឆ្ងល់​ថា​ តើ​ទំនាក់ទំនង​យេនឌ័រ​ មាន​ភាព​ខុស​គ្នា​ដោយ​សារ​ភេទ​ជា​បុរស និង​​ស្រ្តី​ អាច​ជា​កត្តា​ដែល​ធ្វើឱ្យ​ស្រ្តី​ក៏​ដូច​ជា​ក្មេង​ស្រី​ច្រើន​តែ​ងាយ​ទទួល​រង​ផល​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​មិន​ល្អ​​ច្រើន​ជាង​បុរស ​និង​ក្មេង​ប្រុស​ឬ​? ហើយ​មាន​កត្តា​ចម្បង​អ្វី​ខ្លះ​ដែល​ជា​បុព្វហេតុ​ដែល​នាំ​ឱ្យមាន​បញ្ហា​តាន​តឹង​ផ្លូវ​អារម្មណ៍​?​

នាង​ខ្ញុំ​ក៏​បាន​សុំ​សម្ភាសន៍​ជាមួយ​លោក​ ហឿ​ សេធុល​ ដែល​​ជា​អ្នក​ឯកទេសព្យាបាល​ និង​ជា​អ្នក​ប្រឹក្សា​យោបល់​ខាង​ផ្នែក​ចិត្ត​សាស្រ្ត​ប្រចាំ​គ្លីនិក KCPS ផ្តល់​សេវា​ប្រឹក្សា​យោបល់​ និង​អប់រំ​តាម​បែប​ចិត្ត​សាស្ត្រ​ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ចិត្ត​សាស្រ្ត​នៅ​កម្ពុជា​ និង​ជា​អ្នក​ស្រាវជ្រាវ​ផ្នែក​ផ្លូវចិត្ត​នៅ​សាលា​ពុទ្ធិ​សាស្រ្ត​មួយរូប​ផង​ដែរ​។ គាត់​បាន​បញ្ជាក់​ថា​ បច្ចុប្បន្ន​​ប្រទេសកម្ពុជា​យើង​នៅ​មិន​ទាន់​មាន​ការ​សិក្សា​ស្រាវជ្រាវ​ណា​មួយ​នៅ​ ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​ឱ្យ​ស៊ី​ជម្រៅនៅ​ឡើយ​​។ ប៉ុន្តែលោក​ថា ​បើ​តាម​ចំនួន​អតិថិជន​ដែល​មក​ទទួល​សេវាកម្ម​ពិគ្រោះ​យោបល់​ និង​ព្យាបាល​ការ​ថប់​អារម្មណ៍​នៅ​គ្លីនិក​របស់​លោក​​ផ្ទាល់​ ក្នុង​ចំណោម​ប្រមាណ​​ជាង​២០០នាក់ ​មាន​​អតិថិជន​ដែល​ជា​ស្ត្រី​ភេទ​វ័យ​កណ្តាល​ ​អាយុ​ចន្លោះ​ពី​ ៣៥​ ដល់​ ៤០​ឆ្នាំ និង​ក្មេង​ស្រី​ជំទង់​ ស្ថិត​ក្នុង​វ័យ​សិក្សា​ចាប់​ពី​មធ្យម​សិក្សា​ដល់​អនុវិទ្យាល័យ​ និង​វិទ្យាល័យ​ ដែល​មាន​អាយុ​ចាប់​ពី​ ១៤ឆ្នាំ​ទៅ​ សរុប​ប្រមាណ​ជា​ ៨០% ​។

លោក​ ហឿ​ សេធុល​ និយាយ​មួយ​ៗ និង​ដោយ​សំឡេង​ច្បាស់​ៗថា​៖ «ហើយ​គាត់​ហាក់​បី​ដូច​ជា​មាន​ឆន្ទ:​មក​រក​យើង​តែម្តង  ហើយ​បើក​ចិត្ត​ទូលាយ​ក្នុង​ការ​ពិភាក្សា​អញ្ចឹង​ហើយ​គាត់​ហាក់​បី​ដូច​ជា​ងាយ​រក​ដំណោះ​ស្រាយ​ជាង​អ៊ីចឹង​បាទ​។ ប៉ុន្តែ​មិន​មែន​បាន​ន័យ​ថា​៨០%​នៃ​មនុស្ស​ស្រី​មក​ អ៊ីចឹង​ស្រ្តេស​មាន​តែ​មក​លើ​មនុស្ស​ស្រីទេ? មិនមែន​ទេ​។ តាម​សិក្សា​ស្រាវ​ជ្រាវ​គេ​រក​ឃើញ​ថា​ ចំនួន​មនុស្ស​ស្រី​ហើយ​និង​ចំនួន​មនុស្សប្រុស​ ទោះ​បី​ជា​ចំនួន​មនុស្ស​ស្រី​ប្រឈម​មុខ​ទៅ​នឹង​ការ​តានតឹង​ច្រើន​ជាង​ក៏​ដោយ​ ប៉ុន្តែ​ស្ថិតិ​មិន​ជា​គម្លាត​គ្នា​ខ្លាំង​ពេក​ទេ»​។

​អ្នក​ជំនាញ​ខាង​ផ្នែក​ចិត្ត​សាស្រ្ត​រូបនេះ​បន្ថែម​​ថា​ បើ​​ទោះ​បី​ជា​គេ​​រក​ឃើញ​ថា​អត្រា​មនុស្ស​ស្រី​ដែល​មាន​បញ្ហា​ទាក់​ទង​ទៅ​នឹង​ការ​តាង​តឹង​ចិត្ត​ច្រើន​ជាង​បុរស​បើ​គិត​ជា​តួ​លេខ​មែន​​ តែ​មិនមែន​​មាន​ន័យ​ថា​មនុស្ស​ប្រុស​មិន​មាន​ស្រ្តេស​ (Stress) នោះ​ទេ​។ អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ ភាគ​ច្រើន​នៃ​មនុស្សប្រុស​ដែល​កើត​មាន​ការ​ធុញ​ថប់​អារម្មណ៍​ស្ទើរ​តែ​ទាំង​អស់ ​ងាយ​ប្រឈម​នឹង​ការ​វិវត្តន៍​ទៅ​ជា​ធ្ងន់​ធ្ងរ​ ចំណែក​ឯ​ស្រ្តី​វិញ​ភាគ​ច្រើន​មិន​ងាយ​វិវត្តន៍​ទៅ​ជា​ធ្ងន់​ធ្ងរ​នោះ​ទេ​។​

​នាង​ខ្ញុំ​បាន​ព្យាយាម​ទាក់ទង​ទៅ​​​សិស្ស​ស្រី​ម្នាក់​ និង​សិស្ស​និស្សិត​ប្រុស​ម្នាក់​តាម​រយ:​លេខ​ទូរស័ព្ទ​ដែល​ខ្ញុំ​ទទួល​បាន​ក្នុង​ការ​ស្ទង់​មតិ​របស់​ខ្ញុំ​។ តាម​រយ:​ការ​សម្ភាសន៍​ជាមួយ​សិស្ស​និស្សិត​ប្រុស​ឆ្នាំ​ទី​មួយ​ មក​ពី​វិទ្យាស្ថាន​ ស៊ី​តិក​ (SETEC)  ដែល​មាន​ឈ្មោះ​ថា​ បុល​ ដារ៉ូ​ បាន​និយាយ​រៀប​រ៉ាប់​ពី​អារម្មណ៍​របស់​ខ្លួន​ទាំង​សំដី​ខ្សោយ​ៗថា​៖ «ធម្មតា​» ប៉ុន្តែ​​រៀង​ពិបាក​ក្នុង​ការ​ចេញ​ទៅ​ទំនាក់ទំនង​ខាង​ក្រៅ​ដោយ​សារ​កូវីដ អ៊ី​ចឹង​យើង​មិន​អាច​ចេញ​ទៅ​ណា​ឆ្ងាយ​ហើយ​ការងារ​សាលា ​ការងារ​អី​ពិបាក​រក​កន្លែង​ធ្វើ​​។ នៅ​ផ្ទះ​អត់​អ៊ីនធឺណិត​ធ្វើ អ៊ី​ចឹង​យើង​រក​ទៅ​ក្រៅ​ តែ​ដោយ​សារ​កូវីដ​អ៊ីចឹង​ យើង​មិន​អាច​ចេញ​ទៅ​ណា​បាន​។ អ៊ីចឹង​ការងារ​យើង​ច្រើន ត្រូវ​ស្ទះ​។»

ទោះ​បី​ជួប​ការ​លំបាក​​​ក្នុង​ការ​បំពេញ​កិច្ចការ​សាលាក៏​​ពិត​មែន​ និស្សិត​ប្រុស​​អាយុ​២០​ឆ្នាំ​រូប​នេះ​ នៅ​តែ​បន្ត​អះ​អាង​ថា​ ខ្លួន​មិន​សូវ​មាន​ការ​តាន​​តឹង​ចិត្ត​ប៉ុន្មាន​ទេ​ ព្រោះ​ខ្លួន​អាច​ដោះស្រាយ​បញ្ហា​បាន​ដោយ​ការ​រៀបចំ​កាលវិភាគ​ក្នុង​ការ​ធ្វើ​ការងារ​ផ្សេង​ៗតាម​ពេល​វេលា​ឱ្យ​បាន​ត្រឹម​ត្រូវ​ រៀប​រយ​តាម​ពេល​វេលា​បច្ចុប្បន្ន​ និង​មិន​មាន​ការ​ខ្វាយ​ខ្វល់​ច្រើន​នោះ​ទេ​។

ដោយ​ឡែក​ ងាក​មក​ស្តាប់​យុវតី​វ័យ​ ១៦​ឆ្នាំ​ ឃាង​ មួយ​ហុង​ ដែល​ជា​សិស្ស​កំពុង​សិក្សា​នៅ​ថ្នាក់​ទី​១១វិញ។ មួយ​ហុង​ និយាយ​ថា អំឡុង​វិបត្តិជំងឺ​​កូវីដ​នេះ​ នាង​​មាន​ភាព​ធុញ​ថប់​ដផយសារ​តែ​ត្រូវ​នៅ​តែ​ក្នុង​ផ្ទះ។  

នាង​និយាយ​ថា​៖ «និយាយ​រួម​នៅ​ក្នុង​ផ្ទះ​យូរ​ប្រាកដ​ជា​ធុញ​ម៉ង​ ​ធុញ​ថប់​ស្មុគ​អី​អ៊ីចឹ​ងទៅ​ តែ​ពេល​យូរ​ៗទៅ​ក៏​មាន​អារម្មណ៍​ថា​ Like it’s ok like [ ដូច​ជា​មិន​អី​ទេ​ ដូច​ជា​] ពេល​យើង​នៅ​ក្នុង​ផ្ទះ​ចឹង​ទៅ​យើង​អាច​ spend time [ចំណាយ​ពេល​] ជា​មួយ​ family like [គ្រួសារ​ក៏​ដូចជា​] មួយ​ខ្លួនឯង​បាន​ច្រើន​ជាង​មុន​។ ប៉ុន្តែ​ពេល​ខ្លះ​ក៏​មាន​អារម្មណ៍​ unmotivated [គ្មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ធ្វើ​អ្វី​មួយ​] មិន​ចង់​ធ្វើ​អី​ទេ​របៀប​អាស្មុគ​ អា​ Laziness [ភាព​ខ្ចិល​ច្រអូស​] អ៊ីចឹង​ វា​ឡើង​ខ្លាំង​ជា​ថ្ងៃ​ធម្មតា​ ជាង​ថ្ងៃ​ធម្មតា​ដែល​យើង​ទៅ​រៀន​នៅ​សាលា​ អត់​មាន​ Lockdown [ការ​បិទ​ខ្ទប់​] អត់​មាន​អី​ចឹង​ទៅ​​»។​  

សិស្ស​ស្រី​វ័យ​ជំទង់​រូប​នេះ​ បាន​បន្ត​រ៉ាយ​រ៉ាប់​ថា ​ខ្លួន​មាន​បញ្ហា​ថប់​អារម្មណ៍​ដោយ​សារ​មិន​អាច​ចេញ​ទៅ​ទំនាក់ទំនង​ជាមួយ​មនុស្ស​នៅ​ខាង​ក្រៅ​ដូច​ដែល​ខ្លួន​ធ្លាប់​បាន​ធ្វើ​ពីមុន​ ថែម​ទាំង​ធ្លាក់​ទឹក​ចិត្ត​ តែ​ក៏​មិន​ប្រាកដ​ថា​ ដល់​ថ្នាក់​ធ្លាក់​ទឹក​ចិត្ត​ធ្ងន់​ធ្ងរ​អ្វី​នោះ​ទេ។ នាង​បន្ថែម​ថា​ ​នាង​មាន​អារម្មណ៍​មិន​សប្បាយរីករាយ​ដូច​មុន ​និង​ជួប​ប្រទេះ​ជំងឺ​ផ្លូវចិត្ត​ម៉្យាង​ដែល​ខ្លាច​អាហារ​ ពោលគឺ​​ការ​តម​អាហារ​ជ្រុល​ហួស​ (Eating Disorder) ដោយ​ការ​ពី​មុន​ នាង​​មាន​គីឡូ​ដល់​៧២​ រហូត​បច្ចុប្បន្ន​ធ្លាក់​ដល់​៥៣​គីឡូវិញ​ ដោយ​មិន​អាច​គ្រប់គ្រង​អារម្មណ៍​ក្នុង​ការ​ញ៉ាំ​អាហារ។​

តាម​ការ​ជជែក​ជាមួយ​សិស្សនិស្សិត​ដែល​យើង​បាន​មើល​ឃើញ​ខាង​លើ​នេះ​បង្ហាញ​ថា ​បញ្ហា​ធុញ​ថប់​ក្នុង​ចិត្ត​មិន​មែន​កើត​តែ​លើ​មនុស្ស​ប្រុស​នោះ​ទេ​ មនុស្ស​ស្រី​ក៏​ទទួល​រង​ផល​ប៉ះពាល់​ពី​បញ្ហា​ទាំងនេះ​ដែរ​​ គ្រាន់​តែ​របៀប​នៃ​ការ​បង្ហាញ​អាការ:​ និង​សេចក្តី​ក្លាហាន​ក្នុង​ការ​ហ៊ាន​និយាយ​ប្រាប់​អ្នក​ដទៃ​ថា​ខ្លួន​ពិត​ជា​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ស្រ្តេស​ដល់​កម្រិត​ណា ហើយ​ហ៊ាន​បើក​ចិត្ត​ទទួល​យក​ការ​ពិភាក្សា​រក​ដំណោះស្រាយ​ជា​មួយ​អ្នក​ដែល​យល់​ចិត្ត​ ឬ​អ្នក​ជំនាញ​ក្នុង​ការ​ជួយដោះស្រាយ​ដល់​អ្នក​ឱ្យ​បាន​ទាន់​ពេល​វេលា​។

ការ​ធ្វើ​បែប​នេះ ​ធ្វើ​ឲ្យ​ស្ថានភាព​ផ្លូវ​ចិត្ត​របស់​ពួកគេ​មិន​​ឈាន​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​ ហើយ​នៅ​ពេល​ដែល​​​អាច​ជួយ​ខ្លួន​ឯង​បាន​ ​ក៏​អាច​ចែក​រំលែក​ចំណេះ​ដឹង​ ក៏ដូច​ជា​រៀន​លើក​ទឹកចិត្ត​មិត្តភក្តិ​ ឬ​អ្នក​ដទៃ​ដែល​នៅ​ជុំវិញ​ខ្លួន​ ឱ្យ​មាន​ភាព​ធូរ​ស្រាល​បាន​ដែរ។

បើ​ទោះ​បី​ជាយើង​​មិន​អាច​ជួយគ្នា​​ជា​ផ្នែក​សម្ភារ:​ ក្នុង​អំ​ឡុង​ពេល​ដែល​មាន​វិបត្តិ​មួយ​នេះ​ក្តី ប៉ុន្តែ​​ការ​ជ្រោម​ជ្រែង​ស្មារតី​គ្នា​ទៅ​វិញ​ទៅ​មក ​ជា​រឿង​ដែល​យើង​គ្រប់​គ្នា​គួរ​ធ្វើ​ក្នុង​ពេល​នេះ ព្រោះ​យើង​មិន​អាច​មើល​ស្រាល​វីរុស​ផ្លូវ​ចិត្ត​នោះ​ទេ​៕​