Site icon Newsroom Cambodia

Blog: តើយើងគួរខ្លាចសេចក្តីស្លាប់ដែរ ឬទេ?

សកម្មភាពព្រះសាស្តាចរចា និងដោះស្រាយវិវាទជាមួយស្តេច ពហុស្សូត និងព្រាហ្មណ៍។ រូបភាព៖ ហ្វេសប៊ុកផេកព្រះអង្គសាន់ សុជា

មនុស្ស​មិនអាច​មាន​ជី​វិត​ជា​រៀង​រហូត​នោះ​ទេ​​ នេះ​ជា​ប្រក្រតីភាព​នៅ​ក្នុង​ធម្មជាតិ​នេះ​។​ ការ​ចម្រើនសតិ​​ដើម្បី​លះសេចក្តី​ជាប់​ជំពាក់​នៅ​ក្នុង​ជីវិត​ ដោយ​សិក្សា​ និង​រលឹក​ថា​មនុស្ស​សត្វ​ក្នុង​លោក​មិនអាច​ឆ្លង​ផុត​នៃ​សេចក្តី​ស្លាប់​បាន​នោះ ជា​ការ​ហ្វឹក​ហាត់​ត្រៀម​ជា​មុន ហើយ​ការ​ស្លាប់​មក​ដល់ ​និង​មិន​មាន​ភាព​តក់​ស្លុត​អ្វីឡើយ​។ ការ​រលឹក​ដូច​នេះ ឆ្លុះ​បញ្ចាំង​ថាតើ​យើង​គួរ​រៀប​ចំ​ដំណើរ​ជីវិត​បែប​ណា​ និង​ត្រូវ​ធ្វើអ្វី​ខ្លះ​ដើម្បីប្រើ​ប្រាស់​ពេល​វេលា​ដែល​មាន​ក្នុង​បច្ចុប្បន្នឱ្យ​កាន់​តែ​មាន​ប្រសិទ្ធិភាព​និង​ប្រក​ប​តម្លៃ​ខ្ពស់​មុន​ពេល​យើង​លាចាក​លោក​នេះ​។

មនុស្ស​គឺ​ជា​ផ្នែក​មួយ​នៃ​ធម្មជាតិ​។ ​ជា​ការពិត​ណាស់​ថា​នៅ​ក្នុង​ធម្មជាតិ​មាន​បច្ច័យ​តាក់​តែង​ និង​ប្រកប​ព្រម​ដោយ​ហេតុ​គ្រប់​គ្រាន់​ ផល​ក៏​កើត​ចេញ​ឡើង​ដោយ​អំណាច​នៃ​ហេតុ​ពី​ខាង​ដើម​នោះ​។​

មនុស្ស​មិនអាច​មាន​ជី​វិត​ជា​រៀង​រហូត​នោះ​ទេ​​ នេះ​ជា​ប្រក្រតីភាព​នៅ​ក្នុង​ធម្មជាតិ​នេះ។ ​ជីវិត​នៅ​ក្នុង​ចក្រ​វាឡ​នេះ មាន​ច្រើន​រាប់​មិន​អស់​ ហើយ​ជីវិត​ទាំង​នោះ​អាស្រ័យ​នៅ​ក្នុង​ភព​កំណើត​ផ្សេងៗ​គ្នា​។ ដំណើរ​ចាប់​ពី​ការ​ចាប់​កំណើត​រហូត​ដល់​បែក​ធ្លាយ​រាង្គ​កាយ​ទៅ​វិញ​ គេ​សន្មត​ហៅ​ថា​ជា​ជីវិត​។ ​ជាមួយ​គ្នា​នេះ​ផង​ដែរ​ នៅ​ក្នុង​ដំណើរ​នៃ​ការ​វិវត្តន៍​របស់​ជីវិត​គឺ​បំប្លែង​ជា​ដរាប មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ លក្ខណៈបែប​នេះ​ចេះ​តែ​វិវត្តន៍ដដែល​ៗទៅ​កាន់​ភពកំណើត​ផ្សេងៗ​បន្ត​ទៀត​ព្រោះ​អាស្រ័យ​​​​នៃ​កម្លាំង​កម្ម​ដែល​ឱ្យ​ផល​។​

ភ្ជាប់​នៅ​ក្នុង​អត្ថន័យ​នេះ មនុស្ស​សត្វ និង​ភាវរស់​​ដែល​មាន​ជីវិត​នៅ​ក្នុង​ចក្រ​វាឡ​តែង​តក់​ស្លុត​នឹង​មរណា​គ្រប់​ៗគ្នា​ នេះ​ដោយ​ព្រោះ​តែ​ការ​មិន​ទាន់ធ្វើ​ទុក​ក្នុង​ចិត្ត​បាន​ត្រឹម​ត្រូវ​ទៅ​តាម​សភាព​នៃ​លក្ខណៈ​ធម្មជាតិ។​ នៅ​ក្នុង​ធម្មជាតិនេះ​ជីវិត ​គឺ​ប្រកប​ដោយ​ក្ខ័ន្ធ ​៥​ពោល​គឺ​រូប វេទនា សញ្ញា​ សង្ខារ និង​វិញ្ញាណ។​ ​ហើយ​ក្ខ័ន្ធ​ទាំង​៥​នេះ​គឺ​វា​អាស្រ័យ​គ្នា​ទៅ​វិញ​ទៅមក​ជា​ប្រក្រតីភាព។ ​ចំណែក​រូប​មាន​លក្ខណៈ​បែក​ធ្លាយ​ជា​ប្រ​ក្រតី​ ព្រោះ​រូប​ជរា ព្យាធិ​តែង​មាន​ប្រាកដ​មិន​អាច​ឃាត់​បាន​។ ​ព្រះ​សម្មាសម្ពុទ្ធ​ពន្យល់ថា​មាន​រូប​មាន​សេចក្តី​ទុក្ខ ហើយ​រូប​ជា​របស់​មិន​គួរ​ត្រេក​ត្រអាល​ជាមួយ​ឡើយ។

​អត្ថន័យ​នេះ​ ចង់​សំដៅ​ថា​កាល​ណា​បើ​ចិត្ត​ដែល​ប្រកាន់​និង​ហួង​ហែង​នៅ​ក្នុង​រូប​ សំឡេង ក្លិន រស​ និង​សភាព​ទន់​រឹង​ទាំងឡាយ បាន​បិតប៉ាំង​ការ​ធ្វើ​ទុក​ក្នុង​ចិត្ត​ត្រឹម​ត្រូវ​ដោយ​ចិត្ត​ភ្លេច​អស់​ការពិត​ដែល​ថា រូប​កាយ​តែ​ង​ចាស់​គ្រាំ​គ្រា​ទៅ​ជា​ធម្មតានោះ​ ហើយ​លក្ខណៈបែបនេះ​ចេះ​តែ​បន្ត​ ហើយ​ភ្លេច​ចម្រើន​សេចក្តី​រលឹក​ត្រូវយើង​ក៏​មាន​សេចក្តី​ប្រកាន់​ថា​រូប​ជា​របស់​យើង​ដែល​មិន​ចង់​ឱ្យ​ចាស់​គ្រាំ​គ្រា​និង​បែក​ធ្លាយ​ទៅ ហើយ​វា​មិន​ប្រ​ព្រឹត្ត​ទៅ​តាម​អំណាច​នៃ ការ​ចង់​របស់​យើង យើង​ប្រែ​ជា​សោក​សៅ​និង​កើត​ទុក្ខ​ព្រោះ​មិន​យល់​ពី​ការ​ពិត​របស់​រូប។

ដោយ​អំណាច​នេះ​ការ​បាត់​បង់​សតិ​រលឹក​ត្រូវ​ចេះ​តែ​កើត​មាន​បន្ត ហើយ​ចិត្ត​ហួង​ហែង​និង​ប្រកាន់​យក​ដោយ​ការ​សន្មត​នៅ​ក្នុង​ពិ​ភព​លោក​នេះ​ដោយ​មិន​ស្រាក​ស្រាន្ត​។ សភាព​នៃ​ការ​យល់​ដឹង​និង​គិត​ដោយ​លុះ​ក្នុង​អំណាច​បែប​នេះ តែង​មិន​បាន​រលឹក​ដល់​ការ​បែក​ធ្លាយ​នៃ​រូប​ ហើយ​ក៏​មាន​ការ​តក់​ស្លុត​ស្រលាញ់​ស្តាយ​ស្រណោះ​ក្នុង​រូប​ដែល​យើង​ជាប់​ជំពាក់​និង​សន្សំ​ទុក​ ស្ថិត​ក្នុង​អំណាច​នៃ​ការ​បង្គាប់​បញ្ជា​របស់​យើង​បាន​។

​លក្ខណៈបែប​នេះ​​បាន​បង្ហាញ​ពី​ការ​មិន​ព្រម​សុខ​ចិត្ត​នៃ​ការ​បែ​កធ្លាយ​នៃ​រូប ហើយ​តែង​តក់​ស្លុត​និង​ ស្តាយ​ស្រណោះ​ចំពោះ​ជីវិត​ ដោយ​មិន​ចង់​ស្លាប់​នោះឡើយ។

តើ​គេ​ត្រូវ​ធ្វើ​ដូច​ម្តេច​នៅ​ក្នុង​ជីវិត​នេះ​ដើម្បី​មិនឱ្យ​ខ្លាច​ស្លាប់​នោះ​?

ការ​រៀន​សូត្រ​ចម្រើន​ចំណេះ​ដឹង​ជា​ប្រចាំ​អំពី​ការ​ប្រែប្រួល​ទៅ​នៃ​ធម្មជាតិ​ជា​កិច្ច​អា​ទិភាព​សម្រាប់​ការ​ហ្វឹក​ហាត់​ចិត្ត​ ឱ្យយល់​ព្រម​និង​បន្សាំ​ជា​រៀង​រាល់​ថ្ងៃ​។ ការ​ប្រតិបត្តិ​ដូច​លក្ខណៈនេះ ធ្វើ​ឱ្យ​ចិត្ត​ស៊ាំ និង​លះ​បង់​នូវ​កិច្ច​នៃ​ការ​ប្រមាថ​នៅ​ក្នុង​ដំណើរ​ជីវិត។ ​ការ​ចម្រើន​ដើម្បី​លះ សេចក្តី​ជាប់​ជំពាក់​នៅ​ក្នុង​ជីវិត​ដោយ​ សិក្សា​និង​រលឹក​ថា​មនុស្ស​សត្វ​ក្នុង​លោក​មិនអាច​ឆ្លង​ផុត​នៃ​សេចក្តី​ស្លាប់​បាន​ទេ។

ការ​រលឹក​ដូច​នេះ ឆ្លុះ​បញ្ចាំង​ថាតើ​យើង​គួរ​រៀប​ចំ​ជិវិត​បែប​ណា​ និង​ត្រូវ​ធ្វើអ្វី​ខ្លះ​ដើម្បីប្រើ​ប្រាស់​ពេល​វេលា​ដែល​មាន​បច្ចុប្បន្នឱ្យ​កាន់​តែ​មាន​ប្រសិទ្ធិភាព ​និង​តម្លៃ​ខ្ពស់​មុន​ពេល​យើង​លាចាក​លោក​នេះ​។ ពេល​វេលា​នៃ​ជី​វិតរបស់​យើង​ម្នាក់ៗ​មាន​​មិន​ខុស​គ្នា​ឡើយ មនុស្ស​គ្រប់​គ្នា​មាន​ពេល​ត្រឹម​តែ​ ២៤ម៉ោង​ដូច​គ្នា​ក្នុង​រយៈពេល​មួយ​ថ្ងៃ។​​តែ​ការ​សន្សំ​ទុក​ក្នុង​ចិត្ត​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃជី​វិត​បុគ្គលម្នាក់ៗមិន​ដូច​គ្នា​ទេ នេះ​ជា​សភាព​ដែល​យើង​ត្រូវ​សិក្សា​ក្នុង​ការ​ធ្វើ​ទុក​ក្នុង​ចិត្ត​ ត្រូវ​ដើម្បី​ជា​ការ​លះ​សេចក្តី​ជាប់​ជំពាក់​ និង​ការ​ប្រកាន់​ដោយ​កសាង​សន្តិភាព​ឡើង​ក្នុង​ចិត្ត​យើង​ម្នាក់​ៗ​និង​ដើម្បី​សេចក្តី​ចម្រើន​ដល់​ពិ​ភព​លោក។

ចូរប្រព្រឹត្ត​តែ​សេចក្តីល្អ​ទាំង​កាយ​វាចាចិត្ត ចុះ​ដុះខាត់​ចិត្ត​របស់​ខ្លួន​ឱ្យ​ផូរផង ចូរ​វៀរចាក​នូវ​អំពើ​អាក្រក់​ដោយ​កាយ​វាចា​ចិត្ត ទាំងនេះ​ជា​អ្វី​ដែល​ព្រះ​សម្មាសម្ពុទ្ធ​បាន​បង្រៀន និង​ជា​ផ្លូវ​នៃ​ការ​រួច​រំដោះ៕

Exit mobile version