ក្រុមយុវជនស្រឡាញ់បរិស្ថាន បានរៀបចំកម្មវិធីចែករំលែកព័ត៌មាន ស្តីពី ការបំផ្លិចបំផ្លាញព្រៃឈើ ក្រោយពួកគេរកឃើញបទល្មើសកាប់បំផ្លាញព្រៃឈើជាច្រើននៅដែនជម្រកសត្វព្រៃព្រៃឡង់ខេត្តព្រះវិហារ។

តំណាងក្រុមយុវជនស្រឡាញ់​បរិស្ថាន​ កញ្ញា ដាំ សុស្រីនាង បានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែឧសភា ក្រុមការងារបានរៀបចំកម្មវិធីចែករំលែកព័ត៌មាន និងបទពិសោធន៍ ស្តីពី ការរកឃើញបទល្មើសបំផ្លាញព្រៃនៅតំបន់ព្រៃឡង់ខេត្តព្រះវិហារ ដោយមានយុវជនប្រមាណ ៣០​នាក់បានចូលរួម។ កញ្ញាបន្ត​ថា គោលបំណងនៃកម្មវិធីនេះ គឺចង់បង្ហាញអំពីបទល្មើសជាក់ស្តែងនៃការកាប់បំផ្លាញធនធានធម្មជាតិ និងចង់ឱ្យយុវជនដែលមកចូលរួមបានយល់ដឹងបន្ថែមជុំវិញបទល្មើសការកាប់ទន្រ្ទានព្រៃឈើរបស់ដូនតា និងជាសម្បត្តិរបស់ជាតិ។

កញ្ញាថា៖ «គោលបំណងរបស់យើងថ្ងៃនេះនៃការចែករំលែកបទពិសោធន៍ ជុំវិញការរកឃើញបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ទៅដល់យុវជន គឺចង់លើកទឹកចិត្តឱ្យគាត់មកចាប់អារម្មណ៍រឿងបញ្ហាព្រៃឈើនៅក្នុងប្រទេសយើងជាពិសេសបញ្ហានៅព្រៃឡង់ហ្នឹងតែម្តង»។

កញ្ញាបន្ថែមថា៖ «យើងចង់ឱ្យពួកគាត់ងាកមកតាមដាន និងឈឺឆ្អាលអំពីបញ្ហាព្រៃឈើរបស់យើង​មានការវិវត្តដល់ណា៎ហើយ? មានការកាប់ទន្ទ្រានយ៉ាងម៉េចដែរ? ចង់ឱ្យគាត់ដឹងពីការកាប់បំផ្លាញព្រៃឈើទាំងនេះជាអ្វីដែលយើងធ្វើការចែករំលែកថ្ងៃនេះ»។

ជាអ្នកខេត្តកំពង់ឆ្នាំង យុវតីមានវ័យ ២៣​ឆ្នាំរូបនេះ បានរៀបរាប់ថា កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមេសា កន្លងទៅ កញ្ញានិងក្រុមការងារមានគ្នាចំនួន ១០​នាក់ បានចុះទៅល្បាតព្រៃនៅតំបន់ព្រៃឡង់ខេត្តព្រះវិហារ រយៈពេល ៣ថ្ងៃ ហើយក្នុងរយៈពេលត្រឹមតែ៣ថ្ងៃនោះ កញ្ញា​ និងក្រុមការងារបានរកឃើញបទល្មើសកាប់បំផ្លាញព្រៃឈើជាច្រើន។ កញ្ញាបន្ថែមថា ឈើដែលក្រុមការងាររបស់កញ្ញាបានរកឃើញកាប់បំផ្លាញ សុទ្ធតែជាប្រភេទឈើប្រណីត និងជាប្រភេទឈើកម្រ និងដោយឃើញថាបញ្ហាបទល្មើសទាំងនេះ​នៅតែបន្តកើតមាន ទើបក្រុមការងាររបស់កញ្ញាសម្រេចចិត្តចងក្រងជាឯកសារ និងវីដេអូសម្រាប់ទុកចែករំលែកដល់យុវជនជំនាន់ក្រោយឱ្យបានយល់ដឹងកាន់តែច្បាស់អំពីបទល្មើសព្រៃឈើទាំងនោះ។

កញ្ញា សុស្រីនាង និយាយថា៖ «រយៈពេល ៣ថ្ងៃ ករណីដែលយើងរកឃើញជារួម១៣៧ករណី ហើយសម្រាប់ប្រភេទឈើហ្មង មាន១២៩ករណី ហើយនៅក្នុងនោះមានប្រភេទឈើស្រឡៅ ឈើទាល សុក្រំ មានឈើឈ្លីក និងដើមប្រាំតម្លឹងអីជាដើម»

ព្រៃឡង់ មានផ្ទៃដីជាង ៤៣​ម៉ឺនហិកតា គ្របដណ្ដប់ខេត្តចំនួន៤ គឺខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែង។ ព្រៃឡង់ ជាព្រៃធំជាងគេនៅកម្ពុជា ហើយត្រូវបានរដ្ឋាភិបាលកំណត់ជាតំបន់ការពារនៅក្នុងឆ្នាំ២០១៦។

មិនខុសគ្នានេះដែរ តំណាងក្រុមយុវជនស្រឡាញ់បរិស្ថានម្នាក់ទៀត គឺលោក ធី ថន បានឱ្យដឹងដែរថា លោកនឹងក្រុមការងារបានសម្រេចចិត្តរៀបចំកម្មវិធីចែករំលែក​បទពិសោធន៍ស្តីពីការកាប់បំផ្លាញព្រៃឈើនេះឡើង ក្នុងគោលបំណងបង្ហាញដល់យុវជនថាព្រៃឈើនៅតំបន់ព្រៃឡង់ ពិតជាកំពុងរងការកាប់ទន្រ្ទាននិងកាប់បំផ្លាញពិតមែន។ លោកបន្តថា កម្មវិធីមួយនេះ ក៏ចង់ជំរុញនិងលើកទឹកចិត្តទៅដល់យុវជនទាំងអស់ឱ្យមានភាពក្លាហានឡើងក្នុងការចូលរូមចំណែកការពារធនធានធម្មជាតិខ្មែរទាំងអស់គ្នា កុំឱ្យវិនាសបាត់បង់ទៅថ្ងៃមុខផងដែរ។

លោកថា៖ «ចង់ប្រាប់ដល់យុវជនថាព្រៃឈើរបស់យើងត្រូវបានគេកាប់ពិតមែន ហើយចង់បង្ហាញដល់យុវជនថាវាជាភាពជាក់ស្តែងដែលពួកយើងបានទៅរកឃើញពិតៗ​ថា ព្រៃយើងត្រូវបានគេកាប់ហើយ»។

លោកបន្ថែមថា៖ «ជំរុញឱ្យគាត់ [យុវជន] កាន់តែមានភាពក្លាហានខ្លាំងទៅៗ ចំពោះការថែរក្សាព្រៃឈើយើង និងធនធានធម្មជាតិយើងផងដែរ»។

យុវជនបរិស្ថានលោក ធី ថន ដែលមានដើមកំណើតមកពីខេត្តកណ្តាល បានបង្ហាញពីក្តីរំពឹងទុកនៃការចែករំលែកបទពិសោធន៍ស្តីពីការកាប់បំផ្លាញព្រៃឈើនេះ​​ថា យុវជនដែលបានមកចូលរួមទាំងអស់ នឹងអាចងាកមកចាប់អារម្មណ៍​តាម​ដាន​អំពី​បញ្ហា​ការ​កាប់​បំផ្លាញធនធានធម្មជាតិកាន់តែច្រើនឡើង ក្រោយក្រុមការងារបានបង្ហាញពីវីដេអូ និងឯកសារមួយចំនួននៃការកាប់ទន្រ្ទានព្រៃ និងបទល្មើសកាប់បំផ្លាញព្រៃឈើជាច្រើននៅតំបន់ព្រៃឡង់។ បន្ថែមពីនេះ លោកសង្ឃឹមថា រដ្ឋាភិបាលនឹងទទួលស្គាល់​នូវទិន្នន័យនៃការរកឃើញបទល្មើសជាក់ស្តែងដែលក្រុមការងាររបស់យុវជនបរិស្ថានបានរកឃើញ និងថតវីដេអូបានជាក់ស្តែងអំពីបទល្មើសកាប់ឈើនៅតំបន់ព្រៃឡង់នេះផងដែរ។

លោក ធី ថន និយាយថា៖ «[លោកសង្ឃឹមថា]រាជរដ្ឋាភិបាលនឹង​​ទទួលយកនូវទិន្នន័យខ្ញុំ​ដែលខ្ញុំថតបានជាក់ស្តែងទទួលស្គាល់ថាព្រៃឈើយើងត្រូវបានវិនាសហិនហោចហើយ ទី២ ខ្ញុំសង្ឃឹមថា យុវជនទាំងអស់ហ្នឹងមានឧត្តមគតិចាប់អារម្មណ៍រឿងបញ្ហាព្រៃឈើកាន់តែខ្លាំង ក្រោយទទួលបានការចែករំលែកបទពិសោធន៍ផ្ទាល់ និងភាពជាក់ស្តែងនិយមថាព្រៃឈើយើងត្រូវបានគេកាប់មែន»។

ដោយឡែក និស្សិតផ្នែកគីមីវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺកញ្ញា សើន ស្រីម៉ៃ ដែលបានចូលរួមស្តាប់កម្មវិធីចែករំលែកស្តីពីការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ និយាយថាមូលហេតុដែលកញ្ញាមកចូលរួមតាមដានស្តាប់កម្មវិធីនេះ ដោយសារកញ្ញាចង់យល់ដឹងឱ្យបានកាន់តែច្បាស់អំពីបទល្មើសកាប់បំផ្លាញព្រៃឈើនៅកម្ពុជា ថាពិតជាមានជាក់ស្តែងដែរឬអត់។ កញ្ញាថា នឹងមានគម្រោងចង់ចូលរួមចុះល្បាតព្រៃដូចយុវជនដទៃដែរ ដើម្បីបានរួមចំណែក​ការ​ពារ​ធនធានធម្មជាតិ និងចង់យល់ដឹងបន្ថែមថាការការពារព្រៃរបស់អាជ្ញាធរមូលដ្ឋានយ៉ាងម៉េចដែរ បានជាបទល្មើសព្រៃឈើនៅតែកើតមានជាហូរហែបែបនេះ។

កញ្ញាថា៖ «ខ្ញុំមកស្តាប់ថ្ងៃនេះ[ថ្ងៃទី១៣]បានយល់ដឹងថាអ្វីដែលគាត់ចុះទៅមើលផ្ទាល់ គឺមានករណីកាប់ទន្ទ្រានព្រៃយើងច្រើនមែនទែននៅតំបន់ហ្នឹង»។

កញ្ញាបន្ថែមថា៖ «មួយទៀតគឺចង់ដឹងពីបទពិសោធន៍ចុះព្រៃ ព្រោះដោយសារមានគម្រោងចុះទៅមើលព្រៃឡង់ដែរ។ អ៊ីចឹងមកទីនេះ ដើម្បីបានស្តាប់បទពិសោធន៍របស់គាត់ពីការដែលចុះទៅហ្នឹង​ មានការគាបសង្កត់ពីអាជ្ញាធរឬមួយយ៉ាងម៉េចដែរ មានការកាប់ទន្រ្ទានព្រៃឈើច្រើនប៉ុន្មាន»។

បន្ថែមពីនេះ​ កញ្ញា សើន ស្រីម៉ៃ បានស្នើទៅរដ្ឋាភិបាល និងមន្រ្តីពាក់ព័ន្ធគួរតែពង្រឹងការអនុវត្តច្បាប់​ឱ្យបានតឹងរ៉ឹងនិងមានប្រសិទ្ធភាពជាងនេះ ដើម្បីធានាថាបទល្មើសព្រៃឈើលែងមានដូចការលើកឡើងរបស់យុវជន និងពលរដ្ឋសហគមន៍ ជាពិសេសគួរបើកសិទ្ធិសេរីភាពដល់យុវជនអាចចូលរួមចុះល្បាតឡើងវិញផង។

កញ្ញា សើន ស្រីម៉ៃ បានលើកឡើង​ថា៖ «ចង់ស្នើឱ្យរដ្ឋាភិបាលជួយពង្រឹងច្បាប់ព្រៃឈើ ជាពិសេសរដ្ឋាភិបាលគួរបើកចំហ​សេរីភាពដល់យុវជនឱ្យចុះល្បាតការពារព្រៃឈើឡើងវិញ និងដើម្បីចូលរួមទប់ស្កាត់បទល្មើសទាំងអស់គ្នា និងដើម្បីធានាបានថាព្រៃឈើនៅកម្ពុជាយើងលែងមានការកាប់​ទន្រ្ទានពីសំណាក់ជនល្មើសទៀត»។

ពាក់ព័ន្ធនឹងរឿងនេះ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ​លោក ស៊ុង ចន្ទសុជាតិ ឆ្លើយតបថា ក្រុមយុវជនដែលចង់មកចូលរួមចុះល្បាតព្រៃ គួរតែមានការសហការជាមួយអាជ្ញាធរមូលដ្ឋានជាពិសេសមន្រ្តីបរិស្ថាន ដើម្បីទទួលបានរបាយការណ៍រួមគ្នា និងទទួលស្គាល់ទាំងអស់គ្នា កុំឱ្យទទួលស្គាល់តែក្រុមគាត់ ដោយជៀសវាងគាត់ចេញរបាយការណ៍ទៅផ្សព្វផ្សាយតែគ្នាគាត់នោះ។ លោកបន្ថែមថា ចំពោះបញ្ហាបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ខេត្តព្រះវិហារ មន្រ្តីបរិស្ថានតែងតែយកចិត្តទុកដាក់ការពារ និងទប់ស្កាត់ជារៀងរាល់ថ្ងៃហើយ។

លោកថា៖ «យើងចុះល្បាតរាល់ថ្ងៃ រាល់ខែយើងចុះល្បាតមិនដែលសម្រាកទេ ​ហើយបទល្មើសធ្វើម៉េច! អាធំៗវាមិនមាន អាតូចតាចចេញម្តងពីរដងអាហ្នឹងយើងធ្វើម៉េច! យើងទៅការពារម៉េចទាន់ ម៉េចអស់!»។

ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា មិនអាចសុំការបកស្រាយបន្ថែមជុំវិញរឿងនេះបាន​ទេ ដោយទូរសព្ទចូលជាច្រើនដង គ្មានអ្នកទទួល។

យ៉ាងណាមិញ មន្រ្តីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន យល់ឃើញថា ការរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ស្តីពីការបំផ្លិចបំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់របស់ក្រុមយុវជន ពិតជារឿងល្អ និងជាគំរូដ៏ល្អដល់យុវជនជំនាន់ក្រោយឱ្យពួកគាត់យល់ដឹងកាន់តែច្បាស់ថា តំបន់ព្រៃឡង់ពិតជារងការកាប់ទន្រ្ទាន និងបំផ្លិចបំផ្លាញពិតមែន។ បន្ថែមពីនេះ លោក អូត ឡាទីន បានផ្តល់ជាអនុសាសន៍ដល់រាជរដ្ឋាភិបាលថា ដើម្បីការ​ពារ​ធនធានធម្មជាតិ និងពិតជាចង់ទប់ស្កាត់បទល្មើសព្រៃឈើមិនឱ្យកើតមាន និងមិនចង់ឱ្យក្រុមយុវជនបន្តរកឃើញបទល្មើសកាប់បំផ្លាញព្រៃឈើតទៅទៀតនោះ​ រដ្ឋាភិបាលត្រូវបញ្ឈប់​ការផ្តល់ដីសម្បទានសេដ្ឋកិច្ចឱ្យក្រុមហ៊ុនទាំងអស់នៅជុំវិញតំបន់ព្រៃឡង់ នោះបញ្ហាបទល្មើសព្រៃឈើនឹងមិនបន្តកើតមានឡើយ។

លោកថា៖ «ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅតំបន់ព្រៃឡង់ឱ្យមានប្រសិទ្ធភាព ឱ្យមានគុណភាពនោះ រាជរដ្ឋាភិបាលគួរតែបញ្ឈប់ការផ្តល់សម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុន និងបញ្ឈប់ដំណើរការរបស់ក្រុមហ៊ុនម៉ាឃលឡូ​ជីស្ទិច​នៅខេត្តព្រះវិហារ និងក្រុមហ៊ុនអង្គរហ្លាយហ្វូតនៅខេត្តក្រចេះ»។

លោកបន្ថែមថា៖ «ប្រសិនជារាជរដ្ឋាភិបាលមិនព្រមលុបអាជ្ញាបណ្ណក្រុមហ៊ុនទាំង២នោះទេ បញ្ហាបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់វានឹងបន្តកើតមានជារហូតទាល់តែអស់ឈើធំៗ»។

យោងតាមរបាយការណ៍របស់អង្គការ Global Forest Watch បានឱ្យដឹងថា ចន្លោះពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ដែលជាពេលប្រជាជនកម្ពុជាឈប់សម្រាករីករាយក្នុងពិធីបុណ្យចូលឆ្នាំ មានការកាប់បំផ្លាញព្រៃឈើចំនួន ៩៥ ៤៧៨ ករណីបានកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ដែលគ្របដណ្ដប់លើផ្ទៃដីសរុបចំនួន១១៥ហិកតា ដែលរកឃើញដោយ​ប្រព័ន្ធ​ជូន​ដំណឹង៕