ក្រោយ​ថ្ងៃយុទ្ធនាការសកលពីក្រុម​សហជីពជាង ៣០នាក់ នៅប្រទេស​កម្ពុជា​ដែល​ទាម​ទារ​ឱ្យ​ក្រុម​ហ៊ុន​អន្តរ​ជាតិ Adidas ផ្ដល់​ការ​គាំពារ​ដល់​កម្មករ​នៅពេល​ដែល​ពួក​គេ​ជួប​ប្រទះ​វិបត្តិ​ការ​ងារ កម្មករ​បម្រើកា​រ​ងារ​នៅ​រោងចក្រផលិតសម្ភារឱ្យក្រុមហ៊ុនAdidasថា មាន​សង្ឃឹម​តិច​តួច​ដែល​ក្រុម​ហ៊ុន​យក្ស​មួយ​នេះ ជួយ​ទ្រទ្រង់​ពួក​គេ​អំឡុង​ពេល​ប្រឈម​បញ្ហា​ការ​ងារ​ និង​ថៅកែ​បិទ​ទ្វារ​រោង​ចក្រ​រត់​ចោល​ជាដើម។

លោក យី រដ្ឋា អាយុ៣៧ឆ្នាំ ធ្វើការផ្នែកបិតបាតស្បែកជើងនៅ​រោ​ងចក្រម៉េងដាហ្វូត​វៀរ​ ដែល​ផលិត​ស្បែក​ជើង​ប្រភេទ Adidas និយាយថា អំឡុង​ពេល​ជំងឺកូវីដ-១៩ផ្ទុះរាលដាលខ្លាំង លោក​បាន​ចងការប្រាក់ឯកជនដែលមានអត្រាការប្រាក់ខ្ពស់រហូតដល់២០% ចំនួន ៣០០​ដុល្លារ ដើម្បី​ដោះស្រាយ​ជីវ​ភាព ក្រោយរោងចក្រនេះបានឱ្យកម្មករសរុបជាង ៥ ០០០​​​នាក់ ធ្វើ​ការ​ឆ្លាស់​វេន​គ្នា​រៀង​រាល់​២ខែម្ដងដែលមានរយៈពេល៦ខែ។

លោក រដ្ឋា បន្តថា ចំពោះកម្មករដល់វេនឈប់សម្រាក ខាងរោង​ចក្រ​ផ្ដល់​ប្រាក់​ខែ​ត្រឹម ៣០​ដុល្លារ និង​រដ្ឋាភិបាល​ផ្ដល់​ប្រាក់​ ៤០ដុល្លារ​ប៉ុណ្ណោះ ខណៈ​បន្ទុក​ចំណាយ​របស់​ពួក​គេ​ទាំង​ថ្លៃ​បន្ទប់​ជួល អាហារ​ និងថ្លៃសិក្សាកូននៅដដែល។

លោក​ រដ្ឋា និយាយថា៖ «តិចដែរមិនសូវសង្ឃឹមទេ[Adidasជួយ] ប៉ុន្តែអ្វី​ដែល​យើង​ធ្វើ​គឺ​ជា​គោល​ដៅ​ចង់​បាន​ឱ្យ​គាត់​ជួយ។​ ក្រុមគាត់ [ថៅកែរោងចក្រ] បង្កើត​តែចំណេញ​ដល់​ពេល​ខាត​តិច​តួច​គាត់​រត់ចោលកម្មករបាត់»។

កម្មករមួយរូបទៀត លោក ស្រស់ វុទ្ធី វ័យ៤៥ឆ្នាំ ធ្វើការផ្នែក​ជាងម៉ាស៊ីន​ដេរ​នៅ​រោងចក្រ​ឌីនលីន​ដែល​ផលិត​អាវកីឡាប្រភេទ Adidas និយាយថា រោងចក្រដែលមានកម្មករ​ជាង ១ ០០០​នាក់​នេះ ប្រឈម​មុខ​បញ្ហា​រាប់មិនអស់ដោយសារប្រាក់ចំណូលតិចជាងមុន ក្រោយ

រោងចក្របានផ្អាកចង្វាក់ផលិតកម្មជិត១ខែ ក្រោមវិធាន​ការរបស់​រដ្ឋាភិបាល​ដែល​បិទ​ខ្ទ​ប់​ដើម្បីបង្ការជំងឺកូវីដ-១៩ ហើយកម្មករទទួលបានប្រាក់ខែត្រឹម៥០%ប៉ុណ្ណោះ។

ជាកម្មករបម្រើការងារនៅរោងចក្រឌីនលីនអស់រយៈពេល២៣ឆ្នាំ លោក វុទ្ធី បន្ថែមថា​ លោក​កំពុង​មានការព្រួយបារម្ភថារោងចក្រអាចនឹងបិទទ្វារនៅថ្ងៃខាងមុខ ដោយ​លោក​កត់​សម្គាល់​ថា តាំង​ពីដើមឆ្នាំ២០២៣រោងចក្រនេះពុំតម្រូវឱ្យកម្មករធ្វើការថែមម៉ោងទៀតនោះទេ ហើយ​កម្មករ​មួយ​ចំនួន​បាន​លាឈប់ពីការងារដោយខ្លាចថារោងចក្រនឹងបិទនៅថ្ងៃខាងមុខ។

លោក វុទ្ធី និយាយថា៖ «មិនដឹងសង្ឃឹមប៉ុន្មានភាគរយដែលគេ [ក្រុមហ៊ុន Adidas] អាច​ជួយ​យើង​បាន។ គ្រាន់តែយើងចង់​ឱ្យអាហ្នឹង​ វាមានទៅដើម្បីឱ្យវានិរន្តរភាពក្នុងការ​ងារ​ ដើម្បី​ទុក​ជា​ការពា​រពេល​ក្រោយៗទៀត ដើម្បីយើង​មានការ​ទទួល​ខុសត្រូវ​របស់​គាត់​ពេល​ដែល​រោង​ចក្រ​បិទ​រោង​ចក្រ​អ៊ីចឹង»។

ប្រធាន​សហព័ន្ធសហជីពចលនាកម្ម​ករ​ លោក ប៉ាវ ស៊ីណា និយាយថា នេះជាទំនួល​ខុស​ត្រូវ​មួយ​របស់​ក្រុម​ហ៊ុន Adidas ដែលទទួល​បានប្រាក់​ចំណេញ​រាប់សិប​លាន​ដុល្លារ ពីការលះបង់​របស់​កម្មករ ក្នុងការ​បង្កើតឱ្យមាន​មូលនិធិ​សម្រាប់​ជួយ​ពួក​គេ​វិញ ក្រោយរោងចក្រ​បិទ​ទ្វារ​ដោយ​មិន​បាន​ផ្ដល់​សំណងតា​ម​ផ្លូវ​​ច្បាប់ និងការជួយផ្គត់ផ្គង់​អំឡុង​ពេល​វិបត្តិ​សកល​កើតមា​ន​ឡើង​ដូច​ជា​ករណីជំ​ងឺ​កូវីដ-១៩ជាដើម។

លោក ស៊ីណា បានអះអាងថា  រោងចក្រ​ជាច្រើន​បាន​គេច​វេស​ក្នុង​ការ​ផ្ដល់​សំណង​តាម​ច្បាប់​ដល់​កម្មករ ក្រោយរោងចក្របិទទ្វារនិងអំឡុងពេលបិទខ្ទប់ដោយសារជំងឺកូវីដ-១៩។

លោក ស៊ីណា និយាយថា៖ «យើងឃើញថាក្រុមហ៊ុនដែលផ្គត់ផ្គង់ឱ្ស Adidas មិនទទួល​ខុស​ត្រូវ​ចំពោះ​កា​រ​ខាត​បង់ផលប្រយោជន៍របស់កម្មករ។ ដូច្នេះក្រុមហ៊ុន Adidas ដែល​ជាក្រុម​ហ៊ុន​បញ្ជា​ទិញ​ ហើយក៏ជាក្រុមហ៊ុនទទួលបានប្រាក់ចំណេញ​យ៉ាងច្រើន​ជាស​ន្ធឹក​សន្ធាប់​ពីកម្លាំង​ញើស​ឈាម​​​កម្មករខ្មែរយើងដែលជាអ្នកដេរឱ្យខ្លួននោះ ត្រូវមានកាតព្វកិច្ចនៅក្នុងការជួយ ចេញថ្លៃខាតបង់របស់បងប្អូនកម្មករ»។

កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២៣ តំណាងសម្ព័ន្ធសហជីពឯករាជ្យនៅកម្ពុជាប្រមាណ ៣០​នាក់ បានធ្វើការតវ៉ា​នៅមុខ​ក្រុមហ៊ុន Adidas រាជធានី​ភ្នំពេញ ដោយជំរុញ​ឱ្យក្រុម​ហ៊ុន​អន្តរ​ជាតិ​មួយ​នេះ​​ទទួល​ខុស​ត្រូវលើ​ការ​បាត់​ប​ង់​ប្រយោជន៍​កម្មករ​អំឡុង​ពេល​ការ​បិទ​ខ្ទប់​ដោយ​សារ​ជំងឺ​កូវីដ-១៩ និងបង្កើតឱ្យមានមូលនិធិ​ជួយដល់​កម្មករ​ពេលរោងចក្រ​បិទទ្វារ​ដោយ​មិន​ផ្ដល់​សំណង ឬមានវិបត្តិសកលកើតឡើង។

យោងតាមរបាយការណ៍មួយដែលសារព័ត៌មាន Newsroom Cambodia ទទួលបានពី ប្រធាន​សម្ព័ន្ធ​សហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ ឬ C-CAWDU) លោក គង់ អាទិត្យ ឱ្យដឹងថា មាន ៨៦រោងចក្រ នៅប្រទេសកម្ពុជា ដែលផលិត​សម្ភារផ្គត់​ផ្គង់ឱ្យក្រុមហ៊ុន​លំដាប់​អន្តរ​ជាតិ Adidas។

សារព័ត៌មាន Newsroom Cambodia នៅពុំទាន់​ទទួលបានការ​ឆ្លើយតប​តាម​រយៈ​សារ​អេឡិច​ត្រូនិក (Email) ពីលោក ធីម ម៉ាងហាំ (Tim Mangham) អនុប្រធាន​ជាន់​ខ្ពស់នៃការគ្រប់គ្រង​ខ្សែចង្វាក់ផ្គត់ផ្គង់អាស៊ីប៉ាស៊ីហ្វិកនៅក្រុមហ៊ុន Adidas បាននៅឡើយទេគិតត្រឹមថ្ងៃទី១៥ ខែឧសភានេះ។

ជុំវិញករណីនេះ អគ្គលេខាធិការរង​គណៈកម្មការដោះស្រាយ​កូដកម្មបាតុកម្ម​គ្រប់​មុខ​សញ្ញា​នៃ​ក្រសួ​ង​ការ​ងារ លោក វង្ស សុវណ្ណ បានប្រាប់​ឱ្យអ្នកសារព័ត៌មាន Newsroom Cambodia សួរ​ទៅកាន់ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារវិញ ដោយ​លើកឡើងថា ហួសកម្រិត​នៃ​ការ​ឆ្លើយ​តប​របស់​លោក។

យ៉ាងណា អ្នកសារព័ត៌មាន Newsroom Cambodia ពុំអាចសុំការអត្ថាធិប្បាយពីលោក ហេង​ សួរ អ្នកនាំពាក្យក្រសួងការងារបានទេ ដោយទូរសព្ទចូលពុំមានអ្នកទទួល។

យោងតាមក្រសួងការងារ នៅ​ក្នុង​ឆ្នាំ​២០២២ មាន​រោង​ចក្រសរុប​​ចំនួន​៤៩១ បាន​បិទ​ទ្វារ ឬ​ផ្អាក​ដំណើរ​ការ ដែល​បាន​ប៉ះពាល់​ដល់​កម្មករ​​ជិត៦ម៉ឺន​នាក់៕