នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែតុលានេះ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ ​គឺជា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ទី​៧​ ដែល​បាន​ឡើង​ដល់​វគ្គ​ជម្រុះ​ចែក​ពូល​ជុំ​ទី​៣​ នៃពានរង្វាន់​ AFC Asian Cup qualification 2023 (ពានរង្វាន់ជើងឯកទ្វីបអាស៊ី) បន្ទាប់​ពី​ប្រទេស​ ថៃ​ ម៉ាឡេស៊ី​ ហ្វីលីពីន​ មីយ៉ាន់ម៉ា​ សិង្ហបុរី​ និងឥណ្ឌូណេស៊ី​ ដែល​កំពុង​រង់ចាំ​នៅ​វគ្គ​ជម្រុះ​ចែក​ពូល​ជុំ​ទី​៣​។

កម្ពុជាបានយកឈ្នះកោះហ្គាំ សរុបលទ្ធផលទាំង ២ជើង ៣-១ (ដោយជើងទី១ ឈ្នះ ១-០ និងជើងទី២ ឈ្នះ ២-១) ដើម្បីទៅបង្គ្រប់កៅអី ២៤ក្រុម នៅជុំទី៣ នៃពានរង្វាន់ AFC Asian Cup 2023 នេះ ជាមួយឥណ្ឌូនេស៊ី ដែលបានឆ្លងផុតវគ្គ Play-Off ដូចគ្នានេះដែរ។ ដោយឡែក វៀតណាម ស្ថិតក្នុងជុំចុងក្រោយ ឬ Final Round ឆ្នាំ២០២៣ ដោយស្វ័យប្រវត្តិ បន្ទាប់ពី​បញ្ចប់នៅចំណាត់ថ្នាក់លេខ២ល្អ​ ពូលG។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​ព្រឹក​​ថ្ងៃ​ទី​១៣ ខែ តុលា​ ដោយបញ្ជាក់​ពី​ការ​​ផ្តល់​​រង្វាន់​លើក​ទឹក​ចិត្តដល់​​កីឡាករ​​ថា៖ «ខ្ញុំសូម​អបអរ​សាទរ​ចំពោះក្រុ​ម​បាល់ទាត់ជម្រើសជាតិកម្ពុជា ទទួល​បាន​ជ័យ​ជំនះ​លើក្រុម​កីឡាករ​ក្រុម​កោះហ្គាំ​របស់​អាមេរិក ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន និងសូមឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា ដែល​ឈ្នះលើ​ការប្រកួត​នេះ​ចំនួន​១០០,០០០$ (ដប់ម៉ឺនដុល្លារអាមេរិក) ដើម្បីជា​ការលើក​ទឹក​ចិត្ត»។

មិនត្រឹមតែប៉ុណ្ណោះ លោក ហ៊ុន សែន ក៏បានបង្ហាញការកោតសរសើរចំពោះលោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដែល​បាន​ដឹកនាំ​ក្រុម​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ទទួល​បាន​ជោគជ័យ​នេះ​ផង​ដែរ​៕