កោះកុងក្រៅ – Newsroom Cambodia

យុវជនមួយក្រុមសម្អាតសំណល់ប្លាស្ទិកនៅឆ្នេរកោះកុងក្រៅ ក្រោយបារម្ភពីការបំពុលទឹក
ក្រុមយុវជនស្រឡាញ់បរិស្ថាន ជិត២០នាក់ បានដើររើសសំណល់ប្លាស្ទិក និងរចនាជាផ្ទាំងអក្សរអប់រំពីបញ្ហាបរិស្ថាន ដោយភ្ជាប់ទៅនឹងដើមឈើ នៅតាមបណ្ដោយឆ្នេរកោះកុងក្រៅ ដើម្បីជំរុញឱ្យពលរដ្ឋទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

តំណាងក្រុមយុវជនដែលធ្វើសកម្មភាពការពារបរិស្ថាន យុវតី លាង សុវណ្ណា វ័យ២២ឆ្នាំ ឱ្យដឹងថា កាលពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែមីនា កន្លងទៅ មានក្រុមយុវជនចំនួន ១៧នាក់ បានចាប់ផ្តើមធ្វើសកម្មភាពសម្អាតឆ្នេរកោះកុងក្រៅ។ ប្រភពបន្តថា ការងារផ្នែកបរិស្ថាននេះ គឺដើម្បីរក្សាការពារឆ្នេរកោះកុងក្រៅ ឱ្យមានភាពស្រស់ស្អាត និងមានអនាម័យ ដោយថា ការយល់ដឹងពីបញ្ហាសំរាមរបស់ពលរដ្ឋរស់នៅតំបន់នោះនៅមានកម្រិតទាបនៅឡើយ។ កញ្ញាបារម្ភថា បើការចោលសំរាមពាសវាលពាសកាលនៅតែបន្តកើតមាន ហើយមិនមានការចូលរួមទប់ស្កាត់នោះទេ វានឹងបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរដល់ទឹកសមុទ្រនៅពេលអនាគត។

កញ្ញាបន្ថែមថា៖ «ចំពោះបរិស្ថាននៅកោះកុងក្រៅ ខ្ញុំពិតជាមានការព្រួយបារម្ភខ្លាំងណាស់ ដោយសារតែនៅតំបន់នោះពុំមានការគ្រប់គ្រងសំរាមឱ្យបានល្អ ដែលជាហេតុធ្វើឱ្យភ្ញៀវទេសចរទៅកម្សាន្ត ចោលសំរាមផ្ដេសផ្ដាស។ ការដុតសំរាមដែលធ្វើឱ្យមានកំណកខ្មៅ ប៉ះពាល់ទៅដល់ភាពស្អាតនៃឆ្នេរ»។

បើតាមយុវតី លាង សុវណ្ណា សកម្មភាពសម្អាតឆ្នេរសមុទ្រទាំងនេះ រួមមាន ការរចនាជាផ្ទាំងឈើមានសរសេរជាពាក្យអប់រំស្ដីពីបរិស្ថាន និងសកម្មភាពរបស់ក្រុមយុវជនដើររើសសំរាមនៅតាមបណ្តោយឆ្នេរកោះកុងក្រៅ ដោយប្រមូលបានកាកសំណល់ប្រមាណជាង៣០បាវ។

និសិ្សតដែលកំពុងសិក្សាជំនាញនីតិសាស្រ្តរូបនេះ មានក្តីរំពឹងថា ក្រោយបញ្ចប់សកម្មភាពក្នុងវិស័យបរិស្ថានមួយនេះ នោះនឹងបានជាផ្នែកមួយជួយទប់ស្កាត់ការបំពុលទឹកសមុទ្រ និងជីវចម្រុះនៅឆ្នេរកោះកុងក្រៅ ហើយថាតាមរយៈការងារស្ម័គ្រចិត្តនេះក៏ជាសារមួយឱ្យពលរដ្ឋនៅតំបន់នោះ ព្រមទាំងភ្ញៀវទេសចរដែលមកលេងកម្សាន្ត ចាប់ផ្តើមគិតគូរលើការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

កញ្ញាបន្តថា៖ «ការលើផ្លាក ការសរសេរពាក្យអប់រំ ព្រមទាំងរូបភាព សកម្មភាពដែលខ្ញុំបានធ្វើ នឹងអាចជាដំណោះស្រាយបញ្ហាសំរាមមួយផ្នែកដ៏សំខាន់ និងសង្ឃឹមថាបន្តបន្ទាប់នៅថ្ងៃខាងមុខ នៅពេលបងប្អូនទៅកម្សាន្តនៅទីនោះ នឹងមានការវេចខ្ចប់របស់របរដែលប្រើប្រាស់រួចឱ្យបានល្អ យកសំរាមមកវិញ ដើម្បីកុំឱ្យមានការដុតសំរាមនៅតំបន់នោះ និងចូលរួមពីបងប្អូនប្រជាពលរដ្ឋធ្វើជាគំរូដ៏ល្អសម្រាប់ភ្ញៀវទេសចរក្នុងការរក្សាស្រឡាញ់តំបន់នោះ»។

បើតាមគេហទំព័រជាតិ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា កោះកុងក្រៅមានផ្ទៃដី​​ប្រ​មាណ៨០គីឡូម៉ែត្រការ៉េ និងកម្ពស់ប្រហែល៤១០ម៉ែត្រ ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹ​​ង​​ល្វើ​យ មានពណ៌ខៀវស្រងាត់ សម្បូរទៅដោយធនធានធម្មជាតិ ដែលនៅក្រោមការគ្រប់គ្រងរបស់អង្គភាពយោធាជើងទឹកផ្នែកលំហសមុទ្រ។ កោះធម្មជាតិមួយនេះ ស្ថិតក្នុងភូមិកោះកាពិ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង មានចម្ងាយ ៣០គ.ម ពីក្រុងខេមរភូមិន្ទ។

ដោយឡែក យុវតី គឹម ហ៊ាង វ័យ២៩ឆ្នាំ ជានិស្សិតនៅសាលាឯកជនមួយក្នុងរាជធានីភ្នំពេញ បានប្រាប់ថា កញ្ញាចង់រួមចំណែកក្នុងសកម្មភាពការពារបរិស្ថាន និងផ្សព្វផ្សាយពីបញ្ហាដែលកោះកុងក្រៅកំពុងជួបប្រទះ ទើបសម្រេចចិត្តធ្វើសកម្មភាពនេះ។ ម្យ៉ាងវិញទៀត កញ្ញាសង្កេតឃើញថាការស្ម័គ្រចិត្តក្នុងការថែរក្សាបរិស្ថានរបស់យុវជននៅតំបន់កោះកុងក្រៅ នៅមានកម្រិតទាប និងពុំសូវជាទូលំទូលាយនៅឡើយទេ។

ប្រភពដដែលបានជំរុញឱ្យយុវជនចាប់ផ្កើមផុសផុលក្នុងសកម្មភាពបរិស្ថាន ជាពិសេសនៅតំបន់កោះកុងក្រៅ ដើម្បីរួមចំណែកធ្វើឱ្យឆ្នេរនៅទីនោះកាន់តែមានភាពស្រស់ស្អាត ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

កញ្ញាបន្ថែមថា៖ «សំរាមដែលបង្កើតដោយយើង ដូច្នេះយើងត្រូវទទួលខុសត្រូវក្នុងការទុកដាក់ដោយខ្លួនឯង។ បរិស្ថានស្អាត គ្មានសំរាម គឺកើតចេញមកពីខ្លួនឯង ហើយវាក៏ជាទម្លាប់ល្អផងដែរក្នុងការរស់នៅប្រកបដោយអនាម័យ»។

ជុំវិញករណីនេះ ប្រធានមន្ទីទេសចរណ៍ខេត្តកោះកុង លោក សុខ ចាន់គ្រឹះស្នា បានឆ្លើយតបតាមរយៈបណ្តាញសង្គមតេឡេក្រាមដោយខ្លីថា ក្នុងនាមមន្ទីរទេសចរណ៍ខេត្ត តែងតែគាំទ្ររាល់ការងារថែរក្សាបរិស្ថានរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។ លោកបន្តថា ដើម្បីឱ្យបរិស្ថាននៅតំបន់កោះកុងក្រៅមានមានភាពល្អប្រសើរ គឺអាជ្ញាធរបានអប់រំពលរដ្ឋ ជាពិសេសអ្នកបម្រើសេវាកម្មនៅតំបន់នោះរួចរាល់ហើយដែរ។

លោកសរសេរថា៖ «ខ្ញុំយល់ថាការចូលរួមសម្អាត និងជួយគ្នាថែរក្សាអនាម័យ គឺជារឿងមួយល្អ ។ នៅកោះកុងក្រៅ មិនទាន់មានហេដ្ឋារចនាសម្ព័ន្ធនោះទេ។ មន្ទីរផ្សព្វផ្សាយដល់សេវាកម្មដឹកភ្ញៀវឱ្យគាត់រួម[គ្នារក្សា]អនាម័យបរិស្ថាន និងផ្សព្វផ្សាយដល់ភ្ញៀវចូលរួមអនាម័យទាំងអស់គ្នា»។

យ៉ាងនេះក្តី សកម្មជនបរិស្ថាន លោក អូត ឡាទីន ថ្លែងថា ក្រោយពេលរដ្ឋាភិបាលកាត់តំបន់កោះ​​កុង​ក្រៅ ទៅឱ្យក្រុមហ៊ុនឯកជនមួយដើម្បីគ្រប់គ្រងនិងអភិវឌ្ឍន៍ បានបង្កផលប៉ះពាល់ដល់បរិ​​ស្ថា​​នធ្ងន់ធ្ងរ។ ប្រភពដដែលបន្តថា បញ្ហាទាំងនោះរួមមាន ការបំពុលទឹក ការបំពុលខ្យល់ និងផលប៉ះពាល់ជីវចម្រុះជាច្រើននៅតំបន់នោះ។ មួយវិញទៀត លោកមើលឃើញថា ការរៀបចំ និងការគ្រប់គ្រងទីតាំងសម្រាប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវក៏មិនមាននោះដែរ។

បន្ថែមលើនេះ លោកថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលបើកសិទ្ធិឱ្យក្រុមហ៊ុនឯកជនគ្រប់គ្រងកោះ​​​​កុងក្រៅ គឺជាការសម្រេចដោយមិនមានការចូលរួមពីប្រជាពលរដ្ឋ និងមិនមានការបង្ហាញការវាយតម្លៃពីហេតុប៉ះពាល់បរិស្ថានជាសាធារណៈនោះទេ។ ជាមួយគ្នានេះ លោកបានជំរុញទៅកាន់រដ្ឋាភិបាលរក្សាទុកកោះកុងក្រៅជាតំបន់ទេសចរណ៍កម្សាន្តសាធារណៈ ដោយដាក់តំបន់នោះទៅជាឧទ្យានជាតិសមុទ្រវិញ។
លោកថ្លែងថា៖ «សូមឱ្យមានការរៀបចំ និងការគ្រប់គ្រង ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ សូមឱ្យរដ្ឋាភិបាលរក្សាកោះកុងក្រៅ ទុកជាទីកន្លែងទេសចរណ៍កម្សាន្តសាធារណៈ ឬដាក់កោះកុងក្រៅជាឧទ្យានសមុទ្រតាមសំណើរបស់ពលរដ្ឋ» ។

កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ អង្គការ​សង្គម​ស៊ីវិល​ចំនួន​៨០​ បាន​អំពាវនាវ​ទៅ​កាន់​រដ្ឋាភិបា​​ល​ឱ្យ​ដក​សិទ្ធិ​ក្រុមហ៊ុន​ឯកជន អេស អ៊ី ហ្ស៊ិត ខូអិលធីឌី (KOH KONG S E ZCO., LTD.) រប​​ស់​ឧកញ៉ា លី យ៉ុងផាត់ ចេញពីការអភិវឌ្ឍនៅតំបន់កោះកុងក្រៅទាំងមូល ដោយបារម្ភ​​ថា ​ការអ​​ភិវ​ឌ្ឍ​​​នោះ​មាន​ការគំរាម​កំហែង​ធ្ងន់ធ្ងរ​ដល់​ធនធាន​ធម្មជាតិ។

លោក នេត ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន មិនអាចសុំការឆ្លើយតបបានទេជុំវិញករណីនេះ ដោ​​យ​​ទូសព្ទចូលជាច្រើនដង ប៉ុន្តែមិនមានអ្នកទទួល។ ចំណែកក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុ​​ង​​ផា​​ត់ ក៏​​ពុំអាចស្វែងរកការអត្ថាធិប្បាយបានដែរ។ បើទោះជាបែបណា មន្រ្តីជាន់ខ្ពស់ក្រសួងបរិសា្ថនរូបនេះតែងបានថ្លែងការពារប្រាប់អ្នកសារព័​​ត៌មា​ន ក្នុ​​ង​​​​ពេលកន្លងទៅថា ការផ្តល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនមួយនេះអភិវឌ្ឍនៅតំបន់កោះកុងក្រៅ គឺ​​ភា​​គីក្រុមហ៊ុនបានសិក្សាពីផលប៉ះពាល់បរិស្ថាន និងសង្គមរួចរាល់ហើយ៕

ក្រុមយុវជនចលនាមាតាធម្មជាតិ ដាក់បាច់ផ្កានៅក្រសួងបរិស្ថានចំថ្ងៃទិវានៃក្ដីស្រឡាញ់១៤កុម្ភៈ
ក្រុមយុវជនចលនាមាតាធម្មជាតិ បានប្រមូលគ្នាធ្វើយុទ្ធនាកា​​រ​​យកបាច់ផ្កាទៅដាក់នៅក្រសួងបរិស្ថាន នៅចំថ្ងៃទិវានៃក្ដីស្រឡាញ់ ១៤កុម្ភៈ ជាការផ្ញើសារឱ្យស្ថាប័នជំនាញរបស់រដ្ឋមួយនេះ គួ​​​រ​ផ្ដល់ការការពារ និងអភិរក្សធនធានធម្មជាតិ ដែលនៅសេសសល់ចុងក្រោយរបស់ប្រទេសកម្ពុជា ស​​​ម្រា​ប់មនុស្សជំនាន់ក្រោយៗទៀត។

តំណាងក្រុមយុវជនចលនាមាតាធម្មជាតិ កញ្ញា ធួន ស្រីពៅ បានឱ្យដឹងថា ក្រុមយុវជនចលនាមាតាធម្មជាតិ ដែលមានគ្នាប្រមាណ ១២នាក់ បានធ្វើយុទ្ធនាការយកបាច់ផ្កាទៅដាក់នៅក្រសួងបរិ​​ស្ថាន សម្រាប់ទិវានៃក្តីស្រឡាញ់ ១៤កុម្ភៈ។ កញ្ញាបន្តថា ការជ្រើសរើស និងដាក់បាច់ផ្កា ឱ្យចំថ្ងៃ​​ទិ​​វា​​​​​នៃក្តីស្រ​​ឡាញ់​​នេះ​ ដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ចំពោះក្រសួងបរិស្ថានផ្ទាល់ ​និងការពារធ​​នធានធម្មជាតិ។ ប្រភពបន្តថា ការធ្វើយុទ្ធនាការនេះគ្រាន់តែចង់បង្ហាញអំពីការស្រឡាញ់ធនធានធម្មជាតិរបស់កម្ពុជាដែលនៅសេសសល់ប៉ុណ្ណោះ គឺគ្មានទិសដៅអ្វីផ្សេងពីនេះឡើយ។

កញ្ញាបន្តថា៖ «ពួកយើងចង់បង្ហាញពីក្តីស្រឡាញ់ ពួកយើងមិនត្រឹមតំណាងឱ្យកោះកុងក្រៅ និងធនធានធម្មជាតិនៃកោះកុងក្រៅទេ ប៉ុន្តែពួកយើងតំណាងធនធានធម្មជាតិទាំងអស់ មិនថាធនធានធម្មជាតិដែលបានបាត់បង់ហើយ ធនធានធម្មជាតិដែលកំពុងរងការបំផ្លាញ ឬធនធានធម្មជាតិដែលនៅសេសសល់ទេ។ ពួកយើងចង់បង្ហាញក្តីស្រឡាញ់នេះទៅកាន់មនុស្សគ្រប់គ្នា ជាពិសេសគឺក្រសួង រាជរដ្ឋាភិបាល ឱ្យគាត់យកចិត្តទុកដាក់ក្នុងការថែរក្សាធនធានធម្មជាតិបរិស្ថាន ព្រោះធនធានធម្មជាតិស្រឡាញ់ពួកយើង ហើយពួកយើងក៏ត្រូវស្រឡាញ់ធនធានធម្មជាតិវិញដែរ»។

កញ្ញាបន្ថែមថា៖ «ធនធានធម្មជាតិជាអ្នកផ្តល់ខ្យល់ដកដង្ហើម ខ្យល់អុកស៊ីសែនដល់យើង អ៊ីចឹង យើងដែលជាអ្នកទទួលផល យើងគួតែស្រឡាញ់អ្នកដែលផ្តល់ដង្ហើមឱ្យយើងដូចគ្នា»។

យុវតីដែលមកពីខេត្តសៀមរាប និងមានវ័យ២០​ឆ្នាំរូបនេះ បានបញ្ជាក់បន្ថែមថា ដើម្បី​កុំ​ឱ្យ​​ធ​ន​​​ធា​ន​​​​​ធម្មជាតិ​របស់​កម្ពុជាក្លាយទៅជាការដាក់បណ្តាសា ឬវិនាសដោយហេតុណាមួយនៅថ្ងៃខាងមុ​ខ​​​ពលរដ្ឋ និងមន្រ្តីពាក់ព័ន្ធ ត្រូវពង្រឹងការ​គ្រប់គ្រង​ ​និងថែរក្សាធនធាន​ធម្មជាតិ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់។ ប្រភពបន្ថែមថា ទាំងនេះគឺជាកាតព្វកិច្ចចាំបាច់បំផុតសម្រាប់ក្រសួងបរិស្ថាននិងប្រជាជនខ្មែរទាំងមូល ចូលរួមថែរក្សា ការពារ និងអភិរក្ស ទាំងអស់គ្នា ដើម្បីចៀសវាងពីការ​​ប្រ​​ឈ​​ម​នានាសម្រាប់ថ្ងៃអនាគត។

កញ្ញាបន្តថា៖ «បរិស្ថានវាកាន់តែហិនហោចទៅៗ ព្រោះកន្លងមក ឬក៏មកដល់ឥលូវ មានតែការវិនិយោគ ការផ្តល់ដីសម្បទានអ្វីផ្សេងៗ […] មួយរយៈនេះឃើញថាមានការរំលោភយកដីឆ្នេរ សមុទ្រ ជាដើម ទាក់ទងនឹងបញ្ហាបរិស្ថានហ្នឹង វាច្រើនមែនទែន។ ហើយទាក់ទងនឹងបញ្ហាកោះ កោះទន្សាយ កោះផ្សេងៗ សុទ្ធតែគ្រប់កោះត្រូវបានផ្តល់ការវិនិយោគទៅឱ្យបុគ្គលឯកជន ផ្តល់សិទ្ធិទៅបុគ្គលឯកជនក្នុងការអភិវឌ្ឍ ដែលស្ទើតែអត់បានផ្តល់ប្រយោជន៍ឱ្យប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេសទាំងអស់ហ្នឹង»។

រដ្ឋបាលខេត្តកោះកុង បង្ហាញទិន្នន័យថា កោះនេះមានផ្ទៃដី​ប្រមាណ ៨០គ.ម២ និងកម្ពស់ប្រ​​​ហែ​​​​ល ៤១០ម៉ែត្រ ស្ថិតនៅលើផ្ទៃទឹកសមុ​​​ទ្រ​​ដ៏ធំល្វឹងល្វើយ ដែលមាន​ពណ៌ខៀវស្រងាត់។​​ ម្យ៉ា​​ង​​ទៀ​​​​​ត វាជាកោះដែលសម្បូរទៅដោយធ​​នធា​​​ន​ធម្ម​​ជាតិ សត្វព្រៃ មច្ឆា ផ្កាថ្ម និង​ជីវចម្រុះ​បាត​សមុទ្រ មានឆ្នេរខ្សាច់សម្រាប់កម្សាន្ត ០៦​កន្លែង។ សព្វថ្ងៃ តំបន់កោះកុងក្រៅនេះស្ថិតនៅ​ក្រោម​​ការគ្រប់​គ្រងរបស់​អង្គភាពយោធា​ជើងទឹក​ផ្នែក​​​លំហសមុទ្រ។

ក្រុមយុវជនចលនាមាតាធម្មតាជាតិ តែងតវ៉ាជាហូរហែ ដោយទាមទារឱ្យរដ្ឋាភិបាលដាក់តំបន់​​កោះ​​​​កុងក្រៅនេះ ទៅជាតំ​​ប​​ន់​​​​ឧទ្យានជាតិសមុទ្រ ក្រោយពីរដ្ឋា​​ភិបាលផ្តល់​​សិទ្ធិវិ​​និ​​យោ​​គ​​ឱ្យ​​ក្រុ​ម​​ហ៊ុ​​ន​​ឯកជនមួយឈ្មោះ កោះកុង អេស អ៊ី ហ្សិដ ខូអិលធីឌី (Koh Kong SEZ Co.Ltd) របស់លោ​ក​​ឧ​​​​ក​​ញ៉ា លី យ៉ុងផាត ដែលជាសមាជិកព្រឹទ្ធសភា កូតាមកពីគណ​​បក្សប្រជាជន​​កម្ពុជា ដើម្បីអ​​​ភិ​វឌ្ឍ​​​​​ន៍។

ស្រដៀងគ្នានេះដែរ យុវជនចលនាមាតាធម្មជាតិម្នាក់ទៀត គឺយុវជន ធី ថន បានឱ្យដឹងដែរថាលោ​​ក​​បានចូលរួមយុទ្ធនាការនេះផ្ទាល់ ក្នុងគោលបំណងបង្ហាញអំពីក្តីស្រឡាញ់ និងចង់ជំរុញឱ្យមន្រ្តីរដ្ឋា​​ភិ​​បាល ជាពិសេសក្រសួងបរិស្ថាន ដាក់តំបន់កោះកុងក្រៅជាឧទ្យានសមុទ្រ។ ប្រភពបន្តថា គោ​​ល​​បំណងនៃយុទ្ធនាការនេះ គឺចង់ដាក់កោះកុងក្រៅជាតំបន់ទេសចរណ៍ និងជាសម្បត្តិធនធានធ​ម្ម​​ជាតិរបស់ខ្មែរ ហើយតំបន់ទេសចរណ៍នៃកោះកុងក្រៅនេះនឹងក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ហើយក៏អាចរកប្រាក់ចំណូលចូលជាតិបាន។ មិនតែប៉ុណ្ណោះ កោះកុងក្រៅនេះ​​ដែរ ​​វាក៏​​ជា​​ផ្នែ​​ក​​​​​​មួយដែល​អាចក្លាយជាតំបន់សេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សនៅក្នុងតំបន់អាស៊ីថែមទៀត។

លោកបន្តថា៖ «យើងមានគោលបំណងបីសំខាន់ៗ ទី១ គឺយើងចង់ឱ្យរដ្ឋាភិបាល និងក្រសួងបរិស្ថាន ជំរុញឱ្យពួកគាត់ដាក់កោះកុងក្រៅជាឧទ្យានសមុទ្រឱ្យបានឆាប់រហ័យ។ ទី២ គឺយើងចង់ឱ្យក្រសួងបរិស្ថាន និងរដ្ឋាភិបាលហ្នឹង ឈប់លាបពណ៌សកម្មជនឬយុវជនថាបម្រើនូវគណបក្សនយោបាយណាមួយ។ ហើយទី៣ គឺយើងចង់បង្ហាញនូវក្តីស្រឡាញ់ចំពោះបរិស្ថាន ជាពិសេសគឺយើងចង់ប​​​ង្ហាញ​ថា យើងចង់ធ្វើកិច្ចសហការជាមួយក្រសួងបរិស្ថាន និងរដ្ឋាភិបាល ក្នុងការការពារបរិស្ថានយើងដែរ»។

បើតាមលោក ធី ថន ដែលមានដើមកំណើតមកពីខេត្តខេត្តកណ្តាល បង្ហាញការព្រួយបារម្ភថា បរិ​​ស្ថា​​ននៅប្រទេសកម្ពុជាកំពុងរងការប្រឈមនៃការបំផ្លិចបំផ្លាញពីសំណាក់អ្នកមានអំណាចមួយចំនួន យកធ្វើកម្មសិទ្ធិក្រោមរូបភាពវិនិយោគ។ ប្រភពបន្តថា បច្ចុប្បន្ននេះ ការប្រែប្រួលអាកាសធាតុ កំ​​ពុង​​តែគំរាមកំហែងទាំងជីវិតសត្វ និងមនុស្ស តាមរយៈការកាប់បំផ្លាញធនធានធម្មជាតិ។

លោកបន្តថា៖ «បញ្ហាបរិស្ថាននាពេលបច្ចុប្បន្នរងការគំរាមកំហែង មានការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរផងដែរ ដែលយើងឃើញហើយថា បរិស្ថានយើងពីមួយឆ្នាំទៅមួយឆ្នាំ គឺមិនមានការកើនឡើងនោះទេ គឺមានតែថយចុះទៅវិញ។ នេះហើយជាកត្តាមួយដែលយើងឃើញថា បរិស្ថានយើងទៅថ្ងៃអនាគត នឹងមានការរងគ្រោះ និងមានការបំផ្លាញយ៉ាងធ្ងន់ធ្ងរពីសំណាក់មនុស្សមួយចំនួន»។

យ៉ាងណាមិញ លោកបានស្នើឱ្យរដ្ឋាភិបាល និងក្រសួងបរិស្ថាន ត្រូវបញ្ឈប់ការចោទប្រកាន់យុវជនថាជាក្រុមយុវជនបម្រើនិន្នាការនយោបាយឱ្យគណបក្សណាមួយតទៅទៀត ជាពិសេសក្រសួងបរិស្ថានគួរពន្លឿនការដាក់តំបន់កោះកុងក្រៅឱ្យទៅជាឧទ្យានសមុទ្រជាតិ។

លោកបន្តថា៖ «ក្រសួងបរិស្ថានឈប់លាបពណ៌យុវជនថាយុវជនហ្នឹងបម្រើផលប្រយោជន៍ឱ្យបក្សនយោបាយណាមួយទៅ។ ហើយសំណូមឱ្យក្រសួងបរិស្ថានហ្នឹង គាត់ធ្វើការឯករាជ្យ មិនលម្អៀងទៅខាងណា ហើយធ្វើការឱ្យសកម្មក្នុងការពារព្រៃឈើយើង ព្រោះអីព្រៃឈើយើងពីមួយឆ្នាំទៅមួយឆ្នាំ គឺមានការបាត់បង់ជាកំហិត។ អ៊ីចឹងខ្ញុំសំណូមឱ្យក្រសួងបរិស្ថានធ្វើការដោយឯករាជ្យ។ អ្វីដែលពិសេសនោះ ខ្ញុំចង់ឱ្យក្រសួងបរិស្ថានហ្នឹង ដាក់កោះកុងក្រៅជាឧទ្យានសមុទ្រឱ្យបានឆាប់រហ័សផងដែរ»។

ពាក់ព័ន្ធនឹងរឿងនេះដែរ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ប្រតិកម្មថា យុទ្ធនាការរបស់ក្រុមយុវជនចលនាមាតាធម្មជាតិ ដែលយកបាច់ផ្កាមកដាក់នៅខាងមុខក្រសួងបរិស្ថានកាលពី​ថ្ងៃទី១៤ ខែកុម្ភៈ កន្លងទៅនេះ វាគ្រាន់តែជាការបម្រើឱ្យបរទេស ​ហើយក៏ជាការបញ្ជាដោយផ្ទាល់ពីក្រោយដោយប​​​​រទេសដែរ។

លោកបន្តថា៖ «ថ្ងៃ១៤កុម្ភៈ ជាថ្ងៃនៃសេចក្តីស្រឡាញ់ ខ្ញុំស្នើឱ្យប្អូនៗជាយុវជននៃចលនាមាតាធម្មជាតិ គួរលះបង់គំនិតទុច្ចរិត ឈប់ធ្វើសកម្មភាពនយោបាយជ្រកក្រោមស្លាកបរិស្ថាន និងកុំចាញ់បោកម្ចាស់ជំនួយដែលមានរបៀបវារៈនយោបាយ ត្រូវចេះរៀនធ្វើការដោយស្មោះត្រង់ចំពោះជាតិ ចេះស្រឡាញ់ជាតិដោយស្មោះត្រង់ និងកុំធ្វើសកម្មភាពទុច្ចរិតក្រោមបញ្ជាជនបរទេស ដូចជា អាឡិច ជាដើម ដែលជាមេគំនិតទុច្ចរិត ប្រឆាំងនឹងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។ ពួកគេគួរគិតពីអនាគតរបស់ខ្លួន កុំដើរផុងខ្លួនក្នុងឧបាយកលបរទេស បំផ្លាញជាតិ និងបំផ្លាញជីវិតរបស់ខ្លួន»។

ដោយឡែក មន្ត្រីសម្របសម្រួលគម្រោងសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន ចាត់ទុកការធ្វើយុទ្ធនាការរបស់ក្រុមយុវជនចលនាមាតាធម្មជាតិ ដែលយកបាច់ផ្កាទៅដាក់នៅក្រ​​សួងបរិស្ថាននេះថា ជាការបង្ហាញក្តីស្រឡាញ់ចំពោះក្រសួងផ្ទាល់ពីក្រុមយុវជន និងស្របតាមច្បា​​​​ប់ដែរ។

លោកបន្តថា ក្នុងនាមជាអ្នកនាំពាក្យក្រសួងបរិស្ថាន មិនគួរណាភ្ជាប់សកម្មភាពរបស់ក្រុមយុវជន ទៅ​​ក្នុងហេតុណាមួយនោះទេ ក្នុងពេលដែលពួកគេធ្វើកិច្ចការទាំងនេះ ដើម្បីតែអភិរក្ស និងការពា​​រ​​ធ​​​​ន​​ធានធម្មជាតិប៉ុណ្ណោះ។

លោកបន្តថា៖ «វប្បធម៌ក្នុងការលាបពណ៌ វប្បធម៌ក្នុងការចោទប្រកាន់ថាជាការបម្រើបរទេស ជាការបម្រើក្រុមគណបក្សប្រឆាំងអ្វីជាដើមនោះ រាជរដ្ឋាភិបាលគួរតែលុបបំបាត់ ហើយងាកមកធ្វើការងារ សហការគ្នាដោយស្មើមុខស្មើមាត់ ធ្វើការងាររួមគ្នា ធ្វើការងារជាមួយគ្នា ដោយមិនប្រកាន់និន្នាការ»។

កោះកុង ឬ​អ្នក​ស្រុក​និយម​ហៅថា ​កោះកុង​ក្រៅ មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​ជ្រោយប្រស់ ស្រុក​កោះកុង ដែលមាន​ចម្ងាយ​ប្រមាណ ៣០គីឡូម៉ែត្រ ពី​ក្រុង​ខេមរភូមិន្ទ។ សកម្មជន​បរិស្ថាន​អះអាង​ថា កោះ​នេះ​​មាន​ផ្ទៃដី ១០៣គីឡូម៉ែត្រ​ក្រឡា និង​សម្បូរ​ដោយ​ធនធាន​ធម្មជាតិ​ចម្រុះ ​រួម​មាន ​ព្រៃឈើ ឆ្នេរ​ខ្សាច់​សក្បុស ទឹក​សមុទ្រ​ថ្លា​ឈ្វេង កូន​ភ្នំ ទឹកជ្រោះ ព្រមទាំង​សត្វព្រៃ និង​សត្វ​សមុទ្រ​ជាច្រើន​ប្រ​​​ភេ​​​ទ​៕