គ្រោះអគ្គិភ័យ – Newsroom Cambodia

ព្រះសង្ឃនៅស្ទឹងត្រែងអំពាវនាវរកជំនួយក្រោយអគ្គិភ័យឆាបឆេះកុដិ
ព្រះសង្ឃគង់នៅវត្តសិលារតនារាម ស្ថិតនៅក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កំពុងអំពាវនាវរកស្បៀងអាហារសម្រាប់ផ្គត់ផ្គង់ចង្ហាន់ប្រគេនព្រះសង្ឃក្នុងវត្តដែលប្រឈមការខ្វះខាតខ្លាំង និងថវិកាដើម្បីសាងសង់កុដិថ្មី ក្រោយពេលមានអគ្គិភ័យឆេះកុដិ ដោយសារឆ្លងចរន្តអគ្គិសនី។

ចៅអធិការវត្តសិលារតនារាម ព្រះតេជព្រះគុណ ឈូ វាសនា ព្រះជន្ម ២៥ព្រះវស្សា មានថេរដីកាថា អគ្គិភ័យបានលេបត្របាក់កុដិដែលព្រះសង្ឃធ្លាប់តែគង់អាស្រ័យ នៅវេលាម៉ោងប្រមាណជិត ៨យប់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ពោលគឺនៅថ្ងៃដែលព្រះសង្ឃ និងពុទ្ធបរស័ទ កំពុងប្រារព្ធពិធីបុណ្យមាឃបូជាក្នុងវត្តនេះ។ ព្រះអង្គបន្តថា មូលហេតុនៃការឆេះកុដិនេះ ដោយសារឆ្លងចរន្តអគ្គិសនី ហើយក្នុងនោះមានថវិកាសុទ្ធចំនួន១៦លានរៀល និងសម្ភារផ្សេងៗ ដូចជា ស្បង់ ចីវរ​  រូបគំនូរព្រះពុទ្ធជាច្រើន ស្បៀងអាហារ ជាដើម ត្រូវបានភ្លើងឆាបឆេះទាំងស្រុង។ ព្រះអង្គបន្ថែមថា ក្នុងវត្តនេះ គឺមានតែសាលាឆាន់ ១ខ្នង និងមានតែកុដិ១ខ្នងប៉ុណ្ណោះដែលជាទីស្នាក់អាស្រ័យរបស់ព្រះសង្ឃចំនួន ៧អង្គ គង់នៅវត្តនេះផ្ទាល់។

ព្រះតេជព្រះគុណ ឈូ វាសនា មានថេរដីកាបន្តថា ក្រោយពេលដែលភ្លើងបានឆេះកុដិរួចមក ព្រះសង្ឃក្នុងវត្តនេះកំពុងជួបការលំបាកខ្លាំង ព្រោះមិនមានទីសម្រាប់គង់អាស្រ័យ ខណៈស្បៀងអាហារក៏មិនមានគ្រប់គ្រាន់នោះដែរ។

ព្រះតេជព្រះគុណ ឈូ វាសនា មានថេរដីកាថា៖ «ទី១ អត់មានបច្ច័យសម្រាប់ធ្វើចង្ហាន់ លោកឈឺ អាពាធអី អត់មាន! ហើយសម្ភារ ដូចជាស្បង់ចីវរ គឺអត់មានទេ ឆេះអស់ មានតែមួយសម្រាប់ព្រះកាយព្រះអង្គ មួយអង្គមួយៗ តែប៉ុណ្ណឹង។ ភួយអី កន្សែងអី ឆេះអស់! ហើយស្បៀង ​ដូចជា មី ត្រីខ អីនៅលើកុដិហ្នឹង ឆេះអស់។ ប្រឈមមុខការខ្វះខាតចង្ហាន់ និងរបស់ប្រើប្រាស់ប្រចាំថ្ងៃ»។

ជាមួយគ្នានេះ លោក លឹម សាន វ័យ៧២ឆ្នាំ​ ជាអាចារ្យប្រចាំវត្តសិលារតនារាម បានប្រាប់វីអូឌីថា វត្តនេះ​បានសាងសង់ក្នុងឆ្នាំ២០២១ ដែលមានទីតាំងស្ថិតនៅក្នុងភូមិឡាកាយ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ជាប់ព្រំដែនប្រទេសលាវ។ លោកថា មូលហេតុដែលមានការកសាងវត្តក្នុងពេលថ្មីៗនេះ ​ដោយសារតែប្រជាពលរដ្ឋនៅតំបន់នោះ ចង់បានវត្តអារាម និងព្រះសង្ឃ ជាជនជាតិខ្មែរ ព្រោះតំបន់នោះជាប់ព្រំដែនប្រទេសលាវ ហេតុដូច្នេះមិនមានវត្តអារាមជារបស់ខ្មែរនោះទេ។ លោកថា ព្រះសង្ឃបាននិមន្តពីខេត្តផ្សេងៗ បានមកគង់នៅក្នុងវត្តមួយនេះ។ បន្ថែមលើនេះ លោកថា វត្តដែលទើបកសាងថ្មីនេះ​ ស្ថិតនៅតំបន់ដាច់ស្រយាល ហើយផ្លូវដែលចូលទៅកាន់វត្តក៏ជាបញ្ហាប្រឈមផងដែរ ដោយសារតែពិបាកធ្វើដំណើរ មានជង្ហុក និងភក់ជ្រាំ ក្នុងរដូវវស្សា។

លោកបន្តថា៖ «កសាង [វត្ត] ខ្វះខាតណាស់! អូនឯងមកមើលផ្ទាល់បានដឹង! មានតែសាលាបុណ្យមួយល្ហល្ហេវ អត់ទាន់មានជញ្ជាំង! បើមើលរូបបង្ហោះ [ផ្សព្វផ្សាយតាមបណ្ដាញសង្គម] ដឹងហើយ! អត់មានទេ កំសត់ណាស់ ទើបកសាង។ ព្រះអង្គទើបមកគង់បាន[មិនដល់]២វស្សាទេ! បើបូកសរុបទៅ ទើបបាន១ឆ្នាំកន្លះទេ»។

លោក លឹម សាន លើកឡើងថា ស្របពេលដែលមានករណីអគ្គិភ័យកើតឡើងបែបនេះ បណ្តាលឱ្យព្រះសង្ឃកាន់តែជួបការលំបាកបន្ថែមទៀត ហើយថា អាជ្ញាធរខេត្តមិនទាន់ផ្តល់ជំនួយដល់វត្តដែលជួបគ្រោះអគ្គិភ័យនេះនៅឡើយទេ។ លោកបានអំពាវនាវឱ្យសប្បុរសជនជួយឧបត្ថម្ភជាជំនួយប្រគេនព្រះសង្ឃ សម្រាប់កសាងកុដិថ្មី ដោយលោកបារម្ភថា រដូវវស្សាមកដល់ ព្រះសង្ឃនឹងមិនមានទីសម្រាប់គង់អាស្រ័យនោះទេ។​

លោកថា៖ «ខ្ញុំសូមអំពាវនាវដល់សប្បុរសជនទាំងអស់នៅទូទាំងប្រទេស ដើម្បីជួយកសាងកុដិ ឱ្យព្រះអង្គបានគង់នៅស្រួល ព្រោះអីនៅរដូវស្សានោះមានភ្លៀងផ្គរធ្លាក់។ ហើយបើយើងមានព្រះសង្ឃគង់ប្រថាប់ដល់៧អង្គ អត់មានកុដិហ្នឹង មកគង់នៅតែលើសាលា[ឆាន់] ពេលបុណ្យទាន ក៏មានផលលំបាកដែរ»។

បើតាមលោក លឹម សាន ផ្ទៃដីវត្តសិលារតនារាម មានទំហំប្រមាណ៦ហិកតា ហើយចម្ងាយផ្លូវពីទីរួមខេត្តស្ទឹងត្រែង ទៅកាន់វត្តមានចម្ងាយប្រមាណ ១៥០គីឡូម៉ែត្រ។

យ៉ាងណាក្តី ពាក់ព័ន្ធករណីនេះ ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តស្ទឹងត្រែង លោក មៀច អ៊ាង មានប្រសាសន៍ថា លោកទទួលបានព័ត៌មាននៃការឆាបឆេះកុដិព្រះសង្ឃនេះរួចហើយ ប៉ុន្តែលោកថា ក្នុងនាមអាជ្ញាធរខេត្ត គឺមិនទាន់មានថវិកាជាតិ ដែលតម្រូវឱ្យជួយករណីអគ្គិភ័យនេះទេ។

លោកថា៖ «យើងកំពុងតែគិតគូរការងារហ្នឹងដែរ! យើងដឹងហើយថា វត្តអារាមនៅលើសទ្ធារបស់ពុទ្ធបរិស័ទ។ យើងគ្មានកញ្ចប់ថវិកាជាតិណាសម្រាប់ទៅកសាងទេ! គ្រប់សាសនាទាំងអស់ គឺមានតែសប្បុរសជន ជាពិសេសបរិស័ទនៃសាសនានីមួយៗហ្នឹងហើយជាអ្នកជួយ»។

ទោះជាយ៉ាងណាក្តី ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍ និងសន្ដិភាព លោក យង់ គិម​អេង ថ្លែងថា នៅពេលដែលប្រជាពលរដ្ឋជួបគ្រោះមហន្តរាយណាមួយកើតឡើងនោះ រដ្ឋាភិបាលគឺជាអ្នកទទួលខុសត្រូវ ផ្តល់ជំនួយដល់ជនរងគ្រោះដើម្បីធានាពីសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋគ្រប់ៗរូបដែលពួកគេត្រូវការ ដូចជា ស្បៀងអាហារ ទីជម្រក សម្ភារប្រើប្រាស់ប្រចាំថ្ងៃ ជាដើម។

បន្ថែមលើនេះ លោកបានជំរុញទៅអាជ្ញាធរគួរផ្តល់ជំនួយប្រគេនព្រះសង្ឃដែលកំពុងរងគ្រោះដោយសារភ្លើងឆេះកុដិ ក្នុងវត្តសិលារតនារាមនេះ ឱ្យបានឆាប់រហ័ស ​ដោយមិនគួរទុកឱ្យព្រះសង្ឃចាំតែជំនួយពីសប្បុរសជននោះទេ។ លោកថា ការអូសបន្លាយពេលយូរក្នុងការជួយបែបនេះ គឺជាការគេចវេះ មិនទទួលខុសត្រូវរបស់អាជ្ញាធរក្នុងតំបន់ដែលកើតហេតុនោះ។

លោកបន្ថែមថា៖ «អ៊ីចឹងទេ ជុំវិញបញ្ហាហ្នឹង ខ្ញុំថាព្រះសង្ឃក៏ជាមនុស្ស ហើយក៏ជាពលរដ្ឋដូចគ្នាដែរ! ទាល់តែមានការជួយដោះស្រាយពីអាជ្ញាធរ អ៊ីចឹងដែរ។ បើសិនជាអាជ្ញាធរមិនអើពើ មិនជួយដោះស្រាយទេ នឹងធ្វើឱ្យព្រះសង្ឃនឹងមានការលំបាកសម្រាប់ការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ព្រោះអីយើងទៅពឹងពុទ្ធបរិស័ទណាទាន់! រឿងអស់ហ្នឹង អាជ្ញាធរត្រូវតែដោះស្រាយហើយ»។

ច្បាប់ស្តីពីការបង្ការ និងការពន្លត់អគ្គីភ័យ មាត្រា២៥ ចែងថា៖ «រដ្ឋទទួលខុសត្រូវដោះស្រាយទីកន្លែង ជម្រកស្នាក់នៅបណ្តោះអាសន្ន និងដោះស្រាយជីវភាពសង្គម ដោយសារអគ្គិភ័យ»៕