បុរស​មានមាឌតូចល្អិត សំម្បុរខ្មៅស្រអែម​ម្នាក់​​ កំពុងអង្គុយញុំាកាហ្វេ​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង​នៅ​រាជធានីភ្នំពេញ កំពុងប្រើ​បណ្តាញ​សង្គម​ហ្វេសប៊ុកជាមួយ​ទឹក​មុខ​ញញឹម​ស្រស់​ស្រាយ​។

ស្របពេលអូស​ហ្វេសប៊ុកចុះ​ឡើងៗ ក៏បាន​ឃើញ​​ព័ត៌មាន​ចែកចាយ​លើ​បណ្តាញ​សង្គម ដែល​ជា​រឿង​មិន​គួរ​ឲ្យ​ជឿ និង​ចែក​រំលែក​ទាល់​តែ​សោះ ព្រោះ​មើល​ទៅ​វា​គ្មាន​ប្រភព​ច្បាស់​លាស់​ណា​ដែល​គួរ​ឲ្យ​ទុកចិត្ត​ទាល់​តែ​សោះ។

ហ្វេសប៊ុក គឺជាបណ្តាញ​សង្គម​មួយ​ដែល​មនុស្ស​គ្រប់​គ្នា ប្រើ​សម្រាប់​ចែក​រំលែក​ពី​អារម្មណ៍​សប្បាយ​រីករាយ ការ​កើត​ទុក្ខ ការជួប​ជុំ ឬព័​ត៌មាន​អ្វីៗ​ដែល​មនុស្ស​​ម្នាក់ៗ ចង់​ឲ្យ​អ្នក​ដទៃ​បាន​ដឹង​ និង​បាន​ឃើញ។ ជាង​នេះទៅ​ទៀត ហ្វេសប៊ុក​គឺ​ជា​ប្រភព​ព័ត៌មា​នចម្រុះ មិន​ថា​ព័ត៌មានកីឡា ការកំសាន្ត នយោ​បាយ ជម្លោះដីធ្លី គ្រោះថ្នាក់​ចរាចរណ៍ គ្រឿងញៀន ការអភិវឌ្ឍនា​នា​របស់​រដ្ឋាភិបាល ទុក្ខ​លំបាក​របស់​ប្រជាជន និង​បញ្ហា​ផ្សេងៗ​ទៀត​ជាច្រើន។       

ប៉ុន្តែបើ​យើង​ក្រលេក​ទៅមើល​ព័ត៌មា​ន​លើ​ហ្វេសប៊ុក យើង​ក៏​បាន​មើលឃើញ​ថា ព័ត៌មានមួយចំនួន មិនមែន​ជា​ការពិតដែលវាអាចបង្ក​គ្រោះថ្នាក់​សម្រាប់​អ្នកលេង ហ្វេកប៊ុក ក្នុងយកព័ត៌មានទាំងនោះ ទៅប្រើប្រាស់ក្នុងផ្លូវអាក្រក់ណាមួយ ដូចជាការលាបពណ៌ ការបង្អាប់ ការរើសអើង ឬចោទ​ប្រកាន់​ទៅ​លើ​បុគ្គល​ណា​​ម្នាក់ ​ដើម្បី​ផល​ប្រយោជន៍​អ្វី​មួយ​របស់​អ្នកដែល​បង្កើត​ព័ត៌មាន​ក្លែង​ក្លាយ (Fake News) ទាំង​នោះ។

ដូច្នេះ​ប្រសិនបើចង់​ដឹងថា តើព័ត៌មាននោះ​ក្លែងក្លាយ ឬពិត សូមតាមដាន​នូវ​ចំណុច​មួយ​ចំនួន​នៅ​ខាង​ក្រោម​នេះ​៖ 

ទី១ មើល​ទៅលើ​ចំ​ណង​ជើង៖ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ គឺចំណង​ជើង​មាន​ភាពទាក់ទាញជ្រុលពេក ដើម្បី​ឲ្យ​អ្នក​ដទៃ​ចូល​ទៅ​មើល​ក្នុង​ការ​ទាញ​យក​ផល​ប្រយោជន៍​ណាមួយ ប៉ុន្តែ​ព័ត៌មា​ន​ពិត គឺ​ចំណង​ជើង​មាន​ភាព​ច្បាស់​លាស់ និ​ងមា​ន​អ្នកពាក់ព័ន្ធ​ត្រឹមត្រូវ។

ទី២​ ពេលចូលទៅមើលអត្ថន័យ៖ ចំពោះព័ត៌មានក្លែងក្លាយ គឺមិនមានប្រភពច្បាស់លាស់ មិនមាន​កាល​បរិច្ឆេទ និង​ឈ្មោះអ្ន​ក​សរសេ​រត្រឹមត្រូវ​ ហើយអក្ខរាវិរុទ្ធ​ខុស​ច្រើន។​ ចំណែក​ព័ត៌មាន​ពិត​វិញ គឺ​ឈ្មោះ​អ្នកសរសេរពិត​មានកាលបរិច្ឆេទត្រឹមត្រូវ មានប្រភពច្បាស់លាស់ រួមទាំងឯកសារយោង សម្តី​របស់​បុគ្គល​ណាម្នាក់ ឬ​អ្នក​ពាក់ព័ន្ធ ទីតាំង និងរូបថត​មាន​ភាព​ច្បាស់លាស់ ជាមួយអក្ខរាវិរុទ្ធត្រឹម​ត្រូវ។​

ទី៣ ប្រភពព័ត៌មាន៖ ចំពោះព័ត៌មានក្លែងក្លាយគឺ ភាគច្រើនចេញពីអាខោនហ្វេកប៊ុក ដែល​គ្មាន​ឈ្មោះ ឬរូបថតត្រឹមត្រូវ ចំណែក​ឯព័ត៌មានពិត គឺចេញ​ពី​ស្ថាប័ន​ព័ត៌មាន​ណាដែ​លមា​ន​ចុះបញ្ជី​ស្រប​ច្បាប់​​ទាំងជាតិ និងអន្តរជាតិ អាចជាទំព័រហ្វេស​ប៊ុក ឬ​បណ្តាញ​សង្គម​ផ្សេង​ទៀត​របស់​ស្ថាប័ន​រាជ​រដ្ឋាភិបាល ឬថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងបុគ្គលសំខាន់ៗមួយចំនួនទៀត។ 

ដើម្បីចូលរួម​លុបបំបាត់​ព័ត៌មានទាំងឡាយណាដែលមិនមែនជា​ការពិត ឬហៅថា Fake News គឺ​យើង​ចូលរួ​មប្រាប់​ដល់អ្នកមិនបានដឹងពីរឿងហេតុដែលកើតឡើងណាមួយ ឲ្យ​គាត់​ព្យាយាម​រក​មើល​ប្រភព​ច្បាស់​លាស់​​អាចជឿទុកចិត្តបាន​ និងប្រាប់អ្នកដទៃកុំចែករំលែកបន្ត ពីព្រោះអ្នកបង្កើត​ព័ត៌មាន​ក្លែងក្លាយ មានគោលបំណងទាញយកផលប្រយោជន៍ណាមួយ​សម្រាប់ខ្លួនគេ ហើយ​ភាគ​ច្រើន មិនមែន​ជា​ចេតនា​ល្អ​នោះទេ​។​ ហើយរឿងដែលល្អបំផុត ដែល​អាច​ចួលរួម​លុប​បំបាត់​ព័ត៌មា​ន​ក្លែង​ក្លាយ​បាន គឺ «Report» លើព័ត៌មាន ឬគណនី​សង្គម​ណា​ ដែលបានបង្ហោះនោះតែម្តង ។

«ចួលរួម លុបបំបាត់ព័ត៌មានក្លែងក្លាយ គឺជាការល្អ​បំផុត ក្នុងការជួយសង្គមជាតិ»