«ជីវិតគឺជាការតស៊ូ» ប៉ុន្តែការតស៊ូខ្លះហាក់បីដូចជា គ្មានទីបញ្ចប់ ស្រពិចស្រពិល គ្មានកោះគ្មានត្រើយ និងនឿយហត់ ឥតស្រាកស្រាន ទោះបីជាជីវិតនោះជិតអស់ទៅវិញទៅហើយក៏ដោយ។
ជារៀងរាល់ព្រឹកប្រសិនបើអ្នកធ្វើដំណើរតាមតំបន់ផ្សារផ្សេងៗនៅតាមទីក្រុងភ្នំពេញ ជាពិសេសនៅតំបន់ផ្សារចាស់និងផ្សារកណ្តាល អ្នកច្បាស់ជាបានឃើញអ្នករត់ស៊ីក្លូដែលមានវ័យចំណាស់ៗជាច្រីន អង្គុយនៅលើស៊ីក្លូរង់ចាំភ្ញៀវដោយទឹកមុខនឿយហត់លាយឡំជាមួយនិងក្តីសង្ឃឹមនៅក្នុងចិត្ត។ ចំនែកឯពេលរាត្រីវិញ អ្នកក៏ប្រហែលជាអាចឃើញពួកគាត់នៅម្តុំនោះដូចគ្នា ប៉ុន្តែស៊ីក្លូរបស់ពួកគាត់បានប្រែក្លាយជាគ្រែនិងផ្ទះរបស់ពួកគាត់ទៅវិញ។ មួយចំនួនធំ គឺពួកគាត់សម្រាកនៅលើស៊ីក្លូរបស់ពួកគាត់ដោយយកដៃជាខ្នើយកើយ យកអាវធ្វើជាភួយ ជាមួយនឹងការប្រើបន្ទប់ទឹកសាធារណៈសម្រាប់តម្រូវការប្រចាំថ្ងៃ។
សម្រាប់អ្នកប្រកបរបរជាអ្នកធាក់ស៊ីក្លូ គឺជាឆ្នាំងបាយ ជាផ្ទះ ជាមិត្តភក្តិ និងជាក្តីសង្ឃឹមសម្រាប់ខ្លូនឯង ក្រុមគ្រួសារ និងថ្ងៃអនាគត។ អ្នកប្រកបរបរនេះភាគច្រើនមកពីបណ្តាខេត្តឆ្ងាយៗ ដែលពួកគាត់មានបញ្ហាជីវភាពខ្វះខាតខ្លាំង ហើយពួកគាត់ភាគច្រើនមានវ័យចំណាស់ ចាប់ពីអាយុ ៥០ ដល់ ៨០ឆ្នាំប្លាយ។ដោយសារកត្តាធនធាន ចំណេះដឹង និង កម្លាំងថាមពលមានកម្រិត ពួកគាត់មានឱកាសតិចតួចណាស់ក្នុងការស្វែងរកការងារល្អដែលមានប្រាក់ចំណូលសមរម្យ ហេតុនេះទើបពួកគាត់បានសម្រេចចិត្តចាប់អាជីព ជាអ្នកធាក់ស៊ីក្លូដែលមានប្រាក់កម្រៃតិចតួច ជាមួយនិងការស្នាក់នៅលើស៊ីក្លួក្រោមសំយាបផ្ទះអ្នកដ៏ទៃ។
ជាក់ ស្តែង ដូច ជាលោកតា ងួន សុខ មកពីខេត្ត ស្វាយរៀង ដែល មាន សក់ ស ជ្រោង និង សម្លេង មិនសូ វច្បាស់ ដោយ សារក្នុង វ័យ៨៨ឆ្នាំ ទៅហើយ នោះ បានប្រកប របរ នេះចាប់តាំងពីជំនាន់ប៉ុលពតបានបញ្ចប់។ជីវិតលោកតានាពេលនេះគឺពឹងផ្អែកទាំងស្រុងទៅលើរបរនេះព្រោះលោកតាមានវ័យចំណាស់ ហើយមិនអាចរកការងារអ្វីផ្សេងបានទៀតទេ មានតែកម្លាំងបាយ។ ចំណែកឯការងារស្រែចំការវិញគឺលោករឹតតែពិបាកនឹងធ្វើព្រោះវាត្រូវការកម្លាំងខ្លាំងនិងប្រាក់កាសជាច្រើន។
មូលហេតុចម្បងនៅពីក្រោយជីវិតតស៊ូ ជូរចត់ ធ្វើការតាំងពីព្រលឹមទល់ព្រលប់នេះគឺលោកតាងួន សុខ ត្រូវរកប្រាក់ដើម្បីព្យាបាលជំងឺប្រពន្ធរបស់គាត់គឺលោកយាយ ម៉ា ឡៃ អាយុ ៧៧ ឆ្នាំ ដែលមានជំងឺដំបៅជើង អស់រយៈពេលជាច្រើនឆ្នាំមកហើយ មកទល់ពេលនេះអាការៈរបស់លោកយាយនៅតែមិនទាន់មានភាពប្រសើរឡើងនូវឡើយដោយសារបញ្ហាលទ្ធភាព។ គាត់មិនអាចទទួលបានការព្យាបាលទៀងទាត់និងត្រឹមត្រូវ។
អាជីពនេះមិនអាចផ្តល់នូវប្រាក់ចំណូលគ្រប់គ្រាន់ក្នុងការរស់រានមានជីវិតនៅក្នុងទីក្រុងស៊ីវិល័យ និងធ្វើការប្រកួតប្រជែងជាមួយទីផ្សារនាពេលបច្ចុប្បន្នដែលពោរពេញទៅដោយវិធីសាស្ត្រទំនើបក្នុងការធ្វើដំណើរបានលឿននិងឆាប់រហ័សបានឡើយ។ ជាហេតុដែលធ្វើអោយលោកតានិងអ្នកធាក់ស៊ីក្លូដ៏ទៃទៀតមានការព្រួយបារម្មណ៍ជាខ្លាំង ព្រោះចំណូលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែតិចទៅៗ។ ចំណែកឯការចំណាយកាន់តែខ្ពស់ទៅៗ ជីវិតនាពេលនេះប្រៀបដូចជាហែលក្នុងទឹកសមុទ្ទដ៏ធំល្វឹងល្វើយ ហើយកាន់តែជ្រៅទៅៗ ឆ្ងាយទៅៗ មើលកោះមើលត្រើយពុំឃើញ។ ខ្សែជីវិតរបស់គាត់នាពេលនេះកំពុងប្រឈមជាខ្លាំងក្នុងការហូបចុកប្រចាំថ្ងៃ គ្មានកន្លែងរស់នៅដែលសមស្រប ការថែទាំសុខភាពឱ្យបានត្រឹមត្រូវ ដូចជនដ៏ទៃដែលគួរតែទទួលបានការទំនុបបម្រុងពីក្រុមគ្រូសារ និងសង្គម ព្រោះក្នុងវ័យមួយដែលចាស់និងធ្វើការអស់ជាច្រើនទសវត្សមកហើយនោះ គប្បីទទួលបានការសម្រាកទាំងផ្លួវកាយនិងផ្លូវចិត្ត។
យ៉ាងណាមិញអ្នកធាក់ស៊ីក្លូនៅកម្ពុជាក៏បានទទួលជំនួយ ជាលុយកាក់ចំនួន៧០០០រៀលក្នុងមួយថ្ងៃនិងបណ្ណសមាជិកសម្រាប់សេវាសុខភាពដោយឥតបង់ថ្លៃ ពីរដ្ឋាភិបាល និង ជំនួយផ្សេងៗពីអង្គការមនុស្សធម៌ និង សប្បុរសជនផងដែរ។
ប៉ុន្តែបើយើងក្រឡេកមកមើលស្ថានភាពបច្ចុប្បន្ន និងជិវិតពិត តើចំណូលប្រចាំថ្ងៃនិងជំនួយឧបត្ថម្ភទាំងនោះអាចឱ្យពួកគាត់ហែលឆ្លងសមុទ្ទជីវិត ដែលពោរពេញទៅដោយព្យុះភ្លៀង បោកបក់នេះបានដែរឬទេ? តើក្បូនជីវិតដែលមានទម្ងន់នៃទុក្ខដ៏ធ្ងន់នេះ នឹងត្រួវបានរសាត់អណ្តែត ឬ លិចបាត់ទៅដល់ទីណា?