ពេល​និយាយពីប្រវត្តិសាស្ត្រ ទំនោរម្មណ៍​របស់​យុវជន​កម្ពុជា​សព្វថ្ងៃ​ហាក់​មិន​ចាប់​អារម្មណ៍ មិន​ខ្វល់​ខ្វាយ ចង់ដឹង ចង់រៀន និង​ចង់​សិក្សា​ពី​ប្រវត្តិសាស្ត្រ​របស់​ជាតិ​ខ្លួនឯង​ឡើយ។ ដោយ​មើល​ឃើញ​ពី​ការធ្លាក់​ចុះ​នៃ​​ការ​សិក្សាប្រវត្តិសាស្ត្រ​បែប​នេះ​ហើយ ទើប​អ្នក​ឯកទេស​ផ្នែក​ប្រវត្តិ​សាស្ត្រ​លើកឡើង​​ថា នៅ​ពេល​ដែល​ប្រជាជន​ប្រទេស​មួយ​មិន​ចេះ​ប្រវត្តិសាស្ត្ររបស់ខ្លួន​ឯង នោះ​នឹង​ធ្វើ​ឲ្យ​មាន​ហានិភ័យ​ធំ​នា​ថ្ងៃ​អនាគត។

លោក សំបូរ មាណ្ណារ៉ា សាស្រ្តាចារ្យ​ផ្នែកប្រវត្តិសាស្ត្រ​នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា មាន​ប្រសាសន៍​ថា ការសិក្សា​ប្រវត្តិសាស្ត្រ នាំឲ្យ​យើង​មាន​មោទនៈភាព​ជាតិ យល់​ដឹង​ពី​ការការពារ​ខ្លួន​ឯង និង​យល់​ដឹង​ពី​ការអភិវឌ្ឍ​ខ្លួនឯង​ដើម្បី​ជាតិ។

លោក​ថា៖ «ការដែល​យុវជន​បច្ចុប្បន្ន​មិន​ចាប់​អារម្មណ៍​រៀន​ប្រវត្តិសាស្ត្រ មិនមែន​ជា​កំហុស​របស់​ពួកគាត់​នោះ​ទេ គឺ​កត្តា​សង្គម​ទាំងមូល​តែ​ម្តង​ដែល​មិន​បណ្តុះ​ពូជ​ប្រវត្តិសាស្ត្រ​ក្នុង​ខួរក្បាល​យុវវ័យ ខួរ​ក្បាល​កុមារ។ យើង​បណ្តុះ​ពូជ​បែប​ណា? បង្រៀន​គ្រាន់​តែ​ឲ្យ​ដឹង? ឬ​បង្រៀន​ឲ្យ​ទៅ​ជា​អ្នក​រៀន ឬ​អ្ន​ក​គិត? វា​អត់​មាន យើង​គ្រាន់​តែ​ឲ្យ​ដឹងៗៗៗៗ​តែប៉ុណ្ណោះ»។

សាស្រ្តាចារ្យ​ប្រវត្តិ​សាស្រ្ត​រូប​នេះ​បន្ថែម​ថា នៅ​ពេល​ដែល​ប្រជាជន​​​មិន​ចេះ​ប្រវត្តិសាស្ត្ររបស់ខ្លួន​ឯង នោះ​នឹង​ធ្វើ​ឲ្យ​មាន​ហានិភ័យ​​សម្រាប់​ជាតិ​​នា​ថ្ងៃ​អនាគត។

«នៅ​ពេល​ដែល​ប្រជាជន​មិន​ចេះ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ឯង គឺ​មាន​ហានិភ័យ​ធំ​ណាស់ ព្រោះ​គាត់​អត់​ដឹង​ថា​ត្រូវ​ធ្វើអី​ទៅ​ថ្ងៃ​អនាគត គាត់​ទៅ​ជា​មនុស្ស​ស្ថិត​នៅ​ក្នុង​ហានិភ័យ​ខ្ពស់​បំផុត ព្រោះ​គាត់​អត់​ដឹង​ត្រូវ​ជួយ​ជាតិ និង​សង្គម​គាត់​បែប​ម៉េច។ គាត់​ដឹង​តែ​ចាំ​គេ​ប្រាប់ គាត់​ជា​មនុស្ស​មួយ​ដែល​ដេក​ចាំ​គេ​ដាស់ គឺជា​មនុស្ស​មួយ​ដែល​ដេក​មិន​ព្រម​ក្រោក​ខ្លួន​ឯង ដេក​ចាំ​តែ​គេ​ដាស់​ ព្រោះ​គាត់​អត់​មាន​អី​ខ្លួន​ឯង​ដើម្បី​ងើប»។

កញ្ញា សន សក្ក័សូលីដា  អាយុ២០​ឆ្នាំ ជានិស្សិត​ឆ្នាំទី​៤ មកពី​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិ​ត្រសិ​ល្បៈ    ផ្នែក​ស្ថាបត្យកម្ម និង​នគរូបនីវិ​ទ្យា​លើកឡើង​ថា ការចេះ​ដឹង​ប្រវត្តិសាស្ត្រ នឹង​នាំ​ឲ្យ​យើង​ស្គាល់​ខ្លួន​ឯង​ថា​ជា​នរណា និង​យល់​ដឹង​នូវ​អ្វី​ដែល​ជា​អត្តសញ្ញាណជាតិ​កាន់​តែ​ច្រើន។

កញ្ញា​ថា៖ «ក្នុង​ចំណោម​យុវជន​ខ្មែរ​សព្វថ្ងៃ អ្នក​ដែល​ចង់​ចេះ និង​ដឹង​នូវ​ប្រវត្តិសាស្ត្រ​នេះមា​ន​យ៉ាង​ច្រើន​គឺ​ត្រឹម​តែ​៤០%​ប៉ុណ្ណោះ។ ហើយ​វិធីសាស្ត្រ​ដើ​ម្បី​ទាញ​ពួកគេ​ងាក​មក​ចាប់​អារម្មណ៍ សិក្សា​រៀន​សូត្រ​នូវ​ប្រវត្តិសាស្ត្រ គឺ​យើង​ត្រូវ​តែ​នាំ​គ្នា​ជួយ​ផ្សព្វផ្សាយ​នូវ​សារៈសំខាន់ និង​ប្រាប់​ហេតុ​ផល​ថា តើ​ហេតុអ្វី​យើង​ត្រូវ​សិក្សា ​រៀន និង​យល់​ដឹង​នូវ​ប្រវត្តិសាស្ត្រ»។

ចំណែក​​លោក ធូ រិទ្ធិ និស្សិត​ផ្នែក​ប្រវត្តិសាស្ត្រ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​និយាយ​ថា ការ​សិក្សា​ប្រវត្តិ​សាស្ត្រ​គឺ​បីដូចជា​កញ្ចក់​សម្រាប់​ឆ្លុះ​បញ្ចាំង​នូវ​កំហុស​ពី​អតីតកាល​ដើម្បី​ឲ្យ​យើង​អាច​គេច​ផុត​ពី​ការជាន់​ដាន​នៃ​កង់​ប្រវត្តិសាស្ត្រ​ដែល​បម្រុង​កើត​ឡើង ហើយ​ទាញ​យក​រាល់​ចំណុច​វិជ្ជមាន​នៃ​ប្រវត្តិសាស្ត្រ​មក​អនុវត្តន៍​នា​ពេល​បច្ចុប្បន្ន​ភាព​នៃ​ជីវិ​ត​មនុស្ស​ផង​ដែរ។

លោក រិទ្ធិថា៖ «ការសិក្សា​ពី​ប្រវត្តិ​សាស្ត្រ​គឺជា​រឿង​មួយ​ដ៏​សំខាន់ ប្រសិនបើ​ប្រជាជាតិ​មួយ​មិន​ស្គាល់​ពី​​ប្រវត្តិ​សាស្ត្រ​នោះ​ទេ ហាក់​ដូចជា​មនុស្ស​ខ្វាក់​អញ្ចឹង ឬ​ក៏​ជា​មនុស្ស​ដែល​បាត់​ការចងចាំ មិន​ស្គាល់ពី​កំណើត​របស់​ខ្លួន»។

លោក រិទ្ធិ បន្ថែមថា យុវជន​កម្ពុជា​សព្វថ្ងៃនេះ​គឺ​មាន​ភាគតិច​ណាស់​ដែ​ល​ចាប់អារម្មណ៍​ចង់​រៀន ចង់​ចេះ​ដឹង​នូវ​ប្រវត្តិសាស្ត្រ។ ការរួមគ្នា​នាំ​គ្នា​បណ្តុះ​ឆន្ទៈ​ឲ្យ​យុវជន​ស្រលាញ់​ប្រវត្តិសាស្ត្រ ​ហើយ​និង​មាន​ការជួយ​ជ្រោមជ្រែង និង​បើក​ទូលាយ​របស់​រដ្ឋាភិបាល​សម្រាប់​យុវជន​ដែល​ចង់​សិក្សា​ប្រវត្តិសាស្ត្រ​ គឺ​ជា​​វិធីសាស្រ្ត​ដែល​អាច​ទាញ​​ការចាប់អារម្មណ៍​របស់​ពួកគេ​បាន៕​