«ជីវិត​គឺជាការ​តស៊ូ»​ ប៉ុន្តែ​ការតស៊ូ​ខ្លះ​ហាក់​បីដូចជា​ គ្មាន​ទីបញ្ចប់ ស្រពិច​ស្រពិល គ្មានកោះគ្មានត្រើយ​ និង​នឿយ​ហត់ ឥតស្រាកស្រាន ទោះបីជា​ជីវិតនោះជិតអស់​ទៅវិញ​ទៅហើយក៏ដោយ។

ជារៀងរាល់​ព្រឹក​ប្រសិនបើ​អ្នកធ្វើដំណើរ​តាមតំបន់​ផ្សារផ្សេងៗ​នៅតាម​ទីក្រុង​ភ្នំពេញ ជាពិសេស​នៅតំបន់ផ្សារចាស់​និងផ្សារកណ្តាល អ្នកច្បាស់​ជាបានឃើញ​អ្នករត់ស៊ីក្លូ​ដែលមានវ័យចំណាស់ៗ​ជាច្រីន អង្គុយនៅលើ​ស៊ីក្លូ​រង់ចាំភ្ញៀវ​ដោយ​ទឹកមុខ​នឿយហត់​លាយឡំជាមួយ​និងក្តីសង្ឃឹម​នៅក្នុង​ចិត្ត។ ចំនែក​ឯពេល​រាត្រី​វិញ អ្នក​ក៏​ប្រហែលជា​អាច​ឃើញ​ពួកគាត់​នៅម្តុំ​នោះដូចគ្នា ប៉ុន្តែ​ស៊ីក្លូ​របស់​ពួកគាត់​បាន​ប្រែក្លាយ​ជាគ្រែ​និងផ្ទះ​របស់​ពួកគាត់​ទៅវិញ។ មួយចំនួនធំ គឺពួកគាត់​សម្រាក​នៅលើស៊ីក្លូ​របស់​ពួកគាត់​ដោយ​យក​ដៃ​ជាខ្នើយ​កើយ យក​អា​វធ្វើ​ជាភួយ  ជាមួយ​នឹង​ការ​ប្រើ​បន្ទប់​ទឹក​សាធារណៈ​សម្រាប់​តម្រូវ​ការ​ប្រចាំថ្ងៃ។

សម្រាប់​អ្នកប្រកបរបរ​ជា​អ្នកធាក់​ស៊ីក្លូ គឺជា​ឆ្នាំងបាយ ជាផ្ទះ ជាមិត្តភក្តិ និងជាក្តីសង្ឃឹមសម្រាប់​ខ្លូនឯង ក្រុមគ្រួសារ និងថ្ងៃអនាគត។ អ្នកប្រកបរបរ​នេះ​ភាគច្រើន​មកពីបណ្តា​ខេត្តឆ្ងាយៗ ដែលពួកគាត់​មានបញ្ហា​​ជីវភាពខ្វះខាត​ខ្លាំង ហើយ​ពួកគាត់​ភាគច្រើន​មានវ័យ​ចំណាស់ ចាប់ពីអាយុ ៥០ ដល់ ៨០ឆ្នាំប្លាយ។​ដោយសារ​កត្តា​ធនធាន ចំណេះដឹង និង កម្លាំង​ថាមពល​មានកម្រិត ពួកគាត់​មានឱកាស​តិចតួច​ណាស់​ក្នុង​ការស្វែង​រកការងារ​ល្អដែល​មាន​ប្រាក់ចំណូល​សមរម្យ ហេតុនេះ​ទើប​ពួកគាត់​បានសម្រេច​ចិត្ត​ចាប់​អាជីព ជាអ្នកធាក់ស៊ីក្លូ​ដែល​មាន​ប្រាក់​កម្រៃ​តិចតួច ជាមួយ​និងការ​ស្នាក់នៅ​លើស៊ីក្លួ​ក្រោមសំយាប​ផ្ទះអ្នកដ៏ទៃ។

ជាក់ ស្តែង ដូច ជាលោកតា ងួន សុខ មកពីខេត្ត ស្វាយរៀង ដែល មាន សក់ ស ជ្រោង និង សម្លេង មិនសូ វច្បាស់ ដោយ សារក្នុង វ័យ៨៨ឆ្នាំ ទៅហើយ នោះ បានប្រកប របរ នេះចាប់តាំងពី​ជំនាន់​ប៉ុល​ពត​បាន​បញ្ចប់។​ជីវិតលោកតា​នាពេលនេះ​គឺពឹងផ្អែក​ទាំងស្រុង​ទៅលើរបរនេះ​ព្រោះលោកតា​មានវ័យ​ចំណាស់ ហើយមិនអាច​រកការងារ​អ្វីផ្សេង​បានទៀត​ទេ មានតែកម្លាំង​បាយ។ ចំណែកឯ​ការងារ​ស្រែចំការ​វិញគឺលោក​រឹតតែពិបាក​នឹងធ្វើ​ព្រោះវាត្រូវការ​កម្លាំង​ខ្លាំង​និងប្រាក់​កាស​ជាច្រើន។

មូលហេតុ​ចម្បង​នៅពីក្រោយ​ជីវិត​តស៊ូ ជូរចត់ ធ្វើការ​តាំងពី​ព្រលឹម​ទល់​ព្រលប់នេះ​គឺលោកតាងួន សុខ ត្រូវរក​ប្រាក់ដើម្បី​ព្យាបាល​ជំងឺ​ប្រពន្ធ​របស់​គាត់​គឺលោក​យាយ ម៉ា ឡៃ អាយុ ៧៧ ឆ្នាំ ដែល​មានជំងឺ​ដំបៅជើង អស់រយៈ​ពេលជាច្រើន​ឆ្នាំមក​ហើយ មក​ទល់​ពេលនេះ​អាការៈរបស់​លោកយាយ​នៅតែមិនទាន់​មានភាព​ប្រសើរ​ឡើង​នូវឡើយ​ដោយសារ​បញ្ហាលទ្ធភាព។ គាត់មិនអាច​ទទួល​បាន​ការព្យាបាល​ទៀងទាត់​និង​ត្រឹមត្រូវ។

អាជីព​នេះមិន​អាច​ផ្តល់នូវ​ប្រាក់ចំណូល​គ្រប់​គ្រាន់​ក្នុង​ការរស់​រាន​មាន​ជីវិត​នៅ​ក្នុង​ទីក្រុងស៊ី​វិល័យ​ និង​ធ្វើការ​ប្រកួត​ប្រជែង​ជាមួយ​ទីផ្សារ​នាពេលបច្ចុប្បន្ន​ដែលពោរពេញ​ទៅដោយ​វិធីសាស្ត្រ​ទំនើប​ក្នុងការ​ធ្វើដំណើរ​បានលឿន​និងឆាប់​រហ័ស​បានឡើយ។​ ជាហេតុ​ដែល​ធ្វើអោយលោក​តានិង​អ្នកធាក់​ស៊ីក្លូដ៏ទៃ​ទៀត​មានការព្រួយ​បារម្មណ៍​ជាខ្លាំង​ ព្រោះ​ចំណូល​ពីមួយថ្ងៃទៅ​មួយថ្ងៃ​កាន់តែតិច​ទៅៗ។ ចំណែក​ឯការ​ចំណាយកាន់​តែខ្ពស់​ទៅៗ ជីវិត​នាពេល​នេះប្រៀប​ដូចជា​ហែលក្នុង​ទឹក​សមុទ្ទ​ដ៏ធំ​ល្វឹងល្វើយ ហើយ​កាន់​តែជ្រៅទៅៗ​ ឆ្ងាយទៅៗ​ មើលកោះ​មើល​ត្រើយពុំឃើញ។​ ខ្សែជីវិត​របស់គាត់​នាពេលនេះ​កំពុង​ប្រឈម​ជាខ្លាំង​ក្នុងការហូប​ចុកប្រចាំ​ថ្ងៃ គ្មាន​កន្លែង​រស់នៅ​ដែល​សមស្រប ការថែ​ទាំសុខភាព​ឱ្យបាន​ត្រឹមត្រូវ ដូចជន​ដ៏ទៃដែល​គួរតែទទួល​បានការ​ទំនុប​បម្រុង​ពីក្រុមគ្រូសារ និងសង្គម ព្រោះ​ក្នុងវ័យ​មួយដែល​ចាស់​និងធ្វើការ​អស់​ជាច្រើន​ទសវត្ស​មកហើយ​នោះ គប្បី​ទទួល​បានការ​សម្រាក​ទាំងផ្លួវកាយ​និង​ផ្លូវចិត្ត។

យ៉ាងណាមិញ​អ្នកធាក់​ស៊ីក្លូ​នៅកម្ពុជា​ក៏បានទទួល​ជំនួយ ជាលុយ​កាក់​​ចំនួន​៧០០០រៀលក្នុងមួយថ្ងៃនិងបណ្ណ​សមាជិក​សម្រាប់​សេវាសុខភាព​ដោយ​ឥតបង់ថ្លៃ ពី​រដ្ឋាភិបាល និង ជំនួយផ្សេងៗ​ពីអង្គការ​មនុស្សធម៌ និង សប្បុរសជន​ផងដែរ។ 

ប៉ុន្តែ​បើយើង​ក្រឡេកមកមើលស្ថានភាព​បច្ចុប្បន្ន និងជិវិតពិត តើចំណូល​ប្រចាំថ្ងៃ​និងជំនួយ​ឧបត្ថម្ភ​ទាំងនោះ​អាចឱ្យពួកគាត់​ហែលឆ្លង​សមុទ្ទជីវិត ដែលពោរពេញ​ទៅដោយ​ព្យុះភ្លៀង បោកបក់​នេះបាន​ដែរ​ឬទេ? តើក្បូន​ជីវិត​ដែល​មានទម្ងន់​នៃទុក្ខ​ដ៏ធ្ងន់​នេះ ​នឹង​ត្រួវ​បានរសាត់​អណ្តែត ឬ លិចបាត់​ទៅដល់​ទីណា?