បើទោះបីជាច្រើនឆ្នាំកន្លងទៅនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឱ្យប្រើអាវុធស្វ័យប្រវត្តិ រហូតប្រើឧទ្ធម្ភាគចក្រដើម្បីទប់ស្កាត់បទល្មើសព្រៃឈើយ៉ាងណាក្តី តែសកម្មជនព្រៃឈើនៅតែប្រាប់មកថា សកម្មភាពលួចដឹកឈើក្នុងតំបន់ការពារព្រៃឡង់ នៅតែបន្តកើតមានដោយគ្រាន់តែបង់លុយឱ្យទៅមន្ត្រីប្រចាំការនៅទីនោះ ។
តាមអនុក្រឹត្ររបស់រដ្ឋាភិបាល ព្រៃឡង់លាតសន្ធឹងលើផ្ទៃដីជាង៤៣ម៉ឺនហិកតា តែរបាយការណ៍ខ្លះបង្ហាញថា ព្រៃឡង់មានទំហំជាង៦១ម៉ឺនហិកតា ផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋជាង២៥ម៉ឺននាក់ ភាគច្រើនជាជនជាតិដើមភាគតិចកួយ ។
ព្រៃឡង់លាតសន្ទឹងលើខេត្តចំនួន៤ គឺខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ ព្រៃស្រោងដ៏ធំមួយនេះ ត្រូវរដ្ឋាភិបាលដាក់ជាតំបន់ព្រៃការពារនៅឆ្នាំ២០១៦។
វិធាននេះ ក្រោយពីក្រុមអង្គការសង្គមស៊ីវិល សកម្មជនការពារព្រៃឈើ និងបរិស្ថាន បានរិះគន់បន្តបន្ទាប់ថា ការដែលរដ្ឋាភិបាលផ្តល់ដី សម្បទានដីសេដ្ឋកិច្ចទំហំជាង២៣ម៉ឺនហិកតា(២៣៤ ៧៨៤.០៨ ) សម្បទានរ៉ែលើទំហំដី ជាង២៦ម៉ឺនហិកតា(២៦៤ ៦៩៣.២៣ ) និង សម្បទានព្រៃឈើ ៨៨៤ ២០ ហិកតា គ្រប់គ្រងដោយក្រុមហ៊ុនឯកជនចំនួន៥៣ ជំរុញឱ្យមានបទល្មើសព្រៃឈើយ៉ាងគំហុក។
បណ្តាញសហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង លោក ខេង ខូ រៀបរាប់ប្រាប់នៅថ្ងៃទី២៦ ខែកក្កដាថា បទល្មើសក្នុងតំបន់ព្រៃឡង់នៅតែបន្តកើតមាន ដោយជនល្មើសបង់លុយឱ្យមន្រ្តីឧទ្យានុរក្សដែលឈរជើងនៅតំបន់ការពារព្រៃឡង់។
លោកនិយាយទៀតថា អ្នកលួចចូលកាប់ឈើបានបង់ប្រាក់១០ម៉ឺនរៀលក្នុងមួយគោយន្ត ឱ្យទៅមន្ត្រីជាថ្នូរនឹងបានដឹកឈេីចេញ មិនចាត់វិធានការច្បាប់។
«ខ្ញុំបានសាកសួរជនល្មើសថាបងឯងកាប់បំផ្លាញព្រៃឈើនឹងដឹកឈើអ៊ីចឹងមិនខ្លាចទេអី! ហើយគេថាខ្លាចអី! គេបានបង់ថិវកាឱ្យមន្រ្តីបរិស្ថានរួចហើយក្នុងមួយគោយន្តតម្លៃ១០ម៉ឺនរៀលជាថ្នូរនៃការដឹកឈើ»។
លោក ខេង ខូ បញ្ជាក់ថាការដែលលោកដឹងរឿងនេះ ដោយសារតែក្រុមលោកបានឆ្មក់ចូលល្បាតព្រៃឡង់ថ្មីៗនេះ បានជួបអ្នកដឹកឈើចេញពីព្រៃឡង់ចំនួន ៤ គោយន្ត មានប្រភេទឈើដួងចែម និងក្តារកកោះ ដែលមានប្រវែងចាប់ពី ៥ម៉ែត្រ ទៅ ៦ ម៉ែត្រ ដែលពួកគេប្រាប់ថាបានបង់លុយឱ្យមន្ត្រីប្រចាំការ ជាថ្នូរនឹងបើកផ្លូវឱ្យដឹកចេញ។
បើតាមសកម្មជនរូបនោះ ឈើដែលគេលួចដឹកចេញ តាមច្រកភូមិកេស ឃុំកាំងចាម ឆ្លងកាត់ស្នាក់ការប៊ុស្តិ៍ដូង ក្នុងឃុំកាំងចាម ឆ្ពោះទៅស្រុកសៀមបូក ដឹកបន្តតាមទូក យកទៅលក់នៅឯខេត្តក្រចេះ។
លោកថាពេលសាកសួរអ្នកចូលលួចដឹកឈើទាំងនោះថា លោកមិនខ្លាចមន្រ្តីបរិស្ថាន និងមន្រ្តីប៊ុស្តិ៍នគរបាលគេចាប់ខ្លួនដាក់ពន្ធនាគារ ឬធ្វើបាបទេអី ព្រោះសកម្មភាពបែបនេះ ជាការរំលោភច្បាប់ព្រៃឈើ។
លោក ខេង ខូ អាយុ៥០ឆ្នាំ បានចាត់ទុកសកម្មភាពបើកដៃរបស់មន្ត្រីនេះ ជាការបំផ្លាញធនធានធម្មជាតិក្នុងព្រៃការពារ ផ្ទុយទៅនឹងការខំប្រឹងប្រែងរបស់រដ្ឋាភិបាលដែលបានដាក់ព្រៃនេះជាតំបន់ការពារ ។
លោក ខេង ខូ និយាយថា៖«មន្រ្តីបរិស្ថាននៅតែប្រើអំពើពុករលួយឃុបឃុតគ្នាដើម្បីលក់ឈើរកផលចំណេញ នឹងរកប្រាក់ដាក់ហោប៉ៅរៀងៗខ្លួន មិនគិតពីផលប៉ះពាល់នៃបរិស្ថានទេ»។
តំណាងសហគមន៍មួយរូបទៀតគឺ លោក កែវ ប៊ុននី បាននិយាយថា អ្នកបញ្ជាគោយន្តដឹកឈើម្នាក់ទៀតប្រាប់ថា រូបគេក៏បានបង់លុយ១០ម៉ឺនរៀលឱ្យមន្រ្តីបរិស្ថានប្រចាំច្រកភូមិកេស ឃុំកាំងចាមទើបអាចដឹកឈើចេញបាន។
លោកថា៖«ជនល្មើសបានប្រាប់ខ្ញុំផ្ទាល់ថាគេបង់ឱ្យបរិស្ថានហ្នឹងមួយគោយន្ត១០ម៉ឺនរៀលថ្នូរនឹងថ្លៃបាយនិងថ្លៃម្ហូបរបស់គេ(មន្រ្តីបរិស្ថាន) គេយកទុកទិញម្ហូបទិញអីហូប»។
បុរសអាយុ៣០ឆ្នាំរូបនេះ និយាយទៀតថា គាត់សោកស្តាយចំពោះទង្វើមន្ត្រីដែលបណ្តែតបណ្តោយឱ្យមានការបំផ្លាញធនធានធម្មជាតិតាមរយៈទទួលសំណូក តែបែជាបិទខ្ទប់សហគមន៍ដែលស្រឡាញ់ធនធានធម្មជាតិ មិនឱ្យចូលល្បាតព្រៃ ដើម្បីទប់ស្កាត់បទល្មើសទៅវិញ ។
លោកថា៖«មន្រ្តីបរិស្ថាន មន្រ្តីប៉ូលីសប៊ុស្តិ៍បែរជាមិនជួយការពារបរិស្ថានទេបែរជាទៅការពារជនល្មើសឬបទល្មើសទៅវិញហើយព្យាយាមទប់ស្កាត់ពួកខ្ញុំមិនឱ្យចុះល្បាត។ ឃើញចឹងមានតែពាក្យថាសោកស្តាយដែលមន្រ្តីរបស់រដ្ឋគាត់មិនសូវមានចិត្តការពារធនធានធម្មជាតិរបស់រដ្ឋ»។
ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក អេង ភីរុង បដិសេធឆ្លើយនឹងសំណួរ ជុំវិញការដែលបណ្តាញសហកមន៍ការពារព្រៃឡង់រកឃើញភស្តុតាងនៃបទល្មើសក្នុងព្រៃការពារព្រៃឡង់នេះ។
លោកឆ្លើយយ៉ាងខ្លីថា«ខ្ញុំអត់មានពេលវេលាឆ្លើយទេ» ។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ឱ្យNewsroom Cambodia ទាក់ទងទៅមន្ត្រីមូលដ្ឋានវិញ «ប្អូនទាក់ទងទៅមន្រ្តីមូលដ្ឋានទៅ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុងពេលធ្វើយុទ្ធនាការរកសំឡេងឆ្នាំជ្រើសតាំងតំណាងារាស្ត្រីនីតិកាលទី៧នេះបានលើកឡើងថា ឱ្យជិតដល់ថ្ងៃបោះឆ្នោតបទល្មើសព្រៃឈើតែងតែកើតមាន ដែលបញ្ហានេះលោកបញ្ជាផ្ទាល់មានទៅក្រសួងនិងស្ថាប័នពាក់ព័ន្ធត្រូវពង្រាយកងកម្លាំងចូលព្រៃដើម្បីទប់ស្កាត់។
ប៉ុន្មានថ្ងៃក្រោយមក នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបង្ហាញការតាំងចិត្តជាថ្មីទៀត ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើនេះឱ្យមានប្រសិទ្ធភាព ។
លោក សុខា អះអាងថានឹងចាត់វិធានការឱ្យមើលបើសង្គមស៊ីវិល និងសកម្មជនសកម្មជនសង្គមដទៃទៀត រកឃើញអ្នកនៅពីក្រោយបទល្មើសព្រៃឈើ។
លោកថា៖«តើអ្នកណាជាមេខ្លោងនៅពីក្រោយការកាប់បំផ្លាញព្រៃឈើនេះ។ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងរយៈពេលចុងក្រោយនេះសមត្ថកិច្ចនៅមិនទាន់ចាប់បានជនល្មើសណាម្នាក់នៅឡើយ»។
ប្រធានសម្របសម្រួលកម្មវិធីរបស់អង្គការពន្លកខ្មែរ លោក តែម វ៉ែន និយាយថា សហគមន៍រស់នៅតាមជុំវិញតំបន់ព្រៃឡង់ភាគច្រើនពឹងអាស្រ័យរកផល្លានុផលព្រៃឈើ ដូចជាបោចវល្លិ៍ ដកផ្សិត ជីកដំឡូង បេះផ្លែឈើលក់ និងដងជ័រច្បោះជាដើម។
លោកបន្តថាបើរដ្ឋាភិបាលមិនអាចទប់ស្កាត់បទល្មើសក្នុងព្រៃការពារនេះបាន វានឹងប៉ះពាល់ដល់សេដ្ឋកិច្ច ប្រជាពលរដ្ឋ និងប្រពៃណី វប្បធម៌ជនជាតិដើម ដែលសិទ្ធិនេះត្រូវបានការពារដោយច្បាប់។
លោកថា៖«និយាយទៅវាប៉ះពាល់ច្រើនប្រសិនបើបាត់បង់ព្រៃ ទាំងនេះហើយជាកង្វល់របស់សហគមន៍ហើយដែលពួកគាត់តែងតែទទួលស្នើចង់ល្បាតការពារនិងទប់ស្កាត់ព្រៃឈើរបស់គាត់»។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានចេញរបាយការណ៍មួយបង្ហាញថា ក្នុងឆ្នាំ២០២១ ព្រៃឈើជាង៦ ០០០ហិកតា នៅតំបន់ជម្រកសត្វព្រៃ «ព្រៃឡង់»និង «ព្រៃព្រះរការ» ត្រូវបានកាប់បំផ្លាញ ដោយមានការទទួលសំណូក និងការប្រព្រឹត្តអំពើពុករលួយរបស់អាជ្ញាធរពាក់ព័ន្ធ។
ទំហំនៃការបាត់បង់ផ្ទៃដីព្រៃឈើនៅតំបន់ការពារទាំង២នេះ អង្គការលើកលែងទោសអន្តរជាតិ អះអាងថា មានទំហំស្មើនឹងជិត១ម៉ឺនទីតាំង (៨ ៧៨៤ទីតាំង)។
លើសពីនេះ Amnesty International បានរកឃើញទៀតថា អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ត្រីក្រសួងបរិស្ថាន មិនបានអើពើ និងមិនខ្វល់ចំពោះការរាយការណ៍របស់ប្រជាពលរដ្ឋពាក់ព័ន្ធបទល្មើស ខណៈសកម្មភាពចុះទៅស៊ើបអង្កេតខ្លះមន្ត្រីក្រសួង ធ្វើឡើងដើម្បីទទួលលុយក្រោមតុពីជនល្មើសតែប៉ុណ្ណោះ។
ត្រឡប់មកកាន់បណ្តាញសហគមន៍ព្រៃឡង់ លោក ខេង ខូ វិញ ចង់ឃើញរដ្ឋាភិបាលចាត់វិធានការលើមន្ត្រីខិលខូចធ្វើយ៉ាងណាឱ្យពួកគេគិតពីប្រយោជន៍ជាតិជាធំចូលរួមការពារធនធានធម្មជាតិដូចការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល សម្រាប់ជាមរតកសម្រាប់ទុកឱ្យក្មេងជំនាន់ក្រោយ។
លោកថា៖«អារឿងស៊ីសំណូកសូកប៉ាន់ បង់ប្រាក់អីហ្នឹងល្មមឈប់ហើយ ធនធានធម្មជាតិយើងទាំងអស់គ្នា វាប៉ះពាល់ដល់យើងទាំងអស់គ្នា»៕