សមាគមបណ្តាញយុវជនកម្ពុជា នឹងរៀបចំយុទ្ធនាការដាំកូនឈើ ដើម្បីអបអរសាទរទិវាយុវជនអន្តរជាតិនៅកម្ពុជាឆ្នាំ២០២៣ នៅថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ នៅព្រៃមេត្តាធម្មជាតិ ក្នុងខេត្តកំពង់ស្ពឺ។
យោងតាមការចេញផ្សាយរបស់ហ្វេសប៊ុកផេក Cambodian youth Network-CYN បានឱ្យដឹងថាការរៀបចំយុទ្ធនាការដាំកូនឈើនេះដើម្បីបង្កើនគម្របព្រៃឈើនៅក្នុងព្រៃមេត្តាធម្មជាតិឡើងវិញ និងបង្កើនសាមគ្គីភាពយុវជន និងកសាងបណ្ដាញសម្រាប់សកម្មភាពសង្គមផងដែរ។
លោក ហេង គឹមហុង ប្រធានកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្តាញយុវជនកម្ពុជា បានប្រាប់ Newsroom Cambodia ថាការដាំកូនឈើនៅព្រៃមេត្តាធម្មជាតិនេះគឺចង់បណ្តុះស្មារតីយុវជនឱ្យចេះស្រឡាញ់ធម្មជាតិ និងទប់ស្កាត់បម្រែបម្រួលអាកាសធាតុនៅលើភពផែនដី។
លោកលើកឡើងថា៖ « […] យើងចង់ឱ្យយុវជនយើងស្រឡាញ់ធនធានធម្មជាតិ និងការពារព្រៃឈើ និងដាំដើមឈើឡើងវិញដើម្បីបរិស្ថានពិភពលោក និងចូលរួមទប់ស្កាត់បម្រែបម្រួលអាកាសធាតុនៅលើភពផែនដី»។
តាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋាភិបាលបានចេញអនុក្រឹត្យសម្រេចកាត់ដីទំហំ ២៦២,២៤ហិកតា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដែលស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីប្រទានកម្មជាកម្មសិទ្ធិជូនគ្រួសារយោធិនបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងប្រជាពលរដ្ឋសរុប ៤១គ្រួសារ សម្រាប់កសាងលំនៅឋាន និងបង្កបង្កើនផល។
បន្ទាប់ពីការចេញអនុក្រឹត្យនេះ សហគមន៍ធ្លាប់មានទំនាស់ជាច្រើនលើកជាច្រើនសារជាមួយកងយោធាដែលនៅតំបន់នោះ។
ក្រោយមកដោយសារតែមានការលើកឡើងពីអភិបាលខេត្តកំពង់ស្ពឺដែលជំរុញ និងអនុញ្ញាតឱ្យមានការដាំកូនឈើឡើងវិញ ទើបយុវជន សហគមន៍ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅតំបន់នោះចាប់ផ្តើមដាំឡើងវិញ។
លោកហេង គឹមហុងថា ការរៀបចំដាំកូនឈើឡើងវិញនៅព្រៃមេត្តាធម្មជាតិនេះ ជាលើកទី ៤ហើយ បន្ទាប់ពីមានការលើកឡើងពីអភិបាលខេត្ត។
លោកមានប្រសាសន៍ថា៖ « ដោយសារតែមានការលើកឡើងពីអភិបាលខេត្ត […] ទើបយើងដែលជាយុវជនហ្នឹង នាំគ្នាសហការណ៍គ្នាជាមួយសហគមន៍ អង្គការសង្គមស៊ីវិលដទៃទៀត ដើម្បីធ្វើការងារដាំកូនឈើឡើងវិញដែលមកដល់បច្ចុប្បន្ននេះយើងបានដាំឡើងវិញចំនួន ៣ដងរួចមកហើយ នេះជាការចូលរួមដាំឡើងវិញលើកទី ៤នៅក្នុងព្រៃមេត្តាធម្មជាតិនេះបាទ» ។