រដ្ឋបាលខេត្តមណ្ឌលគិរី បានផ្អាកជាបណ្ដោះអាសន្នការធ្វើចរាចរយានយន្តគ្រប់ប្រភេទនៅលើផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រលេខ៩១ ដល់គីឡូម៉ែត្រលេខ៩៩ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី កាលពីយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។
យោងតាមសេចក្ដីជូនដំណឹង រដ្ឋបាលខេត្ត បានជូនដំណឹងដល់សាធារណៈជន ម្ចាស់យាន យន្តដឹកទំនិញធន់ធ្ងន់ ធន់ស្រាល និងអ្នកធ្វើដំណើរតាមមធ្យោបាយយានយន្តគ្រប់ប្រភេទថា បន្ទាប់ពីទទួលរងនូវការធ្លាក់ភ្លៀងយ៉ាងខ្លាំង នៅក្នុងខេត្តមណ្ឌលគិរី បានធ្វើឱ្យមានជំនន់ទឹកភ្លៀង ដោយទឹកបានហូរ ព្រោះបណ្តាលឱ្យមានការបាក់ស្រុតផ្លូវ និងដាច់ផ្លូវនៅចន្លោះគីឡូម៉ែត្រលេខ៩១ ដល់គីឡូម៉ែត្រលេខ៩៩ ផ្លូវជាតិលេខ៧៦ ចន្លោះពីស្រុកអូររាំង ទៅស្រុកកែវសីមា ចំណុចអូរងើយ ដែលផ្លូវត្រូវបានកាត់ផ្តាច់ និងខូចទាំងស្រុងមិនអាចធ្វើដំណើរបានសម្រាប់មធ្យោបាយយានយន្តគ្រប់ប្រភេទ។
រដ្ឋបាលខេត្តធ្វើការបិទផ្អាកការធ្វើចរាចរជាបណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នេះតទៅ រហូតដល់មានការជូនដំណឹងស្តីពីការបើកឱ្យធ្វើចរាចរឡើងវិញនាពេលខាងមុខ។
ទន្ទឹមនឹងនោះដែរ ប្រសិនបើសាធារណៈជន ម្ចាស់យានយន្តដឹកទំនិញ និងអ្នកធ្វើដំណើរតាម មធ្យោបាយយានយន្តគ្រប់ប្រភេទ មានបំណងចង់ធ្វើដំណើរទៅរាជធានីភ្នំពេញ និងធ្វើដំណើរមកកាន់ខេត្តមណ្ឌលគិរី សូមធ្វើដំណើរតាមផ្លូវវាងដោយឆ្លងកាត់តាមខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ជាបណ្ដោះអាសន្ន ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ។
រដ្ឋបាលខេត្ត ក៏បានសូមការអធ្យាស្រ័យពីសាធារណៈជន ម្ចាស់យានយន្តដឹកទំនិញ និងអ្នកធ្វើដំណើរតាមមធ្យោបាយយានយន្តគ្រប់ប្រភេទ ចំពោះការបិទជាបណ្តោះអាសន្ននូវការធ្វើចរាចរ ដោយសារការដាច់ផ្លូវ ដែលបណ្តាលមកពីគ្រោះធម្មជាតិជាយថាហេតុនេះ។
រដ្ឋបាលខេត្តមណ្ឌលគីរី បានបន្ថែមទៀតថា សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា សាធារណៈជន ម្ចាស់យានយន្តដឹកទំនិញ និងអ្នកធ្វើដំណើរតាមមធ្យោបាយយានយន្តគ្រប់ប្រភេទ នឹងយោគយល់អធ្យាស្រ័យ និងរងចាំការជូនដំណឹង បើកឱ្យដំណើរការឡើងវិញនូវការធ្វើចរាចរសម្រាប់យានយន្តគ្រប់ប្រភេទឆ្លងកាត់ខេត្តមណ្ឌលគិរី នាពេលឆាប់ៗ ខាងមុខនេះ។
Facebook Page ស្នងការរដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានចេញសេចក្ដីជូនដំណឹងបន្ថែមទៀត ដល់សាធារណៈជន ជាពិសេស ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរលើដងផ្លូវជាតិលេខ៧៦.A ពីខេត្តមណ្ឌលគិរី ទៅទីក្រុងភ្នំពេញ ឬ ពីទីក្រុងភ្នំពេញទៅខេត្តមណ្ឌលគិរី ឲ្យបើកបរផ្លូវវៀង ទៅតាមខេត្តក្រចេះ និងខេត្តរតនៈគិរីវិញ ដោយសារនៅចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង សង្កាត់សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយផ្លូវនៅចំណុចនេះបានបាក់ស្រុតចុះ ប្រវែងបណ្ដោយប្រមាណជាជាង១០ម៉ែត្រ ដូច្នេះសូមពុកម៉ែបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ក្ដី អ្នកធ្វើដំណើរតាមរថយន្តក្ដី ទោចក្រយានយន្តក្ដី សូមផ្អាកការធ្វើដំណើរជាបណ្ដោះអាសន្ន ដោយក្ដីគោរព៕