ក្រុមអង្គការសង្គមស៊ីវិលលើកឡើងថា ប្រសិទ្ធភាពនៃការទប់ស្កាត់បទឧក្រិដ្ឋគ្រឿងញៀនក្នុងប្រទេសកម្ពុជា ចាំបាច់ត្រូវចាត់វិធានការលុបបំបាត់អំពើពុករលួយ ដែលការផ្តល់យោបល់នេះ ក្រោយពីមន្ត្រីជំនាញ អះអាងពីការរកឃើញគ្រឿងញៀន ក្នុងភូមិគ្រឹះនៅលើភ្នំមួយកន្លែង និងក្នុងបុរី«ប៉េងហួត»ក្នុងប្រទេសកម្ពុជា ដែលថាឧក្រិដ្ឋជនបានដឹកឆ្លងដែនមកលាក់ទុក មុនបញ្ជូនទៅទីផ្សារគោលដៅ ។
មន្ត្រីជំនាញកម្ពុជា កាលពីសប្តាហ៍មុន បានប្រកាសពីការរកឃើញគ្រឿងញៀនជិត១ពាន់គីឡូក្រាមថ្មីទៀតនិង ឃាត់ខ្លួនជនសង្ស័យជាប់ពាក់ព័ន្ធចំនួន៦នាក់ ជាជនជាតិចិនតៃវ៉ាន់។
ប្រភពរដ្ឋាភិបាលឱ្យដឹងទៀតថា គ្រឿងញៀនទាំងនោះ ត្រូវបានគេដឹកឆ្លងដែនតាមលំហសមុទ្រ មកលាក់ទុកក្នុងទឹកដីកម្ពុជា ដេីម្បីបញ្ជូនទៅទីផ្សារគោលដៅ។
នាយករងមន្ទីរប្រឆាំងគ្រឿងញៀន លោក អ៊ិន សុង និយាយកាលថ្ងៃទី៥សីហាថា ពួកឧក្រិដ្ឋជនបានព្យាយាមរិះរកមធ្យោបាយ ក្នុងការបញ្ជូនគ្រឿងញៀនចេញពីតំបន់ត្រីកោណមាស(តំបន់ព្រៃក្រាស់ជជាប់ព្រំប្រទល់ប្រទេសមីយ៉ាន់ម៉ា ថៃ និងឡាវ) ដោយឆ្លងកាត់ប្រទេសឡាវ ដឹកតាមផ្លូវទឹកកម្ពុជា ដើម្បីឆ្ពោះទៅកាន់ទីផ្សារនៅកោះតៃវ៉ាន់ ដែលជាគោលដៅរបស់ពួកឧក្រិដ្ឋជន។ លោកថា នេះគឺជាករណីបង្រ្កាបគ្រឿងញៀនដ៏ធំសម្បើមជាងគេនៅប្រទសកម្ពុជាក្នុងឆ្នាំ ២០២៣។
លោកថា៖ «[ហេតុអ្វីរឹបអូសច្រើន?] មូលហេតុដោយសារពួកឧក្រិដ្ឋជនឆ្លៀតឱកាសយកទឹកដីកម្ពុជាធ្វើចរាចរណ៍ឆ្លងកាត់»។
បន្ថែមពីនេះ មន្ទីរប្រឆាំងគ្រឿងញៀន បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ថាបុរសឈ្មោះ CHEN CHI HSIANG ជាមេខ្លោង ក្នុងចំណោមជនសង្ស័យ៦នាក់ ហេីយថាសារធាតុញៀនប្រភេទកេតាមីនចំនួន៧៨៥ដុំ ស្មើទម្ងន់ជាង ៧៨៩គីឡូ ត្រូវបង្រ្កាបបាន។ ដោយឡែកអ្នកត្រូវចាប់ខ្លួនបញ្ជូនទៅកាត់ទោសនៅតុលាការកម្ពុជា។
ប្រភពដដែល បន្ថែមថា ក្នុងការបង្រ្កាបគ្រឿងញៀននេះ អាជ្ញាធរបានបើកប្រតិបត្តិការចំនួន២ទីតាំងផ្សេងគ្នា នៅចំណុចភូមិគ្រឹះលើភ្នំ ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ និងនៅផ្ទះជួលលេខ០៩ និងលេខ១១ ផ្លូវលេខ០៣ ក្នុងបុរីប៉េងហួត(បឹងស្នោរ) សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
លោក អ៊ិន សុង ឱ្យដឹងទៀតថា ករណីនេះ អាជ្ញាធរកំពុងបន្តស្វែងរកបណ្ដាញរបស់ពួកឧក្រិដ្ឋជនជាច្រើននាក់ទៀត ដែលថាកំពុងលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា។
អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វីរិទ្ធ ធ្លាប់ប្រាប់ Newsroom Cambodia ថា ប្រទេសកម្ពុជាមិនមែនជាទីផ្សារធំសម្រាប់ឧក្រិដ្ឋជនទេ គ្រាន់ជាទិសដៅឆ្លងកាត់របស់ឧក្រិដ្ឋជនគ្រឿងញៀនតែប៉ុណ្ណោះ ។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី និយាយថា ប្រសិទ្ធភាពបង្រ្កាបបទល្មើសគ្រឿងញៀន ចូលកម្ពុជា លុះត្រារដ្ឋាភិបាលចាត់វិធានការច្បាប់លុបបំបាត់អំពើពុករលួយជាប្រព័ន្ធ ដោយគ្មានការលើកលែង។
លោកថា៖ «បើ[…] ការអនុវត្តច្បាប់ជាទូទៅជាប្រព័ន្ធ ខ្ញុំគិតថា យើងនឹងអាចឈានដល់ការបង្រ្កាបបទល្មើសគ្រឿងញៀនបទល្មើសផ្សេងទៀតប្រកបដោយប្រសិទ្ធភាព»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា វិធានការលុបបំបាត់អំពុករលួយ និងបទឧក្រិដ្ឋគ្រឿងញៀន រដ្ឋាភិបាល ត្រូវពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង និងអន្តរជាតិ។
លោកថា៖ «កម្ពុជាយើងត្រូវតែពង្រឹងក្នុងការអនុវត្តច្បាប់ ការបំបាត់អំពើពុករលួយនិងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ទោះបីអ្នកដែលពាក់ព័ន្ធមានឋានរសក្ដិណាក៏ដោយ ឱ្យតែពាក់ព័ន្ធអំពើពុករលួយរឿងគ្រឿងញៀន ឬក៏ពាក់ព័ន្ធគ្រឿងញៀនត្រូវតែអនុវត្តផ្លូវច្បាប់ឱ្យមានប្រសិទ្ធភាព»។
លោក សង្កេតឃើញថា បញ្ហាគ្រឿងញៀន កំពុងបំផ្លាញធនធានមនុស្ស និងការអភិវឌ្ឍសង្គមកម្ពុជា យ៉ាងធ្ងន់ធ្ងរ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក្នុងពិធីបិទសន្និបាតបូកសរុបការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២២ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៣ ដែលធ្វើឡើងកាលពីមិនា ឆ្នាំ២០២៣ បានក្រើនរំឭកមន្ត្រីពាក់ព័ន្ធថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានបន្តរងគ្រោះពីអំពើបញ្ហាគ្រឿងញៀន។
លោកគូសបញ្ជាក់ថា បទល្មើសគ្រឿងញៀននៅតែអាចឆ្លងចូល«កម្ពុជាទាំងតាមផ្លូវគោក ផ្លូវទឹក ផ្លូវអា កាស និងតាមបញ្ញើប្រៃសណីយ៍ រួមទាំងករណីរក្សាទុក កែច្នៃផលិត និងជួញដូរគ្រឿងញៀននៅក្នុងប្រ ទេ ស» ខណៈប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក កែ គឹមយ៉ាន រាយការណ៍ក្នុងពិធីនោះថា ឆ្នាំ២០២២ បទល្មើសគ្រឿងញៀនធំៗ ដែលសមត្ថកិច្ចរឹបអូសបានជាង១៤តោន ស្មើនឹង៣១៨ភាគរយ ធ្រៀបឆ្នាំកន្លងទៅ «ជាទំហំមួយច្រើនលើសលុបគួរឱ្យព្រួយបារម្ភ»។
លោកបន្តថា ចំនួនអ្នកប្រើប្រាស់គ្រឿងញៀននៅឆ្នាំ២០២២ មាន២២២១៣នាក់ កើនឡើង៥៩៤៩ បើប្រៀបធៀបនឹងឆ្នាំ២០២១ ។
របាយការណ៍ថ្មីមួយរបស់អង្គការអន្តរជាតិឃ្លាំមើលអំពើពុករលួយជាសកល បានរកឃើញថា ៥ឆ្នាំជាប់គ្នាមកនេះ កម្ពុជាបន្តជាប់ចំណាត់ថ្នាក់ជាប្រទេសមានអំពើពុករលួយអាក្រក់ ជិតបាតតារាង បើទោះបីប្រទេសក្រីក្រមួយនេះ មានច្បាប់ប្រឆាំងអំពើពុករលួយសម្រាប់ទប់ស្កាត់ក្ដី។
ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយរបស់កម្ពុជាប្រកាសឱ្យប្រើនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១០ បញ្ជាក់ពីគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការដឹកនាំរដ្ឋច្រើនយ៉ាង។
ក្នុងនោះមានទាំងការ«ពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋ នៅក្នុងការដឹកនាំ និង ការគ្រប់គ្រងរដ្ឋ ព្រមទាំងរក្សាភាពស្អាតស្អំ និងយុត្តិធម៌ជាមូលដ្ឋានចាំបាច់ ក្នុងការអភិវឌ្ឍសង្គមជាតិ និងកាត់បន្ថយភាពក្រីក្រ»។
ក៏ប៉ុន្តែនៅខែមករា ឆ្នាំ២០២៣ អង្គការតម្លាភាពអន្តរជាតិ (Transparency International) បានចេញផ្សាយរបាយការណ៍ថ្មីមួយ ដាក់ចំណាត់ថ្នាក់អំពើពុករលួយកម្ពុជា ឆ្នាំ២០២២ ស្ថិតនៅក្នុងលេខរៀង១៥០ ក្នុងចំណោម១៨០ប្រទេស ស្ថិតក្នុងចំណាត់ថ្នាក់អាក្រក់ទី២ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន និងអាក្រក់ជាងគេលំដាប់លេខ៣ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
ចំណាត់ថ្នាក់នេះ ធ្វើឱ្យកម្ពុជាជាប់ក្នុងកម្រិតប្រទេសមានអំពើពុករលួយធ្ងន់ធ្ងរ ឬអាក្រក់ ៥ឆ្នាំជាប់គ្នា បើទោះបីកម្ពុជាទទួលបានពិន្ទុកើនឡើងពី ២០ពិន្ទុ ក្នុងឆ្នាំ២០១៨ ដល់ ២៤ពិន្ទុ ក្នុងឆ្នាំ២០២២ ដែលពិន្ទុ១០០ ជាចំណាត់ថ្នាក់ពិន្ទុល្អ គ្មានអំពើពុករលួយ។
របាយការណ៍សកលនោះបញ្ជាក់ថា៖«កត្តាដែលនៅតែបន្តរារាំងកម្ពុជាមិនឱ្យទទួលបានពិន្ទុខ្ពស់ និងចំណាត់ថ្នាក់ល្អ គឺការខ្វះខាតនូវកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចល្អ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ»។
តែយ៉ាងណាប្រធានក្រុមអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ធ្លាប់ច្រានចោលរបាយការណ៍រកឃើញកម្រិតអាក្រក់នៃអំពើពុករលួយរបស់កម្ពុជា ដោយចាត់ទុកថា ជារបាយការណ៍ប្រឌិដ្ឋមិនឆ្លុះបញ្ចាំងពីការខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា។