អនុប្រធានគណបក្សភ្លើងទៀននៅខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា ជាងមួយឆ្នាំមកនេះ សមត្ថកិច្ចនៅមិនទាន់ចាប់ជនដៃដល់មកផ្តន្ទាទោសបាននៅឡើយ ខណៈ មន្រ្តីសង្គមស៊ីវិលជំរុញឱ្យសមត្ថកិច្ចពន្លឿននីតិវិធីបន្តស៊ើបរឿងក្តីនេះឱ្យបានឆាប់ដើម្បីបង្ហាញពីតម្លាភាពក្នុងសង្គម។
អនុប្រធានគណបក្សភ្លើងទៀន ខណ្ឌពោធិ៍សែនជ័យ លោក នល់ ពង្សធិរិទ្ធ ប្រាប់ Newsroom Cambodia នៅថ្ងៃនេះថា លោកពុំមានសង្ឃឹមលើអាជ្ញាធរក្នុងការស្រាវជ្រាវរកជនដៃដល់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់នោះទេ ដោយថា អាជ្ញាធរមិនទាន់បង្ហាញតម្រុយថ្មីណាមួយជុំវិញរឿងក្តីរបស់លោក។លោកចាត់ទុកថា ការបន្តអូសបន្លាយពេលដើម្បីរកយុត្តិធម៌ឱ្យរូបលោកជាងមួយឆ្នាំមកនេះ គឺជាចេតនារើសអើងខាងនយោបាយ បើទោះបីជាមានភស្តុគ្រប់គ្រាន់ក្នុងការស្វែងរកជនបង្កហេតុក៏ដោយ។
លោកបន្តថា៖ «អត់មានឃើញ [តម្រុយថ្មី] អីផង អូន! ស្ងាត់ឈឹងអត់មានអីផង។ [ខ្ញុំ] យល់ឃើញថា រឿងតិចតួចហ្នឹង គ្មានក្រៅពីរឿង [រើសអើងនិន្នាការនយោបាយ] អីអស់ហ្នឹងកើត ។ខ្ញុំមិនដែលមានទំនាស់អីជាមួយអ្នកណាផង បើយើងមានទំនាស់យើងសង្ស័យមានទំនាស់ យើងពាក់ព័ន្ធនឹងការរកស៊ី យើងអត់ដែលមានអីផង»។
យ៉ាងនេះក្តី លោក នល់ ពង្សធិរិទ្ធ ប្រាប់ថា មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧នេះ មានមនុស្សតាមឃ្លាំមើលលោកជាប្រចាំ ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ ស្ថានភាពទាំងនោះ ហាក់មានភាពស្ងប់ស្ងាត់ទៅវិញ។ លោកបន្ថែមថា ក្នុងពេលបច្ចុប្បន្ននេះលោកនៅតែបន្តសកម្មភាពជាមួយគណបក្សភ្លើងទៀនជាធម្មតា ទោះបីធ្លាប់រងការប្រើហិង្សា និងការគំរាមគំហែងជាបន្តបន្ទាប់ក៏ដោយ។
អនុប្រធានគណបក្សភ្លើងទៀន ប្រចាំខណ្ឌពោធិ៍សែនជ័យ លោក នល់ ពង្សធិរិទ្ធ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណមួយក្រុមប្រដាប់ដោយដែករលាស់ លបវាយ បណ្តាលឱ្យរបួសក្បាលធ្ងន់ធ្ងរ ដេរចំនួន១២ថ្នេរ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពដដែលអះអាងថា កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ លោក លោកក៏ទទួលរងការលបវាយប្រហារម្តងដែរពីមានជនមិនស្គាល់អត្តសញ្ញាណ ដែលបណ្តាលឱ្យរង្គើធ្មេញមុខស្ទើរបាក់ធ្មេញចំនួន៥ ហើយវាយចំក្បាលម្តង នៅខណ្ឌពោធិ៍សែនជ័យដូចគ្នា ប៉ុន្តែលោកមិនបានដាក់បណ្ដឹងភ្លាមៗដូចករណីលើកទីពីរនេះទេ។
ជុំវិញករណីនេះ ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានបដិសេធដោយខ្លីថា ដើម្បីបានដឹងរឿងនេះច្បាស់លាស់ គួរទាក់ទងលោក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ។
លោកបន្តថា៖ «តេទៅខាងអ្នកនាំពាក្យស្នងការ សាន សុខសីហា»។
ចំណែក អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា គេហទំព័រ Newsroom Cambodia មិនអាចសុំការបំភ្លឺបានភ្លាមៗទេ នៅថ្ងៃនេះ។
ទាក់ទិនករណីនេះ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក ម៉ន វុធី បានព្យាយាមបដិសេដឆ្លើយតបជុំវិញករណីនេះ ដោយអះអាងថា លោកកំពុងជាប់រវល់ មុននឹងផ្តាច់ទូរស័ព្ទ។
លោកបន្តថា៖ «ខ្ញុំជាប់ប្រជុំបន្តិច ប្រជុំដើមសប្តាហ៍»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃ អង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត សង្កេតឃើញថា ការប្រើប្រាស់អំពើហិង្សាលើសកម្មជនបក្សប្រឆាំងសមត្ថកិច្ចកម្រចាប់ខ្លូនអ្នកប្រព្រឹត្តបទល្មើសបានណាស់។លោកចាត់ទុកថា នេះជាការអនុវត្តច្បាប់មិនស្មើភាពគ្នា។ជាមួយគ្នានេះ លោកបានជំរុញឱ្យសមត្ថកិច្ចជំនាញ ពន្លឿននីតិវិធីស្រាវជ្រាវចាប់ជនដៃដល់ដែលវាយលើមន្រ្តីបក្សជំទាស់ មកផ្តន្ទាទោសតាមផ្លូវច្បាប់ដើម្បីបង្ហាញពីតម្លាភាពក្នុងសង្គម។
ជាងនេះទៅទៀត លោកថា ប្រសិនបើសមត្ថកិច្ចបន្តទុកសំណុំរឿងក្តីនេះចោល នោះគឺជាចេតនាមួយបង្ហាញឱ្យឃើញពីការអនុវត្តច្បាប់ដែលមានការរើសអើងខាងនយោបាយ និងបង្កឱ្យមានអំពើនិទណ្ឌភាពក្នុងសង្គម ថែមទៀតផង។
លោកបន្តថា៖ «ខ្ញុំយល់ថា សមត្ថកិច្ចមិនមែនអសមត្ថភាពទេ វាអាស្រ័យទៅលើឆន្ទៈ តើចង់ អនុវត្តន៍ ឱ្យមានប្រសិទ្ធិភាព ឬមួយយ៉ាងណា? ហ្នឹងដែលសំខាន់។អញ្ជឹងកាលណាតែយើងមិនបានអនុវត្តន៍ច្បាប់ ឱ្យបានមានប្រសិទ្ធិភាព ហើយផ្តល់យុត្តិធម៌ជូន ជនរងគ្រោះគឺជានិទណ្ឌភាពមួយ នៅក្នុងហ្នឹង ហើយអំពើនិទណ្ឌភាព ក៏វាជំរុញ ជនដែលបង្កហ្នឹង មិនខ្លាចញញើតនឹងច្បាប់ ហើយបង្ក ប្រើប្រាស់នូវអំពើហិង្សាហ្នឹងបន្តទៅទៀត»។
កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ សមាគមការពារសិទ្ធិមនុស្ស អាដហុក បានចេញសេចក្តីថ្លែងការមួយបង្ហាញថា ក្នុងរយៈពេលប្រមាណ ៣ខែ នៅដើមឆ្នាំ២០២៣ មានសកម្មជនគណបក្សនយោបាយ ជាពិសេសសកម្មជនបក្សភ្លើងទៀនចំនួន ១០នាក់ បានរងការវាយប្រហារដោយក្រុមជនមិនស្គាល់មុខ បណ្តាលឲ្យរងរបួស និងខ្លះរហូតដល់ពិការភាព។
តាមរយៈរបាយការណ៍នេះ ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ សកម្មជនគណបក្សនយោបាយជាង ៤០នាក់មកហើយ បានរងការវាយប្រហារ ដោយអំពើហិង្សាពីក្រុមជនមិនស្គាល់មុខ ហើយក៏មានអ្នកស្លាប់ដោយការប្រើអំពើហិង្សានេះដែរ កាលពីឆ្នាំ២០២២។
ជាមួយគ្នានេះ ទម្រង់នៃអំពើហិង្សាទាំងនោះ កើតឡើងនៅក្នុងរូបភាពដូចជា ការជិះម៉ូតូតាមវាយពីក្រោយ ការស្ទាក់វាយនឹងដំបង ការកាប់នឹងកាំបិត ការគប់ ការវាយនឹងដុំថ្ម ការវាយទាត់ធាក់ ការធាក់ផ្តួលម៉ូតូ និងបើករថយន្តបុកជាដើម។ សេចក្តីថ្លែងការដដែល ចាត់ទុកការយាយីលើរាយកាយសកម្មជនបក្សជំទាស់នេះថា នឹងបង្កឲ្យមានអំពើនិទណ្ឌភាព និងប៉ះពាល់ដល់សន្តិសុខផ្ទាល់ខ្លួនរបស់ពលរដ្ឋដែលធានាពីភូមិ ឃុំមានសុវត្ថិភាព៕