ពលរដ្ឋខ្មែរក្រោមរស់នៅលើទឹកដីកម្ពុជាក្រោម បានរួមគ្នាលើកបដារនៅតាមផ្ទះរបស់ពួកគេ និងសរសេរសារផ្សព្វផ្សាយតាមបណ្តាញសង្គម ក្នុងន័យជំរុញទៅរដ្ឋាភិបាលវៀតណាម ដោះលែងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមចំនួន៤នាក់ ក្រោយអាជ្ញាធរប្រទេសកម្មុយនីស្តមួយនេះចាប់ឃុំខ្លួនក្នុងពន្ធនាគារ។
កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នគរបាលវៀតណាម បានចាប់ខ្លួនពលរដ្ឋខ្មែរក្រោមចំនួន៩នាក់ ព្រមៗគ្នាដើម្បីសួរចំឡើយ ក្រោយពេលពួកគេ ធ្វើសកម្មភាព ផ្សព្វផ្សាយពីប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោម និងឯកសារស្តីពី «សិទ្ធិជនជាតិដើម» របស់អង្គការសហប្រជាជាតិ នៅលើបណ្ដាញសង្គមហ្វេសប៊ុក និងនៅតាមមូលដ្ឋានរបស់ខ្លួន។
ក្នុងថ្ងៃដដែលនោះ សកម្មជនសិទ្ធិមនុស្សខ្មែរក្រោមចំនួន ៣នាក់ រួមមានលោក យ័ញ ម៉ិញក្វាង រស់នៅខេត្តឃ្លាំង និង លោក ថាច់ កឿង លោកតោ ហ្វាងចឿង រស់នៅខេត្តព្រះត្រពាំង ត្រូវបានចោទប្រកាន់ពីបទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ បំពានផលប្រយោជន៍របស់រដ្ឋ និងសិទ្ធិសេរីភាពស្របច្បាប់នៃអង្គការចាត់តាំង និងបុគ្គល»។
លុះមកដល់នៅថ្ងៃទី៣ ខែសីហា សកម្មជនការពារសិទ្ធិមនុស្សខ្មែរក្រោមម្នាក់ទៀត គឺអ្នកស្រី ឌិន ធីហ្វិន រស់នៅខេត្តឃ្លាំង ដែលត្រូវអាជ្ញាធរនាំខ្លួនទៅសួរចម្លើយដែរនោះ ត្រូវរងការចោទប្រកាន់ពីបទ «មិនអនុវត្តតាមសាលក្រមរបស់តុលាការ» ដែលពាក់ព័ន្ធនឹងបញ្ហាដីធ្លី។
ពលរដ្ឋខ្មែរក្រោមម្នាក់ លោក ថាច់ មឿន អាយុ ៣៨ឆ្នាំ រស់នៅខេត្តឃ្លាំង បានអះអាងថា បច្ចុប្បន្ននេះពលរដ្ឋខ្មែរក្រោមទាំង៤នាក់នោះ កំពុងជាប់ឃុំក្នុងពន្ធនាគារក្នុងប្រទេសវៀតណាម ខណៈសកម្មជនខ្មែរក្រោម៥នាក់ ផ្សេងទៀតកំពុងរងការឃ្លាំមើលពីអាជ្ញាធរនៃប្រទេសកម្មុយនីស្តមួយនេះយ៉ាងតឹងរឹង។
លោកចាត់ទុកថា ការឃុំខ្លួនសកម្មជនខ្មែរក្រោមទាំងនេះ គឺជាការធ្វើទុក្ខបុកម្និញលើពលរដ្ឋខ្មែរកម្ពុជាក្រោមមិនឱ្យងើបតវ៉ាទាមទារសិទ្ធិនៅលើទឹកដីកំណើតរបស់ខ្លួន។
ជាមួយគ្នានេះ លោកបានជំរុញឱ្យរដ្ឋាភិបាលវៀតណាមដោះលែង ពួកគេទាំងនោះឱ្យមានសេរីភាពឡើងវិញ ដោយឥតលក្ខខណ្ឌ។
លោកថា៖ «ខ្ញុំចង់ផ្ញើ [សារ] ទៅរដ្ឋបាលវៀតណាមហ្នឹងឱ្យដោះលែងសកម្មជន ៤នាក់ហ្នឹងឱ្យមានសេរីភាពផង ហើយកុំចោទប្រកាន់គេ គំរាមគំហែងបំបិទសិទ្ធិសេរីភាពខ្មែរជនជាតិដើមជាទូទៅហ្នឹងបាទ»។
ក្រោយការឃុំខ្លួនសកម្មជនលើកកម្ពស់សិទ្ធិខ្មែរក្រោមនេះ ប្រជាពលរដ្ឋខ្មែរក្រោមបានប្រើប្រាស់បណ្តាញសង្គមហ្វេសបុករបស់ខ្លួនផ្លាស់ប្តូរូបភាពលើគណនីរបស់ពួកគេ ជំនួសដោយរូបសកម្មជនខ្មែរក្រោមទាំង ៤នាក់ដែលំពុងជាប់ឃុំ និងមានសរសេរអក្សរថា «ត្រូវដោះលែងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមជាបន្ទាន់»។
ដោយឡែក ពលរដ្ឋខ្មែក្រោមមួយចំនួនទៀត ដែលរស់នៅលើទឺកដីកម្ពុជាក្រោម ក៏បានសរសេរឈ្មោះសកម្មជនទាំង៤នាក់នោះ នៅលើបដាពណ៌ស ហើយថតផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសបុកជាបន្តបន្ទាប់ផងដែរ។
ជាមួយគ្នានេះ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ ២០០២៣ អង្គការសមាគមខ្មែរកម្ពុជាក្រោមបានចេញសេចក្តីថ្លែងការណ៍ ដោយអំពាវនាវឲ្យរដ្ឋាភិបាលវៀតណាមដោះលែងពលរដ្ឋខ្មែរក្រោមឲ្យមានសេរីភាពវិញ និងបញ្ឈប់រាល់ការរិតត្បិតសិទ្ធិរបស់ខ្មែរក្រោមជាបន្ទាន់។
ក្នុងសេចក្តីថ្លែងការណ៍ ចាត់ទុកថា ទង្វើរបស់អាជ្ញាធរវៀតណាមបានរំលោភសិទ្ធិមនុស្សខ្មែរក្រោមយ៉ាងធ្ងន់ធ្ងរ និងបំពានគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ និងសិទ្ធិជនជាតិដើមរបស់អង្គការសហប្រជាជាតិ។
សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម មាត្រា៩ ឱ្យដឹងថា ជនជាតិដើម និងបុគ្គលជនជាតិដើម មានសិទ្ធិស្ថិតនៅជាសមាជិកសហគមន៍ ជាជនជាតិដើម និងសង្គមជាតិ សមស្របតាមប្រពៃណី និងទំនៀមទម្លាប់របស់សហគមន៍ និងសង្គមជាតិពាក់ព័ន្ធ។ គ្មានការរើសអើងណាមួយកើតឡើងដោយសារការប្រើសិទ្ធិនេះឡើយ។
អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍លោកបណ្ឌិត សឺន ជុំជួន ប្រាប់ Newsroom Cambodia នៅថ្ងៃអង្គារនេះថា នៅចំពោះមុខនេះ មន្រ្តីនៃអង្គការសមាគមខ្មែរកម្ពុជាក្រោមកំពុងរៀបចំញត្តិ ដាក់តាមបណ្តាស្ថានទូតប្រទេសប្រជាធិបេតេយ្យធំៗដើម្បីអន្តរាគមន៍។
បន្ថែមលើនេះ លោកថា ជម្រើសចុងក្រោយសមាគមខ្មែរកម្ពុជាក្រោមប្រចាំនៅកម្ពុជា នឹងគ្រោងធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាមតែម្តងក្នុងករណីអាជ្ញាធរប្រទេសកម្មុយនីសមួយនេះ មិនព្រមដោះលែងសកម្មជនខ្មែរក្រោមទាំង៤នាក់នោះទេ។
លោកថា៖ «អាចនឹងមានផែនការមួយទៀត អាចនឹងមានការធ្វើបាតុកម្ម បើប្រសិនណាមិនមានដំណោះស្រាយអ្វីតាមរយៈនែការធ្វើអន្តរាគមន៍របស់យើងនោះទេ យើឈានទៅដល់ការធ្វើបាតុកម្ម ប៉ុន្តែការធ្វើបាតុកម្មនោះយើងមិនទាន់បានកំណត់កាលបរិច្ឆេតនៅឡើយទេ»។
ជុំវិញករណីនេះ ស្ថានទូតវៀតណាមប្រចាំប្រទេសកម្ពុជា និង អ្នកនាំពាក្យក្រសួងការបរទេសលោក អាន សុខខឿន មិនអាចសុំការឆ្លើយតបបានភ្លាមៗទេនៅថ្ងៃអង្ការនេះ។
ចំណែក អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន ប្រាប់ Newsroom Cambodia នៅថ្ងៃនេះថា សមាគមដែលលើកកម្ពស់សិទ្ធិខ្មែរក្រោម អាចពិភាក្សាជាមួយអង្គការសហប្រជាតិ ដើម្បីអន្តរាគមន៍រឿងនេះបាន។
ដោយឡែកលោកថា រដ្ឋាភិបាលកម្ពុជា មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសវៀតណាមនោះទេ ដោយថា ទឹកដីកម្ពុជាក្រោមស្ថិតក្រោមដែនសមត្ថកិច្ចរបស់ប្រទេសវៀតណាមទៅហើយ។
លោកថា៖«លើកលែងតែខ្មែរកម្ពុជាក្រោមខ្លួនឯងហ្នឹងជូនដំណឹងទៅភ្នាក់ងារ អង្គការសហប្រជាជាតិ ដែលនៅស្រុកខ្មែរឱ្យយកករណីហ្នឹងទៅពិនិត្យមើល។ រាជរដ្ឋាភិបាល [កម្ពុជា]ធ្វើអីអត់កើតទេ»។
ទឹកដីកម្ពុជាក្រោម ត្រូវបានរដ្ឋាភិបាលអាណានិគមបារាំងចុះហត្ថលេខាប្រគល់ទៅឱ្យប្រទេសវៀតណាមត្រួតត្រាបន្តដែលខ្មែរក្រោមចាត់ទុកថាខុសច្បាប់ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ មានផ្ទៃដីទំហំ ៦៧ ៧០០គីឡូម៉ែត្រការ៉េ ឬមានចំនួន២១ខេត្ត-ក្រុង។
គិតត្រឹមថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ ទឹកដីកម្ពុជាក្រោមបានស្ថិតនៅក្រោមការត្រួតត្រារបស់វៀតណាមអស់រយៈពេល ៧៤ឆ្នាំមកហើយ។
ដែនដីកម្ពុជាក្រោមដែលអាណានិគមបារាំងហៅថា កូសាំងស៊ីន បច្ចុប្បន្នត្រូវបានសហព័ន្ធខ្មែរកម្ពុជាក្រោមប៉ាន់ប្រមាណថា មានពលរដ្ឋខ្មែរក្រោមរស់នៅប្រមាណជាង ៧លាននាក់ ប៉ុន្តែរដ្ឋាភិបាលវៀតណាមថាខ្មែរក្រោមមាន១លាន៣សែននាក់។
នៅទឹកដីកម្ពុជាក្រោម មានវត្តអារាមពុទ្ធសាសនាថេរវាទខ្មែរចំនួន ៤៦១ វត្តក្នុងនោះខេត្តព្រះត្រពាំងដែលមានពលរដ្ឋខ្មែរក្រោមរស់នៅច្រើនជាងគេមានវត្តសរុបចំនួន ១៤៣ វត្ត ហើយវត្តមានវ័យចំណាស់ជាងគេឈ្មោះថា សំបួររង្សី កសាងនៅ គ.ស. ៣៧៣ ស្ថិតនៅក្នុងស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង។
នៅកម្ពុជាក្រោម វត្តអារាមត្រូវបានគេចាត់ទុកថាជាឃ្លាំងវប្បធម៌ និងជាទីកន្លែងថែរក្សាការពារអត្តសញ្ញាណរបស់ខ្មែរក្រោមទាំងមូល។
បើទោះបីជាទឹកដីកម្ពុជាក្រោមត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាមក៏ដោយ ចំណែកព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ធ្លាប់មានព្រះរាជបន្ទូលថា ចាប់តាំងពីឆ្នាំ១៩៤៩ រដ្ឋាភិបាលដឹកនាំដោយព្រះបរមរតនកោដ្ឋ រហូតដល់រដ្ឋាភិបាលលោកសេនាប្រមុខ លន់ នល់ (១៩៧០ ដល់១៩៧៥) និងរដ្ឋាភិបាលរបស់ ប៉ុល ពត (១៩៧៥ ដល់១៩៧៩) គឺមិនទទួលស្គាល់ការកាត់ទឹកដីកម្ពុជាក្រោមទៅឱ្យវៀតណាមនោះឡើយ៕