សាច់ញាតិអនុប្រធានគណបក្សភ្លើងទៀន ឱ្យដឹងនៅថ្ងៃនេះថា តុលាការរាជធានីភ្នំពេញបានសម្រេចលើកពេលសវនាការ ក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធមូលប្បទានបត្រគ្មានសាច់ប្រាក់ ទៅថ្ងៃក្រោយដោយមិនកំណត់កាលបរិច្ចេទ ខណៈស្ថានភាពសុខភាពក្បាលម៉ាស៊ីនដឹកនាំគណបក្សជំទាស់រូបនេះ មានសភាពទ្រុឌទ្រោម ក្រោយឃុំខ្លួននៅក្នុងពន្ធនាគារ។
ភរិយាលោក ថាច់ សេដ្ឋា គឺលោកស្រី ថាច់ សុខបូរ៉ានី ប្រាប់គេហទំព័រNewsroom Cabodia នៅថ្ងៃទី ១៦ សីហា នេះថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ឈុន ដាវី បានសម្រេចពន្យាពេល នៃការជំនុំជម្រះទៅពេលក្រោយ ប៉ុន្តែមិនបានកំណត់ថ្ងៃបើកសវនាការជាថ្មីទៀតនៅឡើយទេ។
ប្រភពបន្តថា នៅចុងក្រោយ នៃសវនាការពិភាក្សាដេញដោលនៅថ្ងៃនេះ តុលាការបានជម្រាបអង្គសវនាការថា សំណុំរឿងព្រហ្មទណ្ឌនេះ នឹងត្រូវលើកទៅជំនុំជម្រះ នៅពេលក្រោយទៀត។
លោកស្រីបន្តថា៖«តុលាការបានលើកថ្ងៃជំនុំជម្រះប៉ុន្តែមិនដឹងលើកទៅថ្ងៃណា »។
គេហទំព័រ Newsroom Cambodia ទទួលបានលិខិតអញ្ជើញមួយច្បាប់នៅថ្ងៃទី ១៦ សីហា នេះ ដែលចេញដោយព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមតុលាការភ្នំពេញលោក ប្លង់ សុផល កាលពីថ្ងៃទី ៨ សីហា ឆ្នាំ២០២៣ ដោយបញ្ជាក់ថា តុលាការនឹងលើកយកសំណុំរឿងលោក ថាច់ សេដ្ឋា មកជំនុំជម្រះលើអង្គសេចក្តី ដែលមានលោកស្រីចៅក្រម ឈុន ដាវី លោក ប្លង់ សុផល ជាព្រះរាជ្ញារង និងលោកស្រី ម៉ុង សៀកលីង ជាក្រឡាបញ្ជី។
សម្រាប់សវនាការនៅថ្ងៃនេះ គេសង្កេតឃើញ តាមរយៈឃ្លីបវីដេអូ ដែលបង្ហោះដោយអ្នកគាំទ្រគណបក្សភ្លើងទៀន បានបង្ហាញពីសកម្មភាពមនុស្សជាច្រើននាក់ នៅខាងក្រៅបរិវេណតុលាការក្នុងសង្កាត់ព្រែកលាប ចូលរួមអង្កេត និងតាមដានអំពីសវនាការនេះ។
គេហទំព័រ Newsroom Cambodia មិនអាចសុំការបំភ្លឺបានភ្លាមៗទេ ពីមន្រ្តីនាំពាក្យតុលាការរាជធានីភ្នំពេញ នៅថ្ងៃនេះ។
បើទោះជាបែបណា លិខិតអញ្ជើញដែលចេញដោយស្ថាប័នអយ្យការដែលចេញកាលពីថ្ងៃទី ៨ សីហា បង្ហាញថា តុលាការបានបង្គាប់ឱ្យមេធាវីការពារសិទ្ធិជនត្រូវចោទ ចូលរួមសវនាការឱ្យទាន់ពេលវេលា និងបើមានឯកសារដោះបន្ទុកក្នុងរឿងក្តីនេះ ក៏អាចភ្ជាប់មកជាមួយបាន។ប្រភពដដែលបន្តថា សវនាការដែលត្រូវដំណើរការក្តីនៅថ្ងៃនេះ ផ្តោតលើបទចោទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សង »។
ចំណែក លោក ជូង ជូងី មេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ បានប្រាប់គេហទំព័រ Newsroom Cambodia ដោយខ្លី មុនចុចផ្តាច់ទូរស័ព្ទថា សំណុំរឿងព្រហ្មទណ្ឌនេះ ត្រូវបានតុលាការលើកពេលបន្តជម្រះទៅថ្ងៃក្រោយទៀត ដោយមិនទាន់កំណត់កាលបរិច្ចេទនៅឡើយ។
អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៣។ក្នុងថ្ងៃតែមួយនៃការចាប់ខ្លួនលោក ថាច់ សេដ្ឋា នេះដែរ ស្ថាប័នអយ្យការ នៃតុលាការរាជធានីភ្នំពេញ បានបញ្ជាក់ជំហរនៃការចាប់ខ្លួនមន្រ្តីនយោបាយជាន់ខ្ពស់នៃគណបក្សភ្លើងទៀននេះ គឺអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួន របស់ចៅក្រមស៊ើបសួរ លោក ទិត ដាលីន។
ម្យ៉ាងវិញទៀតមូលហេតុដែលឈានដល់ការចាប់ខ្លួននេះ ដោយសារអនុប្រធានគណបក្សភ្លើងទៀនរូបនេះ ខកខានមិនចូលខ្លួនបំភ្លឺតាមដីកាបង្គាប់ឱ្យចូលខ្លួនចំនួន២លើករួចមកហើយ តាំងពីចុងខែកុម្ភៈ ឆ្នាំ២០២១មក។ក៏ប៉ុន្តែករណីនេះត្រូវបានលោក ជូង ជូងី សហមេធាវីការពារសិទ្ធិឱ្យលោក ថាច់ សេដ្ឋា ធ្លាប់បដិសេធថា កូនក្តីរបស់ខ្លួនមិនដែលបានឃើញដីកាដែលចេញដោយតុលាការម្តងណាទេ។ផ្ទុយទៅវិញ មេធាវីរូបនេះចាត់ទុកការអនុវត្តនីតិវិធីនេះថាហាក់មានភាពលម្អៀង ដែលជាចេតនានាំឱ្យមានការចាប់ខ្លួនមន្រ្តីនយោបាយបក្សជំទាស់នេះឡើង។
លោក ថាច់ សេដ្ឋា ត្រូវរង់ការចោទប្រកាន់ពីបទ«ចេញសែកស្អុយ ឬមូលប្បទានបត្រដែលគ្មានសាច់ប្រាក់» ទៅឱ្យដើមបណ្តឹងឈ្មោះលោក ហៃ វ៉ាន់រិន ដែលជាម្ចាស់ក្រុមហ៊ុន រិន ឆាយ ផនសប ដែលបានប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៩។
សហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ លោក សំ សុគង់ ធ្លាប់ប្រាប់បណ្តាញព័ត៌មានថា ការចាប់ខ្លួន និងបទចោទប្រឆាំងកូនក្តីរបស់ខ្លួននេះតាមពិតវាគឺជាសំណុំរឿងចាស់ដែលកូនក្តីរបស់លោកធ្លាប់ទទួលបានយុត្តិធម៌ម្តងរួចមកហើយ ក្រោមបទចោទឆបោកលុយ ដូចអង្គហេតុដែលកំពុងកើតឡើងនេះ។ក្នុងន័យនេះ បើតាមលោក សំ សុគង់ ការចោទប្រកាន់នេះនាំឱ្យមានការភ័ន្តច្រឡំទាំងទៅលើអង្គហេតុផង និងអង្គច្បាប់ផង ព្រោះបំណុលដែលកូនក្តីរបស់ខ្លួនជំពាក់ក្រុមហ៊ុនមួយនេះមានប្រហែល ២០ ០០០ដុល្លារអាមេរិកទេ។ក៏ប៉ុន្តែផ្ទុយទៅវិញ បែរជាម្ចាស់បណ្តឹងចោទប្រកាន់ថា កូនក្តីរបស់ខ្លួនត្រូវជំពាក់ក្រុមហ៊ុនប្រមាណ ៣៣ ៤០០ ដុល្លារអាមេរិកទៅវិញ។
របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បង្ហាញថា ក្រុមហ៊ុន រិន ឆាយ ផនសប នេះ បានចុះបញ្ជីពាណិជ្ជកម្មផ្លូវការ នៅក្នុងក្រសួងពាណិជ្ជកម្ម កាលពីខែតុលា ឆ្នាំ២០១៥។ ម្ចាស់ក្រុមហ៊ុន លោក ហៃ វ៉ាន់រិន នេះ គឺជាមនុស្សដែលស្និទ្ធនឹងគណបក្សប្រជាជនកម្ពុជា។ ក្រៅពីកាន់កាប់ក្រុមហ៊ុន រិន ឆាយ ផនសប ហើយ លោក ហៃ វ៉ាន់រិន ក៏ជាម្ចាស់ក្រុមហ៊ុន Dynith Commercial ដែលមានទីតាំងនៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញដែរ។ ក្រុមហ៊ុននេះត្រូវបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម កាលពីចុងខែមីនា ឆ្នាំ២០១៤។
សព្វថ្ងៃ ក្រុមហ៊ុន Dynith Commercial នេះ គ្រប់គ្រងដោយអ្នកស្រី ឌី សុខឃី ជាកូនស្រីអតីតស្នងការក្រុងភ្នំពេញ លោក ហុក ឡង់ឌី ហើយក៏ត្រូវជាភរិយាលោក ហ៊ុន ម៉ានិត ដែលជាកូនប្រុសទី២របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែរ។
Newsroom Cambodia មិនអាចស្វែងរកការបំភ្លឺបាន ពីលោក ហៃ វ៉ាន់រិន ដែលជាម្ចាស់ក្រុមហ៊ុន រិន ឆាយ ផនសប បានទេនៅថ្ងៃនេះ។
ចំណែក នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ ចាត់ទុកថា ការបន្តពន្យាពេលនៃការជំនុំជម្រះនេះ វានាំឱ្យប៉ះពាល់សិទ្ធិជនត្រូវចោទ ក្នុងពេលដែលសំណុំរឿងនេះធ្លាប់រងការរិះគន់ជាហូហែរថាជារឿងក្តីនយោបាយ។
ម្យ៉ាងវិញទៀត ការឃុំខ្លួនក្បាលម៉ាស៊ីនដឹកនាំបក្សជំទាស់នេះ វាហាក់លែងចាំបាច់ទៀតហើយ ព្រោះតុលាការបានបញ្ចប់នីតិវិធីនៃការស៊ើបអង្កេតចប់សព្វគ្រប់អស់ទៅហើយ។
លោកបន្តថា៖«ខ្ញុំយល់ថាការពន្យាពេលនេះវាធ្វើឱ្យប៉ះពាល់សិទ្ធិជនត្រូវចោទគឺលោក ថាច់ សេដ្ឋា ព្រោះទី១លោកមានជំងឺដែលត្រូវការព្យាបាល។ហើយសំណុំរឿងនេះទៀតសោតតាំងពីដំបូងមកសង្គមស៊ីវិលជាតិ និងអន្តជាតិគេមើលឃើញថាសំណុំរឿងនេះ វាទាក់ទងរឿងនយោបាយច្រើនជាង »។
គិតពីថ្ងៃចាប់ខ្លួន កាលពីដើមខែ មករា ឆ្នាំ២០២៣ លោក ថាច់ សេដ្ឋា ត្រូវបានឃុំខ្លួនប្រមាណជិត៦ខែមកហើយ។ក្នុងរយៈពេលនេះ គេសង្កេតឃើញមានថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់របស់បក្សជំទាស់នេះផ្សេងទៀតប្រមាណជិត ១០នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងន់ដល់សន្តិសង្គមសង្គម »។
សហគមន៍អន្តរជាតិ ចាត់ទុកថា ការចាប់ខ្លួន និងចោទប្រកាន់ប្រឆាំងអ្នកនយោបាយក្រុមជំទាស់នេះ ជាការរឹតត្បិតសេរីភាពខាងនយោបាយ និងរុញឱ្យលទ្ធិប្រជាធិបតេយ្យដើរថយក្រោយ៕