មេធាវីការពារសិទ្ធិ លោក ថាច់ សេដ្ឋា បានដាក់បណ្តឹងទៅសាលាឧទ្ធរណ៍ភ្នំពេញប្រឆាំងសាលក្រមតុលាការជាន់ទាបដែលនៅឃុំខ្លួនកូនក្ដីរបស់ខ្លួនបន្តទៀត បើទោះជាសាលាដំបូងរាជធានីភ្នំពេញ បានបិទបញ្ចប់ការស៊ើបអង្កេតហើយយ៉ាងណាក្តី។
ពាក្យបណ្តឹងដែលចេញកាលពីថ្ងៃទី នៅថ្ងៃទី១៥ ខែសីហា ហើយគេហទំព័រ Newsroom Cambodia ទើបទទួលបាននៅថ្ងៃទី ២១ សីហា នេះឱ្យដឹងថា លោក ជូង ជូងី ក្នុងនាមជាមេធាវីការពារសិទ្ធិឱ្យលោក ថាច់ សេដ្ឋាបានដាក់បណ្តឹងទៅសាលាឧទ្ធរណ៍ភ្នំពេញរួចរាល់ហើយ។ក្នុងពាក្យបណ្តឹងនោះដោយមើលឃើញថាតុលាការបានបិទបញ្ចប់ការស៊ើបអង្កេតរួចទៅហើយ ហេតុនេះការឃុំខ្លួនបណ្តោះអាសន្នប្រឆាំងលោក ថាច់ សេដ្ឋា មិនមានភាពចាំបាច់អ្វីទៀតនោះទេ។
បន្ថែមលើពាក្យបណ្តឹងនេះ មេធាវីការពារក្ដីឱ្យ លោក ថាច់ សេដ្ឋា គឺលោក ជូង ជូងី មានប្រសាសន៍ថា សំណុំរឿង លោក សេដ្ឋា ទាំងពីរបទចោទ ត្រូវបានតុលាការបញ្ចប់ការស៊ើបអង្កេតអស់រយៈពេលជាច្រើនខែមកហើយ។លោកបន្តថា ហេតុដូច្នេះតុលាការគ្មានហេតុផលណាមួយក្នុងការបន្តរក្សាការឃុំខ្លួន លោក ថាច់ សេដ្ឋា ក្នុងពន្ធធនាគារទៀតនោះទេ។
បើតាមលោក ជូង ជូងី លោកក៏បានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងការឃុំក្នុងសំណុំរឿងញុះញង់ដែរ ប៉ុន្តែតុលាការជានទាបមិនទាន់បើកការជំនុំជម្រះនោះទេ។
លោកបន្តថា៖ «យើងទាមទារដោះលែងឱ្យមានសេរីភាពវិញ ដោយហេតុថា មិនមានភាពចាំបាច់ឃុំខ្លួនគាត់(លោក ថាច់ សេដ្ឋា) តទៅទៀតពីព្រោះការស៊ើបអង្កេតចប់សព្វគ្រប់អស់ហើយ»។
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន រង់ការចោទប្រកាន់ពីបទ «មិនបានបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន»ពាក់ព័ន្ធនឹងចេញមូលប្បទានបត្រ (សែក)ដោយគ្មានសាច់ប្រាក់។
បើទោះជាបែបណា សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមរក្សាការឃុំខ្លួន លោក ថាច់ សេដ្ឋា ឱ្យនៅដដែល កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ បើទោះបីជាមេធាវីការពារចុងចោទ ព្យាយាមលើកហេតុផលជាច្រើនទាក់ទិននឹងបញ្ហាសុខភាព និងដំណាក់កាលស៊ើបអង្កេតបានបិទបញ្ចប់ ដើម្បីជំរុញឱ្យតុលាការដោះលែង លោក សេដ្ឋា ឱ្យមានសេរីភាពយ៉ាងណាក្ដី។
គិតត្រឹមថ្ងៃទី២១ ខែសីហានេះ មានរយៈពេលជាងកន្លះឆ្នាំហើយដែលតុលាការ សម្រេចឃុំខ្លួនលោក ថាច់ សេដ្ឋា ខណៈមេធាវីការពារក្ដី និយាយថា ជីវិតរស់នៅក្នុងពន្ធនាគាររបស់មន្រ្តីជាន់ខ្ពស់បក្សជំទាស់រូបនេះកំពុងប្រឈមមុខនឹងជំងឺជាច្រើនរួមមាន ខ្លាញ់រុំបេះដូង លើសឈាម ឡើងជាតិស្ករ និងឡើងជាតិអាស៊ីត ដែលតម្រូវឱ្យមានការព្យាបាលជាប់ជាប្រចាំ។
លោក ថាច់ សេដ្ឋា ក្រៅពីរងការចោទប្រកាន់ថា ចេញសែកដោយគ្មានសាច់ប្រាក់ហើយ លោកក៏ត្រូវរង់ការចោទមួយបទចោទទៀត «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម » និង«ញុះញង់ឱ្យមានការរើសអើង» ក្នុងពេលដែលលោកចុះជួបពលករនៅប្រទេសកូរ៉េខាងត្បូង។
គេហទំព័រ Newsroom Cambodia នៅពុំទាន់អាចសូមការអត្ថាធិប្បាយពី លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បាននៅឡើយទេ ដោយទូរសព្ទចូល ប៉ុន្តែពុំមានអ្នកទទួល។
ដោយឡែក ភរិយាលោក ថាច់ សេដ្ឋា គឺ អ្នកស្រី ថាច់ សុខបូរ៉ានី បានត្អូញត្អែរថា ជារៀងរាល់ថ្ងៃ អ្នកស្រី ត្រូវមើលថែក្មេងៗចំនួន៦នាក់ ហើយការចាយវាយប្រចាំថ្ងៃមានការត្បិតត្បៀត ដោយសារត្រូវសន្សំប្រាក់ទុកសម្រាប់ទិញថ្នាំឱ្យ លោក សេដ្ឋា ក្នុងពន្ធធនាគារ។
ក្នុងនាមជាស្រ្តីដែលមានមុខរបរលក់ត្រី អ្នកស្រីសង្ឃឹមថា សាលាឧទ្ធរណ៍នឹងដោះលែងប្ដីរបស់ខ្លួន ដោយអះអាងថា លោក ថាច់ សេដ្ឋា គ្មានបានប្រព្រឹត្តកំហុសឆ្គងនោះទេ។
អ្នកស្រីបន្តថា៖ «សន្សំសំចៃ ដោយសារកូនរៀនរដ្ឋផងអីផល។សព្វថ្ងៃអត់មានអីហួបទេខ្លាច។ អ្នកមីង (អ្នកស្រី សុខបូរ៉ានី) ផ្គត់ផ្គង់សព្វគ្រប់បែបយ៉ាងទាំងអស់ មីងទិញម្ហូបឱ្យពូផង ថ្នាំឱ្យគាត់ផង យកទៅឱ្យគាត់។ សព្វថ្ងៃនេះពិបាកណាស់ និយាយក៏និយាយមិនចេញ ពិបាកនោះពិបាកមែនទែនហ្មង យាយទៅចង់តែយំ តែមិនដឹងប្រាប់អ្នកណា មិនដឹងយាយថាម៉េច» ។
ក្រៅពីការប្ដឹងសុំដោះលែង លោក សេដ្ឋា មេធាវីការពារក្ដី លោក ជូង ជូងី ក៏បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការកំពូលប្រឆាំងនឹងសាលដីកាសាលាឧទ្ធរណ៍ភ្នំពេញក្នុងការបន្តឃុំខ្លួនលោក លី រី ដែលជាមន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន ដោយទាមទារឱ្យដោះលែងមានសេរីភាពវិញដូចគ្នា។
ចំណែក អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ស៊ឹងសែនករុណា មានសុទិដ្ឋិនិយមថា ប្រសិនបើករណីនេះពុំជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ តុលាការនឹងដោះលែង លោក សេដ្ឋា ឱ្យមានសេរីភាព ដោយសារមេធាវីការពារចុងចោទមានហេតុផលសមរម្យក្នុងការទាមទារឱ្យតុលាការដោះលែងកូនក្ដីរបស់ខ្លួន។
បើទោះជាបែបណា ផ្អែកលើការអង្កេតលោក ករុណា យល់ឃើញថាតុលាការថ្នាក់កណ្តាលនេះ ទំនងនឹងមិនដោះលែងមន្រ្តីជាន់ខ្ពស់បក្សជំទាស់នេះ ទៅតាមការស្នើសុំរបស់មេធាវីការពារសិទ្ធិទេ ព្រោះសាលាឧទ្ធរណ៍ភ្នំពេញតែងអនុវត្តជានិច្ច តាមសាលក្រមរបស់តុលាការជាន់ទាប ហើយនឹងនៅតែបន្តរក្សាការឃុំ លោក សេដ្ឋា ក្នុងពន្ធធនាគារដដែល។
លោកបន្តថា៖ «ធម្មតាសាលាដំបូងសម្រេចយ៉ាងម៉េច យើងកត់សម្គាល់ថា នៅសាលាឧទ្ធរណ៍តែងតែទៅតាមលំនាំហ្នឹង »។
សាលាដំបូងដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៦ សីហា បានសម្រេចលើកពេលសវនាការមិនកំណត់ថ្ងៃ ដោយសារបញ្ហាសុខភាពធ្ងន់ធ្ងររបស់លោក ថាច់ សេដ្ឋា។
សវនាការដែលប្រើពេលស្ទើរពេញមួយថ្ងៃនេះ ត្រូវបានក្រុមអ្នកការពារសិទ្ធិមនុស្ស ចាត់ទុកថា សំណុំរឿងព្រហ្មទណ្ឌមួយនេះ វាគឺជារឿងក្តីនយោបាយ ហេតុនេះបើទោះជាតុលាការបន្តជម្រះបែបណា ក៏វាសនារបស់មន្រ្តីជាន់ខ្ពស់បក្សជំទាស់នេះ នឹងមិនងាចរួចផុតពីការចោទប្រកាន់នោះឡើយ៕