ការផ្តល់សញ្ជាតិខ្មែរឱ្យទៅជនបរទេស ចំពេលការសិក្សានានារកឃើញកម្ពុជានៅមានអំពើពុករលួយខ្ពស់ និងនីតិរដ្ឋទាបនៅឡើយ ជាផ្នែកមួយជំរុញឱ្យអ្នកឃ្លាំមើលបារម្ភដល់ហានិភ័យសង្គមទៅថ្ងៃអនាគត បើមេដឹកនាំខ្វះឆន្ទៈពង្រឹងប្រព័ន្ធនីតិរដ្ឋ ។
ក្តីបារម្ភ ក្រោយពីមានសេចក្តីរាយការណ៍នានា កាលពីសប្តាហ៍មុនថា អាជ្ញាធរសាំងហ្គាពួចាប់បានជនជាតិចិន៣នាក់ ចូលសញ្ជាតិខ្មែរ ក្នុងចំណោមឧក្រិដ្ឋជន១០នាក់ ពាក់ព័ន្ធនឹងបទឧក្រិដ្ឋលាងលុយកខ្វក់ឬលុយខុសច្បាប់ ខណៈឧកញ៉ាខ្លះ បានបង្ហោះលេខទូរសព្ទ ដើម្បីរត់ការចូលសញ្ជាតិខ្មែរ។
បន្ថែមពីនេះ ក្រោយពីសហរដ្ឋអាមេរិក ដាក់កម្ពុជាក្នុងបញ្ជីខ្មៅនៃអំពើជួញដូរមនុស្សឆ្លងដែន អំឡុងឆ្នាំ២០២២រួចមក ក្រសួងមហាផ្ទៃតាមរយៈ លោក ស ខេង បានប្រកាសពីវិធានការចុះបង្ក្រាបបាន បទឧក្រិដ្ឋគ្រឿងញៀន ការចាប់ជំរិត ជួញដូរអាវុធ និងបទឧក្រិដ្ឋឆរបោកតាមអនឡាញជាដើម ដែលភាគច្រើនជាប់ពាក់ព័ន្ធនិងជនជាតិចិន។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត និយាយថា និតីវិធីនៃការសម្រេចផ្តល់សញ្ជាតិខ្មែរឱ្យទៅជនណាម្នាក់ គេត្រូវពិនិត្យយ៉ាងហ្មត់ចត់ទៅលើបុគ្គលិកលក្ខណៈរបស់បុគ្គល តាមច្បាប់កម្ពុជា ដើម្បីកុំឱ្យឧក្រិដ្ឋជនប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាជម្រកសុវត្ថិភាព ។
លោកបន្តថា៖«យើងចេះតែផ្តល់សញ្ជាតិដោយសំអាងថាអ្នកហ្នឹងមានលុយមកវិនិយោគអីជាដើម អាហ្នឹងអាចជាហានីភ័យនិងធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិដែរ»។
លោកគូសបញ្ជាក់ថា បើពិនិត្យទៅលើការវាយតម្លៃនានាពាក់ព័ន្ធនឹងកម្រិតអំពើពុករលួយ និងនីតិរដ្ឋទាបនៅកម្ពុជា លោកថា ការផ្តល់សញ្ជាតិខ្មែរឱ្យទោជនបរទេសបច្ចុប្បន្ន ជាចំនុចព្រួយបារម្ភពីហានីភ័យខ្លាំងទៅដល់សង្គម សម្រាប់អនាគតកម្ពុជា ប្រសិនបើរដ្ឋាភិបាលខ្វះឆន្ទៈទប់ស្កាត់អំពើពុករលួយ និងពង្រឹងនីតិរដ្ឋ។
បន្ថែមពីនេះលោកថា នៅកម្ពុជាបច្ចុប្បន្នជនជាតិចិន និងវៀតណាម ឈានមុខគេក្នុងការទទួលបានការផ្តល់សញ្ជាតិខ្មែរ បើធៀបនឹងជនជាតិដទៃទៀត ។
លោកថា៖«ខ្ញុំបារម្ភ[…]ពេលខ្លះយើងថែមទាំងឃើញអ្នកមានមុខមាត់នៅក្នុងសង្គមយើងផុសផ្សព្វផ្សាយអំពីការរត់ការ ដើម្បីទទួលបានសញ្ជាតិថែមទៀត។ រឿងសញ្ជាតិយើងនេះដូចជារឿងទិញលក់ដូរ ត្រី សាច់ជ្រូក សាច់គោហើយហ្នឹង»។
ច្បាប់ស្តីពីសញ្ជាតិ ឆ្នាំ១៩៩៦ ចែងថា ការទទួលបានសញ្ជាតិខ្មែរ អាចកើតឡើងបាន នៅក្នុងករណីការទទួលសញ្ជាតិខ្មែរពីកំណើត ការទទួលសញ្ជាតិខ្មែរតាមរយៈអាពាហ៍ពិពាហ៍ និង ការទទួលសញ្ជាតិខ្មែរតាមរយៈការសុំចូលសញ្ជាតិ (សញ្ជាតិតូបនីយកម្ម)។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ចាត់ទុកការផ្តល់សញ្ជាតិឱ្យបរទេស តាមរយៈអ្នករត់ការបង់លុយ មិនអនុវត្តតាមច្បាប់ ហើយថាវាក៏ជាការរំលោភនូវសេចក្តីទុកចិត្តរបស់ច្បាប់កម្ពុជា។
មួយវិញទៀតលោកថា ការផ្តល់សញ្ជាតិតូបនីយកម្មមួយៗ ត្រូវមានការសិក្សាអំពីប្រវតិ្ត អំពីប្រភពចំណូឡឱ្យបានច្បាស់លាស់ មិនមែនត្រឹមតែថា ឱ្យតែគេមានលុយវិនិយោគ ឬក៏មានលុយជួយរដ្ឋាភិបាលអាចចូលសញ្ជាតិខ្មែរបានោះទេ។
លើសពីនេះ លោកថា ប្រសិនបើលុយទាំងអស់នោះ បានមកពីបទឧក្រិដ្ឋលាងលុយកង្វក់ ឬជួញដូរមនុស្ស ការផ្តល់សញ្ជាតិនឹងប៉ះពាល់ទៅដល់មុខមាត់ប្រទេសជាតិ និងបង្កហានិភ័យដល់សង្គមកម្ពុជា ។
លោកបន្តថា៖«កាលណាមិនអនុវត្តតាមល័ក្ខខណ្ឌនៃច្បាប់ផ្តល់សញ្ជាតិតូបនីយកម្មវាចូលរឿងអំពើមិនប្រក្រតីនៃការរត់ការ អំពើពុករលួយផ្សេងៗទៀតដែលវាធ្វើឱ្យប៉ះពាល់ទៅសង្គមជាតិ»។
បើតាមអ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សរូបនេះ ដើម្បីទប់ស្កាត់គ្រោះថ្នាក់សង្គមតាមរយៈការផ្តល់សញ្ជាតិឱ្យទៅជនបរទេស មេដឹកនាំត្រូវទប់ស្កាត់អំពើពុករលួយ និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់។
ប្រធានក្រុមអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន កាលពីម្សិលម៉ិញ សុំមិនធ្វើអត្ថាធិប្បាយជុំវិញរឿងនេះ ដោថាអស់សមត្ថកិច្ច ក្នុងការនិយាយជាមួយអ្នកសារព័ត៌មាន ហើយបានជំរុញឱ្យទាក់ទងលោក ប៉ែន ប៉ុនណា ដែល Newsroom Cambodia មិនអាចទាក់ទងបាន។
ចំណែក អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក កែវ វណ្ណថន មិនអាចទាក់ទងបាននៅថ្ងៃទី ២២ សីហានេះ ដោយទូរស័ទ្ទចូលជាច្រើនដងគ្មានអ្នកទទួល។
បើតាមរបាយការណ៍បូកសរុបលទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ ចេញផ្សាយនៅថ្ងៃទី២២ ខែកម្ភៈ ឆ្នាំ២០២២ ចាប់ពីឆ្នាំ១៩៩៩ដល់ឆ្នាំ២០២២ ជនបរទេសសុំចូលសញ្ជាតិខ្មែរតាមរយៈសញ្ជាតូបនីយកម្មសរុបចំនួន ២៥២៨នាក់។ ជនបរទេសទាំងនោះមានសញ្ជាតិដើមចំនួន៥០សញ្ជាតិ។
ដោយឡែក របាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បញ្ជាក់ថា តាមប្រតិបត្តិការចុះត្រួតពិនិត្យជនបរទេសនៅទូទាំងប្រទេស មានជនបរទេសចំនួន ៣០.៨៣៤នាក់ ក្នុងនោះជនបរទេស ២.៤១៦នាក់ មកធ្វើការងារខុសច្បាប់គ្មានបណ្ណការងារនៅក្នុងប្រទេសកម្ពុជា។
ពាក់ព័ន្ធនឹងការវាយតម្លៃពីកម្រិតអំពើពុករលួយវិញ បាយការណ៍ថ្មីមួយរបស់អង្គការអន្តរជាតិឃ្លាំមើលអំពើពុករលួយសកល ចេញផ្សាយដើមឆ្នាំ២០២៣ បានរកឃើញថា ៥ឆ្នាំជាប់គ្នា កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសមានអំពើពុករលួយអាក្រក់ជិតបាតតារាង បើទោះបីកម្ពុជា មានច្បាប់ប្រឆាំងអំពើពុករលួយសម្រាប់ទប់ស្កាត់ក្ដី។
ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយរបស់កម្ពុជាប្រកាសឱ្យប្រើនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១០ បញ្ជាក់ពីគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការដឹកនាំរដ្ឋច្រើនយ៉ាង។
ក្នុងនោះមានទាំងការ«ពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋ នៅក្នុងការដឹកនាំ និង ការគ្រប់គ្រងរដ្ឋ ព្រមទាំងរក្សាភាពស្អាតស្អំ និងយុត្តិធម៌ជាមូលដ្ឋានចាំបាច់ ក្នុងការអភិវឌ្ឍសង្គមជាតិ »។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត ធ្លាប់និយាយថា បើយោងតាមរបាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិ កម្ពុជាបានបន្តញាំញីដោយអំពើពុករលួយធ្ងន់ធ្ងរ និងធ្លាក់ចុះយ៉ាងគំហុកនូវប្រព័ន្ធពង្រឹងនីតិរដ្ឋ ដោយសារតែក្បាលម៉ាស៊ីនដឹកនាំរដ្ឋបច្ចុប្បន្ន បាត់បង់ប្រព័ន្ធត្រួតពិនិត្យអំណាច រវាងរដ្ឋសភា តុលាការ និងរដ្ឋាភិបាល។
ប៉ុន្តែលោកគិតថា កម្ពុជាអាចរើខ្លួនពីវិបត្តិនេះបាន បើរដ្ឋាភិបាលមានឆន្ទៈបង្ហាញនូវតម្លាភាព និងគណនេយ្យភាពក្នុងការដឹកនាំ រួមទាំងពង្រឹងប្រព័ន្ធនីតិរដ្ឋឡើងវិញ តាមរយៈបង្កើតឱ្យមានតុល្យភាពអំណាចរវាងរដ្ឋសភា តុលាការ និងរដ្ឋាភិបាល។
មួយវិញទៀតលោកថា បើរដ្ឋាភិបាលមានឆន្ទៈ ត្រូវបង្កើតឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងក្រុមអង្គការសង្គមស៊ីវិល ក្នុងការតាមដានការអនុវត្តច្បាប់ បង្កើតឱ្យមានប្រព័ន្ធសុវត្ថិភាព និងផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់អ្នករាយការណ៍ ឬហ៊ានលាតត្រដាងពីអំពើពុករលួយ ដែលថា នេះជាការរួមចំណែកជំរុញឱ្យវិធានការទប់ស្កាត់អំពើពុករលួយដើរទៅមុខ។