លោក ហ៊ុន ម៉ាណែត បានទទួលបានការបោះឆ្នោតគាំទ្រពីរដ្ឋសភាដោយទទួលបាន ១២៣សម្លេង ក្នុងចំណោម១២៥ កាលពីថ្ងៃអង្គារ ដើម្បីក្លាយជានាយករដ្ឋមន្រ្តីថ្មី ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ បន្ទាប់ពីលោក ហ៊ុន សែន បានផ្ទេរអំណាចទៅឲ្យកូនប្រុសរបស់លោកក្រោយកាន់អំណាច ៣៨ ឆ្នាំ។
ក្នុងឳកាសក្នុងកិច្ចប្រជុំនៃរដ្ឋសភា លោកហ៊ុន ម៉ាណែតលោកបានថ្លែងសុន្ទរកថា អំពីកម្មវិធីនយោបាយ ដោយផ្អែកលើ កម្មវិធីនយោបាយសម្រាប់ការកសាង និង ការការពារមាតុភូមិ ឆ្នាំ២០២៣ ដល់ ២០២៨។
លោកហ៊ុន ម៉ាណេត លោកបានលើកឡើងអំពី កម្មវិធីនយោបាយសម្រាប់កម្ពុជានៅក្នុងនីតិកាលទី៧នៃរដ្ឋសភាដែលមានការធានា ៥ចំណុចសំខាន់ៗ។ ទី១ ការធានាការពារឲ្យបានជាដាច់ខាតនូវសន្តិភាពស្ថិរភាព សន្តិសុខនិងសុវត្ថិភាពសម្រាប់ការរស់នៅដោយក្សេមក្សាន្តរបស់ប្រជាជននៅគ្រប់ទិសទីនៃផ្ទៃប្រទេស ព្រមទាំងការពារឯករាជ្យអធិបតេយ្យនិងបូរណភាពទឹកដីឲ្យបានគង់វង្សជ័យដែលកាលមិនឲ្យកម្លាំងណាមកបំពានឬបំផ្លាញបានឡើយ។
ទី២ ការធានាបន្តជំរុញអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជាគ្រប់វិស័យ។ ទី៣ ការធានាបន្តជំរុញលើកកម្ពស់និងកែលម្អជីវភាពរបស់ប្រជាជន។ ទី៤ ការធានានូវសុវត្ថិភាពសង្គមនិងលំនឹងក្នុងការរស់នៅរបស់ប្រជាជន ទាំងនាបច្ចុប្បន្នក៏ដូចជាទៅអនាគតនិង ទី៥ ការធានាបង្កើនការយកចិត្តទុកដាក់ដល់ចិរភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
ក្នុងនោះដែរលោកក៏បានបន្ថែមថា កម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ ដែលនឹងត្រូវបានដាក់ឲ្យចាប់ផ្ដើមអនុវត្តភ្លាមនៅក្នុងឆ្នាំ ២០២៣នេះរួមមាន ទី១ ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។
ទី២ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស។ ទី៣ ការធ្វើស្ថាបនូបនីយកម្ម កម្មវិធីជំនួយសង្គមសម្រាប់គ្រួសារក្រីក្រក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ចនិងគ្រាមានគ្រោះអាសន្ន។
ទី៤ ការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធនិងអាចទទួលផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ។
ទី៥ ការដាក់ចេញនូវយន្តការសម្របសម្រួលនិងកម្មវិធីហិរញ្ញប្បទានសម្រាប់លើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ។ ទី៦ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេសនិងការរៀបចំឲ្យមានសមាគមកសិករនៅតាមទីជនបទ៕