អនុប្រធានគណបក្សភ្លើងទៀនលោក រ៉ុង ឈុន មិនបានចូលសួរសុខទុក្ខសមាជិករបស់ខ្លួនចំនួន៤នាក់កំពុងឃុំខ្លួនក្នុងពន្ធនាគារ តាមការគ្រងទុក ដោយសារតុលាការមិនអនុញ្ញាតក្រោមហេតុផលថា សំណុំរឿងក្តីទាំងនោះ កំពុងស្ថិតក្រោមការស៊ើបសួរ និងស្រាវជ្រាវនៅឡើយ។
នេះបើតាមលិខិតបដិសេធរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២២សីហា ឆ្នាំ២០២៣ ដែលលោក រ៉ុង ឈុន បង្ហោះលើហ្វេសប៊ុករបស់លោក នៅថ្ងៃព្រហស្បតិ៍នេះ ។
លោក រ៉ុង ឈុន និយាយថា គោលបំណងដែលគាត់ចង់ជួបសមាជិកកំពុងឃុំខ្លួនទាំងនោះ គឺដើម្បីលើកទឹកចិត្តពួកគេ និងដឹងពីសុខទុក្ខតែប៉ុណ្ណោះ។ លោកថា ការដែលតុលាការមិនអនុញ្ញាតនេះ ជាការរិតត្បិតសេរីភាពអ្នកនយោបាយជំទាស់នឹងរដ្ឋាភិបាល។
លោកថា៖«តុលាការដូចមានចិត្តចង្អៀតចង្អល់ ពីព្រោះការសួរសុខទុក្ខក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ហើយសហការីរបស់ខ្លួនជាប់ពន្ធនាគាររឿងអយុត្តិធម៌ យើងត្រូវតែទៅសួរសុខទុក្ខ ចង់ដឹងអំពីសុខភាពរបស់គាត់ ហើយចង់បង្ហាញដល់គាត់ថា គាត់មិនឯកកោទេ យើងមិនទុកគាត់ចោលទេ»។
បើតាម លោក រ៉ុង ឈុន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ លោកមេធាវី សំ សុគង់ បានដាក់លិខិតមួយច្បាប់ទៅតុលាការ ដើម្បីសុំជួបសមាជិកចំនួន៤នាក់ ដែលតុលាការបង្គាប់ឱ្យឃុំខ្លួនក្នុងពន្ធនាគារ។ ប៉ុន្តែលោកថា លិខិតបដិសេធរបស់ចៅក្រម ទើបធ្លាក់ដល់ដៃលោកនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ។
សមាជិកគណបក្សភ្លើងទៀន ដែលលោក រ៉ុង ឈុន គ្រោងជួប ដើម្បីលើកទឹកចិត្ត និងសួរសុខទុក្ខ ក្នុងពន្ធនាគារ មានលោក លី រី លោក ប៊ុន ខេត លោក អេង ស្រូយ និងអ្នកស្រី វន រុន្នី ពួកគេជាមន្ត្រីជាន់ខ្ពស់ ប្រចាំមូលដ្ឋាន ដែលត្រូវបានចាប់ឃុំខ្លួន ពាក់ព័ន្ធនឹងការបោះឆ្នោត។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន មិនអាចសុំការឆ្លើយតបបាន នៅថ្ងៃទី២៤ខែសីហានេះ ដោយទូរស័ព្ទចូលជាច្រើនលើកតែមិនមានអ្នកទទួល។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត និយាយថា ចៅក្រម អាចមានសិទ្ធិក្នុងការហាមឃាត់ករណីនេះ តែថាអ្នកសុំជួបសួរសុខទុក្ខនោះ មានមន្រ្តីសមត្ថកិច្ចនៅជាមួយ ការទៅជួបរបស់លោក រ៉ុង ឈុន មិនប៉ះពាល់ដល់ដំណើការស៊ើបអង្កេតទេ។
លោកថា៖ «យើងសោកស្តាយចំពោះ ការមិនអនុញ្ញាតឱ្យមានការជួបសួរសុខទុក្ខនេះ។ ទោះបីជាថាស្ថិតនៅក្នុងដំណាក់កាលនៃចៅក្រមស៊ើបសួរក៏ដោយ ប៉ុន្តែបើសិនជាការ ជួបសួរសុខទុក្ខនេះ មានវត្តមានអ្នកដែលនៅជិត មន្រ្តីនៅជិតអីជាដូចជាមិនមានអីដែលថា ប៉ះពាល់ដល់ការសម្ងាត់នៃការស៊ើបសួរ នោះទេ»។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត និងយាយដែរថា សំណើររបស់ លោក រ៉ុង ឈុន មិនបានប៉ះពាល់ដល់ដំណើរការ នៃការស៊ើបសួររបស់តុលាការនោះឡើយ។
លោកចាត់ទុក ការបដិសេធរបស់តុលាការ អាចឆ្លុះបញ្ចាំងពីការគៀបសង្គត់ អ្នកនយោបាយជំទាស់ដែលថាបញ្ហានេះ បានកើតឡើងក្នុងសង្គមកម្ពុជាយូរមកហើយ។
លោកបន្តថា៖«ខ្ញុំមើលឃើញវាជាការធ្វើទារុណកម្មផ្លូវចិត្តមួយសម្រាប់អ្នកឃុំឃាំង ដែលយើងហៅថាជាអ្នកទោសនយោបាយ ជាអ្នកទោសចេញពីគណបក្សប្រឆាំង។ទី២ កាបដិសេធនេះ ជារូបភាពមួយនៃការរិតត្បិត ឬក៏ការដាក់សម្ពាធមួយផ្នែកទៅដល់អ្នកជាប់ឃុំឃាំង គឺមិនឱ្យមានឱកាស ក្នុងការចែករំលែកពីស្ថានភាពរបស់ខ្លួន»។
នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលបិទបញ្ចប់ក្នុងពេលថ្មីៗនេះ មន្រ្តីបក្សភ្លើងទៀនជាច្រើនរូបត្រូវរងការចោទប្រកាន់ពីបទ«ញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម» ដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពញុះញង់ឱ្យពលរដ្ឋបំផ្លាញសន្លឹកឆ្នោត តាមរយៈការគូសខ្វែងលើសន្លឹកឆ្នោត។
ក្នុងនោះមាន អ្នកស្រី វង រុន្នី ប្រធានចលនាស្រ្តីថ្នាក់ជាតិ រាជធានីភ្នំពេញ និងលោក អេង ស្រួយ ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ ត្រូវបានចាប់ខ្លួន តាមដីកាបង្គាប់ឱ្យនាំខ្លួន ដោយតុលាការរាជធានីភ្នំពេញកាលពីថ្ងៃទី ១៧ កក្កដា ឆ្នាំ ២០២៣។
ក្រៅពីនេះ លោក លី រី ជាសមាជិកគណៈកម្មាធិការនាយកនិងលោក ប៊ុន ខេត ប្រធានស្តីទីប្រតិបត្តិមកពីគណបក្សភ្លើងទៀន នៅរាជធានីភ្នំពេញ ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនខ្លួនចូលរថយន្តភ្លាមៗផងដែរ កាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ។
ជុំវិញលំហនយោបាយនៅកម្ពុជា អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយ ក្នុងសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី២ខែសីហាឆ្នាំ២០២៣ថា លំហនយោបាយនៅកម្ពុជា បានបង្កឱ្យបាត់ទំនុកចិត្ត ក្នុងដំណើរការបោះឆ្នោតកាលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
អង្គការសហប្រជាជាតិបានគូសបញ្ជាក់ថារដ្ឋាភិបាលថ្មីរបស់កម្ពុជា ត្រូវគោរពតាមកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងដោះស្រាយការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរទាំងចាស់ និងថ្មី ដែលរារាំងដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងប្រទេស។