ក្រុមហ៊ុនដឹកជញ្ជូនចំណីអាហារឈ្មោះWOWNOW យល់ព្រមបង្កើនចំនួនទឹកប្រាក់លើកទឹកចិត្តដល់បុគ្គលិកឡើងវិញ ក្រោយពួកគេផ្ទុះការតវ៉ាទ្រង់ទ្រាយធំ កាលពីម្សិលមិញ ប្រឆាំងនឹងវិធានកាត់ផ្តាច់អត្ថប្រយោជន៍ បើដឹកទំនិញឱ្យភ្លៀវមានភាពយ៉ឺតពេល ។
កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ម្សិលមិញ មានបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន WOWNOW ប្រហែល៣០០នាក់បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខទីតាំងក្រុមហ៊ុនស្ថិតក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
នៅព្រឹកថ្ងៃសុក្រនេះ លោក សុវណ្ណា ម៉ៅ ជាបុគ្គលិកដឹកជញ្ជូន ដែលតវ៉ាប្រឆាំងនឹងការសម្រេចរបស់ក្រុមហ៊ុន និយាយថា ក្រោយមានការចរចាគ្នា រវាងក្រុមហ៊ុននិងតំណាងបុគ្គលិក ក្រុមហ៊ុនបានសម្រេចលែងឱ្យមានការផាកពិន័យ ០.១០ ដុល្លារ ឬ ស្មើ៤០០រៀលពីបុគ្គលិកបន្តទៀត បើទោះបីជាពួកគេទៅយកឥវ៉ាន់នៅតាមហាង ឬដឹកជញ្ជូនឱ្យភ្ញៀវមានការយឺតយ៉ាវ ក្នុងរយៈពេលយូរក៏ដោយ។
លោក ម៉ៅ បន្តថា បន្ទាប់ពីមានការសម្របសម្រួលហើយ ក្រុមបុគ្គលិកដឹកជញ្ជូនក៏បាននាំគ្នាចូលបម្រើការងារវិញក្នុងល្ងាចថ្ងៃតវ៉ាដដែល។ លោកថា៖ «និយាយទៅគេសម្រួលគ្នាអស់ហើយ»។
បុគ្គលិកតវ៉ាមួយរូបទៀតគឺ លោក ពៅ ខន និយាយថា ក្រុមហ៊ុនក៏បានរក្សាថ្លៃសេវាដឹកជញ្ជូនសម្រាប់បុគ្គលិកនៅដូចដើមផងដែរ ដោយពុំមានការបង្ខិតតម្លៃដឹក សម្រាប់ចម្ងាយជិតបំផុតពីជាង០.៦០ដុល្លារមកត្រឹមជាង០.៣០ដុល្លារទៀតនោះទេ។
លោកថា៖«បើបានបុងដឹកច្រើនជាងមុនដូចជាគេឱ្យលុយ៥០ដុល្លារហ្នឹងដែរ។ លែងតវ៉ាហើយ[ចូលធ្វើការវិញនៅយប់ថ្ងៃតវ៉ា]»។
អំឡុងពេលតវ៉ា កាលពីម្សិលមិញ ក្រុមបុគ្គលិកទាំងនោះ មានការព្រួយបារម្ភថា ប្រសិនបើក្រុមហ៊ុនអនុវត្តបែបនេះ នោះចាប់ពីខែកញ្ញាតទៅ ប្រាក់ចំណូលរបស់ពួកគេនឹងមានការធ្លាក់ចុះពីជាង៦០០ដុល្លារមកត្រឹម៣០០ដុល្លារក្នុងមួយខែ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ។
បុគ្គលិកធនធានមនុស្សមួយរូបនៃក្រុមហ៊ុន WOWNOW ដែលគេហទំព័រ Newsroom Cambodia ទាក់ទងតាមរយៈលេខទូរសព្ទក្នុងគេហទំព័រក្រុមហ៊ុន បញ្ជាក់ថា៖«ពួកគាត់ត្រលប់ទៅធ្វើការធម្មតាខាងយើងបានដោះស្រាយជូនហើយ»។
អគ្គលេខាធិការរង នៃគណៈកម្មការដោះស្រាយបញ្ហាបាតុកម្ម កូដកម្ម នៅគ្រប់មុខសញ្ញានៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក វង្ស សុវណ្ណ បញ្ជាក់ថាកិច្ចព្រមព្រៀងនេះមានការចុះអន្តរាគមន៍ពីមន្រ្តីជំនាញ របស់ស្ថាបនលោក។
លោកថា៖ «ដូចមានការដោះស្រាយសម្របសម្រួលចប់ហើយករណីហ្នឹង។ [ក្រុមហ៊ុន] WOWNOW ហ្នឹង។[…] ខាងនាយកដ្ឋានវិវាទការងារគាត់ចុះដោះស្រាយជូន»។ កាលពីខែមករា ឆ្នាំ២០២១ ក៏មានបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន Food Panda ប្រមាណជិត៣០០នាក់ បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខការិយាល័យក្រុមហ៊ុន ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីទាមទារឱ្យក្រុមហ៊ុនរក្សាថ្លៃឈ្នួលដឹកដល់ពួកគេឱ្យនៅដដែល។