សហជីព និងកម្មករទាមទារឱ្យភាគីពាក់ព័ន្ធដំឡើងប្រាក់ឈ្នួលអប្បរមាស្របតាមការកើនឡើងនៃតម្លៃទំនិញលើទីផ្សារដើម្បីចៀសវាងកម្មករមានការហូបចុករឹតត្បិត និងសន្សំសំចៃ។
អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក ឃុន ថារ៉ូ មានប្រសាសន៍ថា កម្មករនិយោជិកបានចំណាយថវិកាក្នុងម្នាក់ លើម្ហូបអាហារសមរម្យចំនួន១៨០ដុល្លារក្នុងមួយខែ។ លោកបន្តថា កម្ពុជាមិនបានកំណត់យកប្រាក់ឈ្នួលរស់នៅសមរម្យនោះទេ ប៉ុន្តែជំនួសមកវិញគឺប្រាក់ឈ្នួលអប្បបរិមាដែលមិនឆ្លុះបញ្ចាំងពីតម្រូវការមូលដ្ឋានរបស់កម្មករ។
នេះគឺជាការរៀបរាប់
លោកបន្តថា៖ «ខ្ញុំមិនរំពឹងថាមានការកើនឡើងច្រើនទេ ទាក់ទងនឹងប្រាក់ឈ្នួល»។
ប្រភពដដែលឱ្យដឹងទៀតថា ការចាយវាយមិនគ្រប់គ្រាន់នឹងដាក់សម្ពាធលើកម្មករឱ្យធ្វើការថែមម៉ោង និងកាត់បន្ថយការហូបចុកដែលបង្កឱ្យប៉ះពាល់ដល់សុខភាពរបស់ពួកគេ។
កម្មកររោងចក្រម្នាក់ លោក ស្រស់ វុទ្ធី និយាយថា លោកចង់ឃើញរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលដល់២៥០ដុល្លារទើបអាចឆ្លើយតបទៅនឹងការកើនឡើងនៃការចំណាយលើអាហារនិងបន្ទប់ជួលបាន។
បើតាមលោក ស្រស់ វុទ្ធី ក្រៅពីតម្រូវការជាមូលដ្ឋាន លោកថែមទាំងរ៉ាប់រងលើការសិក្សាកូន និងការឈឺស្កាត់របស់ក្រុមគ្រួសារថែមទៀតដែរ។
លោកបន្តថា៖ «ស្ថានភាពអតិផរណាក៏៏វាឡើងថ្លៃ ការចំណាយយើងក៏ចំណាយច្រើនបាយទឹកម្ហូប អាហារ សាំងអីវិញឡើងថ្លៃ ផ្ទះជួលក៏វាឡើងថ្លៃ ដល់ចឹងវាពិបាក។ឆ្នាំហ្នឹង [បន្ទប់ជួល] មួយឆ្នាំឡើង៥ដុល្លារ ឆ្នាំ២០២៣នេះឡើង៥០ដុល្លារ។ ការចាយត្បិតការហូបចុកអី របស់ណាខានបានយើងអត់ទិញទេ»។
ដោយឡែក អគ្គលេខាធិការ នៃសមាគមវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) លោក ខេន លូ ត្អូញត្អែរថា កម្មករ និងសហជីពមិនគួរទាមទារការដំឡើងប្រាក់ឈ្នួលច្រើនលើសលប់នោះទេ ដោយសម្អាងថា រយៈពេល៧ខែក្នុងឆ្នាំ២០២៣ សម្រាប់រោងចក្រវាយនភណ្ឌកាត់ដេរ ការនាំចេញមានការធ្លាក់ចុះដល់២០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
លោកបន្តថា៖ «យើងមើល ឆមាសទី២ ឆ្នាំ២០២៣ ឆ្នាំ២០២៤ក៏មិនល្អ ចឹងយើងត្រូវយកពិចារណាហើយសហជីព កម្មករត្រូវយកទៅពិចារណាមុនទាមទារឡើងប្រាក់ខែហួសហេតុពេក»។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ គូសបញ្ជាក់ថា តម្រូវការជាក់ស្ដែងរបស់កម្មករក្នុងម្នាក់អាចទទួលបានប្រាក់ឈ្នួល២៥០ដុល្លារទៅ៣០០ដុល្លារអាមេរិក សម្រាប់ដោះស្រាយបញ្ហាចំពោះមុខនៃការកើនឡើងនៃតម្លៃទំនិញនៅលើទីផ្សារ។ប៉ុន្តែសហជីពដែលតំណាងឱ្យផលប្រយោជន៍កម្មករមិនទាមទារច្រើននោះទេ ដោយសារការដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំមិនមានចំនួនច្រើនឡើយ។
លោកបន្តថា៖ «យន្តការមានហើយប៉ុន្តែអាស្រ័យលើអំណាច បើអំណាចកម្មករខ្លាំង គឺយើងទាមទារបាន។ បើអំណាចកម្មករយើងខ្សោយគឺយើងទាមទារអត់បានទេ។ អំណាចនេះគឺប្រើតាមរយៈចរចា។ ចរចាអត់បានយើងអាចធ្វើការតវ៉ាចឹងទៅ»។
សេចក្ដីថ្លែងការណ៍ដែលចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៣ បញ្ជាក់ថាការចរចាគ្នារវាងនិយោជក និងតំណាងកម្មករនិយោជិតបានប្រព្រឹត្តទៅចំនួន១៥លើករួចមកហើយ។ចំណែក ក្នុងកិច្ចប្រជុំនៅថ្ងៃទី ១១ កញ្ញា កន្លងទៅនេះ ភាគីថៅកែរោងចក្របានដំឡើងប្រាក់ឈ្នួល១ដុល្លារអាមេរិក ខណៈសហជីពទាមទារបន្ថែម១៥ដុល្លារអាមេរិក លើប្រាក់ឈ្នួលបច្ចុប្បន្នដែលមានស្រាបចំនួន២០០ដុល្លារដើម្បីលើកកម្ពស់កម្មករអាចដោះបន្ទុកនៃការកើនឡើងតម្លៃទំនិញលើទីផ្សារបានខ្លះ។
រដ្ឋមន្រ្តីក្រសួងការងារ លោក ហេង សួរ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំចរចាប្រាក់ឈ្នួលបានបិទបញ្ចប់កាលពីថ្ងៃទី១១ កញ្ញាថាក្រសួងការងារបានត្រឹមសម្របសម្រួលក្នុងកិច្ចការចរចាដំឡើងប្រាក់ឈ្នួលទេ ចំពោះការសម្រេចបែបណា អាស្រ័យលើភាគីម្ចាស់រោងចក្រ។
លោកបន្តថា៖ «រដ្ឋជាអាជ្ញាកណ្ដាលនឹងព្យាយាមសម្របសម្រួល»។
ដោយឡែក លោក ឃុន ថារ៉ូ មានទុទិដ្ឋិនិយមថា កម្ពុជាអាចនឹងពិបាកក្នុងការបង្កើនប្រាក់ឈ្នួលកម្មករឱ្យដល់កម្រិតមួយដែលអាចទទួលយកទាំងនិយោជិត និងនិយោជក។ក្នុងន័យនេះ លោកបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា គួរកែប្រែគោលនយោបាយទាក់ទិននឹងតម្លៃអគ្គិសនី និងវត្ថុធាតុដើមដែលមានតម្លៃខ្ពស់ពីប្រទេសជិតខាង។
លោកបន្តថា៖ «ពឹងផ្អែកវត្ថុធាតុនាំចូលពីចិន ម៉ាឡេស៊ី វៀតណាមជាដើម យើងអត់មានលទ្ធភាពក្នុងការផលិតនូវវត្ថុធាតុដើមក្នុងស្រុកទេ។ កត្តានេះក៏វានឹងជះឥទ្ធិពលទៅដល់ វិស័យដែរ»។
លោក បន្តថា រដ្ឋាភិបាលក៏ត្រូវធានាចំពោះការមិនបាត់បង់ប្រព័ន្ធអនុគ្រោះព័ន្ធពីសហគមអឺរ៉ុបផងដែរ។ បើពុំនោះទេ លោកបញ្ជាក់ថា វិស័យវាយនភណ្ឌនឹងជួបប្រទះវិបត្តិផ្នែកការងារ ហើយកម្មករខ្មែរ១លាននាក់នឹងរងផលប៉ះពាល់ដោយផ្ទាល់ និងមនុស្សចំនួន២លាននាក់រងផលប៉ះពាល់ដោយប្រយោល។
បើតាមលោក ឃុន ថារ៉ូ នៅក្នុងឆ្នាំ២០២៣នេះ មានរោងចក្រចំនួន២០រោងចក្រហើយ បានបិទទ្វារ ព្យួរការងារកម្មករ និងបញ្ឈប់ការងារកម្មករក្នុងទ្រង់ទ្រាយធំ។ក្នុងនោះកម្មករជិត២ម៉ឺននាក់ទទួលរង់ផលប៉ះពាល់ ពីវិបត្តិគ្មានការងារនេះ។ប្រភពដដែលបន្តថា រោងចក្របិទទ្វារភាគច្រើនជារោងចក្រដេរសម្លៀកបំពាក់ និងស្បែកជើងដែលមានទីផ្សារធំនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។ក្នុងន័យនេះកម្ពុជាបានទទួលអត្ថប្រយោជន៍ច្រើនពីប្រព័ន្ធអនុគ្រោះពន្ធទាំង GSP របស់សហរដ្ឋអាមេរិក និងEBA របស់សហគមអឺរ៉ុប ដែលកម្ពុជាទទួលបានផលចំណេញសរុប១ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ។
ដោយឡែក ការកំណត់ប្រាក់ឈ្នូលក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ រួមទាំងកាបូបសម្រាប់ឆ្នាំ២០២៤ ក្រសួងការងារបញ្ជាក់ថា នឹងចាប់ផ្តើមដំណើរការជាថ្មីទៀត នៅថ្ងៃទី១៨ ខែកញ្ញា ខាងមុខនេះ។បើតាមក្រសួងការងារ មានសុទិដ្ឋិនិយមថា នឹងព្យាយាមរកចំណុចរួមមួយក្នុងការដំឡើងប្រាក់ឈ្នួលនេះឱ្យបាន ហើយអាចនឹងចេញលទ្ធផលនៅដំណាច់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣៕