ស្ថាប័នទទួលពាក្យបណ្ដឹងថ្នាក់ជាតិរបស់ប្រទេសហូឡង់ ទទួលយកពាក្យបណ្ដឹងមួយ របស់អង្គការសង្គមស៊ីវិលចំនួន ២នៅកម្ពុជា ដែលបានចោទក្រុមហ៊ុនវិនិយោគសង្គមអន្តរជាតិ Oikocredit ថាបានរួមចំណែកធ្វើឱ្យមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។
កាលពីខែធ្នូ ឆ្នាំ២០២២ អង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជាចំនួន២ រួមមាន អង្គការសមធម៌កម្ពុជា និងអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ (អង្គការលីកាដូ) រួមទាំងអង្គការមួយទៀតនៅក្នុងប្រទេសអាល្លឺម៉ង់ គឺអង្គការ FIAN អាឡឺម៉ង់ បានដាក់ពាក្យបណ្តឹងរួមគ្នាមួយទៅស្ថាប័នទទួលពាក្យបណ្តឹងថ្នាក់ជាតិហូឡង់ ដោយចោទក្រុមហ៊ុន Oikocreditដែលជាអ្នកវិនិយោគសង្គមអន្តរជាតិមានមូលដ្ឋានៅក្នុងប្រទេសហូឡង់ ថាបានរួមចំណែកធ្វើឱ្យមានផលប៉ះពាល់នៃការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយរបស់អង្គការទាំង២ នៅកម្ពុជាចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា បានលើកឡើងថា ការដាក់ពាក្យបណ្ដឹងនេះ ក្រោយមានភស្តុតាងជាសាធារណៈយ៉ាងច្រើន ស្ដីពីការរំលោភសិទ្ធិមនុស្សជាច្រើន និងជាលក្ខណៈប្រព័ន្ធនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងនោះក៏មានពាក់ព័ន្ធនឹងការរំលោភបំពានទៅលើអ្នកផ្ដល់កម្ចីឥណទានខ្នាតតូច ដែលទទួលបានមូលនិធិហិរញ្ញវត្ថុផ្ទាល់ពីក្រុមហ៊ុន Oikocredit។
ប្រភពដដែល សង្កត់ធ្ងន់ថា បណ្ដឹងនេះ បានចោទប្រកាន់ក្រុមហ៊ុន Oikocredit ថា បានដឹងពីរបាយការណ៍នៃការផ្ដល់ប្រាក់កម្ចីបែបកេងប្រវ័ញ្ច ការប្រមូលឥណទានដោយបង្ខំ និងផលប៉ះពាល់ផ្សេងទៀតចាប់តាំងពីឆ្នាំ២០១៧មក ប៉ុន្តែនៅតែបន្ត និងបង្កើនការវិនិយោគរបស់ខ្លួនកាន់តែច្រើនទៀតក្នុងឆ្នាំ២០២២។
សេចក្តីថ្លែងការណ៍រួមបញ្ជាក់ទៀតថា ស្ថាប័នទទួលពាកក្យបណ្ដឹងថ្នាក់ជាតិហូឡង់ សម្រាប់ការទទួលខុសត្រូវសកម្មភាពអាជីវកម្ម បានសម្រេចនៅក្នុងការវាយតម្លៃដំបូងរបស់ខ្លួន ដែលបានចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ថា ពាក្យបណ្ដឹងនេះគឺ «សមហេតុផលសម្រាប់ការត្រួតពិនិត្យបន្ថែមទៀត»។
នាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូ អ្នកនាង ណាលី ពីឡូក បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍រួមនោះថា៖ «ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា កើតមានកាន់តែខ្លាំងឡើងៗអស់រយៈពេលជិតមួយទសវត្សរ៍មកហើយ ខណៈដែលវិនិយោគិនបរទេសតែងមើលរំលងបញ្ហានេះ»។
អ្នកនាងបន្តថា៖ «ក្រុមហ៊ុន និងវិនិយោគិនផ្សេងទៀត បានអះអាងពីការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់សហគមន៍ដែលមានចំណូលទាប ដូច្នេះយើងរំពឹងថា ពួកគេនឹងដោះស្រាយបញ្ហាប្រឈមទាំងនេះពិតប្រាកដ សម្រាប់អ្នកខ្ចីប្រាក់ដែលរងគ្រោះជាច្រើនមកហើយ»។
ក្នុងសេចក្ដីថ្លែងការណ៍របស់អង្គការទាំង២ លើកឡើងបន្តថា ជំហានបន្ទាប់នៃដំណើរការទទួលពាក្យបណ្ដឹង គឺជាការជួបសន្ទនាគ្នារវាងភាគី ដូចជា សម្របសម្រួល ឬការផ្សះផ្សា ដែលស្ថាប័នទទួលពាក្យបណ្ដឹងថ្នាក់ជាតិហូឡង់ បានស្នើឱ្យមានការសម្របសម្រួល។
នាយកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា កម្ចីបែបកេងប្រវ័ញ្ចបានបណ្ដាលឱ្យពលរដ្ឋកម្ពុជាធ្លាក់ចូលក្នុងបំណុលវ័ណ្ឌករ ហើយពួកគេព្យាយាមសន្សំប្រាក់សម្រាប់សងបំណុលទាំងនោះ។
លោកបញ្ជាក់ថា ក្រុមហ៊ុន Oikocredit មានការពាក់ព័ន្ធក្នុងការទទួលខុសត្រូវលើប្រជាពលរដ្ឋកម្ពុជាដែលបង្ខំចិត្តលក់ដី និងចំណាកស្រុកដោយបង្ខំ ដើម្បីមានប្រាក់សងធនាគារ។
លោក សំអាត និយាយថា៖ «គេមិនឱ្យមានការបង្ខំឱ្យលក់ដីទេ តែយើងរកឃើញទៅមានការបង្ខំឱ្យលក់ដី។ មិនឱ្យមានពលកម្មកុមារ ដល់យើងរកទៅឃើញមានពលកម្មកុមារ។ មិនឱ្យមានប៉ះពាល់ដល់សុខភាព បើសិនជាគាត់កាត់បន្ថយអាហារ វាមិនប៉ះពាល់សុខភាព។មិនឱ្យមានចំណាកស្រុកដោយបង្ខំ តែបើគាត់អត់លុយគាត់ធ្វើចំណាកស្រុកដោយមិនត្រឹមត្រូវដោយបង្ខំអានឹងក៏វាប៉ះពាល់ដែរ។ការដាក់ប្លង់ដីធានា ក៏វាជាហានិភ័យក្នុងការបាត់ដីថ្ងៃមុខដែរ»។
ពលរដ្ឋខ្មែរម្នាក់ ដែលកំពុងដាក់លក់ដីដើម្បីសងបំណុលមីក្រូហិរញ្ញវត្ថុ លោក អ៊ួច សុជាតិ អាយុ ៤៥ឆ្នាំ និយាយថា បច្ចុប្បន្ននេះ លោកបានធ្វើការងារចំនួន ២កន្លែង គឺជាសន្តិសុខវេនយប់និងថ្ងៃ។ លោកបន្ថែមថា ជារៀងរាល់ថ្ងៃ លោកដាក់បាយពីផ្ទះដើម្បីសន្សំប្រាក់បង់មីក្រូហិរញ្ញវត្ថុដែលលោកខ្ចីចំនួន ៣៥ ០០០ដុល្លារ សម្រាប់ចាក់ដីជុំវិញផ្ទះ និងរៀបការកូនស្រីកាលពីពេលកន្លងទៅ។
ជាពលរដ្ឋរស់នៅភូមិ ព្រែកតាតូច ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលរូបនេះ បន្តថា ប្រពន្ធរបស់លោកត្រូវបានរោងចក្រព្យួរការងារ ខណៈលោកធ្វើការចំនួន ២កន្លែងនេះ អាចរកចំណូលបាន ៤០០ដុល្លារក្នុងមួយខែ ប៉ុន្តែត្រូវបង់ធនាគារចំនួន ៣០០ដុល្លារ។ លោកបន្តថា លោកបានដាក់លក់ផ្ទះ ដើម្បីយកប្រាក់បង់ធនាគារអស់រយៈពេលរាប់ខែមកហើយប៉ុន្តែគ្មានអ្នកចាប់អារម្មទិញនោះទេ។
លោក សុជាតិ និយាយថា៖ «យើងធ្វើការយើងដល់ខែបានយើងបានបើកប្រាក់ខែ ហើយយកមកគ្រាន់ទូទាត់ឱ្យគេ ហើយរាល់ថ្ងៃយើងហូបប្រចាំថ្ងៃអត់មានរកអី យើងសន្សំសំចៃ ដាក់បាយយកទៅហូប ខ្សត់ខ្សោយតែមិនដឹងធ្វើម៉េចបើយើងខ្ចីគេ»។
អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី ទទួលស្គាល់ថា ពិតជាមានករណីមន្រ្តីមីក្រូហិរញ្ញវត្ថុប្រព្រឹត្តខុសក្រមសីលធម៌លើអ្នកខ្ចីប្រាក់។ ប៉ុន្តែ លោកថា ករណីនេះមានចំនួនតិចតួច ហើយលោកជំទាស់ទៅនឹងការរកឃើញថាមានផ្ដល់កម្ចីបែបកេងប្រវ័ញ្ចជាប្រព័ន្ធនៅកម្ពុជា។
លោក តុងងី ថ្លែងថា៖ «កន្លងមកអ្វីដែលសមាគមរកឃើញ គឺមិនមានលក្ខណៈកេងប្រវ័ញ្ច ឬរំលោភបំពានជាប្រព័ន្ធទេ គឺករណីដែលយើងរកឃើញគឺចំនួនតូច ដែលបុគ្គលប្រព្រឹត្តខុសក្រមសីលធម៌ ប្រព្រឹត្តខុសពីក្រមប្រតិបត្តិរបស់វិស័យ»។
ចំណែក អ្នកនាំពាក្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី អ្នកស្រី ស្វឺយ សុឌីណា មានប្រសាសន៍ថា ស្ថាប័នមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី មានគោលការណ៍ក្នុងការការពារអតិថិជន ហើយប្រសិនបើរកឃើញបុគ្គលិកប្រព្រឹត្តខុសនឹងក្រមប្រតិបត្តិ នឹងរងការបញ្ឈប់ពីការងារ។
អ្នកស្រីថា៖ «យើងមានការត្រួតពិនិត្យយ៉ាងតឹងរឹង និងទៀងទាត់ទៅលើការអនុវត្តតាមក្រមប្រតិបត្តិ និងគោលការណ៍ការពារអតិថិជន»។
កន្លងមក មន្រ្តីសង្គមស៊ីវិល លើកឡើងថា កម្ចីបែបកេងប្រវ័ញ្ច គឺជាការអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្ចីប្រាក់ដោយពុំបានសិក្សាគ្រប់ជ្រុងជ្រោយពីលទ្ធភាពបង់ប្រាក់ត្រលប់វិញ ដែលករណីនេះបណ្ដាលឱ្យប្រជាពលរដ្ឋជាច្រើននាក់ ពុំមានលទ្ធភាពដោះបំណុល ដោយពួកគេខ្លះត្រូវចំណាកស្រុក កាត់បន្ថយរបបអាហារសម្រាប់សន្សំប្រាក់បង់ធនាគារ និងបង្ខំឱ្យកូនឈប់រៀនដើម្បីទៅបម្រើការងារដែលជាទម្រង់ពលកម្មកុមារជាដើម។ មន្រ្តីឥណទានមួយចំនួន បានគំរាមកំហែង និងបង្ខំពលរដ្ឋ ដាក់លក់ដីដើម្បីបង់ប្រាក់ធនាគារផងដែរ។
កាលពីខែកុម្ភៈ ឆ្នាំ២០២២ អង្គការសមធម៌កម្ពុជា និងអង្គការលីកាដូ ក៏បានដាក់ពាក្យបណ្ដឹងមួយ ក្នុងនាមពលរដ្ឋកម្ពុជាអ្នកខ្ចីប្រាក់ ទៅកាន់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC) ដោយចោទប្រកាន់គ្រឹះស្ថានហិរញ្ញវត្ថុចំនួន៦នៅកម្ពុជា ថាបានរួមចំណែកបណ្ដាលឱ្យពលរដ្ឋកម្ពុជាដែលជាអ្នកខ្ចីប្រាក់ជួបប្រទះផលវិបាក។ បច្ចុប្បន្ន IFC កំពុងស្ថិតក្នុងដំណាក់កាល ស៊ើបអង្កេតអំពីអនុលោមភាព។
គ្រឹះស្ថានផ្ដល់ប្រាក់កម្ចីនៅប្រទេសកម្ពុជា ដែលរងការស៊ើបអង្កេតទាំងនោះ មានដូចជា ធនាគារអេស៊ីលីដា ធនាគារហត្ថា ធនាគារស្ថាបនា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត អិលអូអិលស៊ី និងប្រាសាក់។ គ្រឹះស្ថានទាំងនេះ រងការចោទពាក់ព័ន្ធនឹងការរំលោភបំពានស្តង់ដាអនុវត្តរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ជុំវិញការគ្រប់គ្រងផលប៉ះពាល់ ហានិភ័យ បរិស្ថាន សង្គម សុខភាព និងលទ្ធភាព៕