ក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា បានប្រកាសពីការបញ្ចុះតម្លៃអគ្គិសនីចន្លោះ ១០ ដល់ ២០ភាគរយ សម្រាប់អ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម។
ការប្រកាសនេះ ធ្វើឡើងក្រោយមានការណែនាំពីលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីថ្ងៃម្សិលមិញ ឱ្យបញ្ចុះតម្លៃអគ្គិសនីសម្រាប់រោងចក្រសហគ្រាសជាង ២ម៉ឺនកន្លែង ក្នុងប្រទេសកម្ពុជា ដើម្បីជំរុញឱ្យក្រុមហ៊ុនមានលទ្ធភាពពង្រីកសង្វាក់ផលិតកម្ម និងបង្កើតការងារបន្ថែមដល់ពលរដ្ឋខ្មែរ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានលើកឡើងថា ការបញ្ចុះថ្លៃអគ្គិសនីចំពោះអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងផ្នែកកសិកម្មនេះ ធ្វើឡើងក្នុងគោលដៅជំរុញការពង្រីកផលិតកម្មរោងចក្រ និងសហគ្រាស ផ្នែកឧស្សាហកម្ម និងកសិកម្ម ដើម្បីបង្កើតការងារ និងប្រាក់ចំណូលបន្ថែមជូនពលរដ្ឋ។
ក្រសួងបន្តថា ការបញ្ចុះតម្លៃនេះ សម្រាប់អ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម ដែលភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងតង់ស្យុងខ្ពស់ក្នុងក្របខណ្ឌទូទាំងប្រទេស ក្នុងនោះបញ្ចុះអត្រាថ្លៃចំនួន ១០ភាគរយ សម្រាប់ថាមពលដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ ចន្លោះម៉ោង៧ព្រឹកដល់ម៉ោង៩យប់ និងបញ្ចុះអត្រាថ្លៃចំនួន ២០ភាគរយ សម្រាប់ការប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ ចន្លោះម៉ោង៩យប់ ដល់ ៧ព្រឹក និង ២៤ម៉ោង សម្រាប់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ។
សេចក្ដីប្រកាសព័ត៌មានដដែល បានលើកឡើងទៀតថា៖ «អតិថិជនអ្នកប្រើប្រាស់អគ្គិសនីប្រភេទឧស្សាហកម្ម និងកសិកម្ម ភ្ជាប់ពីបណ្ដាញតង់ស្យុងមធ្យម និងតង់ស្យុងខ្ពស់ ដែលយល់ថា ខ្លួនមានលទ្ធភាពបង្កើនការប្រើប្រាស់ និងមានបំណងទទួលបានការអនុគ្រោះថ្លៃនេះ ត្រូវធ្វើការដាក់ពាក្យស្នើសុំទៅអ្នកផ្គត់ផ្គង់អគ្គិសនីក្នុងតំបន់របស់ខ្លួន»។
ចំណែករយៈពេលអនុគ្រោះថ្លៃ ដើម្បីលើកទឹកចិត្តឱ្យបង្កើនការប្រើប្រាស់នេះ ក្រសួងថា មានរយៈពេល ៣ខែ ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣ និងអាចពិនិត្យបន្តតាមរយៈការជូនដំណឹងមុន ៣០ថ្ងៃ តាមលទ្ធភាពជាក់ស្តែងរបស់អគ្គិសនីកម្ពុជា។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិត ២ម៉ឺននាក់ នៅក្នុងស្រុកបាទី ខេត្តតាកែវ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត បានប្រាប់ឱ្យរដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ពិនិត្យមើលលទ្ធភាពក្នុងការបញ្ចុះតម្លៃអគ្គិសនីគ្រប់បណ្ដារោងចក្រសហគ្រាស ជាពិសេសក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម ដែលមានតម្រូវការខ្ពស់ផ្នែកអគ្គិសនី។
លោកគូសបញ្ជាក់ថា៖ «[រោងចក្រ] អាចមានលទ្ធភាពពង្រីកថែមទៀត នាំចេញច្រើន ការងារថែមទៀត បើមិនថែមម៉ោង ក៏រកបុគ្គលិកថែម។ […] ២ម៉ឺន១ពាន់សហគ្រាស ដែលអាចទទួលបានផលពីការគិតគូរការចុះភ្លើង[អគ្គិសនី]កម្រិតណាមួយចាប់ពីខែ១០[ខែតុលា]នេះ»។
អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក ខេន លូ មានប្រសាសន៍ថា តំណាងរោងចក្រ បានស្នើសុំការបញ្ចុះថ្លៃអគ្គិសនីនេះជារៀងរាល់ឆ្នាំ ហើយលោកអំពាវនាវឱ្យរដ្ឋាភិបាលចុះថ្លៃអគ្គិសនីសម្រាប់រោងចក្រសហគ្រាសទៅតាមលទ្ធភាព។ បើតាម លោក ខេនលូ បច្ចុប្បន្នរដ្ឋាភិបាល បានគិតថ្លៃអគ្គិសនីសម្រាប់រោងចក្រជិត ០,១៤ដុល្លារ ក្នុងមួយគីឡូវាត់ម៉ោង។
លោកបន្តថា៖ «កាត់បន្ថយចំណាយមានន័យថាជួយទៅរោងចក្រ អាច increase [រោងចក្របន្ថែមផលិតកម្ម] ឬនឹងអាចរើសកម្មករបន្ថែម»។
កម្មករម្នាក់ដែលរោងចក្រកំពុងព្យួរការងារ លោក ស្រស់ វុទ្ធី សាទរចំពោះការបញ្ចុះតម្លៃអគ្គិសនីសម្រាប់ផ្នែកឧស្សាហកម្ម និងកសិកម្មនេះ ដោយលោកសង្ឃឹមថា រោងចក្រនឹងកាត់បន្ថយការចំណាយ ហើយនឹងអាចមានលទ្ធភាពរើសកម្មករបន្ថែម។
លោក វុទ្ធី និយាយថា៖ «ខ្ញុំគិតថា បើមានការបញ្ចុះថ្លៃអគ្គិសនីតាមបណ្ដារោងចក្រ ខ្ញុំគិតថាប្រហែលជាអាចមានឥវ៉ាន់ដេរ សង្ឃឹមថា ការងារកម្មករមានការថែមម៉ោងអីចឹង»។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ ឬ C-CAWDU) លោក គង់ អាទិត្យ ស្វាគមន៍ចំពោះចំណាត់ការររបស់រដ្ឋាភិបាល ក្នុងការដោះស្រាយបន្ទុកលើថៅកែរោងចក្រដែលអាចជះផលប្រយោជន៍ដល់កម្មករ។ យ៉ាងណា លោកថា ការបញ្ចុះថ្លៃអគ្គិសនីនេះ គ្រាន់តែជួយឱ្យកម្មករទទួលបានផលប្រយោជន៍ដោយប្រយោលប៉ុណ្ណោះ។
ជាមួយគ្នានេះដែរ លោកក៏បានជំរុញឱ្យរដ្ឋាភិបាលងាកមកទប់ស្កាត់ការឡើងថ្លៃជួលបន្ទប់ឱ្យកម្មករ និងការរក្សាស្ថិរភាពតម្លៃសាំងនិងអាហារលើទីផ្សារវិញ ដើម្បីជួយសម្រួលដល់ជីវភាពរបស់កម្មករផងដែរ។
លោក គង់ អាទិត្យ ថ្លែងថា៖ «អ្វីដែលល្អសម្រាប់កម្មករមួយទៀត ឱ្យរដ្ឋាភិបាលមានចំណាត់ការមួយថ្លៃជួលផ្ទះ ហើយនឹងតម្លៃទំនិញលើទីផ្សារបន្ថែមពីលើនេះ ព្រោះជំហានទី១ វានៅឆ្ងាយពីកម្មករពេក ថ្លៃភ្លើង[អគ្គិសនី]អីវាទៅជួយអីៗ តែវានៅប្រយោល»។
កាលពី ឆ្នាំ២០២០ អគ្គិសនីកម្ពុជាសម្រេចបញ្ចុះថ្លៃប្រើប្រាស់អគ្គិសនីសម្រាប់កសិករបូមទឹកធ្វើកសិកម្ម នៅពេលយប់ចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៧ព្រឹក ក្នុងអត្រា ៤៨០រៀល ក្នុង ១គីឡូវ៉ាត់ម៉ោង ដើម្បីចូលរួមលើកទឹកចិត្តដល់កសិករក្នុងការលើកកម្ពស់ផលិតភាពកសិកម្ម៕