នាយករដ្ឋមន្ត្រីកម្ពុជា អះអាងពីគោលនយោបាយអព្យាក្រឹត និងការគោរពយ៉ាងម៉ឺងមាត់ចំពោះរដ្ឋធម្មនុញ្ញកម្ពុជា ដោយពុំអនុញ្ញាតឱ្យបរទេសដាក់មូលដ្ឋានទ័ព និងប្រើប្រាស់ទឹកដីកម្ពុជា ក្នុងគោលបំណងប្រឆាំងនឹងរដ្ឋណាមួយនោះទេ។
ថ្លែងក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិលើកទី៧៨ កាលពីថ្ងៃទី២៣ ខែកញ្ញា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាប្រឆាំងដាច់ខាតចំពោះការគំរាមប្រើប្រាស់ ឬការប្រើកម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ និងការជ្រៀតជ្រៀតកិច្ចការផ្ទៃក្នុងរបស់រដ្ឋឯករាជ្យ។ លោកបន្តថា កម្ពុជានឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយ ឬក្រុមណាមួយ ប្រើប្រាស់ទឹកដីនេះប្រឆាំងនឹងប្រទេសផ្សេងឡើយ។
លោកថា៖ «កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីរបស់ខ្លួន ដូចមានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន»។
ជាមួយគ្នានោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានបង្ហាញពីកង្វល់ជុំវិញការកើនឡើងនូវភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ នៅលើសាកលលោក ដែលរួមមានការអូសបន្លាយនៃសង្គ្រាមក្នុងប្រទេសអ៊ុយក្រែនផងដែរ។
គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជា ត្រូវបានរងការចោទប្រកាន់ពីក្រុមប្រទេសលោកខាងលិចជាញឹកញយថា ក្រោយកម្ពុជាធ្វើទំនើបកម្មមូលដ្ឋានទ័ពជើងទឹករាម ស្ថិតនៅក្នុងខេត្តព្រះសីហនុរួចរាល់ហើយនោះ នឹងប្រគល់ឱ្យចិននូវសិទ្ធិផ្តាច់មុខធ្វើជាមូលដ្ឋានទាហានជើងទឹក។
ការដាក់ការសង្ស័យនេះ បន្ទាប់ពីកាសែត The Wall Street Journal បានរាយការណ៍កាលពី ឆ្នាំ២០១៩ ថា កម្ពុជានិងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាសម្ងាត់មួយ ដើម្បីអនុញ្ញាត ឱ្យកងទ័ពរបស់ចិនប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា។
ទោះជាយ៉ាងណា កម្ពុជាតែងតែបដិសេធម្តងហើយម្តងទៀតចំពោះការចោទប្រកាន់នេះ ដោយថា រដ្ឋាភិបាលប្រកាន់យ៉ាងខ្ជាប់ខ្ជួនចំពោះរដ្ឋធម្មនុញ្ញ ដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋាន ឬវត្តមានកងទ័ពបរទេសណាមួយនៅលើទឹកដីកម្ពុជាឡើយ។
ចំណែកអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ ធ្លាប់បានថ្លែងដោយចាត់ទុកការចោទប្រកាន់ថា មូលដ្ឋានយោធារាមបម្រើប្រយោជន៍ផ្តាច់មុខរបស់ចិន គឺជារឿងប្រតិដ្ឋ។
ទាក់ទិននឹងការថ្លែងបញ្ជាក់ពីគោលជំហរនយោបាយកម្ពុជាលើឆាកអន្តរជាតិនេះ អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា មេដឹកកម្ពុជាកំពុងព្យាយាមរារាំងភាពតានតឹងក្នុងសមុទ្រចិនខាងត្បូង កុំឱ្យរាលដាលដល់ប្រទេសកម្ពុជា ក្រោយប្រទេសមហាអំណាចនៅតែមានក្ដីបារម្ភថា កម្ពុជាទំនងអនុញ្ញាតឱ្យកងទ័ពចិនប្រើប្រាស់មូលដ្ឋានទ័ពជើងទឹករបស់ខ្លួន។
លោកថា៖ «យើងដឹងហើយថាកម្ពុជាស្ថិតនៅក្នុងគន្លងនៃការរិះគន់មួយទាក់ទងទៅនឹងខាងនយោបាយ ជាពិសេសចន្លោះរវាងចិន អាមេរិក។ […] ចឹងមេដឹកកម្ពុជាត្រូវឆ្លើយការពារខ្លួនក្នុងស្ថានភាពបែបនេះ […] ហើយក្នុងកាលៈទេសៈភាពតានតឹងមានកាន់តែច្រើនឡើងនៅក្នុងសមុទ្រដែលជម្លោះចិននិងវៀតណាម។ ចឹងការឆ្លើយនេះជាការឆ្លើយតបមួយដើម្បីការពារខ្លួន»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរដ្ឋាភិបាលកម្ពុជា ទៅចូលរួម «មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨» នៅទីក្រុង New York សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ ខែកញ្ញា ឆ្នាំ២០២៣។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា មូលបទចម្បងសម្រាប់កិច្ចពិភាក្សាក្នុងឆ្នាំនេះគឺ «កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក៖ ជំរុញសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចីរភាពសម្រាប់ទាំងអស់គ្នា»៕