អាជ្ញាធរខេត្តព្រះសីហនុអះអាងថា មនុស្ស២នាក់ជាម្ដាយ និងកូនដែលបាត់ខ្លួននៅលម្ហសមុទ្រកម្ពុជា ត្រង់ចំណុចកោះតាង ស្ថិតក្នុងភូមិសាស្រ្តសង្កាត់កោះរ៉ុងសន្លឹម នៃខេត្តព្រះសីហនុ គឺរកមិនទាន់ឃើញនៅឡើយទេគិតត្រឹមល្ងាចថ្ងៃចន្ទ។
ថ្លែងប្រាប់ Newsroom Cambodia នៅថ្ងៃទី ២ ខែ តុលា មេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹម លោក វិត សុភ័ក្រ មានប្រសាសន៍ គិតត្រឹមម៉ោង៥ល្ងាចថ្ងៃចន្ទ គឺអាជ្ញាធរមិនទាន់រកឃើញមនុស្ស២នាក់ដែលបានបាត់ខ្លួននៅឡើយទេ ខណៈប្រតិបត្តិការនៃការរុករក អ្នកបាត់ខ្លួនទាំងពីរនាក់នេះ បានចាប់ផ្ដើមតាំងពីម៉ោង៧ព្រឹក តែនៅមិនទាន់មានតម្រុយណាមួយនៅឡើយ។
មិនតែប៉ុណ្ណោះ ឥឡូវនេះកងទ័ពជើងទឹក ព្រមទាំងកងកម្លាំងការពារព្រំដែនទឹកកម្ពុជាកំពុងសហការគ្នាដើម្បីពង្រីកការរុករកបន្ថែមទៀតពាក់ព័ន្ធនឹងម្ដាយ និងកូនដែលបាត់ខ្លួននៅក្នុងលម្ហសមុទ្រក្បែរកោះតាងនោះ។
លោកបន្តថា៖«កំពុងតែរកឥឡូវហ្នឹងនៅលើផ្ទៃសមុទ្រ ខាងលម្ហ ក៏ដូចជាការពារព្រំដែនទឹកកំពុងតែរក។ […] (ជនរងគ្រោះ?) ឮថាម្ដាយនិងកូន »។
ចំណែក អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បញ្ជាក់ថា ករណីម្ដាយ និងកូនដែលបានបាត់ខ្លួនក្នុងលម្ហសមុទ្រ បានកើតឡើងតាំងពីថ្ងៃទី ១ខែ តុលា។ លោកបន្តថា គិតត្រឹមម៉ោង៥កន្លះល្ងាច ថ្ងៃទី០២ ខែតុលា លោកនៅមិនទាន់ទទួលបានព័ត៌មានលម្អិតពីអាជ្ញាធរក្រុងកោះរ៉ុងទាក់ទិននឹងជនរងគ្រោះទាំងពីរនាក់នេះទេនៅឡើយទេ។
លោកបន្តថា៖«ខ្ញុំអត់ទាន់ទទួលបានរបាយការណ៍លម្អិតទេ។ ចាំមើលបានរបាយការណ៍លម្អិត ចាំមើលខ្ញុំផ្ដល់ទៅបន្តបន្ទាប់» ។
កាសែតក្នុងស្រុក បានចេញផ្សាយថា នៅយប់ថ្ងៃទី០១ ខែតុលា មានស្រ្តី វ័យ២៤ឆ្នាំ និងកូនស្រីតូច រស់នៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បានធ្លាក់ពីលើទូកនេសាទ ហើយក៏បាត់ខ្លួនក្នុងលំហសមុទ្រនោះភ្លាមដែរ។ប្រភពដដែលបន្តថា ទូកនេសាទដែលជួបនូវឧបទ្ទវហេតុនេះ គឺមានផ្ទុកមនុស្សចំនួន៦នាក់។
ករណីស្រដៀងគ្នានេះដែរ កាលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ មានករណីលិចទូកដោយបាត់ខ្លួនមនុស្សចំនួន២នាក់ ស្ថិតក្នុងតំបន់កោះរ៉ុង ខេត្តព្រះសីហនុ។ ប៉ុន្តែជនរងគ្រោះទាំង២នាក់នោះត្រូវរកឃើញ ហើយនៅមានជីវិត ខណៈដែលពួកគេបានប្រើប្រាស់ធុងទឹកជ័រ ដើម្បីបណ្តែតតាមទឹកនៅក្នុងសមុទ្រដែលប្រើរយៈពេលជិត១៤ម៉ោង ទើបត្រូវបានសង្រ្គោះដោយអ្នកនេសាទតាមទូក៕