មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល ច្រានចោលការស្នើសុំពីគណបក្សភ្លើងទៀនឱ្យដោះលែងអ្នកទោស នយោបាយនិងអ្នកទោសមនសិការឱ្យមានសេរីភាពដើម្បីពួកគេអាចជួបជុំក្រុមគ្រួសារក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែងថា កម្ពុជាពុំមានអ្នកទោសមនសិការ ឬអ្នកទោសនយោបាយកំពុងជាប់ឃុំនោះទេ។លោកចាត់ទុក ការអំពាវនាវរបស់គណបក្សភ្លើងទៀននេះថា មានចេតនាបង្កឱ្យមានភាពចលាចលក្នុងសង្គមថែមទៀតផង។ក្រៅពីនេះ បើតាមអ្នកនាំពាក្យអ្នកទោសទាំងអស់លុះត្រាបានអនុវត្តទោសតាមច្បាប់កំណត់ទើបអាចដោះលែងបាន។
លោកបន្តថា៖ «អំពាវនាវក្នុងគោលបំណងអ្វី?។ ចង់ឱ្យបង្កអសន្តិសុខស្រុកទេសអី? អត់មានអំពាវនាវបានទេ ផ្លូវច្បាប់គឺដោះស្រាយផ្លូវច្បាប់ ជាប់គុកគ្រប់ទើបដោះលែង» ។
ប្រតិកម្មរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃនៅពេលនេះ នៅក្រោយពេលដែលគណបក្សភ្លើងទៀន បានស្នើជាចំហឱ្យផ្តល់សេរីភាព ចំពោះអ្នកកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ ដែលជាអ្នកនយោបាយ និងសកម្មជនសង្គមផង។កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ គណបក្សភ្លើងទៀនបានចេញលិខិតមួយដោយអំពាវនាវឱ្យ ដោះលែងសកម្មជនគណបក្សភ្លើងទៀន និងអ្នកទោសមនសិការទាំងអស់ដែលកំពុងជាប់ពន្ធនាគារ ដើម្បីបើកផ្លូវឱ្យពួកគេបានជួបជុំគ្រួសារក្នុងពិធិបុណ្យភ្ជំបិណ្ឌនេះ។
អ្នកស្រី មុយ ថាន្នី វ័យ៤១ឆ្នាំ ជាភរិយារបស់ លោក ថាន់ ណារិន ដែលជាប្រធានប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំខេត្តត្បូងឃ្មុំ និយាយថា ម្ដាយរបស់លោក ណារិន ដែលមានវ័យជាង៨០ឆ្នាំ កំពុងតែនឹករលឹកកូនប្រុសរបស់ខ្លួនជារៀងរាល់ថ្ងៃ ហើយសង្ឃឹមថានឹងបានធ្វើបុណ្យរួមគ្នាក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ។
អ្នកស្រីបន្តថា៖ «ភ្ជុំបិណ្ឌចង់ឱ្យគាត់មកវត្តជុំបងប្អូនម៉ែឪ។ ចង់ឱ្យដោះលែងឆាប់ៗមុនភ្ជុំ។ ណាមួយគាត់មានម្ដាយចាស់ ប្ដីខ្ញុំម្ដាយគាត់នឹករលឹករាល់ថ្ងៃ គាត់អាយុ៨០ជាងហើយ» ។
ជំទាស់នឹងចោទប្រកាន់របស់មន្រ្តីបក្សកាន់អំណាចនេះ អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន ថ្លែងថា ការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង និងសកម្មជនសហជីពនានានៅពេលកន្លងមកនេះ មានការបង្កប់នូវចេតនានយោបាយពីក្រោយ ដោយលោកចាត់ទុកថា អាជ្ញាធរកម្ពុជាគ្មានភស្តុតាងជាក់ស្ដែកណាមួយដើម្បីចោទប្រកាន់ប្រឆាំងពួកគេនោះទេ។
ផ្ទុយទៅវិញ លោក រ៉ុង ឈុន ចាត់ទុកថា ប្រសិនបើរាល់ការចាប់ខ្លួន និងចោទប្រកាន់កន្លងទៅ មិនជាប់ពាក់ព័ន្ធនឹងជម្លោះនយោបាយទេ តើមានចាំបាច់អ្វីរាល់ពេលមានអ្នកស្ម័គ្រចិត្តចុះចូលជាមួយនិងគណបក្សប្រជាជនកម្ពុជា ពួកគេទាំងនោះ ត្រូវរួចផុតពីការចោទប្រកាន់តាមផ្លូវតុលាការហើយថែមទាំងផ្តល់តួនាទី ឱ្យថែមទៀតផង។
លោកបន្តថា៖«មួយចំនួនសូមទោសហើយសុំចុះចូលជាមួយបក្សកាន់អំណាចក៏ត្រូវបានមានការដោះលែងចឹង។ បានយើងមើលឃើញថាកម្ពុជា យើងមិនមែនការអនុវត្តច្បាប់ទេ គឺជារឿងនយោបាយ។ បើអនុវត្តច្បាប់គ្រាន់តែសូមទោសមិនបានដោះលែងទេ» ។
ក្រោយការកាន់អំណាចរបស់លោក ហ៊ុន ម៉ាណែត បានរយៈពេលជិត១ សប្ដាហ៍ ក្នុងជំនួបមួយនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy បានស្នើឱ្យលោក ហ៊ុន ម៉ាណែត ដោះលែងមនុស្ស និងសកម្មជននយោបាយមួយចំនួន ដូចជា លោក កឹម សុខា និងកញ្ញា សេង ធារី ជាដើម។
គេសង្កេតឃើញថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់ អតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន ប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសនៅអាណត្តិទី៦ បានរងការរិះគន់ ពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេសបណ្ដាប្រទេសលោកខាងលិច ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។
នៅក្រោយការបោះឆ្នោតបានមួយថ្ងៃ និយាយដោយឥតលាក់លៀមសហរដ្ឋអាមេរិក បានរិះគន់ដោយចំៗថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧កន្លងទៅនេះ គឺគ្មានសេរី និងយុត្តិធម៌ទេ។ជាងនេះទៀត សហរដ្ឋអាមេរិក ក៏ត្រូវបង្ខំចិត្តរឹតបន្តឹងទិដ្ឋាការលើមន្រ្តីរដ្ឋាភិបាលមួយចំនួន ក្នុងការចេញចូលសហរដ្ឋអាមេរិកដែរ។
កាលពីចុងឆ្នាំ២០២១ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មប្រឆាំងកម្ពុជាតាមរយៈការលក់អាវុធ និងសម្ភារៈយោធា ក្រោមហេតុផលថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានរំលោភលើសិទ្ធិមនុស្សនិងប្រព្រឹត្តិអំពើពុករលួយ។
ការដាក់ទណ្ឌកម្មនេះរបស់អាមេរិកនេះ ដើម្បីជំរុញឱ្យរដ្ឋាភិបាលស្ដារឡើងវិញនូវការគោរពសិទ្ធិមនុស្ស និងកាត់បន្ថយអំពើពុករលួយ។បន្ថែមពីលើនេះ ក្នុងឆ្នាំ២០២០ គណៈកម្មការអឺរ៉ុប ក៏បានកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយពីប្រទេសកម្ពុជា ដោយរកឃើញថា រដ្ឋាភិបាលមិនបានបន្ទន់ឥរិយាបថ ក្នុងការធ្វើឱ្យប្រសើរឡើង ផ្នែកសិទ្ធិមនុស្ស និងសិទ្ធិនយោបាយ ជាពិសេសសិទ្ធិក្នុងការជួបជុំ រួមទាំងសិទ្ធិបញ្ចេញមតិ៕