កុមារីអាយុ២ឆ្នាំម្នាក់រស់នៅភូមិឆ្មាលោត ឃុំស្នោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង បានស្លាប់ដោយវីរុសផ្តាសាយបក្សី ប្រភេទ H5N1។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
សេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាល ចេញនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ បញ្ជាក់ថា នេះជាករណីផ្ដាសាយបក្សីទី៥៩ ដែលកើតមានលើមនុស្ស និងបានបណ្តាលឱ្យមានអ្នកស្លាប់ចំនួន៤០នាក់ ចាប់តាំងពីឆ្នាំ២០០៥មក។ ហើយនេះជាករណីទី៣ ដែលបានកើតឡើងនៅក្នុងឆ្នាំ២០២៣។
កាលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បុរសអាយុ៥០ឆ្នាំម្នាក់រស់ននៅភូមិម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀងក៏បានស្លាប់ដោយសារវីរុសផ្តាសាយបក្សី H5N1 នេះផងដែរ។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងអង្កេតស្រាវជ្រាវការកើតឡើងនូវជំងឺផ្តាសាយបក្សីប្រភេទនេះ និងកំពុងស្វែងរកប្រភពចម្លងទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀត ក្នុងសហគមន៍។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដដែលបញ្ជាក់តាមន័យដើមថា៖ «ក្រសួងសុខាភិបាលសូមក្រើនរំឭកសារជាថ្មីម្តងទៀតដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋ ជាពិសេសលើកុមារដែលជាក្រុមហានិភ័យ និងមានភាពងាយរងគ្រោះ»។
បើតាមក្រសួងសុខាភិបាល ជំងឺផ្ដាសាយបក្សី H5N1 គឺជាជំងឺផ្ដាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺ ឬស្លាប់។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា៕